ជន​ពិការ​ថា​ការ​ប្រគំតន្ត្រី​លើ​ទីតាំង​ដែល​សាលាក្រុង​កំណត់​ឱ្យ​មិន​អាច​ដោះស្រាយ​ជីវភាព​បាន

0:00 / 0:00

ក្រុម​ជន​ពិការ​មួយ​ចំនួន​លើក​ឡើង​ថា ការ​ប្រគំតន្ត្រី​នៅ​លើ​ទីតាំង​ចំនួន​៣ ក្នុង​រាជធានី​ភ្នំពេញ ដែល​រដ្ឋាភិបាល​កំណត់​ឱ្យ​នោះ ពុំ​ទទួល​បាន​ជោគជ័យ​ឡើយ ដោយសារ​ទីតាំង​ទាំង​នោះ​គ្មាន​អ្នក​ទៅ​គាំទ្រ។ ពួកគាត់​បន្ថែម​ថា មាន​ជន​ពិការ​មួយ​ចំនួន​ប្ដូរ​ទៅ​ច្រៀង​នៅ​កន្លែង​ផ្សេង​វិញ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​ប្រចាំថ្ងៃ។

ចាប់​តាំង​ពី​សាលា​រាជធានី​ភ្នំពេញ សម្រេច​មិន​ឱ្យ​ជន​ពិការ​ប្រគំតន្ត្រី​នៅ​តាម​ភ្លើង​ស្ដុប ក្រុម​ជន​ពិការ​ខ្លះ​អះអាង​ថា ការ​ប្រគំតន្ត្រី​របស់​ពួកគាត់​នៅ​លើ​ទីតាំង​ទាំង​៣ ដូចជា​នៅ​រមណីយដ្ឋាន​វត្តភ្នំ និង​សួន​ច្បារ​វត្ត​បទុមវតី ជាដើម មិន​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​សំណាក់​មហាជន​ឡើយ។

​ប្រធាន​សមាគម​តន្ត្រី​ជន​ពិការ​កម្ពុជា លោក ជា ហន លើក​ឡើង​ថា ការ​រៃអង្គាស​ប្រាក់​ក្នុង​ការ​ប្រគំតន្ត្រី​ជន​ពិការ​នៅ​ទីតាំង​វត្តភ្នំ និង​សួនច្បារ​វត្ត​បទុមវតី កន្លង​មក​នេះ មាន​ថ្ងៃ​ខ្លះ​ទទួល​បាន​ប្រាក់​ជាង ១០​ម៉ឺន​រៀល និង​ថ្ងៃ​ខ្លះ​ទៀត​ទទួល​បាន​ប្រាក់​មិន​ដល់ ១០​ម៉ឺន​រៀល ដែល​ទឹក​ប្រាក់​ទាំង​នេះ មិន​គ្រប់គ្រាន់​ក្នុង​ការ​ចំណាយ​លើ​ថ្លៃ​ដឹក​ជញ្ជូន​ឧបករណ៍​ភ្លេង និង​ការ​រៀបចំ​ឆាក​នោះ​ទេ « ហើយ​ក្នុង​មួយ​ក្រុម​មាន ៤ - ១០​នាក់​ឯណោះ ថវិកា​ពី​ការ​រៃអង្គាស​មក​វា​តិច​ជាង​ចំណាយ »

​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៦ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ស្នើ​ឱ្យ​អាជ្ញាធរ​ជ្រើស​ទីតាំង​រមណីយដ្ឋាន​វត្តភ្នំ ធ្វើ​ជា​កន្លែង​ប្រគំតន្ត្រី​សម្រាប់​ជន​ពិការ ព្រោះ​លោក​ថា ការ​បណ្ដោយ​ឱ្យ​ជន​ពិការ​នាំ​គ្នា​ប្រគំតន្ត្រី​រៃអង្គាស​ថវិកា​នៅ​តាម​ភ្លើង​ស្ដុប​នានា ក្នុង​រាជធានី​ភ្នំពេញ អាច​បង្ក​ឱ្យ​មាន​បញ្ហា​សណ្ដាប់ធ្នាប់ និង​គ្រោះថ្នាក់​ចរាចរណ៍។ ក្រោយ​មក​នៅ​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១៧ រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិសម្បទា លោក វង សូត បាន​ប្រគល់​ឧបករណ៍​តន្ត្រី​ដែល​ជា​ជំនួយ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅ​ជន​ពិការ​ចំនួន ៥​ក្រុម ដែល​ឧបករណ៍​ទាំង​នេះ​សុទ្ធតែ​ជា​របស់​ថ្មី និង​ទាន់​សម័យ។

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ មន្ត្រី​នាំ​ពាក្យ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិសម្បទា លោក ឯម ច័ន្ទមករា ថ្លែង​ថា នៅ​ទីតាំង​ទាំង​៣ ក្រុម​ជន​ពិការ​មាន​សិទ្ធិ​ជ្រើសរើស​ដោយ​ខ្លួន​ឯង ដើម្បី​សម្ដែង​ស្វែង​រក​ប្រាក់​កម្រៃ។ លោក​បន្ត​ថា ក្រៅ​ពី​ការ​ផ្ដល់​ឧបករណ៍​តន្ត្រី រដ្ឋាភិបាល​ក៏​បាន​ផ្ដល់​ថវិកា​មួយ​លាន​រៀល​ជា​ប្រចាំ​ខែ សម្រាប់​ក្រុម​តន្ត្រី​ជន​ពិការ​នីមួយៗ​ផង​ដែរ « ប៉ុន្តែ​ប្រគំ​មិន​ប្រគំ វា​ជា​សិទ្ធិ​របស់​ពលរដ្ឋ​ទេ ព្រោះ​រដ្ឋាភិបាល​មិន​អាច​ទៅ​បង្គាប់​បញ្ជា​ថា ឲ្យ​ទៅ​ប្រគំ​កន្លែង​នេះ ឬ​កន្លែង​នោះ​ទេ »

​ទោះ​ជា​យ៉ាង​ណា ប្រធាន​សមាគម​តន្ត្រី​ជន​ពិការ​កម្ពុជា លោក ជា ហន បញ្ជាក់​ថា ក្នុង​ចំណោម​ក្រុម​តន្ត្រី​ជន​ពិការ​ទាំង ៥​ក្រុម គឺ​មាន​តែ ៣​ក្រុម​ប៉ុណ្ណោះ ដែល​ទទួល​បាន​ទឹកប្រាក់​ឧបត្ថម្ភ​ប្រចាំ​ខែ​ចំនួន ១​លាន​រៀល រី​ឯ​ចំនួន ២​ក្រុម​ទៀត​ដែល​ពុំ​មាន​ការ​ចុះ​សម្រុង​គ្នា ពុំ​ទទួល​បាន​ទឹក​ប្រាក់​ឧបត្ថម្ភ​នេះ​ឡើយ។ លោក​បញ្ជាក់​ថា ក្នុង​រយៈពេល ២​ខែ​ចុង​ក្រោយ ទឹក​ប្រាក់​ឧបត្ថម្ភ​ចំនួន ១​លាន​រៀល​ប្រចាំ​ខែ​នេះ ហាក់​ពុំ​ទាន់​មាន​ដំណឹង​នៅ​ឡើយ « ១​លាន​រៀល​ហ្នឹង យើង​ដក​ថ្លៃ​ផ្ទះ អ៊ីចឹង​សល់ ៨០​ម៉ឺន យើង​ចែក​ម្នាក់ៗ ២​ម៉ឺន​រៀល។ ហើយ​សូម​បញ្ជាក់​ផង​ដែរ ឧបករណ៍​ដែល​គាត់​ឲ្យ​មក​ហ្នឹង មិន​មែន​ឧបករណ៍​យក​មក​លេង​អ៊ីចឹង​ទេ តែ​គឺ​សម្រាប់​គេ​ជួល ហើយ​ឧបករណ៍​ហ្នឹង​មិន​ត្រូវ​បាន​គេ​ជួល​សូម្បី​មួយ​ពេល ឬ​មួយ​ដង »

ស្រប​ពេល​ការ​ប្រគំតន្ត្រី​នៅ​តាម​ទីតាំង​ទាំង​៣ ក្នុង​រាជធានី​ភ្នំពេញ មិន​អាច​ដោះស្រាយ​ជីវភាព​សម្រាប់​ជន​ពិការ​បាន​នៅ​នេះ លោក ជា ហន អះអាង​ថា ជម្រើស​ចុង​ក្រោយ​របស់​ក្រុម​តន្ត្រី​ជន​ពិការ​មួយ​ចំនួន បាន​លួច​ទៅ​ច្រៀង​តាម​ភ្លើង​ស្ដុប​ឡើយ​វិញ និង​ទៅ​សុំ​អង្វរ​ច្រៀង​តាម​ភោជនីយដ្ឋាន រី​ឯ​ក្រុម​តន្ត្រី​ជន​ពិការ​ខ្លះ​ទៀត បាន​នាំ​គ្នា​ទៅ​ប្រគំ​តាម​ផ្សារ និង​ខាង​មុខ​រោងចក្រ​នានា ព្រោះ​លោក​ថា ការ​ប្រគំ​នៅ​ទីតាំង​ទាំង​នេះ មិន​ចាំបាច់​រៀបចំ​ឆាក និង​ត្រូវ​ការ​សមាជិក​តិច ហើយ​ប្រាក់​រៃ​អង្គាស​បាន​វិញ ក៏​ច្រើន​ល្មម​អាច​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ។

រី​ឯ​ប្រធាន​សមាគម​តន្ត្រី​សំនៀង​ជន​ពិការ លោក ចាប តូ ក៏​បាន​ថ្លែង​ថា ក្រុម​តន្ត្រី​ជន​ពិការ​របស់​លោក​កំពុង​ត្រៀម​ចេញ​ទៅ​សម្ដែង​នៅ​តាម​ខេត្ត​វិញ។ លោក​បន្ត​ថា បើ​ពឹង​អាស្រ័យ​លើ​ការ​រៃ​អង្គាស​ថវិកា​ពី​ការ​ប្រគំ​តន្ត្រី​លើ​ទីតាំង​ដែល​រដ្ឋាភិបាល​ផ្ដល់​ឱ្យ​មិន​អាច​ដោះស្រាយ​ជីវភាព​របស់​ជន​ពិការ​ខ្លះ​ដែល​ត្រូវ​ចំណាយ​លើ​ថ្លៃ​ទឹក​ភ្លើង ម្ហូប​អាហារ និង​ថ្លៃ​ផ្ទះ​ជួល​ជាប្រចាំ​ខែ « ដោយសារ​មិន​សូវ​មាន​កម្លាំង​ចិត្ត​លេង​នៅ​ពេល​គ្មាន​មនុស្ស​មើល​ច្រើន »

​លោក​បញ្ជាក់​ថា ក្រៅ​ពី​ចុះ​ទៅ​សម្ដែង​នៅ​តាម​ខេត្ត ក្រុម​តន្ត្រី​ជន​ពិការ​របស់​លោក​ក៏​អាច​សម្ដែង​នៅ​តាម​រោង​បុណ្យ​នានា និង​នៅ​ក្នុង​ពិធី​មង្គលការ​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។