បញ្ហាបញ្ចុះតម្លៃប្រើប្រាស់អគ្គិសនីរបស់រដ្ឋាភិបាល ដើម្បីឲ្យកម្មករស្នាក់នៅផ្ទះជួល ឬបន្ទប់ជួលក្នុងរាជធានីភ្នំពេញ បង់ថ្លៃភ្លើងតែ ៦១០រៀល បានចោទជាបញ្ហាច្រើនដល់កម្មករផ្ទាល់ ដោយសារមានការទាមទារឲ្យមានប្រាក់កក់មុន ៣ម៉ឺន ៥០០រៀល ដើម្បីបានភ្លើងប្រើប្រាស់។
បញ្ហានេះ ក្រុមកម្មករទាមទារឲ្យមានការពន្យល់ឲ្យច្បាស់ពីអគ្គិសនីកម្ពុជា ព្រោះកម្មករភាគច្រើនធ្វើការនៅរោងចក្រមួយមិនបានយូរអង្វែងទេ។ ទន្ទឹមនោះ ការជួលបន្ទប់ស្នាក់នៅមួយកន្លែងក៏មិនបានជាប់លាប់យូរខែឆ្នាំដែរ។ បំភ្លឺចំពោះការលើកឡើងនោះ អគ្គនាយកអគ្គិសនីកម្ពុជា លោក កែវ រតនៈ ឆ្លើយថា ប្រាក់កក់ គឺកម្មករអាចសុំដកវិញនៅពេលកម្មករឈប់ស្នាក់នៅបន្ទប់ជួល។
កិច្ចប្រជុំរវាងម្ចាស់ផ្ទះជួលជាមួយអគ្គិសនីកម្ពុជា អាជ្ញាធរអគ្គិសនី និងសាលារាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែមករា ខាងអគ្គិសនីកម្ពុជា តម្រូវឲ្យកម្មករស្នាក់នៅគ្រប់បន្ទប់ជួល ត្រូវបង់ប្រាក់កក់មុន ៣ម៉ឺន ៥០០រៀល ទើបមានភ្លើងប្រើក្នុងតម្លៃ ៦១០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង ប្រសិនប្រើក្រោម ៥០គីឡូវ៉ាត់។
អគ្គនាយកអគ្គិសនីកម្ពុជា លោក កែវ រតនៈ អះអាងមិនឲ្យកម្មករបន្តប្រើភ្លើងម្ចាស់ផ្ទះទៀតឡើយ ព្រោះម្ចាស់ផ្ទះជួលគិតលុយភ្លើង ១គីឡូវ៉ាត់ថ្លៃ ២.០០០រៀល ទៅ ២.៥០០រៀល៖ «បងប្អូនមិនមែនអ្នករកស៊ីភ្លើងទេ គឺរកស៊ីភ្លើង ពួកក្រុមហ៊ុនអគ្គិសនីនេះទេ អ៊ីចឹងបងប្អូនជាអ្នកជួលផ្ទះ ជួលបន្ទប់ តខ្សែបាត់បង់គីឡូវ៉ាត់ បានទៅយកលុយដើម្បីបំពេញអាហ្នឹង អ៊ីចឹងហើយបានយើងនេះប្រាប់ថា អម្រែកហ្នឹងយើងទទួលយកចុះ»។
ក្រោយពីទទួលដំណឹងមិនឲ្យម្ចាស់ផ្ទះជួលលក់ភ្លើងឲ្យកម្មករប្រើតម្លៃ ២ពាន់រៀល ទៅ ២.៥០០រៀលមក ម្ចាស់ផ្ទះ និងកម្មករជួលបន្ទប់ បានពិភាក្សាគ្នានៅថ្ងៃទី២០ ខែមករា។ កម្មករអះអាងថា រោងចក្រកាត់ដេរខ្លះគ្មានការងារឲ្យធ្វើពេញលេញទេ កម្មករឈប់ធ្វើការពាក់កណ្ដាលខែ ហើយប្ដូរកន្លែងធ្វើការ និងកន្លែងស្នាក់នៅ។ ការប្ដូរបន្ទប់ជួលថ្មី កម្មករមិនអាចបង់ប្រាក់កក់មុន ៣ម៉ឺន ៥០០រៀលទៅអគ្គិសនីកម្ពុជា គ្រប់ការជួលបន្ទប់ដែលបានប្ដូរទីតាំងជួលនោះទេ។
លោក គីម កម្មករសំណង់ជួលបន្ទប់ក្នុងភូមិព្រៃព្រីងខាងត្បូង សុំឲ្យអគ្គិសនីកម្ពុជា សហការជាមួយម្ចាស់ផ្ទះជួលវិញ ទើបដំណើរការលក់ភ្លើងនោះរលូន៖ «ឧទាហរណ៍អ្នកចាស់ធ្លាប់នៅអ៊ីចឹង ហើយដល់ពេលគ្នាចង់ដូរទីតាំងថ្មីទៅអ្នកណា អ្នកទទួលខុសត្រូវភ្លើងហ្នឹង អ្នកមកមើលការពិតជាក់ស្តែង ទាល់តែហៅម្ចាស់ផ្ទះមកបានវាស្រួល។ ម្ចាស់ផ្ទះវាស្រួលជាង ខាងអឺឌេសេ (EDC) គេនោះមកមិនអ៊ីចឹង មិនស្រួល»។
កម្មករឈ្មោះ ពៅ ជួលបន្ទប់ស្នាក់នៅក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ថ្លែងថា កម្មករមានកុងត្រាការងារខ្លី មិនអាចបង់ប្រាក់កក់មុនទៅអគ្គិសនី ៣ម៉ឺន ៥០០រៀល ដើម្បីបានកុងទ័រមួយគ្រឿងតភ្លើងឲ្យប្រើតម្លៃថោក ៦១០រៀលបានទេ៖ «អ៊ីចឹងបើសិនជាឲ្យពួកខ្ញុំទៅបង់នៅខាងរដ្ឋ ប្រហែលជាពិបាកបន្តិចចំពោះខ្ញុំជាកម្មករ ពួកខ្ញុំទំនេរបានតែថ្ងៃអាទិត្យ អ៊ីចឹងថ្ងៃអាទិត្យ រដ្ឋក៏គេសម្រាកដែរ អ៊ីចឹងឲ្យខ្ញុំទៅបង់យ៉ាងម៉េច? បើសិនជាខាងរដ្ឋឲ្យម្ចាស់ផ្ទះទទួលខុសត្រូវ ប្រហែលជាអាចស្រួលវិញ ព្រោះអីពួកខ្ញុំឮថាបញ្ចុះតម្លៃភ្លើង គឺសប្បាយចិត្ត»។
កម្មការិនីនៅរោងចក្រ វ៉ៃយ៉ាត ឲ្យដឹងថា បញ្ហាបង់ប្រាក់កក់មុននេះ កម្មករនឹងគ្មានភ្លើងប្រើ បើម្ចាស់ផ្ទះមិនតភ្លើងក្នុងបន្ទប់ជួលឲ្យកម្មករប្រើ ព្រោះបំរាមពីអគ្គិសនីកម្ពុជា។ កម្មការិនីរូបនេះ សំណូមពរឲ្យអគ្គិសនីកម្ពុជា ដាក់ភ្លើងឲ្យប្រើមុនសិន ទើបកម្មករមានលុយបង់ភ្លើងជាក្រោយ ដូចម្ចាស់ផ្ទះជួលបានធ្វើគ្រប់គ្នា ទើបជួយកម្មករមែន៖ «កក់ទាល់តែចាំមើលខែក្រោយៗ ព្រោះក្នុងរោងចក្រខ្ញុំវាធ្វើការអត់មានលំនឹងផង ៥០% រហូតអត់មានការងារធ្វើ ទាល់តែមានលំនឹង បើសិនជាបានធ្វើជាប់លាប់ដូចគេ ខ្ញុំនឹងទៅកក់លុយដែរ»។
កម្មការិនីនៅភូមិព្រៃព្រីងខាងត្បូង បន្ថែមថា គាត់មិនយល់ច្បាស់ដែរ បើការបង់ប្រាក់កក់មុនទើបមានភ្លើងប្រើនេះ បើគាត់ឧស្សាហ៍ដូររោងចក្រ តើគាត់ខាតលុយកក់មុនប៉ុន្មានដង៖ «អ៊ីចឹងខ្ញុំអត់បង់ទេ អត់បង់យក ៣ម៉ឺន ៥០០ហ្នឹងទេ ខ្ញុំខ្លាចពេលខ្ញុំនៅបានតែកន្លះខែ ឬ ១ខែ ខ្ញុំចេញពីហ្នឹងអ៊ីចឹង គឺខ្ញុំអស់លុយហ្នឹង»។
ផ្ទុយពីក្រុមកម្មករដែលរអ៊ូគ្មានលុយកក់មុន អ្នកជួលបន្ទប់ស្នាក់នៅលក់បាយ និងលក់គ្រឿងទេសឲ្យកម្មករ ថ្លែងថា គាត់រីករាយបង់ប្រាក់កក់ជូនអគ្គិសនីកម្ពុជា ព្រោះគាត់ប្រើភ្លើងច្រើនជាងកម្មករ៖ «អាហ្នឹងកក់មុនខែ ដល់ពេលចុងខែយើងចេញម្តងទៀត មានអីបើប៉ុណ្ណឹងខ្ញុំយល់ព្រម ប៉ុន្តែឲ្យព្រមទាំងអស់គ្នា»។
ស្ត្រីឈ្មោះ ធឿន ថ្លែងថា គាត់ព្រមបង់លុយកក់មុនឲ្យអគ្គិសនីកម្ពុជា។ គាត់នឹងចំណេញពីការប្រើភ្លើងថ្លៃ ២.០០០រៀល មកនៅត្រឹម ៦១០រៀល ប៉ុន្តែគាត់នឹងលំបាកធ្វើដំណើរទៅបង់ថ្លៃសេវានោះ ដោយសារថ្លៃជិះម៉ូតូឌុបទៅដល់អគ្គិសនីកម្ពុជា អាចមិនចំណេញជាងបង់លុយឲ្យម្ចាស់ផ្ទះជួល៖ «សុខចិត្តកក់ ៣ម៉ឺន ៥០០រៀល ព្រោះបានថោក ភ្លើងថោកទឹកថោក»។
បញ្ហាចោទនៅលើប្រាក់កក់មុន ទើបមន្ត្រីអគ្គិសនីតភ្លើងតម្លៃថោកឲ្យអ្នកជួលបន្ទប់ប្រើនោះ ត្រូវ លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា ថ្លែងថា ចំពោះការបញ្ចុះតម្លៃភ្លើងជូនកម្មករ គឺរដ្ឋាភិបាលចេញប្រាក់សម្រាប់ខាតលើការបញ្ចុះតម្លៃអគ្គិសនីនេះដល់ទៅជាង ២លានដុល្លារឯណោះ មិនគួរអគ្គិសនីកម្ពុជា បង្កការលំបាកបន្ថែមដល់កម្មករ និងម្ចាស់ផ្ទះជួលទេ។
ករណីនេះដែរ ម្ចាស់ផ្ទះជួលនៅភូមិព្រៃទា លោកស្រី សោម ម៉ ថ្លែងថា គាត់បានបង់ថ្លៃទឹកតែជូនអគ្គិសនីកម្ពុជា ដើម្បីដំឡើងកម្លាំងថាមពលពីទាបទៅខ្ពស់សម្រាប់បំបែកចូលបន្ទប់ជួលឲ្យមានភ្លើងប្រើគ្រប់គ្រាន់ បើអគ្គិសនីកម្ពុជា សម្រេចយកថ្លៃភ្លើងខ្លួនឯង គាត់មិនជំទាស់ទេ តែសុំឲ្យសងថ្លៃទឹកតែមកគាត់វិញ ហើយកម្លាំងថាមពលគាត់ដំឡើងនោះដោះដូរដូចម្តេច? លោកស្រីថា បន្ទប់គាត់ជួលតែមួយទេ អគ្គិសនីកម្ពុជា ភ្ជាប់កុងទ័រតែមួយដែរ ប្រសិនបើអ្នកជួលបន្ទប់ប្ដូរមនុស្ស ១០នាក់ ដូច្នេះអគ្គិសនីកម្ពុជា នឹងប្រមូលប្រាក់កក់កុងទ័រមួយគ្រឿង ១០ដងដែរ។
លោកស្រី រីណា ម្ចាស់ផ្ទះជួល ស្នើសុំឲ្យអគ្គិសនីកម្ពុជា បញ្ចុះតម្លៃភ្លើងទូទៅ និងសហការជាមួយម្ចាស់ផ្ទះ ព្រោះគាត់មិនចង់បានចំណេញទេ តែចង់បានតម្លាភាពក្រោមការដឹកនាំរបស់រដ្ឋាភិបាលតែមួយ។
លោក នូចិន សេរី ម្ចាស់ផ្ទះជួលនៅភូមិព្រៃព្រីងខាងជើង ថ្លែងថា គាត់មិនជំទាស់ទេ បើអគ្គិសនីកម្ពុជា ចង់អូសខ្សែថ្មីតចូលបន្ទប់គាត់ជួលឲ្យកម្មករនោះ គាត់នឹងសហការជួយបុគ្គលិកអគ្គិសនី។
អគ្គនាយកអគ្គិសនីកម្ពុជា លោក កែវ រតនៈ ឲ្យដឹងថា ប្រាក់កក់ជូនអគ្គិសនីកម្ពុជា នៅពេលកម្មករឈប់ស្នាក់នៅបន្ទប់ជួល អាចទៅសុំដកយកប្រាក់នោះវិញ ក្រោយពីទូទាត់ថ្លៃភ្លើងប្រើចុងក្រោយរួចរាល់។
លោក កែវ រតនៈ អះអាងថា ថាមពលអគ្គិសនីប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា មានជិត ៧០០មេហ្គាវ៉ាត់ ប៉ុន្តែការត្រៀមផ្គត់ផ្គង់អគ្គិសនី គឺលើសពីតម្រូវការនេះទៅទៀត។ បញ្ហានេះ ពលរដ្ឋនៅក្នុងប្រទេសកម្ពុជា នឹងបានទទួលការបញ្ចុះតម្លៃអគ្គិសនីទូទាំងប្រទេសពីឆ្នាំ២០១៦ ទៅឆ្នាំ២០១៨ ត្រឹមតម្លៃ ៨២០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។