បុគ្គលិក​អប់រំ​៧​នាក់​នៅ​រតនគិរី​រង​ការ​ចោទ​ថា​ចូល​បម្រើ​ការងារ​គ.ខ.ប

បុគ្គលិក​មន្ទីរ​អប់រំ និង​គ្រូបង្រៀន​នៅ​វិទ្យាល័យ អនុវិទ្យាល័យ និង​សាលា​បឋម​សិក្សា នៅ​ខេត្ត​រតនគិរី ចំនួន ៧​នាក់ រង​ការ​ចោទ​ថា បាន​ចូល​បម្រើ​ការងារ​គណៈកម្មការ​ខេត្ត​រៀបចំ​ការ​បោះឆ្នោត ដោយ​មិន​បាន​ព្យួរ​ក្របខ័ណ្ឌ​ការងារ​រដ្ឋ​របស់​ខ្លួន ឬ​សុំ​ច្បាប់​អនុញ្ញាត។ មន្ត្រី​សមាគម​គ្រូបង្រៀន​ឯករាជ្យ ចាត់​ទុក​ថា នេះ​គឺ​ជា​ករណី​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​សិក្សា​របស់​សិស្ស និង​ខុស​ទៅ​នឹង​លក្ខន្តិកៈ​គ្រូបង្រៀន។

0:00 / 0:00

មន្ត្រី​ខេត្ត​រតនគិរី នៅ​ថ្ងៃ​អង្គារ ទី១៦ ខែ​កក្កដា អំពាវនាវ​សុំ​ឲ្យ​ក្រសួង​អប់រំ​ស៊ើប​អង្កេត​ជា​បន្ទាន់​ទៅ​លើ​មន្ត្រី​មន្ទីរ​អប់រំ​ខេត្ត​រតនគិរី ដែល​បណ្ដែត​បណ្ដោយ​ឲ្យ​គ្រូ និង​បុគ្គលិក​មន្ទីរ​អប់រំ​ចំនួន ៧​នាក់ បោះ​បង់​ចោល​តួនាទី​ការងារ​រដ្ឋ ទៅ​ចូល​បម្រើ​ការ​ជា​មន្ត្រី​គណៈកម្មការ​ខេត្ត​រៀបចំ​ការ​បោះឆ្នោត​សម្រាប់​រយៈពេល​ជាង​ពីរ​ខែ ដោយ​គ្មាន​ច្បាប់​អនុញ្ញាត។

បុគ្គលិក និង​គ្រូ​ទាំង ៧​នាក់ រួម​មាន លោក សួន ដារា នាយក​រង​វិទ្យាល័យ​សម្ដេចឪ សម្ដេចម៉ែ ក្រុង​បានលុង និង លោក សេង សៅរិទ្ធ ជា​គ្រូ​នៅ​វិទ្យាល័យ​សម្ដេចឪ សម្ដេចម៉ែ។ លោក ងួន សុភា នាយក​សាលា​បឋម​សិក្សា​ត្រពាំងច្រេស ស្រុក​កូនមុំ។ លោម សម ឌី នាយក​សាលា​បឋម​សិក្សា​សម្ដេច​ក្រុម​ព្រះ ក្រុង​បានលុង និង​លោកស្រី ង៉ែត រដ្ឋា ជា​គ្រូ​សាលា​បឋម​សិក្សា​សម្ដេច​ក្រុម​ព្រះ។ លោក ស៊ឹម សំណាង គ្រូ​វិទ្យាល័យ ហ៊ុន សែន ភូមិ​ថ្មី ក្រុង​បានលុង និង​លោក ព្រំ យីតា ប្រធាន​ការិយាល័យ​អប់រំ​ស្រុក​អណ្ដូងមាស។

មន្ត្រី​ខេត្ត​រតនគិរី មួយ​រូប​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ មាន​ប្រសាសន៍​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ សាលា​រៀន​គ្រប់​កម្រិត មិន​ទាន់​ដល់​ពេល​វិស្សមកាល​នៅ​ឡើយ។ ហេតុ​នេះ អវត្តមាន​គ្រូ និង​បុគ្គលិក​សិក្សា ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កម្មវិធី​សិក្សា​របស់​សិស្ស។ មន្ត្រី​ដដែល​បន្ត​ថា បុគ្គលិក​សិក្សា និង​គ្រូ​ទាំង ៧​នាក់ បាន​ចូល​បម្រើ​ការងារ​ជា​មន្ត្រី​រៀបចំ​ការ​បោះឆ្នោត និង​មិន​បាន​សុំ​ព្យួរ​ការងារ ឬ​សុំ​ច្បាប់​ឈប់ ជា​ពិសេស​ពី​មន្ទីរ​អប់រំ។ ហើយ​នេះ គឺ​ជា​ប្រការ​ខុស​ទៅ​នឹង​គោលការណ៍​វិន័យ​របស់​ក្រសួង​អប់រំ៖ «អត់​មក​បង្រៀន​ទេ គាត់​ធ្វើ​តាំង​ពី​ដើម​ខែ​ឧសភា មក​ម្ល៉េះ។ អ្នក​ចេញ​ទៅ​ហ្នឹង​ហើយ របៀប​ថា​កិបកេង​លុយ​ពុក​រលួយ​ស៊ី​លុយ​របស់​រដ្ឋាភិបាល បក្ខពួក​និយម»

វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​អង្គារ ទី១៦ ខែ​កក្កដា មិន​អាច​ទាក់ទង​បុគ្គលិក​សិក្សា​ទាំង ៧​រូប សុំ​ការ​បំភ្លឺ​ពី​ករណី​នេះ​បាន​ទេ។

យ៉ាង​នេះ​ក្ដី នាយក​វិទ្យាល័យ ហ៊ុន សែន ភូមិ​ថ្មី លោក ឈុន យន់ ទទួល​ស្គាល់​ថា លោកគ្រូ ស៊ឹម សំណាង បាន​ដាក់​ច្បាប់​មាន​ជំងឺ​រយៈពេល ១៥​ថ្ងៃ។ ករណី​នេះ លោក​បាន​ធ្វើ​ចំណារ​បញ្ជូន​លិខិត​សុំ​ច្បាប់​នោះ​ទៅ​មន្ទីរ​អប់រំ ដើម្បី​សម្រេច។ លោក​បន្ត​ថា ករណី​លោកគ្រូ ស៊ឹម សំណាង ចូល​បម្រើ​ជា​មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​នេះ លោក​មិន​បាន​ដឹង​នោះ​ឡើយ៖ «ច្បាប់​ហ្នឹង គាត់​ដាក់​មក​ខ្ញុំ​ស៊ីញេ បញ្ជូន​តាម​ស្រុក​ទៅ​មន្ទីរ ប៉ុន្តែ​មន្ទីរ​អនុញ្ញាត​ម៉េច ខ្ញុំ​មិន​ដឹង​ដែរ។ ច្បាប់​ហ្នឹង គាត់​សុំ​ខ្ញុំ​កន្លះ​ខែ គាត់​ដាក់​ថា​គាត់​ឈឺ»

វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​អង្គារ ទី១៦ ខែ​កក្កដា ក៏​មិន​អាច​ទាក់ទង​សុំ​ការ​បញ្ជាក់​ពី​ប្រធាន និង​អនុប្រធាន​មន្ទីរ​អប់រំ​ខេត្ត​រតនគិរី គឺ​អ្នកស្រី ចាន់ ខាំឃឿ និង​លោក ប៉ា សុត្ថា ពី​ករណី​នេះ​បាន​ដូច​គ្នា ដោយសារ​តែ​ទូរស័ព្ទ​លោក​ទាំង​ពីរ​មិន​មាន​អ្នក​ទទួល​ការ​ហៅ​ចូល។

ចំណែក​ប្រធាន​គណៈកម្មការ​ខេត្ត​រៀប​ចំ​ការ​បោះឆ្នោត លោក ប៉ែន ឈុនឌី ទទួល​ស្គាល់​ថា មាន​បុគ្គលិក​សិក្សា និង​គ្រូបង្រៀន បាន​ចុះ​កិច្ច​សន្យា​បម្រើ​ការងារ​បោះឆ្នោត​រយៈពេល​ជាង ២​ខែ និង​ត្រូវ​បញ្ចប់​កិច្ច​សន្យា​ចុង​ខែ​កក្កដា ឆ្នាំ​២០១៣។

ទាក់ទិន​ករណី​នេះ ប្រធាន​សមាគម​គ្រូបង្រៀន​ឯករាជ្យ លោក រ៉ុង ឈុន កត់​សម្គាល់​ថា បុគ្គលិក​សិក្សា និង​គ្រូបង្រៀន​ដែល​ឈប់​សម្រាក​ការងារ​ដោយ​គ្មាន​ការ​អនុញ្ញាត គឺ​ជា​ប្រការ​ខុស​ច្បាប់។ លោក​បន្ត​ថា គ្រូបង្រៀន និង​បុគ្គលិក​សិក្សា​អាច​ចូលរួម​បម្រើ​ការងារ​ជា​មន្ត្រី​រៀប​ចំ​ការ​បោះឆ្នោត​បាន តាម​រយៈ​សុំ​ច្បាប់ ពិសេស​មិន​ប៉ះពាល់​ដល់​ពេល​វេលា​បំពេញ​ការងារ៖ «ក្រសួង​ត្រូវ​ត្រួត​ពិនិត្យ​មើល​ឡើង​វិញ ចំពោះ​អ្នក​ដែល​ទៅ​បម្រើ​ការងារ​រៀប​ចំ​ការ​បោះឆ្នោត ហើយ​មិន​មាន​ការ​អនុញ្ញាត។ ជា​រឿង​មួយ​ខុស​ច្បាប់​ហើយ បើ​សិន​សាលា​នៅ​ដំណើរ​ការ​មិន​ទាន់​វ៉ាកង ហើយ​យើង​ទៅ​ធ្វើ​ការងារ​ផ្សេង ហើយ​បោះ​បង់​ការងារ​សាលា​ចោល»

ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ មន្ត្រី​ខេត្ត​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​ដដែល មាន​ប្រសាសន៍​បញ្ជាក់​ថា ករណី​គ្រូ និង​បុគ្គលិក​សិក្សា ៧​នាក់ ដែល​ឈប់​គ្មាន​ការ​អនុញ្ញាត អាច​ពាក់ព័ន្ធ​អំពើ​ពុក​រលួយ ធ្វើ​ឲ្យ​ខាត​បង់​ថវិកា​ជាតិ ជា​ពិសេស ប្រាក់​ខែ​គ្រូ​ដែល​មិន​បាន​ធ្វើ​ការងារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។