ឪពុក​ម្ដាយ​កុមារ​នៅ​សៀមរាប​ដែល​ត្រូវ​ភ្លើង​ឆេះ​ធ្លាក់​ពី​លើ​ចុង​ត្នោត​ស្លាប់​អំពាវនាវ​រក​យុត្តិធម៌

0:00 / 0:00

ឪពុក​ម្ដាយ​របស់​កុមារ​ម្នាក់​នៅ​ភូមិ​តាចេក សង្កាត់​ជ្រាវ ក្រុង​សៀមរាប ដែល​ឡើង​យក​ឃ្មុំ​នៅ​លើ​ចុង​ត្នោត ហើយ​ភ្លើង​ឆេះ​ធ្លាក់​ស្លាប់ នៅ​មិន​ទាន់​អស់​ចិត្ត​ចំពោះ​ហេតុការណ៍​គ្រោះថ្នាក់​ដល់​ជីវិត​កូន​របស់​គាត់​នោះ​នៅ​ឡើយ​ទេ។ គាត់​ចង់​ឲ្យ​ប៉ូលិស​មូលដ្ឋាន ស៊ើប​អង្កេត​ឲ្យ​បាន​ច្បាស់លាស់ ថា​តើ​បុរស​ម្នាក់​ដែល​នាំ​កូន​ប្រុស​របស់​គាត់ និង​ក្មេងៗ ៣​នាក់​ផ្សេង​ទៀត​ទៅ​ឡើង​ដើម​ត្នោត​យក​ឃ្មុំ ព្រម​ទាំង​ដុត​ភ្លើង​ផង​នោះ មាន​ចេតនា​ធ្វើ​ឲ្យ​ក្មេង​ស្លាប់ ឬ​ក៏​វា​កើត​ឡើង​ដោយ​ការ​ធ្វេសប្រហែស?

ពលរដ្ឋ​មួយ​គ្រួសារ​នៅ​ភូមិ​តាចេក សង្កាត់​ជ្រាវ អំពាវនាវ​ប៉ូលិស និង​តុលាការ​ខេត្ត​សៀមរាប ជួយ​រក​យុត្តិធម៌​ចំពោះ​រឿង​កូន​ប្រុស​របស់​គាត់​ម្នាក់​ដែល​ត្រូវ​ភ្លើង​ឆេះ​ធ្លាក់​ស្លាប់​ពី​លើ​ចុង​ត្នោត ឲ្យ​បាន​ត្រឹមត្រូវ។

បុរស​ឈ្មោះ នឿម ស៊ីណាត គឺ​ជា​ឪពុក​របស់​កុមារ​រងគ្រោះ​នោះ។ គាត់​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​៨ ខែ​ឧសភា ថា កាល​ពី​ថ្ងៃ​ទី​១ ខែ​ឧសភា បុរស​ម្នាក់​ឈ្មោះ អ៊ូ កុសល ហៅ​ជី ដែល​នៅ​ផ្ទះ​ជិត​គ្នា បាន​ទៅ​បេះ​ឃ្មុំ​ជាមួយ​កូន​ប្រុស​របស់​គាត់​ឈ្មោះ ណាត ស៊ីណាវ អាយុ ១០​ឆ្នាំ រួម​នឹង​កុមារ​ចំនួន ៣​នាក់​ផ្សេង​ទៀត។ បុរស​ម្នាក់​នោះ​បាន​យក​ធូប​ទៅ​ដុត​យក​ឃ្មុំ​នៅ​លើ​ចុង​ត្នោត ហើយ​ក្មេង ២​នាក់​ក៏​បាន​ឡើង​ទៅ​លើ​ចុង​ត្នោត​នោះ​ដែរ ក៏ប៉ុន្តែ​នៅ​ពេល​ដែល​ឃ្មុំ​ទិច គឺ​បុរស​ម្នាក់​នោះ​បោះ​ធូប​ចោល បណ្ដាល​ឲ្យ​ភ្លើង​ឆេះ​ពេញ​ដើម​ត្នោត ធ្វើ​ឲ្យ​កូន​ប្រុស​របស់​គាត់​ឆេះ​ធ្លាក់​ពី​លើ​ចុង​ត្នោត ហើយ​ស្លាប់​នៅ​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ ចំណែក​កុមារ​ម្នាក់​ទៀត​ឈ្មោះ ប៉ែន សាវី អាយុ ១៣​ឆ្នាំ ក៏​ឆេះ​របួស​ធ្ងន់ធ្ងរ។

លោក នឿម ស៊ីណាត បញ្ជាក់​ថា រូប​គាត់​មិន​សុខ​ចិត្ត​ចំពោះ​រឿង​ដែល​ភ្លើង​ឆេះ​កូន​ធ្លាក់​ពី​លើ​ចុង​ត្នោត​ស្លាប់​នោះ​ទេ គឺ​គាត់​ចង់​ឲ្យ​សមត្ថកិច្ច និង​តុលាការ​ចាប់​ខ្លួន​បុរស​ដែល​ធ្វើ​ឲ្យ​ភ្លើង​ឆេះ​នោះ មក​ផ្ដន្ទាទោស ព្រម​ទាំង​សង​ថ្លៃ​ជំងឺ​ចិត្ត​ដល់​គ្រួសារ​របស់​គាត់​ផង៖ « ឲ្យ​ប៉ូលិស​ប៉ុស្តិ៍​ជួយ​រក​ខុស​ត្រូវ​ចំពោះ​កូន​ខ្ញុំ​ស្លាប់ ហើយ​និង​សង​ជំងឺ​ចិត្ត​ចំពោះ​គ្រួសារ​របស់​ខ្ញុំ​ផង »

លោកស្រី តុល សន ត្រូវ​ជា​ម្ដាយ​របស់​កុមារ​រងគ្រោះ មាន​ប្រសាសន៍​ថា លោកស្រី​សែន​ខ្លោចផ្សា​នៅ​ពេល​ដែល​ឃើញ​ភ្លើង​ឆេះ​កូន​ប្រុស​របស់​គាត់​ធ្លាក់​ពី​លើ​ចុង​ត្នោត ហើយ​ស្លាប់​នោះ៖ « ខ្ញុំ​ចង់​ឲ្យ​ជួយ​រក​ហេតុផល​ចំពោះ​កូន​របស់​ខ្ញុំ​ដែល​ស្លាប់ ត្រូវ​ស្រាវជ្រាវ​ទៅ​តាម​ផ្លូវ​ច្បាប់ ដើម្បី​ឲ្យ​មាន​យុត្តិធម៌​ចំពោះ​កូន​ខ្ញុំ​ដែល​ស្លាប់​ផង »

ទោះ​យ៉ាង​ណា អាស៊ីសេរី មិន​អាច​ស្វែងរក​ជួប​បុរស​ឈ្មោះ អ៊ូ កុសល ហៅ​ជី ដែល​ជា​អ្នក​នាំ​ក្មេងៗ​ទៅ​ឡើង​បេះ​ឃ្មុំ​លើ​ដើម​ត្នោត ហើយ​ដុត​ភ្លើង​បណ្ដាល​ឲ្យ​ឆេះ​ធ្លាក់​ក្មេង​ស្លាប់​នោះ​ទេ ដោយសារ​តែ​បុរស​នោះ និង​ប្រពន្ធ​បាន​នាំ​គ្នា​ចេញ​ចោល​ផ្ទះ​រយៈពេល ១​សប្ដាហ៍​ហើយ។

ចំណែក​មេ​ប៉ុស្តិ៍​នគរបាល​សង្កាត់​ជ្រាវ លោក ស៊ត សៃ មាន​ប្រសាសន៍​ថា រឿង​ដុត​ភ្លើង​ធ្លាក់​ក្មេង​ពី​លើ​ចុង​ត្នោត​ស្លាប់​នោះ គឺ​លោក​កំពុង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ៖ « ខ្ញុំ​រៀប​រឿង​បញ្ជូន ប្រហែល​ព្រឹក​ស្អែក​នឹង​ដល់​តុលាការ »

មន្ត្រី​ប៉ូលិស​សង្កាត់​ជ្រាវ ឲ្យ​ដឹង​ថា បន្ទាប់​ពី​ភ្លើង​ឆេះ​ធ្លាក់​ក្មេង​ពី​លើ​ចុង​ត្នោត​ស្លាប់​មក ប៉ូលិស​បាន​ហៅ​បុរស​អ្នក​ដុត​ភ្លើង​នោះ​ទៅ​សាកសួរ ក៏ប៉ុន្តែ​មិន​អាច​ឃាត់​ខ្លួន​បាន​ទេ ដោយសារ​តែ​គ្មាន​បញ្ជា​ពី​តុលាការ​ឲ្យ​ឃុំ​ខ្លួន។

ប្រធាន​ផ្នែក​ស៊ើប​អង្កេត​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត យល់​ថា ករណី​បុរស​ដែល​នាំ​ក្មេងៗ​ទៅ​ឡើង​ចុង​ត្នោត​យក​ឃ្មុំ ហើយ​ដុត​ភ្លើង​បណ្ដាល​ឲ្យ​ឆេះ​ធ្លាក់​ក្មេង​ស្លាប់​នោះ គឺ​ជា​អំពើ​មនុស្ស​ឃាត​ដោយ​អចេតនា ដែល​បណ្ដាល​មក​ពី​ការ​ធ្វេសប្រហែស។ ក្នុង​ករណី​ដូចនេះ ច្បាប់​អាច​មិន​ឃុំ​ខ្លួន​បុរស​នោះ ប្រសិន​បើ​ក្រុម​គ្រួសារ​មាន​ការ​ធានា​ត្រឹមត្រូវ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។