ក្រុម​កសិករ​ផលិត​ពូជ​ស្រូវ​នៅ​ខេត្ត​កំពង់ឆ្នាំង​ប្រឈម​នឹង​បញ្ហា​ខ្វះ​ទឹក

0:00 / 0:00

បញ្ហា​ខ្សត់​ទឹក​ភ្លៀង​នៅ​ដើម​រដូវ​វស្សា​ឆ្នាំ​នេះ បាន​ធ្វើ​ឲ្យ​ប្រជា​កសិករ​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន ប្រឈម​នឹង​ខ្វះខាត​ទឹក​បង្កបង្កើនផល​ស្រូវ​រដូវ​វស្សា។ ដោយឡែក​ក្រុម​កសិករ​ផលិត​ពូជ​ស្រូវ​ភ្នំ​តូច​សាមគ្គី នា​ខេត្ត​កំពង់ឆ្នាំង អះអាង​ថា ការ​ផលិត​ពូជ​ស្រូវ​ឆ្នាំ​នេះ នឹង​បង្កើន​ផ្ទៃ​ដី​កសិកម្ម ហើយ​ទិន្នផល​ក៏​កើន​ទៅ​តាម​នោះ​ដែរ ប៉ុន្តែ​អាច​ប្រឈម​នឹង​បញ្ហា​ប្រភព​ទឹក​មិន​គ្រប់គ្រាន់។

ក្រុម​កសិករ​ផលិត​ពូជ​ស្រូវ​ភ្នំ​តូច​សាមគ្គី ដែល​បច្ចុប្បន្ន​មាន​សមាជិក​ចំនួន ១៥​គ្រួសារ ត្រូវ​បាន​ជំនាញ​កសិកម្ម​ចាត់​ទុក​ជា​ក្រុម​មួយ​ដ៏​សំខាន់​ក្នុង​ការ​ផលិត និង​ចែក​ចាយ​គ្រាប់​ពូជ​មាន​គុណភាព​ទៅ​តាម​ស្រុក និង​ខេត្ត​ដទៃ។ តែ​បច្ចុប្បន្ន ក្រុម​កសិករ​នៅ​ធ្វើ​ស្រែ​ប្រវាស់​មេឃ​នៅ​ឡើយ នៅ​ក្នុង​កាលៈទេសៈ​ប្រទេស​កម្ពុជា ត្រូវ​ការ​គ្រាប់​ពូជ​ចែក​ចាយ​ដល់​កសិករ​តាម​តំបន់​ដែល​ជួប​ប្រទះ​នឹង​គ្រោះ​រាំង​ស្ងួត ឬ​ទឹក​ជំនន់។

ប្រធាន​ក្រុម​កសិករ និង​ជា​មេ​ភូមិ​ភ្នំ​តូច ឃុំ​ពង្រ ស្រុក​រលាប្អៀរ លោក មាស សឿក មាន​ប្រសាសន៍​ថា ក្រុម​កសិករ​មាន​លទ្ធភាព​ផលិត​គ្រាប់​ពូជ​ប្រភេទ​ផ្កា​រំដួល និង​រាំង​ជ័យ​ក្នុង ១​ឆ្នាំ ១៥​តោន​លើ​ផ្ទៃ​ដី ៣​ហិកតារ​កន្លះ។ លោក​ថា នៅ​រដូវ​វស្សា​ឆ្នាំ​នេះ ក្រុម​កសិករ​គ្រោង​ពង្រីក​ផ្ទៃ​ដី​ពី ៣​ហិកតារ​កន្លះ ទៅ​ជាង ៤​ហិកតារ និង​បន្ថែម​ពូជ​ចំនួន ៥​ប្រភេទ​ទៀត ហើយ​សង្ឃឹម​ថា​ទទួល​បាន​ពូជ​ច្រើន​ជាង​រាល់​ឆ្នាំ គឺ​ចន្លោះ​ពី ១៨ ទៅ ២០​តោន៖ «ទីផ្សារ​ស្រូវ​ពូជ​យើង​នេះ គឺ​មាន​ច្រើន ហើយ​ខ្ញុំ​ខិតខំ​ពង្រឹង​កសិករ​ផលិត​ពូជ​ដើម្បី​ឲ្យ​ផលិត​ពូជ​ហ្នឹង​បាន​ច្រើន ដើម្បី​ឆ្លើយ​តប​នឹង​ទីផ្សារ។ អ្នក​ភូមិ​ខ្លះ​ចង់​ធ្វើ តែ​អត់​កម្លាំង​ធ្វើ​ដូច​ថា គ្រួសារ​របស់​គាត់​មាន​កូន​ចៅ​ច្រើន តែ​ចេញ​ទៅ​ធ្វើ​ការងារ​ជា​កម្មករ​នៅ​ប្រទេស​ថៃ អ៊ីចឹង»

ក្រុម​កសិករ​ផលិត​ពូជ​ស្រូវ​ភ្នំ​តូច​សាមគ្គី បាន​បង្កើត​នៅ​ឆ្នាំ​២០១២ ដោយ​អ្នក​ភូមិ​ភ្នំ​តូច នៃ​ឃុំ​ពង្រ ចំនួន ១៣​គ្រួសារ ក្រោម​ជំនួយ​ថវិកា និង​បច្ចេកទេស​របស់​គម្រោង ចៃកា (Jica) របស់​ជប៉ុន និង​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ឆ្នាំង។ ចៃកា បាន​បញ្ចប់​គម្រោង​នេះ​កាល​ពី​ខែ​មីនា ឆ្នាំ​២០១៥ ប៉ុន្តែ​បច្ចុប្បន្ន មន្ទីរ​កសិកម្ម នៅ​ជួយ​ផ្នែក​បច្ចេកទេស ខណៈ​សមាជិក​ក្រុម​នេះ​បាន​កើន​ដល់ ១៥​គ្រួសារ ហើយ​ទិន្នផល​គ្រាប់​ពូជ​ផលិត​បាន​កើន​ជា​បន្តបន្ទាប់​តាំង​ពី​ឆ្នាំ​ដំបូង ផលិត​បាន​ត្រឹម ៥​តោន រហូត​ដល់ ១៥​តោន​ក្នុង​មួយ​ឆ្នាំ​នា​ពេល​បច្ចុប្បន្ន។ នៅ​ឆ្នាំ​២០១៥ នេះ ក្រុម​កសិករ​បាន​លក់​ពូជ​ស្រូវ​ប្រភេទ​ផ្កា​រំដួល​ឲ្យ​មន្ទីរ​ចំនួន ៨​តោន។

ប្រធាន​ក្រុម​កសិករ លោក មាស សឿក បញ្ជាក់​ថា ត្បិត​គម្រោង ចៃកា បាន​បញ្ចប់ ប៉ុន្តែ​កសិករ​ទទួល​បាន​ចំណេះ​ដឹង និង​បច្ចេកទេស​បន្សុទ្ធ​ពូជ​ស្រូវ​ប្រកប​ដោយ​គុណភាព តាម​រយៈ​ព្រោះ​សំណាប ដក​ទៅ​ស្ទូង​តាម​បច្ចេកទេស​ធម្មជាតិ។ លោក​រំឭក​ថា រាល់​ឆ្នាំ​នៅ​ដើម​ខែ​កក្កដា នេះ កសិករ​ស្ទូង​បាន​ស្ទើរ​ពាក់​កណ្ដាល​ទៅ​ហើយ ប៉ុន្តែ​ឆ្នាំ​នេះ​អត់​បាន​ធ្វើ ដោយសារ​អត់​ទឹក​ភ្លៀង ឬ​ប្រភព​ទឹក​បូម៖ «ខ្ញុំ​មាន​តែ​សំណើ​ទៅ​ថ្នាក់​រាជ​រដ្ឋាភិបាល និង​ធនធាន​ទឹក ដើម្បី​ឲ្យ​គេ​ចុះ​សិក្សា​មើល​ថា តើ​តំបន់​នេះ​អាច​មាន​លទ្ធភាព​ធ្វើ​ជា​អាង​ទឹក ឬ​ប្រព័ន្ធ​ធារាសាស្ត្រ ឬ​ទេ?»

ទាក់ទង​បញ្ហា​នេះ ប្រធាន​មន្ទីរ​កសិកម្ម​ស្ដីទី​នៃ​ខេត្ត​កំពង់ឆ្នាំង កញ្ញា ហេង គឹមស្រៀង ថ្លែង​ក្នុង​លក្ខខណ្ឌ​សុំ​មិន​ឲ្យ​ថត​សំឡេង​ថា ការ​ផ្គត់ផ្គង់​ប្រព័ន្ធ​ស្រោចស្រព គឺ​ហួស​ពី​លទ្ធភាព​ដែល​មន្ទីរ​អាច​ជួយ​បាន តែ​កញ្ញា​គិត​ថា នៅ​ភូមិ​ភ្នំ​តូច ឃុំ​ពង្រ ដែល​ជា​តំបន់​ខ្ពង់​រាប​នោះ នឹង​មិន​អាច​ជីក​ស្រះ​ទៅ​រួច​ឡើយ ម្យ៉ាង​នៅ​ទីនោះ គ្មាន​ដី​នៅ​ទំនេរ ឬ​មាន​ពលរដ្ឋ​ណា​ម្នាក់​ហ៊ាន​ប្រគល់​ដី​របស់​ខ្លួន ដើម្បី​ជីក​ស្រះ​នោះ​ទេ។

ចំណែក​បច្ចេកទេស​កសិកម្ម​វិញ កញ្ញា ហេង គឹមស្រៀង បញ្ជាក់​ថា មន្ទីរ​នឹង​ផ្ដល់​បច្ចេកទេស​ជូន​ក្រុម​កសិករ​នេះ​រហូត និង​មាន​គម្រោង​ចងក្រង​ក្រុម​ផលិត​ពូជ​ស្រូវ​ចំនួន ៦​ក្រុម​ទៀត​នៅ​តាម​ស្រុក​ចំនួន​៦ នៃ​ខេត្ត​កំពង់ឆ្នាំង។ គម្រោង​នេះ អាច​នឹង​ដំណើរ​ការ​នៅ​ពេល​ជប៉ុន ទន្លាក់​ជំនួយ​ថវិកា​ចំនួន ៤០​ម៉ឺន​ដុល្លារ ដើម្បី​អនុវត្ត​គម្រោង​ផលិត​ពូជ​ស្រូវ​ជាមួយ​គ្នា​នេះ​នៅ​ខេត្ត​ពីរ​ទៀត គឺ​ពោធិ៍សាត់ និង​បាត់ដំបង។

ក្រុម​កសិករ​ផលិត​ពូជ​ស្រូវ និង​មន្ត្រី​កសិកម្ម បង្ហាញ​ពី​សារសំខាន់​នៃ​ការ​ចងក្រង​ក្រុម​ផលិត​ស្រូវ​ពូជ ឬ​ស្រូវ​ចំណី​សុទ្ធ​ស្រដៀង​គ្នា​ថា ស្រូវ​ពូជ ឬ​ចំណី​ដែល​សុទ្ធ​ល្អ​មាន​តម្លៃ​ខ្ពស់ គឺ​ចន្លោះ​ពី ១​ពាន់​រៀល​ទៅ ២.៤០០​រៀល​ក្នុង ១​គីឡូក្រាម ហើយ​កសិករ​អាច​បង្កើន​ចំណូល​គ្រួសារ​តាម​រយៈ​ផលិត​ស្រូវ​នេះ។ ក្រសួង ឬ​មន្ទីរ​កសិកម្ម និយម​ទិញ​ពូជ​ស្រូវ​ពី​ក្រុម​កសិករ​ដោយ​តម្លៃ​ថោក​ជាង​ទិញ​ពី​ក្រុមហ៊ុន។

ផ្ទាំង​ប៉ាណូ​បង្ហាញ​ពី​គម្រោង​ផលិត​ស្រូវ​ពូជ​សុទ្ធ​ល្អ​របស់​ក្រុម​កសិករ​ភូមិ​ភ្នំតូច ឃុំ​ពង្រ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង។ រូបថត​ថ្ងៃ​ទី​៥ ខែ​កក្កដា ឆ្នាំ​២០១៥
ផ្ទាំង​ប៉ាណូ​បង្ហាញ​ពី​គម្រោង​ផលិត​ស្រូវ​ពូជ​សុទ្ធ​ល្អ​របស់​ក្រុម​កសិករ​ភូមិ​ភ្នំតូច ឃុំ​ពង្រ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង។ រូបថត​ថ្ងៃ​ទី​៥ ខែ​កក្កដា ឆ្នាំ​២០១៥ (RFA/Chin Chetha)

ប្រធាន​ក្រុម​កសិករ​ផលិត​ពូជ​ស្រូវ​ភ្នំ​តូច​សាមគ្គី លោក មាស សឿក ឲ្យ​ដឹង​ថា អ្នក​ភូមិ​ភ្នំ​តូច នៃ​ឃុំ​ពង្រ មាន​ចំនួន ១៦០​គ្រួសារ ក្នុង​នោះ​លោក​ឃើញ​សមាជិក​ក្រុម ១៥​គ្រួសារ មាន​ជីវភាព​គ្រាន់​បើ បន្ទាប់​ពី​ចូល​ជា​សមាជិក ឬ​ផលិត​ពូជ​ស្រូវ​លក់​ឲ្យ​ក្រុម​សាមគ្គី។ លោក​ថា កសិករ​បាន​ស្ដុក​គ្រាប់​ពូជ​ក្នុង​ឃ្លាំង​សម្រាប់​លក់​ចេញ​ក្នុង ១​គីឡូក្រាម​តម្លៃ ២.៤០០​រៀល តែ​លោក​ដក​ទុក ៤០០​រៀល សម្រាប់​ផ្គត់ផ្គង់​សេវា​រដ្ឋបាល​ទូទៅ៖ «ខាង​ផ្នែក​ខ្ញុំ គឺ​លក់​ចែក​កសិករ​ក្នុង​មូលដ្ឋាន​មួយ​ចំនួន មួយ​ចំនួន​គម្រោង​បាន​ទិញ​យក​ទៅ​ចែកចាយ​កសិករ​ក្រៅ​ខេត្ត​ផ្សេង​ទៀត​ចំនួន ២​តោន ហើយ​នៅ​សល់ ៨​តោន ខាង​មន្ទីរ​កសិកម្ម​ទិញ​យក​ទៅ​ចែក​កសិករ​តំបន់​ខ្វះខាត​ស្រូវ​ពូជ»

នៅ​ខេត្ត​កំពង់ឆ្នាំង មាន​ក្រុម​កសិករ​ចងក្រង​ក្រុម​ផលិត​ស្រូវ​ពូជ និង​ស្រូវ​ចំណី​សុទ្ធ​ល្អ​ចំនួន​ពីរ​ក្រុម​ផ្សេង​គ្នា។ ក្រុម​ទី​១ នៅ​ឃុំ​គោកបន្ទាយ ស្រុក​រលាប្អៀរ បាន​ចងក្រង​កាល​ពី​ឆ្នាំ​២០១៤ មាន​សមាជិក​ចំនួន ២០​គ្រួសារ អាច​ផលិត​ស្រូវ​ចំណី​ប្រភេទ​ស្រូវ​អៀ ឬ​ស្រូវ​ប្រាំង​បាន​ជាង ៣០​តោន លើ​ផ្ទៃ​ដី​ទំហំ ១០​ហិកតារ។ ចំណែក​ក្រុម​ទី​ពីរ ចងក្រង​កាល​ពី​ឆ្នាំ​២០១២ នៅ​ឃុំ​ពង្រ ស្រុក​រលាប្អៀរ មាន​សមាជិក ១៣​គ្រួសារ ផលិត​ស្រូវ​ពូជ​លើ​ផ្ទៃដី​ទំហំ ៣​ហិកតារ​កន្លះ ទទួល​បាន​ទិន្នផល ១៥​តោន​ក្នុង​មួយ​ឆ្នាំ។

អ្នក​ជំនាញ​ខាង​កសិកម្ម​លើក​ឡើង​ថា រដ្ឋាភិបាល​កម្ពុជា មិន​ទាន់​រៀបចំ​ឲ្យ​មាន​ប្រព័ន្ធ​ធារាសាស្ត្រ​បាន​គ្រប់​ខេត្ត​សម្រាប់​ប្រជា​កសិករ​នៅ​ឡើយ។ បញ្ហា​នេះ ប្រជា​កសិករ​ធ្វើ​ដំណាំ​កសិកម្ម​អាស្រ័យ​លើ​ទឹក​ភ្លៀង ជា​ឧបសគ្គ​ដ៏​ធំ​សម្រាប់​ពួក​គាត់​នៅ​ឆ្នាំ​ណា​គ្មាន​ភ្លៀង​ធ្លាក់ ព្រោះ​ការ​ធ្វើ​ស្រូវ និង​ការ​ដាំ​ដុះ​ផ្សេងៗ​ទៀត អាស្រ័យ​លើ​មេឃ​ភ្លៀង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។