សហព័ន្ធសហជីពក្នុងវិស័យវាយនភណ្ឌកាត់ដេរមួយចំនួន កំពុងមានភាពមិនចុះសម្រុងគ្នាក្នុងការធ្វើកូដកម្មទាមទារឲ្យដោះលែងមនុស្ស ២១នាក់ និងសុំដំឡើងប្រាក់ឈ្នួលគោល ១៦០ដុល្លារ។ ការមិនចុះសម្រុងគ្នានេះ ដោយសហជីពខ្លះនឹងចាប់ផ្ដើមធ្វើកូដកម្មមិនធ្វើការនៅថ្ងៃទី១២ មីនា ហើយសហជីពខ្លះថា នឹងធ្វើកូដកម្មមិនធ្វើការនៅក្រោយពិធីបុណ្យចូលឆ្នាំខ្មែររួច។
សហព័ន្ធសហជីពវិស័យវាយនភណ្ឌចំនួន២ ក្នុងចំណោម ៨ បានសម្រេចយកថ្ងៃទី១២ មីនា ដើម្បីធ្វើកូដកម្មដាក់គំនាបទៅរដ្ឋាភិបាល និងថៅកែរោងចក្រឲ្យដោះលែងមនុស្ស ២១នាក់ និងទាមទារដំឡើងប្រាក់ខែគោល ១៦០ដុល្លារក្នុងមួយខែ។ សហព័ន្ធសហជីព២ ដែលធ្វើកូដកម្មនោះ គឺសម្ព័ន្ធសហជីពជាតិ និងសម្ព័ន្ធសហជីពកម្ពុជា។
ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន ថ្លែងនៅថ្ងៃទី១១ មីនា ថា យុទ្ធសាស្ត្រនោះគឺកម្មករនឹងទៅរោងចក្រធម្មតាតែមិនចូលធ្វើការនោះទេ។ ការធ្វើកូដកម្មនេះគឺនឹងចាប់ផ្ដើមនៅថ្ងៃទី១២ មីនា ដល់ថ្ងៃទី១៤ មីនា មានរយៈពេល៣ថ្ងៃ។ លោក រ៉ុង ឈុន អះអាងថា កម្មករប្រមាណ ៥០% នៃចំនួនកម្មករជាង ៦០ម៉ឺននាក់ អាចនឹងចូលធ្វើកូដកម្មនេះ។
យ៉ាងណាក៏ដោយក្រុមសហជីពមួយចំនួនបានបដិសេធមិនធ្វើកូដកម្មនៅថ្ងៃទី១២ មីនា នេះទេ និងបានបង្ហាញហេតុផលនៃការពន្យារពេលនេះ។
ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ថា ស៊ីខាវឌូ (CCAWDU) លោក អាត់ ធន់ មានមតិថា យោងលើការប្រជុំពិភាក្សាគ្នានៅថ្ងៃទី១១ មីនា សហជីពចំនួន៥ បានសម្រេចលើកពេលធ្វើកូដកម្មមិនចូលធ្វើការរហូតដល់ពិធីបុណ្យចូលឆ្នាំខ្មែររួច។ លោកថា សហជីពទាំង៦ ជ្រើសយកថ្ងៃទី១៧ មេសា ក្រោយពិធីបុណ្យចូលឆ្នាំ កម្មករនឹងបន្តមិនចូលធ្វើការទេ គឺមានបំណងទាមទារនូវលក្ខខណ្ឌពីរសំខាន់ដូចគ្នា ដើម្បីដាក់សម្ពាធឲ្យដោះលែងមនុស្ស ២១នាក់ និងទារដំឡើងប្រាក់ឈ្នួលគោល ១៦០ដុល្លារក្នុងមួយខែ។
សហជីព៦ ដែលលើកពេលនោះ គឺមានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា សហព័ន្ធសហជីពវាយនភណ្ឌឧស្សាហកម្មកាត់ដេរកម្ពុជា សហព័ន្ធសហជីពមិត្តភាពកម្មករ និងសហព័ន្ធសហជីពយុវជនឯករាជ្យ និងសហព័ន្ធសហជីពចលនាកម្មករ។
យ៉ាងណាក្ដី ក្នុងគម្រោងរួមគ្នាធ្វើកូដកម្មអហិង្សាពីវិស័យវាយនភណ្ឌកាត់ដេរនេះ ក៏មានអង្គការសមាគម វិស័យសេវាកម្ម សរុបចំនួន ១០ទៀតគាំទ្រដែរ។ ក្រុមទាំងនោះចង់ឲ្យរដ្ឋាភិបាលដោះលែងមនុស្ស ២១នាក់ មានសង្គមស៊ីវិល សកម្មជនដីធ្លី និងកម្មករដែលបានចាប់ខ្លួនកាលពីថ្ងៃទី២ និងថ្ងៃទី៣ ខែមករា នៅផ្លូវវ៉េងស្រេង និងក្បែរតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ក្នុងគ្រាដែលអាជ្ញាធររដ្ឋាភិបាលបង្ក្រាបក្នុងពេលធ្វើកូដកម្មអហិង្សាទាមទារដំឡើងប្រាក់ឈ្នួល ១៦០ដុល្លារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។