ប្រជាពលរដ្ឋនៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ រិះគន់អាជ្ញាធរស្រុក ថាឃុបឃិតគ្នាជាមួយឈ្មួញ ទម្លាក់តម្លៃស្រូវរបស់ប្រជាកសិករឲ្យមានតម្លៃទាប និងរារាំងមិនឲ្យនាយទុនពីខាងក្រៅចូលទិញស្រូវ ដើម្បីពួកគេទទួលបានផលចំណេញច្រើនពីប្រជាពលរដ្ឋ។ អភិបាលស្រុកថ្មពួក បដិសេធចំពោះការចោទប្រកាន់នេះ។
ប្រជាកសិករនៅស្រុកថ្មពួក កំពុងព្រួយបារម្ភខ្លាចគ្មានប្រាក់សងបំណុលគេ ដែលបានខ្ចីបុលពីស្ថាប័នមីក្រូហិរញ្ញវត្ថុ យកទៅធ្វើស្រែនាពេលកន្លងទៅ ដោយសារតម្លៃស្រូវថោក និងលក់ស្រូវមិនបានផលចំណេញ។ អ្នកភូមិអំពាវនាវក្រសួងពាណិជ្ជកម្ម និងមន្ត្រីពាក់ព័ន្ធ រកទីផ្សារលក់ផលស្រូវរបស់ពួកគាត់ឲ្យបានតម្លៃខ្ពស់ជាងបច្ចុប្បន្ន ដើម្បីបានប្រាក់ចំណេញខ្លះយកដោះស្រាយជីវភាពគ្រួសារប្រចាំថ្ងៃ។
ប្រជាកសិករម្នាក់ គឺលោក សឿន ឌីន រស់នៅភូមិថ្មពួក ឃុំថ្មពួក ថ្លែងនៅថ្ងៃទី១៥ វិច្ឆិកា ថា ដំណាំស្រូវរបស់ពួកគាត់កំពុងហុចផលបណ្ដើរៗហើយ តែលក់មិនបានប្រាក់ចំណេញនោះទេ។ ការលក់ស្រូវពុំបានចំណេញនេះ ដោយសារឈ្មួញទិញស្រូវនៅស្រុកថ្មពួក ឃុបឃិតគ្នាជាមួយអាជ្ញាធរស្រុក ទិញស្រូវផ្ដាច់មុខ ហើយទម្លាក់តម្លៃស្រូវក្នុងតម្លៃទាប ដោយមិនឲ្យឈ្មួញមកពីខាងក្រៅស្រុកចូលទិញប្រកួតប្រជែងគ្នានោះទេ។ អ្នកភូមិអះអាងថា តម្លៃស្រូវប្រភេទលេខមួយ ដូចជាស្រូវផ្ការំដួល និងស្រូវផ្កាម្លិះ ជាដើម ឈ្មួញប្រមូលទិញមួយគីឡូក្រាមពី ៧០០រៀលទៅ ៨៥០រៀល ហើយបានធ្លាក់ថ្លៃជាបន្តបន្ទាប់ប្រមាណបីថ្ងៃមកហើយ។
លោកបន្តថា តម្លៃស្រូវធ្លាក់ថ្លៃ ធ្វើឲ្យពួកគាត់លក់ស្រូវមិនបានផលចំណេញ និងមិនអាចរកប្រាក់សងបំណុលស្ថាប័នមីក្រូហិរញ្ញវត្ថុនោះទេ ពីព្រោះពួកគេគ្មានមុខរបរអ្វីក្រៅអំពីធ្វើស្រែ ដើម្បីបានប្រាក់ចំណេញដោះស្រាយជីវភាពគ្រួសារឡើយ៖ «បាទ! ឈ្មួញរកស៊ីផ្ដាច់មុខបែបនេះ ដូចមិនកើតទេ ពីព្រោះបានប្រាក់ចំណេញតែពួកឈ្មួញទេ ហើយសម្រាប់ប្រជាពលរដ្ឋដែលខំប្រឹងធ្វើស្រែស្ទើរមួយឆ្នាំទៅហើយនោះ គឺមិនបានប្រាក់ចំណេញឡើយ»។
ឆ្លើយតបនឹងបញ្ហានេះ អភិបាលស្រុកថ្មពួក លោក ប្លែក វារី មានប្រសាសន៍ថា អាជ្ញាធរស្រុកពុំបានទៅរារាំងមិនឲ្យឈ្មួញទិញស្រូវមកពីក្រៅស្រុក ចូលទិញស្រូវរបស់ប្រជាកសិករដូចការចោទប្រកាន់នោះទេ។ លោកអះអាងថា តម្លៃស្រូវនៅស្រុកថ្មពួក ឆ្នាំនេះមានហាងឆេងប្រសើរជាងឆ្នាំកន្លងទៅ គឺស្រូវផ្ការំដួលប្រមាណ ១០បាត ឬប្រហែល ១.១០០រៀលក្នុងមួយគីឡូក្រាម៖ «អត់ទេ! ការពិតស្រូវរបស់ប្រជាពលរដ្ឋប្រហែលជាស្រូវចាប់ឆាយ បានជាឲ្យថោក ពីព្រោះបើតម្លៃស្រូវទាបប្រជាពលរដ្ឋគាត់មានសិទ្ធិដឹកស្រូវទៅលក់បានគ្រប់ទីកន្លែងតើ!»។
ទាក់ទងនឹងបញ្ហានេះដែរ មេឃុំថ្មពួក លោក ដា ឈាន មានប្រសាសន៍ទទួលស្គាល់ថា ប្រជាកសិករនៅឃុំថ្មពួក ជាច្រើនគ្រួសារ ពិតជាបានត្អូញត្អែរពីតម្លៃស្រូវធ្លាក់ថ្លៃ ដោយសារឈ្មួញទិញស្រូវក្នុងឃុំនេះប្រមាណ ៧នាក់ បានទម្លាក់តម្លៃស្រូវទាបប្រាកដមែន។ លោកថា បញ្ហានេះលោកមិនអាចជួយសម្រួលតម្លៃស្រូវជូនប្រជាពលរដ្ឋបាននោះទេ ពីព្រោះលោកគ្មានអំណាចទៅបញ្ជាក្រុមឈ្មួញទាំងនោះ មិនឲ្យទម្លាក់តម្លៃស្រូវរបស់ពួកគាត់បានឡើយ៖ «បាទ! ប្រជាពលរដ្ឋគាត់រអ៊ូរទាំច្រើនណាស់ ហើយពួកគាត់ចេះតែចង់យកស្រូវទៅលក់កន្លែងផ្សេងដែរ តែពួកគាត់ដឹកទៅមិនរួច ដោយសារអាជ្ញាធរហាមឃាត់គោយន្តរបស់ពួកគាត់»។
ទោះយ៉ាងនេះក្ដី អ្នកជំនាញសេដ្ឋកិច្ច លោក ស្រី ចន្ធី ពន្យល់ថា តម្លៃស្រូវចុះថ្លៃនៅពេលនេះ ដោយសារការប្រមូលផលស្រូវរបស់ប្រជាកសិករដើមរដូវ ធ្វើឲ្យការផ្គត់ផ្គង់ស្រូវក្នុងស្រុកមានចំនួនច្រើនជាងតម្រូវការលើទីផ្សារ។ ម្យ៉ាងទៀត ដោយសារនៅក្នុងរោងម៉ាស៊ីនកិនស្រូវមានស្រូវស្តុកគ្រប់គ្រាន់ ហើយរោងម៉ាស៊ីនកិនស្រូវពុំមានតម្រូវការនាំចេញអង្ករជាបន្ទាន់ ជាដើម៖ «សំខាន់បំផុតអង្កររបស់យើង ពិបាកប្រកួតប្រជែងទីផ្សារជាមួយប្រទេសថៃ ណាស់ ព្រោះតម្លៃអង្កររបស់ថៃ ក៏ទាបជាងអង្ករក្រអូបរបស់ខ្មែរដែរ»។
លោក ស្រី ចន្ធី បញ្ជាក់ថា វិធីដោះស្រាយបញ្ហាតម្លៃស្រូវចុះថោកនេះ រដ្ឋាភិបាលត្រូវពិនិត្យឡើងវិញនូវគោលនយោបាយនៃការផលិត និងការនាំចេញអង្ករឲ្យបានច្បាស់លាស់ ដូចជាការស្វែងរកបញ្ហាប្រឈមរបស់ប្រជាកសិករ និងអ្នកនាំចេញអង្ករ ជាដើម គឺធ្វើយ៉ាងណារដ្ឋាភិបាលត្រូវដោះស្រាយបញ្ហានេះបាន ពីព្រោះប្រជាកសិករភាគច្រើនពុំបានយល់ដឹងទៅលើការចំណាយក្នុងការធ្វើស្រែរបស់ពួកគាត់ច្បាស់លាស់នោះទេ៖ «ទាក់ទងនឹងការយល់ដឹងរបស់ប្រជាពលរដ្ឋ ធ្វើយ៉ាងម៉េចឲ្យការផលិតស្រូវចំណាយអស់ដើមទុនតិចជាងតម្លៃលក់ បើមិនដូច្នេះ ប្រជាកសិករប្រកួតប្រជែងទីផ្សារមិនឈ្នះប្រទេសជិតខាងទេ»។
ទោះយ៉ាងនេះក្ដី មន្ត្រីសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា កត់សម្គាល់ថា តម្លៃស្រូវនៅក្នុងខេត្តបន្ទាយមានជ័យ ធ្លាក់ថ្លៃជារៀងរាល់ឆ្នាំ ហើយអាជ្ញាធរពាក់ព័ន្ធហាក់ពុំបានយកចិត្តទុកដាក់ក្នុងការដោះស្រាយជូនប្រជាកសិករនោះទេ។ លោកបញ្ជាក់ថា ការមិនដោះស្រាយនេះ ធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនសម្រេចចិត្តលក់ដីស្រែចោល ហើយនាំគ្នាទៅស្វែងរកការងារធ្វើនៅក្រៅប្រទេសជំនួសវិញ៖ «ការឆ្លើយរបស់អាជ្ញាធរស្រុកនេះ គឺជាការឆ្លើយដោះសាទេ។ បញ្ហានេះ ខ្ញុំគិតថា អាជ្ញាធរស្រុកប្រហែលជាគាត់មិនបានចុះទៅដល់ទីកន្លែងលក់ស្រូវរបស់ប្រជាកសិករនោះទេ»។
អាជ្ញាធរស្រុកថ្មពួក ឲ្យដឹងថា ផ្ទៃដីដែលប្រជាពលរដ្ឋធ្វើស្រូវស្រាលក្នុងស្រុកថ្មពួក ប្រមាណជាង ៤ពាន់ហិកតារ។ ចំណែកឯប្រជាកសិករនៅស្រុកថ្មពួក ចាប់ផ្ដើមប្រមូលផលស្រូវប្រមាណ ៥ថ្ងៃមកហើយ។ ចាប់តាំងពីប្រជាពលរដ្ឋប្រមូលផលស្រូវមក តម្លៃស្រូវចេះតែធ្លាក់ថ្លៃជាបន្តបន្ទាប់។ កន្លងមក ប្រជាពលរដ្ឋនៅខេត្តឧត្ដរមានជ័យ និងនៅស្រុករុក្ខគិរី ខេត្តបាត់ដំបង ក៏ជួបប្រទះបញ្ហាតម្លៃស្រូវធ្លាក់ថ្លៃនេះដូចគ្នា គឺតម្លៃស្រូវផ្ការំដួល និងស្រូវសុមាលី ជាដើម តម្លៃប្រមាណ ៨០០រៀលក្នុងមួយគីឡូក្រាម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។