គ្រួសារក្រីក្ររបស់ស្ត្រីខ្មែរពីរនាក់ដែលកំពុងជាប់ពន្ធនាគារនៅប្រទេសម៉ាឡេស៊ី ដោយសារចាញ់បោកក្រុមហ៊ុននាំទៅធ្វើការដោយខុសច្បាប់នោះ ស្នើសុំរដ្ឋាភិបាល ជួយអន្តរាគមន៍នាំស្ត្រីទាំងពីរនាក់នោះមកស្រុកខ្មែរវិញ។ នគរបាលជាតិប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សន្យាថា នឹងពិនិត្យដោះស្រាយសំណុំរឿងនេះឲ្យបានឆាប់។
ម្ដាយស្ត្រីរងគ្រោះ៖ « វាចាញ់បោកក្រុមហ៊ុន ១៦៨ ដោយគេបានសន្យាថា នាំធ្វើការជាអ្នកលក់ផ្លែឈើនៅម៉ាឡេស៊ី ហើយបានប្រាក់ខែខ្ពស់។ សំណួរ៖ កាលណោះ ក្រុមហ៊ុនបានយកលុយជាថ្នូរបានទៅធ្វើការនៅទីនោះទេ ? អត់មានយកលុយទេ គេធ្វើប៉ាសស្ព័រឲ្យ បាយទឹកលើគេ ខោអាវលើគេ ហើយគេថាឲ្យតែកូនបានទៅ គេឲ្យលុយពុកម្តាយ ២៥០ដុល្លារទៀតផង ប៉ុន្តែអត់ឃើញទេ។ ខ្ញុំចាំមើលកូនទាក់ទងមករហូត លុះពីរខែក្រោយមក ទើបកូនទាក់ទងមកថា កំពុងជាប់គុក »។
នេះជាការរៀបរាប់ដោយទឹកភ្នែករលីងរលោងរបស់ស្ត្រីមេម៉ាយត្រូវជាម្តាយនារីរងគ្រោះ គឺលោកស្រី អុត ទ្រឿក ដែលមានសម្បុរខ្មៅ ម្រាមដៃម្រាមជើងជ្រួញក្រិន បង់កក្រមា កំពុងអង្គុយនៅក្រោមផ្ទះឈើតូច ដែលបិទបាំងដោយស្លឹកត្នោតធ្លុះធ្លាយមានសសរពុកផុយ។
មានវ័យ ៦៣ឆ្នាំ ស្ត្រីជាម្តាយរូបនេះរៀបរាប់សម្ដីរបស់កូន ប្រាប់វិទ្យុអាស៊ីសេរី ថា មូលហេតុដែលជាប់គុកនោះ ដោយសាររត់គេចចេញពីក្រុមហ៊ុននៅពេលយប់ពេលទៅដល់ប្រទេសម៉ាឡេស៊ី ភ្លាម បន្ទាប់ពីដឹងថា ក្រុមហ៊ុន ១៦៨ មេនផៅវ័រ សឹបផ្លាយ (168 Manpower Supply) នាំពួកគេទៅលក់ មិនបាននាំយកទៅធ្វើការនោះទេ៖ « ដឹងថាគេយកទៅលក់ ដល់ពេលអ៊ីចឹងទៅ ប៉ូលិសក៏ចាប់ខ្លួននៅម៉ោង ១០យប់ »។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងសុំការពន្យល់ពីក្រុមហ៊ុន ១៦៨ មេនផៅវ័រ សឹបផ្លាយ បានទេនៅថ្ងៃទី៣០ ខែមករា បានទេ។
ស្ត្រីទាំងពីរនាក់ដែលជាប់ពន្ធនាគារនោះ រស់នៅក្នុងភូមិមេសាង ជាមួយគ្នា ស្ថិតក្នុងឃុំព្រៃរំដេង ស្រុកមេសាង ខេត្តព្រៃវែង។ មុនទៅប្រទេសម៉ាឡេស៊ី ពួកគេជាកម្មការិនីរោងចក្រនៅក្រុងភ្នំពេញ ប៉ុន្តែដោយសារបានប្រាក់ខែតិច គ្រួសារក្រីក្រផង ទើបសម្រេចចិត្តចំណាកស្រុកទៅប្រទេសម៉ាឡេស៊ី តាមរយៈក្រុមហ៊ុន ដោយសង្ឃឹមថាបានប្រាក់ខែខ្ពស់គ្រាន់ជួយផ្គត់ផ្គង់គ្រួសារ។
បងស្រីស្ត្រីរងគ្រោះ គឺលោកស្រី អុល ញាញ់ ឲ្យដឹងថា ក្រោយប្អូនស្រីជាប់ពន្ធនាគារ មានលេខទូរស័ព្ទប្លែកៗជាច្រើនបានហៅមកលោកស្រី ឲ្យទម្លាក់លុយដើម្បីជួយរំដោះស្ត្រីទាំងពីរនាក់ និងសម្រាប់ទិញសំបុត្រយន្តហោះបញ្ជូនពួកគេត្រឡប់មកស្រុកខ្មែរវិញ។ អ្នកទាំងនោះ ខ្លះអះអាងថា ជាតំណាងស្ថានទូតខ្មែរប្រចាំនៅប្រទេសម៉ាឡេស៊ី ខ្លះទៀតថាជាអ្នកជាប់ពន្ធនាគារជាមួយគ្នា ប៉ុន្តែទើបនឹងបានរួចខ្លួន៖ « គេទាក់ទងមកថា ឲ្យទម្លាក់លុយទៅជួយរំដោះប្អូនមក ហើយទិញសំបុត្រយន្តហោះ »។
គ្រួសារជនរងគ្រោះអះអាងថា កូនរបស់លោកស្រី រួមនឹងនារីរងគ្រោះផ្សេងទៀតសរុប ៨នាក់ ត្រូវបានក្រុមហ៊ុនជ្រើសរើសពលករ ១៦៨ មេនផៅវ័រ សឹបផ្លាយ នាំទៅប្រទេសម៉ាឡេស៊ី កាលពីខែកក្កដា ឆ្នាំ២០១៥ តាមរយៈឡានក្រុង ដោយដឹកឆ្លងកាត់ប្រទេសថៃ។ ពួកគេទាំង ៨នាក់ ត្រូវអាជ្ញាធរប្រទេសម៉ាឡេស៊ី ចាប់ឃុំខ្លួនក្នុងពន្ធនាគារ។ យ៉ាងណាមកទល់ពេលនេះ នារីរងគ្រោះ ៦នាក់ផ្សេងទៀត បានមកដល់ស្រុកខ្មែរវិញហើយ នៅឡើយតែពីរនាក់ទៀតដែលជាប់ពន្ធនាគាររយៈពេលជាង ៦ខែហើយ។
លោកស្រី អុត ទ្រឿក អះអាងថា នារីដែលបានត្រឡប់មកស្រុកវិញនោះ គឺដោយសារគ្រួសារគេមានលទ្ធភាពផ្ញើលុយទៅស្ថានទូតឲ្យជួយសង្គ្រោះ ប៉ុន្តែលោកស្រីវិញគ្មានលទ្ធភាពនោះទេ ព្រោះសព្វថ្ងៃ ខំប្រឹងដើរលក់ជ្រក់ ដើម្បីបានលុយតិចតួចគ្រាន់ចិញ្ចឹមក្រពះប៉ុណ្ណោះ៖ « តាំងពីអា ពត មក ខ្ញុំលំបាករហូត ហើយរាល់ថ្ងៃក្រីក្រគ្មានស្រូវអង្ករត្រីសាច់សម្រាប់បរិភោគទេ ទល់តែកូនចៅឲ្យ ទើបបានទៅ ព្រោះចំណាស់នេះទៅហើយទៅរកអីកើត។ ខ្ញុំមិនដឹងទៅរកលុយឯណាជួយកូននោះទេ ម៉្លោះហើយតាមកម្មព្រេងវាសនាវាទៅ »។
ក្រុមគ្រួសារស្ត្រីរងគ្រោះអះអាងថា ពួកគាត់បានដាក់ពាក្យបណ្ដឹងសុំឲ្យអាជ្ញាធរមូលដ្ឋាន ជួយអន្តរាគមន៍នាំកូនស្រីទាំងពីរនាក់នោះមកស្រុកខ្មែរជាយូរមកហើយ ប៉ុន្តែហាក់មិនទទួលបានលទ្ធផលអ្វីនោះឡើយ។
ជាថ្មីម្តងទៀត ម្តាយស្ត្រីរងគ្រោះ អំពាវនាវឲ្យរដ្ឋាភិបាលជួយអន្តរាគមន៍នាំកូនស្រីរបស់ខ្លួនមកស្រុកខ្មែរវិញ៖ « បើមានលេខ ខ្ញុំចង់ទាក់ទងទៅឲ្យ លោក ហ៊ុន សែន ជួយនាំកូនមកវិញ ព្រោះអាណិតកូនណាស់ វាស្គម ហើយឈឺទៀត »។
ករណីនេះ អភិបាលរងស្រុកមេសាង អ្នកស្រី អូន សូនឿន បានរៀបចំពាក្យបណ្ដឹងបញ្ជូនដល់គណៈកម្មការប្រឆាំងការជួញដូរមនុស្សនៅខេត្តហើយ ប៉ុន្តែមិនបានដឹងថា គណៈកម្មការនេះនឹងចាត់វិធានការយ៉ាងណានោះទេ៖ « គណៈកម្មការប្រឆាំងការជួញដូរខេត្ត និងមន្ទីរការងារ ក៏បានទទួលយកពាក្យបណ្ដឹងនេះរយៈពេលជាយូរហើយដែរ ប៉ុន្តែមិនដឹងថាដំណើរការស្រាវជ្រាវយ៉ាងម៉េចទេ »។
ដោយឡែកអនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ត្រី ជីវ ផល្លី មានប្រសាសន៍ថា លោកមិនទាន់ទទួលបានពាក្យបណ្ដឹងនេះនៅឡើយទេ ប៉ុន្តែយ៉ាងណា នៅបន្ទាប់ពីទទួលព័ត៌មាននេះ លោកនឹងសហការជាមួយគ្រួសារ និងក្រសួងការបរទេស ដើម្បីស្រាវជ្រាវសង្គ្រោះនារីរងគ្រោះជាបន្ទាន់ ហើយនឹងចាត់ការតាមច្បាប់ចំពោះអ្នកឆបោក និងអ្នកជួញដូរមនុស្ស៖ « យើងនឹងស៊ើប យើងនឹងស្រាវជ្រាវ ហើយប្រសិនបើរកឃើញមែន យើងនឹងសង្គ្រោះគាត់ភ្លាមៗ ចាត់ការតាមនីតិវិធី ហើយអ្នកដែលពាក់ព័ន្ធត្រូវតែចាត់ការតាមច្បាប់ »។
មន្ត្រីសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ប្រចាំខេត្តព្រៃវែង អ្នកស្រី អ៊ាង គឹមលី ដែលតាមដានករណីនេះ ស្វាគមន៍ជំហរម៉ឺងម៉ាត់របស់អាជ្ញាធរ ប៉ុន្តែស្នើឲ្យបន្ថែមល្បឿនជួយជនរងគ្រោះ៖ « បើជួយសង្គ្រោះបាន សាច់ញាតិជនរងគ្រោះគាត់សប្បាយចិត្ត ហើយអង្គការក្រៅរដ្ឋាភិបាល ក៏សប្បាយចិត្តជំនួសគាត់ដែរ ព្រោះគាត់នៅទីនោះពិបាកខ្លាំងណាស់ »។
ព័ត៌មានពីពលករចំណាកស្រុកដោយខុសច្បាប់ និងរងគ្រោះ នៅតែកើតមានជាបន្តបន្ទាប់ បើទោះបីជាកម្ពុជា មានក្រុមហ៊ុនជ្រើសរើសពលករស្របច្បាប់ក្តី។
មន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក លើកឡើងថា ក្រសួងការងារ និងស្ថាប័នពាក់ព័ន្ធ គួរតែមានវិធានការផ្លូវច្បាប់ចំពោះក្រុមហ៊ុនដែលបញ្ជូនពលករមិនស្របច្បាប់នោះ។ ចំណែកស្ថានទូតកម្ពុជា ប្រចាំនៅក្រៅប្រទេស ត្រូវតែព្យាយាមដោះស្រាយបញ្ហាទុក្ខលំបាករបស់ពលករខ្មែរ ជាជាងទូរស័ព្ទឲ្យគ្រួសារជនរងគ្រោះផ្ញើលុយទៅឲ្យ។
វិទ្យុអាស៊ីសេរី បានព្យាយាមទាក់ទងអ្នកនាំពាក្យក្រសួងការបទេស លោក ជុំ សុន្ទរី ជាច្រើនលើក ប៉ុន្តែពុំមានអ្នកទទួលទូរស័ព្ទ។
អង្គការសង្គមស៊ីវិលអះអាងថា ពលករពលការិនីខ្មែរដែលចំណាកស្រុកមិនស្របច្បាប់ទៅប្រទេសថៃ ម៉ាឡេស៊ី ចិន និងសិង្ហបុរី ជាដើម តែងតែទទួលរងនូវបញ្ហារំលោភបំពាន និងបញ្ហាប្រឈមការបង្ខំឲ្យធ្វើការហួសកម្លាំង គ្មានពេលសម្រាក ធ្លាក់ខ្លួនឈឺ មិនព្យាបាល ការធ្វើទារុណកម្ម ការវាយដំរបួសធ្ងន់ ការបើកប្រាក់ខែមិនគ្រប់ចំនួន ការគំរាមកំហែង ការចាប់ដាក់គុក ការបង្ខំឲ្យបន្តអាណត្តិការងារដោយខុសច្បាប់ និងការផ្តាច់ទំនាក់ទំនងរវាងគ្រួសារ ជាដើម។ អ្នកខ្លះពេលត្រឡប់មកដល់កម្ពុជា វិញ មានជំងឺ និងខ្លះពិការ។
មន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក អះអាងថា មូលហេតុដែលពលករខ្មែរនាំគ្នាចាកចោលភូមិ-ស្រុក ទៅធ្វើការនៅក្រៅប្រទេសនោះ ដោយសារតែប្រាក់កម្រៃការងារនៅកម្ពុជា ទាប ពលរដ្ឋខ្វះខាតដី ហើយបើទោះបីជាប្រជាពលរដ្ឋខ្លះមានដីសម្រាប់ធ្វើស្រែក៏ពិតមែន ប៉ុន្តែផលិតផលកសិកម្មគ្មានទីផ្សារ និងគ្មានដើមទុនសម្រាប់ប្រកបមុខរបរចិញ្ចឹមជីវិត។ រដ្ឋាភិបាលគួរតែពន្លឿនដោះស្រាយបញ្ហាទាំងនេះ ទើបអាចកាត់បន្ថយការធ្វើចំណាកស្រុក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។