ក្រុមគ្រួសារ និងគណៈកម្មការបុណ្យសពលោកបណ្ឌិត កែម ឡី និងសាលារាជធានីភ្នំពេញ មិនទាន់ចុះសម្រុងគ្នានៅឡើយទេ នៅថ្ងៃទី២០ កក្កដា ចំពោះផ្លូវមួយចំនួនសម្រាប់ដង្ហែសពឆ្លងកាត់រាជធានីភ្នំពេញ ទៅខេត្តតាកែវ។
ប្អូនប្រុសលោក កែម ឡី គឺលោក កែម រិទ្ធិសិត ឲ្យវិទ្យុអាស៊ីសេរី ដឹងក្រោយកិច្ចប្រជុំរវាងក្រុមគ្រួសារ គណៈកម្មការបុណ្យសព និងសាលារាជធានីភ្នំពេញ ថា សាលាក្រុងមិនព្រមតាមសំណើរបស់ក្រុមគ្រួសារ និងគណៈកម្មការបុណ្យសពដែលចង់ដង្ហែសពលោក កែម ឡី កាត់ផ្លូវព្រះមុនីវង្ស និងបត់តាមផ្លូវសហព័ន្ធរុស្ស៊ី ឆ្ពោះទៅរង្វង់មូលចោមចៅទេ។
លោក កែម រិទ្ធិសិត បន្តថា សាលាក្រុងអនុញ្ញាតផ្លូវសម្រាប់ដង្ហែ គឺចុះពីស្ពានជ្រោយចង្វារ ឆ្ពោះទៅអង់តែនទួលគោក កាត់តាមផ្សារមាន់អាំង ត្រឡោកបែក ទើបអាចឡើងទៅកាន់ផ្លូវសហព័ន្ធរុស្ស៊ី ត្រង់ចំណុចស្ពានអាកាស៧មករា ឆ្ពោះទៅរង្វង់មូលចោមចៅ ដើម្បីបញ្ជៀសការកកស្ទះចរាចរណ៍។

ប៉ុន្តែបើតាមការបញ្ជាក់របស់ លោក កែម រិទ្ធិសិត ក្រុមគ្រួសារ និងគណៈកម្មការបុណ្យសព មិនព្រមទទួលនូវការរៀបចំរបស់សាលាក្រុងឡើយ ដោយនៅទទូចសុំដង្ហែតាមផ្លូវដែលខ្លួនស្នើសុំដដែល។
ចំណែកភាគីអាជ្ញាធររាជធានីភ្នំពេញ ដែលចូលរួមដោយអភិបាលរង គឺលោក ឃួង ស្រេង ថា នឹងយកសំណើនេះទៅអភិបាលរាជធានី លោក ប៉ា សុជាតិវង្ស ជាអ្នកសម្រេចចុងក្រោយ។
លោក កែម រិទ្ធិសិត បន្តថា សម្រាប់ការដង្ហែនេះដែរ គឺអាជ្ញាធរក្រុងនឹងជួបរៀបចំសណ្ដាប់ធ្នាប់ រួមនឹងរថយន្ត ៤គ្រឿង ក្នុងនោះរថយន្តក្រុងសម្រាប់ដឹកអ្នកដង្ហែ ចំនួន ២គ្រឿង។
គម្រោងដង្ហែសពលោក កែម ឡី ទៅខេត្តតាកែវ នឹងធ្វើនៅថ្ងៃទី២៤ កក្កដា ចាប់ពីម៉ោង ៧ព្រឹក។
សូមស្ដាប់សេចក្ដីរាយការណ៍ផ្ទាល់របស់លោក ប្រាជ្ញ ចេវ ពីទីកន្លែងបុណ្យ និងបទសម្ភាសន៍បន្ថែមជាមួយប្អូនប្រុសរបស់លោក កែម ឡី គឺលោក កែម រិទ្ធិសិត តាមការសាកសួររបស់លោក ម៉ម មុនីរតន៍៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។