ប្រជាកសិករអំពាវនាវសុំឲ្យអាជ្ញាធរពាក់ព័ន្ធ ចាត់វិធានការទប់ស្កាត់ឲ្យបញ្ឈប់សកម្មភាពរបស់ប៉ូលិស ដាក់កុងត្រូលយកប្រាក់ពីទូកឈ្មួញទិញស្រូវរបស់ជនជាតិវៀតណាម ដែលធ្វើដំណើរដឹកស្រូវរបស់ពលរដ្ឋតាមដងទន្លេតូច នៅខេត្តព្រៃវែង បន្តទៀត។
ប្រជាកសិករសុំមិនឲ្យបញ្ចេញឈ្មោះម្នាក់ រស់នៅភូមិថ្កោល ឃុំបឹងដោល នៃស្រុកព្រះស្ដេច ថ្លែងបញ្ជាក់នៅថ្ងៃទី០៨ កុម្ភៈ ថា អាជ្ញាធរប៉ូលិសដាក់កុងត្រូលយកប្រាក់ពីទូកឈ្មួញទិញស្រូវរបស់ជនជាតិវៀតណាម ច្រើនពេក ធ្វើឲ្យប៉ះពាល់ដល់តម្លៃស្រូវរបស់ប្រជាពលរដ្ឋ។ ហើយសព្វថ្ងៃ តម្លៃស្រូវប្រាំងប្រភេទអ៊ីអ៊ែរ ដែលឈ្មួញជនជាតិវៀតណាម ចុះមកប្រមូលទិញពីប្រជាពលរដ្ឋមួយគីឡូក្រាមប្រមាណ ៩៥០រៀលសម្រាប់ស្រូវស្ងួត។
លោកថ្លែងបន្តថា តម្លៃស្រូវអាចឡើងដល់ ១.៥០០ ទៅ ២ពាន់រៀលក្នុងមួយគីឡូក្រាម ប្រសិនបើអាជ្ញាធរមិនគាបសង្កត់ពីទូកឈ្មួញទិញស្រូវជនជាតិវៀតណាម៖ «លក់ស្រូវ ហើយដល់ពេលថោកទៀត ធ្វើស្រូវយកទៅសងគេអ៊ីចឹងទៅ សងគេមិនរួចទៀត។ ហើយដល់ពេលអ៊ីចឹងទៅ អត់ទៅណា ការជីក៏ឡើងថ្លៃ ប្រេងក៏ឡើងថ្លៃ ហើយស្រូវចុះតម្លៃទៀត។ ហើយអ៊ីចឹង ធ្វើបាបប្រជាពលរដ្ឋណាស់ ដោយសារប៉ុស្តិ៍កោះសំពៅ គាត់យកលុយពីអ្នកឡើងមកទិញច្រើនពេក។ ដល់ពេលអ៊ីចឹង គេឡើងមកជាន់កពួកខ្ញុំ»។
ស្រដៀងគ្នានេះដែរ ឈ្មួញទិញស្រូវជនជាតិវៀតណាម មកពីខេត្តដុងថាប់ លោក ជួ ឡុក ថ្លែងបញ្ជាក់តាមរយៈអ្នកបកប្រែថា តម្លៃស្រូវនៅកម្ពុជា អាចឡើងខ្ពស់ជាង ១ពាន់រៀលក្នុងមួយគីឡូក្រាម ប្រសិនបើអាជ្ញាធរខ្មែរបន្ធូរតម្លៃពន្ធលើកាណូតឈ្មួញវៀតណាម ចូលទិញស្រូវនៅកម្ពុជា។ លោកថ្លែងបន្តថា លោកចូលមកទិញស្រូវក្នុងស្រុកខ្មែរមួយជើងមានរយៈពេលប្រមាណ ៣ថ្ងៃ ហើយក្នុងមួយជើងត្រូវចំណាយប្រាក់បង់ទៅឲ្យប៉ូលិសខ្មែរប្រមាណពី ១៥០ ទៅ ២៥០ដុល្លារអាមេរិក ពោល គឺគេយកតម្លៃទៅតាមចំណុះនៃទម្ងន់របស់កាណូតដឹកស្រូវ៖ «មានជើងខ្លះ ៣លាន ទៅដល់ ៥លានលុយវៀតណាម លុយដុង។ បង់ទៅឲ្យខាងណាគេ? គាត់បង់ទៅឲ្យពួកកោះសំពៅ។ កាលណាគាត់បង់ច្រើន ស្រូវហ្នឹងចុះថោក គេរឹបកាន់តែច្រើន ស្រូវហ្នឹងកាន់តែចុះទៀត»។
ទាក់ទងនឹងបញ្ហានេះ ស្នងការនគរបាលខេត្តព្រៃវែង លោក ស្រ៊េង ជា មានប្រសាសន៍បញ្ជាក់ថា លោកពុំទទួលបានព័ត៌មានពាក់ព័ន្ធនឹងប៉ូលិសដាក់កុងត្រូលយកលុយពីកាណូតឈ្មួញទិញស្រូវរបស់ជនជាតិវៀតណាម នេះនៅឡើយទេ៖ «ខ្ញុំអត់មានពាក់ព័ន្ធការកុងត្រូលយកស្រូវយកអីទេ ខ្ញុំអត់មានដាក់បទបញ្ជាអីអ៊ីចឹងទេ។ បាទ! ចាំមើលខ្ញុំសួរនាំទៀតមើល ទេបានព័ត៌មានប៉ុណ្ណឹង ខ្ញុំស្រាវជ្រាវទៀតមើលវាយ៉ាងម៉េច ព្រោះខ្ញុំបំបាត់ហើយរឿងហ្នឹងអត់មានឲ្យធ្វើអ៊ីចឹងទេ»។
កាណូតជនជាតិវៀតណាម ចូលមកទិញស្រូវពលរដ្ឋខ្មែរក្នុងមួយថ្ងៃមានប្រមាណពី ២៥ ទៅ ៣០គ្រឿង ទិញនៅចំណុចមាត់ទន្លេតូចនៃផ្សារដីក្រហម នៅភូមិតាមៅ ឃុំរាធរ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ ទូកទិញស្រូវរបស់វៀតណាម ភាគច្រើនមានចំណុះពី ៤០ ទៅ ៦០តោន ធ្វើដំណើរតាមដងទន្លេតូចឆ្លងកាត់ស្រុកព្រះស្ដេច និងស្រុកពាមជរ។ ហើយក្នុងពេលធ្វើដំណើរមកទិញស្រូវមួយលើក ត្រូវបង់ប្រាក់ទៅឲ្យប៉ូលិសខ្មែរនៅម្ដុំច្រកទ្វារឃុំកោះសំពៅ ស្រុកពាមជរ ប្រមាណពី ១៥០ ទៅ ២៥០ដុល្លារអាមេរិក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។