មន្ត្រី​ជំនាញ​ខាង​អាវុធ​គីមី​មិន​ទាន់​ច្បាស់​ថា​មាន​គ្រាប់បែក​គីមី​នៅ​ខេត្ត​ស្វាយរៀង

0:00 / 0:00

អាជ្ញាធរ​ជាតិ​ទប់ស្កាត់​អាវុធ​គីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និង​វិទ្យុសកម្ម មិន​ទាន់​អាច​សន្និដ្ឋាន​បាន​នៅ​ឡើយ​ថា មាន​គ្រាប់បែក​ចំនួន​ពីរ​គ្រាប់​ដែល​អាមេរិក​ទម្លាក់​ក្នុង​សម័យ​ទសវត្សរ៍​៧០ ស្ថិត​ក្នុង​ខេត្ត​ស្វាយរៀង នោះ ថា​ជា​ប្រភេទ​អាវុធ​គីមី​ឡើយ។ អាជ្ញាធរ​ជំនាញ​បញ្ជាក់​ថា ការ​ចុះ​ផ្សាយ​កន្លង​មក​ថា​ក្នុង​ខេត្ត​ស្វាយរៀង មាន​អាវុធ​គីមី​កប់​ក្រោម​ដី គ្រាន់​តែ​ជា​ការ​សន្និដ្ឋាន​របស់​ស៊ីម៉ាក់ (CMAC) និង​ពលរដ្ឋ​ក្នុង​តំបន់​ប៉ុណ្ណោះ ដែល​មិន​ទាន់​អាច​យក​ជា​ការពិត​បាន​ឡើយ។

អាជ្ញាធរ​ជំនាញ​ខាង​អាវុធ​គីមី នឹង​ចុះ​ទៅ​សិក្សា​ស្រាវជ្រាវ​ស្វែងរក​ការពិត​ចំពោះ​ការ​សន្និដ្ឋាន​របស់​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា ហៅ​កាត់​ថា ស៊ីម៉ាក់ (CMAC) និង​ពលរដ្ឋ​ក្នុង​តំបន់​ដែល​អះអាង​ថា មាន​គ្រាប់បែក​ផ្ទុក​សារធាតុ​គីមី​ស្ថិត​ក្នុង​ខេត្ត​ស្វាយរៀង។

អគ្គលេខាធិការ​រង​នៃ​អគ្គលេខាធិការដ្ឋាន​នៃ​អាជ្ញាធរ​ជាតិ​ទប់ស្កាត់​អាវុធ​គីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និង​វិទ្យុសកម្ម លោក កែ ដា ថ្លែង​ប្រាប់​អាស៊ីសេរី​ថា ខាង​ស្ថាប័ន​លោក​មិន​ទាន់​កំណត់​ថា​ពេល​ណា​ដើម្បី​បញ្ជូន​ម៉ាស៊ីន​ទៅ​ពិនិត្យ​តំបន់​ដែល​គេ​សង្ស័យ​ថា មាន​អាវុធ​គីមី​ស្ថិត​ក្នុង​ខេត្ត​ស្វាយរៀង នៅ​ឡើយ​ទេ ដោយសារ​ដំណាក់កាល​នេះ​ស្ថិត​ក្នុង​ការ​រៀបចំ​គម្រោង​ប៉ុណ្ណោះ៖ « ខ្ញុំ​មិន​ទាន់​ដឹង​ថា គ្រាប់​ហ្នឹង​ជា​គ្រាប់​អី​មែនទែន​នៅ​ឡើយ​ទេ​មក​ដល់​ពេល​នេះ»។

កាល​ពី​ពេល​ថ្មីៗ​នេះ ពលរដ្ឋ និង​អាជ្ញាធរ​ក្នុង​តំបន់ រួម​ទាំង​មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា បាន​ឲ្យ​ដឹង​ថា គ្រាប់បែក​ពីរ​គ្រាប់​ជា​ប្រភេទ​គ្រាប់បែក​គីមី (chlorobenzalmalononitrile) មាន​ទម្ងន់​ប្រមាណ​ជាង ២០០​គីឡូក្រាម​ក្នុង​មួយ​គ្រាប់​កំពុង​កប់​ក្រោម​ដី ស្ថិត​ក្នុង​ឃុំ​គគីរ ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង។ លើស​ពី​នេះ ដើម្បី​សុវត្ថិភាព​អាជ្ញាធរ​ក៏​គ្រោង​ជម្លៀស​ពលរដ្ឋ​ចេញ​ពី​ទីតាំង​សង្ស័យ​ថា មាន​គ្រាប់បែក​ប្រភេទ​គីមី​ដែរ។

ថ្វីត្បិតតែ​យ៉ាង​នេះ​ក្ដី លោក កែ ដា បញ្ជាក់​ថា ព័ត៌មាន​នេះ​គឺ​គ្រាន់​តែ​ជា​ការ​សន្និដ្ឋាន​ប៉ុណ្ណោះ ហើយ​ព័ត៌មាន​ច្បាស់លាស់​ថា​យ៉ាង​ណា នឹង​ដឹង​នៅ​ពេល​អាជ្ញាធរ​ជាតិ​ទប់ស្កាត់​អាវុធ​គីមី ចុះ​ទៅ​ដល់​ទីតាំង​ផ្ទាល់​ដើម្បី​ពិនិត្យ។ មន្ត្រី​ជំនាញ​ដដែល​អះអាង​ថា ប្រសិន​រក​ឃើញ​ការពិត​ដូច​ការ​សន្និដ្ឋាន​មែន អគ្គលេខាធិការដ្ឋាន​អាវុធ​គីមី នឹង​ស្នើសុំ​ជំនួយ​ចំនួន ៣​សែន​ដុល្លារ សម្រាប់​ចុះ​បេសកកម្ម​ការងារ​ដោះ​យក​អាវុធ​គីមី​នោះ​ពី​សំណាក់​ក្រុម​ប្រទេស​ដៃគូ ជា​រដ្ឋ​ភាគី​នៃ​អនុសញ្ញា​អាវុធ​គីមី និង​ប្រទេស​ដែល​ទម្លាក់​គ្រាប់បែក​ប្រភេទ​គីមី​នេះ​តែ​ម្ដង។ មន្ត្រី​រូប​នេះ​ក៏​អះអាង​ថា បើ​គ្មាន​លុយ ៣​សែន​ដុល្លារ ក៏​មិន​អាច​ចុះ​ទៅ​យក​គ្រាប់បែក​ប្រភេទ​គីមី​ដែរ ព្រោះ​អាជ្ញាធរ​ទប់ស្កាត់​អាវុធ​គីមី​ពុំ​មាន​លទ្ធភាព និង​ថវិកា​ឡើយ៖ « យើង​អត់​ទាន់​បាន​បញ្ជូន​ព័ត៌មាន​ទៅ​ដៃគូ​ដែល​យើង​នឹង​ស្នើសុំ​ទេ ព្រោះ​យើង​កំពុង​ធ្វើ​ផែនការ ... ។ អា​នេះ​តាម​ពិត​ទៅ សុវត្ថិភាព​ប្រជាជន​ថ្លៃ​ជាង​លុយ​ហ្នឹង​ទៅ​ទៀត »

អំឡុង​ឆ្នាំ​១៩៧០ យន្តហោះ​ទម្លាក់​គ្រាប់បែក​របស់​សហរដ្ឋ​អាមេរិក បាន​បើក​ប្រតិបត្តិការ​ទម្លាក់​គ្រាប់បែក​ពី​ដែន​អាកាស ដើម្បី​ជួយ​ដល់​កងទ័ព​សាធារណរដ្ឋ​ខ្មែរ​របស់​លោក​សេនា​ប្រមុខ លន់ នល់ ក្នុង​ការ​បណ្ដេញ​ទាហាន​វៀតណាម​កុម្មុយនីស្ត​នៅ​ប៉ែក​អាគ្នេយ៍​នៃ​ប្រទេស​កម្ពុជា នៅ​ជាប់​ព្រំដែន​ប្រទេស​វៀតណាម។ ប្រតិបត្តិការ​ទម្លាក់​គ្រាប់បែក​ពី​ដែន​អាកាស​របស់​សហរដ្ឋ​អាមេរិក​នៅ​ពេល​នោះ គឺ​មាន​ចំនួន ២​លាន ៨​សែន​តោន ក្នុង​គោល​បំណង​កាត់​ផ្ដាច់​ផ្លូវ​ដឹក​ជញ្ជូន​គ្រឿង​ផ្គត់ផ្គង់​ទៅ​កាន់​កងទ័ព​វៀតណាម​ខាង​ជើង។

ពាក់ព័ន្ធ​នឹង​រឿង​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន តែងតែ​ប្រកាស​ឲ្យ​អាមេរិក ជាពិសេស​រដ្ឋបាល​គ្រប់គ្រង​ដោយ​ប្រធានាធិបតី​ថ្មី​របស់​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) លុប​ចោល​បំណុល​ដែល​សម័យ​លោក នល់ លន់ ជំពាក់​សរុប​ទាំងអស់​ជិត ៥០០​លាន​ដុល្លារ ដោយ​ចាត់​ទុក​ជា​បំណុល​កខ្វក់​ដោយសារ​ជំនួយ​អាវុធ​គ្រាប់បែក​ទាំងនោះ ជាពិសេស​លោក ហ៊ុន សែន ក៏​ចង់​ឲ្យ​អាមេរិក​សង​ការ​ខូចខាត​បន្ថែម​ទៀត។

ទោះ​ជា​យ៉ាង​ណា នៅ​ក្នុង​រយៈពេល ២០​ឆ្នាំ​ចុង​ក្រោយ​នេះ សហរដ្ឋ​អាមេរិក បាន​ចំណាយ​ប្រាក់​ជាង ១១៤​លាន​ដុល្លារ​សម្រាប់​គម្រោង​មនុស្សធម៌​នៅ​កម្ពុជា ដើម្បី​ដោះ​មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ដែល​សល់​ពី​សម័យ​ជម្លោះ​ផ្ទៃ​ក្នុង និង​ជម្លោះ​ក្នុង​តំបន់។

ដោយឡែក​ជុំវិញ​គម្រោង​របស់​អាជ្ញាធរ​ជាតិ​ទប់ស្កាត់​អាវុធ​គីមី ថា​នឹង​ស្នើសុំ​ជំនួយ ៣​សែន​ដុល្លារ​នោះ ត្រូវ​បាន​មន្ត្រី​នាំ​ពាក្យ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា លោក ជេ រ៉ាម៉េន (Jay Raman) ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០១៧ តាម​សារ​អេឡិចត្រូនិក​ថា ស្ថានទូត​សហរដ្ឋ​អាមេរិក​មិន​ទាន់​មាន​ព័ត៌មាន​ថ្មី​និយាយ​ពី​ប្រធានបទ​នេះ​ឡើយ។

ក្រៅ​ពី​ស្នើសុំ​ជា​ថ្មី​ឲ្យ​សហរដ្ឋ​អាមេរិក លុប​បំណុល លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថែម​ទាំង​ចំអក​ដាក់​បក្ស​ប្រឆាំង​ដែល​លោក​ចោទ​ថា ជា​កូន​ចៅ​សហរដ្ឋ​អាមេរិក និង​ថា​បក្ស​ប្រឆាំង​នឹង​មិន​គាំទ្រ​ឲ្យ​កម្ពុជា ទាមទារ​ឲ្យ​សហរដ្ឋ​អាមេរិក លុប​បំណុល​ឡើយ ស្រប​ពេល​លោក ហ៊ុន សែន អះអាង​ថា កំពុង​មាន​ចលនា​ពលរដ្ឋ​ជាច្រើន​គាំទ្រ​យុទ្ធនាការ​របស់​លោក ដើម្បី​ឲ្យ​លុប​បំណុល​នេះ៖ « ឡូវ​ហ្នឹង​មាន​ចលនា​ប្រជាពលរដ្ឋ​ច្រើន​កន្លែង គាំទ្រ​ឲ្យ​លុប​បំណុល​ហ្នឹង សង្ឃឹម​ថា គ្រប់​គណបក្ស​នយោបាយ​នានា​នៅ​កម្ពុជា ក៏​គាំទ្រ​ឲ្យ​លុប​បំណុល​ដែរ តែ​បក្ស​ប្រឆាំង​ជឿជាក់​ថា​មិន​ទាមទារ​ទេ ព្រោះ​គាត់​ហ្នឹង​ខ្លាច ព្រោះ​កូន​ចៅ​អាមេរិក»។

ការ​ផ្សារភ្ជាប់​រឿង​បំណុល​ដែល​កម្ពុជា ជំពាក់​សហរដ្ឋ​អាមេរិក ទៅ​កាន់​គណបក្ស​ប្រឆាំង​បែប​នេះ ត្រូវ​បាន​អ្នក​សិក្សា​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម និង​វិភាគ​នយោបាយ លោក​បណ្ឌិត មាស នី យល់​ថា គ្រាន់​តែ​ជា​វោហារសាស្ត្រ​លក្ខណៈ​នយោបាយ​របស់​លោក ហ៊ុន សែន ដើម្បី​ទាញ​យក​ប្រជាប្រិយភាព​ពី​ប្រជាជន«ជា​របៀប​ប្រើ​វោហារសាស្ត្រ លើក​មក​ធ្វើ​ប្រជាភិថុតិ»។

អ្នក​វិភាគ​នយោបាយ​រូប​នេះ​បន្ត​ថា បំណុល​ដែល​កម្ពុជា ជំពាក់​អាមេរិក​នៅ​ពេល​នេះ មិន​ដូច​គ្នា​នឹង​បំណុល​ដែល​កម្ពុជា ជំពាក់​ចិន ក្នុង​សម័យ​ខ្មែរ​ក្រហម​ឡើយ ព្រោះ​ចិន ធ្លាប់​លុប​ចោល​បំណុល​នោះ​បន្ទាប់​ពី​មាន​ការ​ស្នើសុំ​ពី​លោក ហ៊ុន សែន ប៉ុន្តែ​សហរដ្ឋ​អាមេរិក មុន​នឹង​ឈាន​ដល់​ការ​លុប​បំណុល ប្រាកដ​ជា​ពិចារណា​ថា តើ​ការ​គោរព​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​របស់​កម្ពុជា ស្ថិត​នៅ​ចំណុច​ណា​ហើយ។

បណ្ឌិត មាស នី បញ្ជាក់​ថា ផ្ទុយ​ទៅ​វិញ​ប្រសិន​កម្ពុជា-សហរដ្ឋ​អាមេរិក ឈាន​ដល់​ដំណាក់កាល​ជួប​ជជែក​គ្នា​ដើម្បី​ពិភាក្សា​រឿង​បំណុល ហើយ​បន្ទាប់​មក​មាន​ការ​ដោះដូរ​គ្នា​មួយ ដែល​សហរដ្ឋ​អាមេរិក សម្រេច​លុប​ចោល​បំណុល​ជា​ថ្នូរ​ឲ្យ​លោក ហ៊ុន សែន ដោះលែង​សកម្មជន​បក្ស​ប្រឆាំង សកម្មជន​សិទ្ធិ​មនុស្ស និង​សកម្មជន​ដីធ្លី​កំពុង​ជាប់​ពន្ធនាគារ ដែល​គេ​គិត​ជា​រឿង​នយោបាយ​នោះ ដូច្នោះ​លោក ហ៊ុន សែន អាច​យក​ព្រួញ​មួយ​បាញ់​បាន​សត្វ​ពីរ គឺ​ទី​មួយ លោក ហ៊ុន សែន ត្រូវ​ពលរដ្ឋ​សរសើរ​ថា​អាច​ទាមទារ​ឲ្យ​សហរដ្ឋ​អាមេរិក លុប​បំណុល​ដែល​លោក នល់ នល់ ជំពាក់ និង​ទី​ពីរ លោក ហ៊ុន សែន ទទួល​បាន​ការ​សសើរ​មួយ​ទៀត​ពី​សហគមន៍​អន្តរជាតិ ចំពោះ​ការ​ដោះលែង​ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស និង​មន្ត្រី​បក្ស​ប្រឆាំង ដើម្បី​ឲ្យ​ដំណើរការ​របប​លទ្ធិប្រជាធិបតេយ្យ​បោះ​ជំហាន​ទៅ​មុខ​មួយ​ដំណាក់កាល​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។