ក្រុមគ្រូបង្រៀនបញ្ជាក់នៅថ្ងៃទី៣ ខែវិច្ឆិកា ថា ពួកគាត់នឹងបន្តយកសំណើនេះទៅដាក់ដល់ក្រសួងអប់រំ យុវជន និងកីឡា ទៀត ប្រសិនបើបញ្ហារបស់ពួកគាត់មិនត្រូវបានគេយកទៅពិនិត្យ និងដោះស្រាយឲ្យបានឆាប់ទេនោះ។
ក្រុមគ្រូបង្រៀននៅវិទ្យាល័យ ហ៊ុន សែន កំពង់លែង ទាមទារឲ្យប្រធានការិយាល័យអប់រំស្រុកកំពង់លែង លោក សែម សុខន ប្រគល់ប្រាក់ចំនួនចាប់ពី ៣ម៉ឺន ទៅ ៥ម៉ឺនរៀល ជូនទៅលោកគ្រូអ្នកគ្រូចំនួន ៥៥រូបវិញ។ ការប្រមូលប្រាក់នោះ ត្រូវលោកគ្រូអ្នកគ្រូទាំង ៥៥រូប អះអាងថា លោក សែម សុខន បានប្រមូលជាថ្នូរទៅនឹងការទទួលបានមេដាយ និងប័ណ្ណសរសើរសម្រាប់គ្រូបង្រៀនមានស្នាដៃល្អ នៅទូទាំងស្រុក ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីខែសីហា ឆ្នាំ២០១២ កន្លងទៅ។
គ្រូបង្រៀនម្នាក់ក្នុងចំណោម ៤នាក់ ដែលថ្លែងក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ ឲ្យដឹងថា មូលហេតុសំខាន់ដែលក្រុមគ្រូបង្រៀនអស់ជំនឿ និងមិនដាក់លិខិតអន្តរាគមន៍ទៅខាងមន្ទីរអប់រំខេត្ត ពីព្រោះសកម្មភាពការងាររបស់មន្ទីរកន្លងមក គឺពុំសូវមានប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហាទាំងនេះឡើយ ទើបពួកគាត់ងាកមកសុំកិច្ចអន្តរាគមន៍ពីលោកអភិបាលខេត្តវិញម្ដង៖ «ខ្លាចគាត់កាន់ជើងអីគ្នាគាត់ អ៊ីចឹងទៅខ្ញុំគិតថា លោកអភិបាលទើបតែចូលកាន់តំណែងផង ហើយគាត់អាចនឹងផ្លាស់ប្ដូរទម្រង់ការដឹកនាំរបស់គាត់អ៊ីចឹងទៅណា៎»។
តំណាងគ្រូបង្រៀនទាំង ៤នាក់ គឺមាន ឈ្មោះ ហែម ផល្លា ឯម សំបុណ ចាន់ រតនៈ និងឈ្មោះ អ៊ុក សុខ បានបញ្ជាក់ថា ពួកគាត់បានដាក់លិខិតអន្តរាគមន៍នេះទៅកាន់សាលាខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៣ ក៏ប៉ុន្តែរហូតមកទល់នឹងពេលនេះ ពួកគាត់នៅមិនទាន់ទទួលបានការដោះស្រាយ ឬដំណឹងអ្វីនៅឡើយទេ។
ទាក់ទងនឹងបញ្ហានេះ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ចឌឿន មានប្រសាសន៍យ៉ាងខ្លីថា លោកមិនបានទទួលសំណើរបស់លោកគ្រូអ្នកគ្រូទាំងនោះទេ ហើយរឿងរ៉ាវកើតឡើងយ៉ាងណានោះ លោកក៏មិនទាន់បានជ្រាបច្បាស់ដែរ៖ «កន្លងមកអ៊ីចឹង! រឿងអីដែលយកទៅឲ្យអាស៊ីសេរី នោះ បើថាអាជ្ញាធរជាអ្នកដោះស្រាយ ម៉េចក៏មិនយកមកឲ្យអាជ្ញាធរ ធម្មតាអាជ្ញាធរកាលណាគេឃើញ គេត្រូវតែដោះស្រាយហើយ រឿងអីក៏ដោយ បញ្ហាអីក៏ដោយ ភារកិច្ចរបស់គេត្រូវតែដោះស្រាយហើយអាហ្នឹង ប៉ុន្តែវាមិនឃើញ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងប្រធានការិយាល័យស្រុកកំពង់លែង លោក សែម សុខន ដើម្បីសុំការបកស្រាយជុំវិញការចោទប្រកាន់នេះបានទេ នៅថ្ងៃទី៣ ខែវិច្ឆិកា ដោយទូរស័ព្ទចូលជាច្រើនដងពុំមានអ្នកទទួល។
នៅក្នុងលិខិតដែលវិទ្យុអាស៊ីសេរី ទទួលបាននៅថ្ងៃទី២ ខែវិច្ឆិកា មានខ្លឹមសារថា ប្រធានការិយាល័យស្រុកកំពង់លែង លោក សែម សុខន បានតម្រូវឲ្យមន្ត្រីអប់រំ និងលោកគ្រូអ្នកគ្រូដែលមានឈ្មោះទទួលបានមេដាយ អមជាមួយប័ណ្ណសរសើរផងនោះ ត្រូវបង់ប្រាក់ទៅតាមប្រភេទមេដាយ ពោលគឺមេដាយមាសត្រូវបង់ចំនួន ៥ម៉ឺនរៀល។ មេដាយប្រាក់ចំនួន ៤ម៉ឺនរៀល និងមេដាយសំរឹទ្ធិ ត្រូវបង់ចំនួន ៣ម៉ឺនរៀល។ ក៏ប៉ុន្តែ រហូតមកទល់នឹងពេលនេះ លោកគ្រូអ្នកគ្រូទាំង ៥៥រូប នៅមិនទាន់ទទួលបានមេដាយទាំងនោះនៅឡើយទេ។
តំណាងគ្រូបង្រៀននៅវិទ្យាល័យ ហ៊ុន សែន កំពង់លែង បានបញ្ជាក់ថា ប្រសិនបើពួកគាត់មិនទទួលបានមេដាយ និងប័ណ្ណសរសើរទេ ពួកគាត់នឹងស្នើសុំឲ្យប្រធានការិយាល័យស្រុកសងប្រាក់ទៅឲ្យលោកគ្រូអ្នកគ្រូវិញ ហើយត្រូវដោះស្រាយពីភាពមិនប្រក្រតីនៃការបោះឆ្នោតជ្រើសរើសនាយករងប្រចាំវិទ្យាល័យ កាលពីព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៣ ឲ្យបានត្រឹមត្រូវ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
