Opens in new windowលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា រដ្ឋាភិបាលកម្ពុជា ជំពាក់ប្រាក់ខែសាកសពដែលជាអតីតយុទ្ធជនជាង ១លាន ៥សែនដុល្លារ ដែលក្រសួងពាក់ព័ន្ធមិនទាន់បានបើកជូននាពេលកន្លងមក។
ថ្លែងនៅក្នុងពិធីបិទមហាសន្និបាតតំណាងសមាគមអតីតយុទ្ធជនទូទាំងប្រទេស កាលពីព្រឹកថ្ងៃទី២ កញ្ញា នេះ លោក ហ៊ុន សែន បានបញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងពាក់ព័ន្ធ ប្រញាប់ទូទាត់ថវិកាបំណុលគ្រួសារសពអតីតយុទ្ធជននៅសល់ជាង ១ពាន់សាកសព គិតជាទឹកប្រាក់ជាង ១លាន ៥សែនដុល្លារអាមេរិក។ ចំណែកសង្គមស៊ីវិលវិញ ស្នើឲ្យ លោក ហ៊ុន សែន មានចំណាត់ការលើមន្ត្រីរបស់លោក ព្រោះរឿងនេះអាចនឹងមានអំពើពុករលួយនៅពីក្រោយនៃភាពយឺតយ៉ាវនេះ។
លោក ហ៊ុន សែន បង្ហាញការភ្ញាក់ផ្អើលនៅពេលដែលដឹងថា រដ្ឋាភិបាលរបស់លោកកំពុងជំពាក់លុយប្រាក់ខែអតីតយុទ្ធជន ដែលពលីជីវិតកន្លងមក។ ក្រៅពីនេះ លោក ហ៊ុន សែន អះអាងថា រដ្ឋាភិបាលលោកមានលុយគ្រប់គ្រាន់លើការងារនេះ បែរជាត្រូវជំពាក់ថ្លៃសាកសព បន្ទាប់ពីលោកផ្តល់កញ្ចប់ថវិកាជាង ១០លានដុល្លារលើរឿងអតីតយុទ្ធជន។
លោកនាយករដ្ឋមន្ត្រី ប្រាប់ទៅរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវផ្តល់លុយជាបន្ទាន់ទៅឲ្យក្រុមគ្រួសារសពអតីតយុទ្ធជន ឲ្យបានមុនពិធីបុណ្យភ្ជុំបិណ្ឌ។ ជាងនេះទៅទៀត លោកទាមទារឲ្យមន្ត្រីថ្នាក់ក្រោម រាយការណ៍រឿងនេះមកលោកឲ្យបានគ្រប់ជំហាន៖ «មកដល់ពេលនេះបែរជាយើងកំពុងជំពាក់ថ្លៃសាកសព ខ្ញុំមិនអាចទទួលយកបានទេ ដូច្នេះ ខ្ញុំស្នើឲ្យធ្វើរឿងនេះមុនគេបង្អស់»។
ប្រទេសកម្ពុជា ដែលធ្លាប់ឆ្លងកាត់សង្គ្រាមច្រើនសម័យកាល បន្សល់អតីតយុទ្ធជនរាប់ម៉ឺននាក់ ដែលអ្នកខ្លះបែកបាក់គ្រួសារ និងពិការ ជាដើម។ អតីតយុទ្ធជនខ្លះទីទ័លក្រ ដើរសុំទានតាមផ្សារ ហើយអ្នកខ្លះទៀត ដើរលក់សំនៀងតាមទីសាធារណៈទាំងសំលៀកបំពាក់ជាយោធា។
ទាក់ទងរឿងនេះដែរ ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង ស្នើឲ្យ លោក ហ៊ុន សែន ចាត់វិធានការទៅមន្ត្រីដែលធ្វើការលើរឿងនេះ ព្រោះលោកយល់ថា រឿងនេះមានអំពើពុករលួយនៅពីក្រោយ។ លោក យង់ គិមអេង បន្តថា រឿងនេះពុំគួរកើតឡើងឡើយ ព្រោះអតីតយុទ្ធជនបានលះបង់ស្ទើរតែជីវិតដើម្បីជាតិ៖ «គួរតែដាក់ទោសទណ្ឌ ឬក៏ពិន័យរដ្ឋបាល ឬព្រហ្មទណ្ឌ ប្រសិនបើករណីពុករលួយកើតឡើង»។
របាយការណ៍របស់រដ្ឋាភិបាលបង្ហាញថា ជាមធ្យមក្នុងមួយខែ អតីតយុទ្ធជនចំនួន ១៥០នាក់ដែលទទួលមរណភាព ហើយកន្លងទៅ សាកសពជាង ១.៥០០សាកសព រដ្ឋាភិបាលជំពាក់លុយ ស្របពេលដែលរដ្ឋាភិបាលបានដោះស្រាយបានជាង ៥.៣០០សាកសព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
