ក្រុមហ៊ុនសន្តិសុខព័ត៌មានវិទ្យា វ៉ូឡិចស៊ីធី (Volexity)ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក រាយការណ៍ថា ក្រុមចោរព័ត៌មានវិទ្យាឈ្មោះ ផ្កាឈូកសមុទ្រ អូស៊ីនឡូថិស (OceanLotus) ដែលគេជឿជាក់ថា មានប្រភពមកពីប្រទេសវៀតណាម កំពុងបើកយុទ្ធនាការតាមដានឈ្លបមើល និងវាយប្រហារលុកលុយតាមបណ្ដាញព័ត៌មានវិទ្យា សំដៅជាពិសេសលើប្រទេស ប្រព័ន្ធផ្សព្វផ្សាយ ក្រុមអង្គការសិទ្ធិមនុស្ស និងសង្គមស៊ីវិល ក្នុងសហគមន៍អាស៊ាន។
ក្រុមហ៊ុនអាមេរិកាំងដដែលនេះ លាតត្រដាងថា ការបើកការវាយប្រហារតាមប្រព័ន្ធព័ត៌មានវិទ្យា ពីសំណាក់ក្រុមចោរព័ត៌មានវិទ្យា OceanLotus ឬហៅថា APT32 នេះ ធ្វើឡើងតាមរយៈគេហទំព័រ (Website) យុទ្ធសាស្ត្រមួយចំនួន ដែលក្រុមនេះលួចចូលទៅគ្រប់គ្រងបាន ដោយប្រើនូវវិធីសាស្ត្រ បច្ចេកទេស និងទម្រង់វាយប្រហារ ប្រកបដោយភាពស្មុគស្មាញ។
ក្រុមហ៊ុនសន្តិសុខព័ត៌មានវិទ្យាដដែលនេះ ជឿថា ទំហំ និងកម្រិតនៃយុទ្ធនាការវាយប្រហារនេះ មានប្រសិទ្ធភាពស្ទើរប្រៀបបាននឹងក្រុមចោរព័ត៌មានវិទ្យារុស្ស៊ី ឈ្មោះថា ក្រុម ថឺរឡា (Turla) ។ ក្រុមចោរព័ត៌មានវិទ្យា OceanLotus ដែលមានមូលដ្ឋាននៅប្រទេសវៀតណាមនេះ បានបើកប្រតិបត្តិការដោយជោគជ័យ ដោយពុំមានការចាប់អារម្មណ៍ពីសំណាក់មហាជន និងរដ្ឋាភិបាល ទៅលើគេហទំព័រល្បីឈ្មោះជាច្រើន ក្នុងតំបន់អាស៊ាននេះ ចាប់តាំងពីឆ្នាំ២០១៦ មកម្ល៉េះ។
សម្រាប់ប្រទេសកម្ពុជា គេហទំព័រសំខាន់ៗមួយចំនួន ដែលក្រុមចោរព័ត៌មានវិទ្យានេះ លួចចូលទៅគ្រប់គ្រងបាន រួមមាន គេហទំព័ររបស់ក្រសួងការបរទេស ក្រសួងបរិស្ថាន ក្រសួងមុខងារសាធារណៈ អគ្គស្នងការនគរបាលជាតិ ក្រសួងទំនាក់ទំនង និងអធិការកិច្ចរដ្ឋសភា និងព្រឹទ្ធសភា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប។ អាស៊ីសេរី នៅមិនទាន់អាចសុំការពន្យល់បំភ្លឺពីមន្ត្រីព័ត៌មានវិទ្យាដែលគ្រប់គ្រងគេហទំព័ររបស់ស្ថាប័នរដ្ឋទាំងនេះ បាននៅឡើយទេ ជុំវិញករណីនេះ គិតត្រឹមម៉ោងផ្សាយ យប់ថ្ងៃទី៧ ខែវិច្ឆិកា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។