សមាជិកនៃសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងស្ថាប័នមកពីវិស័យឯកជនផ្សេងទៀត ព្រមានទៅរដ្ឋាភិបាលថា ពួកគេនឹងកៀងគរមនុស្សឲ្យបានយ៉ាងតិច ១ម៉ឺននាក់ ដើម្បីជួបជុំគ្នាតវ៉ានៅរាជធានីភ្នំពេញ បើរដ្ឋាភិបាលនៅតែបន្តផ្ដន្ទាទោសអ្នកដែលត្រូវចាប់ខ្លួនក្នុងអំពើហិង្សា ខណៈសមត្ថកិច្ចបង្ក្រាបបាតុកម្មកាលពីជាងមួយសប្ដាហ៍កន្លងទៅនេះ។
លោក ស មូរ៉ា ដែលជាប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា បានថ្លែងដូច្នេះក្នុងសន្និសីទកាសែតនៅទីស្នាក់ការកណ្ដាលសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅថ្ងៃទី១០ ខែមករា។
លោកបញ្ជាក់ថា ជំហររបស់សមាគម គឺនៅដដែល ដូចការទាមទារក្នុងពេលកន្លងទៅ។ លោកបន្តថា លក្ខខណ្ឌដែលទាមទារ គឺស្នើឲ្យរដ្ឋាភិបាលដំឡើងប្រាក់ខែគោលដល់កម្មកររោងចក្រចំនួន ១៦០ដុល្លារ និងស្នើឲ្យដោះលែងអ្នកដែលត្រូវចាប់ខ្លួនទាំង ២៣នាក់ ដោយគ្មានលក្ខខណ្ឌ។
លោក ស មូរ៉ា ឲ្យដឹងទៀតថា បើរដ្ឋាភិបាលនៅតែមិនព្រមដោះលែងតាមសំណើទេនោះ ការប្រមូលផ្ដុំទ្រង់ទ្រាយធំប្រឆាំងនឹងការបន្តឃុំខ្លួននេះ នឹងធ្វើឡើងក្នុងរយៈពេលពីរបីថ្ងៃខាងមុខនេះ៖ «ថ្ងៃបន្តបន្ទាប់ទៀត គឺយើងនៅតែបន្តតាមរយៈការធ្វើការជួបជុំនៅកន្លែងទីសាធារណៈ។ ហើយក៏ជាផែនការរបស់យើងដែរ យើងមានការជួបជុំទ្រង់ទ្រាយធំរហូតដល់មនុស្សរាប់ម៉ឺននាក់ ពិសេសជាងគេ ដូច លោក វន់ ពៅ លោក ថេង សាវឿន អ្នកទាំងអស់ហ្នឹងសុទ្ធតែមានសមាជិកច្រើន ហើយមានប្រជាពលរដ្ឋគាំទ្រជាច្រើន។ ហើយគេបានស្នើឲ្យមានការជួបជុំគ្នា ឲ្យមានការធ្វើកម្មវិធីអីមួយទ្រង់ទ្រាយធំ។ យើងសម្រេចយកសំណើទាំងអស់ហ្នឹង ហើយយើងនឹងធ្វើកម្មវិធីជួបជុំគ្នានៅកន្លែងសាធារណៈ»។
ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋនៅតាមបណ្ដាប្រទេសយ៉ាងតិច១៣ នៅលើពិភពលោក បានធ្វើយុទ្ធនាការនៅមុខស្ថានទូតខ្មែរប្រចាំប្រទេសទាំងនេះ ដើម្បីធ្វើបាតុកម្មទាមទារឲ្យដោះលែងមនុស្ស ២៣នាក់ ដំណាលគ្នានឹងសមាគមដែលធ្វើសន្និសីទកាសែតនៅថ្ងៃទី១០ មករា ដែរ។ លើសពីនេះ គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាល ដើម្បីអនុសញ្ញាលុបបំបាត់រាល់ទម្រង់នៃការរើសអើងលើស្ត្រីភេទ (NGO-CEDAW) ដែលជាបណ្ដុំដោយអង្គការចំនួន ៤៧អង្គការ និងសមាគម បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសនៃការប្រើប្រាស់អំពើហិង្សាប្រឆាំងអ្នកតស៊ូមតិ និងកម្មករ។
ចំណែក លោក ប៊ុត កុសល្យ អនុប្រធានសមាគមមន្ត្រីរាជការឯករាជ្យកម្ពុជា និងជាបងប្រុសបង្កើតរបស់ លោក ថេង សាវឿន គិតថា នេះទំនងជារដ្ឋាភិបាលប្រើប្រាស់អ្នកទាំង ២៣នាក់ ធ្វើជាចំណាប់ខ្មាំង ដើម្បីដាក់សម្ពាធមកលើសហជីពក្នុងការចរចារឿងដំឡើងប្រាក់ខែគោលឲ្យកម្មករ។ បើទោះជាបែបណា លោកព្រមានថា សូមកុំយកអ្នកដែលជាប់ឃុំធ្វើចំណាប់ខ្មាំងក្នុងការចរចាដំឡើងប្រាក់ខែគោលជាមួយសហជីពក្នុងពេលខាងមុខ។ លោកបញ្ជាក់ថា បើការចរចាដូច្នេះនឹងមិនអាចទៅរួចឡើយ៖ «សូមឲ្យរដ្ឋាភិបាលមេត្តាចរចាដំឡើងប្រាក់ឈ្នួលឲ្យកម្មករ ហើយឲ្យស្មើភាពគ្នា មានន័យថា បើចរចាឲ្យស្មោះត្រង់នឹងគ្នា ឲ្យដោះលែង ២៣នាក់ហ្នឹងសិន មិនមែនចាប់អ្នកទាំង ២៣នាក់ ធ្វើជាចំណាប់ខ្មាំងធ្វើការចរចាទេ។ បើសិនគាត់នៅក្នុងឃុំខ្លួន មានន័យថា អ្នកទាំង ២៣នាក់ហ្នឹង គឺជាកម្មវត្ថុនៃការចរចា ដើម្បីដំឡើងឲ្យមានការដំឡើងប្រាក់ឈ្នួលហើយ»។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី ចាត់ទុកថា ការប្រើប្រាស់ហិង្សាណាមួយដើម្បីដោះស្រាយ នឹងពុំមែនជាមធ្យោបាយប្រសើរឡើយ។ លោកមានជំនឿថា បើភាគីវិវាទងាករកដំណោះស្រាយដោយសន្តិវិធី ក្នុងការបញ្ចប់ភាពចម្រូងចម្រាសនេះ ទំនងជាអ្នកជាប់ឃុំអាចរួចផុតពីការចោទប្រកាន់ក៏ថាបាន៖ «អាចមិនមែនរឿងអាចចេញពីសំណាញ់ច្បាប់ទេ រហូតដល់អ្នកទាំងអស់នោះមិនទាន់ទាំងបានឆ្លងតុលាការផង។ ខ្ញុំអត់ទេរឿងហ្នឹងនោះណា។ ក៏ប៉ុន្តែ បើគេឆ្លងក្នុងការវិនិច្ឆ័យក្ដី យើងរកបែបបទនីតិវិធី ឬក៏សម្របសម្រួលជាជាង។ ហើយបើកាលណាយើងយកកម្លាំងទល់នឹងកម្លាំង វាមានតែកំហឹងទល់នឹងកំហល់ប៉ុណ្ណឹងឯង»។
ចំណែក លោកស្រី ប្រាក់ សុវណ្ណារី ប្រពន្ធ លោក វន់ ពៅ អះអាងថា គ្រួសាររបស់លោកស្រីពុំមានទោសដូចការចោទប្រកាន់របស់តុលាការឡើយ។
មនុស្សចំនួន ២៣នាក់ ត្រូវបានសមត្ថកិច្ចចម្រុះរបស់រដ្ឋាភិបាល ចាប់ខ្លួនក្នុងរយៈពេល ២ថ្ងៃជាប់ៗគ្នា កាលពីថ្ងៃទី២ និងថ្ងៃទី៣ ខែមករា ក្នុងអំពើហិង្សាទាមទារប្រាក់ខែគោល ១៦០ដុល្លារ។ ដីកាឃុំខ្លួនបណ្ដោះអាសន្នរបស់តុលាការសម្រេចចោទប្រកាន់ពីរករណី គឺ១ ពីបទប្រើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងទី២ ពីបទធ្វើឲ្យខូចខាតទ្រព្យសម្បត្តិសាធារណៈ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។