មន្ត្រីអង្គការក្រៅរដ្ឋាភិបាលធ្វើការលើវិស័យជលផល និងអ្នកប្រកបមុខរបរនេសាទ អះអាងថា ទិន្នផលត្រីសម្រាប់ធ្វើប្រហុក ឬផ្អកនៅឆ្នាំនេះ អាចមានការថយចុះច្រើន។ មន្ត្រីជំនាញជលផលបញ្ជាក់ថា ត្រីឆ្នាំនេះមិនសូវធំធាត់ ដោយសារកម្រិតទឹកទន្លេទាប ហើយថាផលត្រីកើនឡើង ឬថយចុះកម្រិតណានោះ គេមិនអាចសន្និដ្ឋានបាន ខណៈត្រីចាប់ផ្ដើមត្រូវជាបណ្ដើរៗ។
មន្ត្រីអង្គការក្រៅរដ្ឋាភិបាល តំណាងបណ្ដាញអ្នកនេសាទ និងប្រជានេសាទផ្ទាល់ បានលើកបញ្ហាកម្ពស់ទឹកទន្លេទាប និងបញ្ហាបទល្មើសនេសាទទំនើបៗគ្មានសញ្ញាណថយចុះ មកបញ្ជាក់លើការអះអាងរបស់ពួកគេដែលថា ទិន្នផលត្រីឆ្នាំនេះថយចុះច្រើន។
មន្ត្រីអង្គការហ្វេកខ (Fact) ប្រចាំតំបន់បឹងទន្លេសាបរកឃើញថា ប្រជានេសាទដែលធ្លាប់តែចាប់ត្រីបានចន្លោះពី ១៥ ទៅ ២០គីឡូក្រាមក្នុងមួយថ្ងៃ តែឆ្នាំនេះចាប់បានចន្លោះពី ៥ ទៅ ៨គីឡូក្រាមប៉ុណ្ណោះ បើប្រៀបធៀបរយៈពេលនៃថ្ងៃត្រីត្រូវដូចគ្នានោះ។
មន្ត្រីសម្របសម្រួលនៃសហគមន៍ប្រចាំតំបន់បឹងទន្លេសាប នៃអង្គការសម្ពន្ធភាពដើម្បីអភិរក្សធនធានជលផល (Fact) អ្នកស្រី នូ សារឹម ថ្លែងនៅថ្ងៃទី១៣ ខែធ្នូ ថា នៅក្នុងរបាយការណ៍ដែលបានសម្ភាសអាជ្ញាធរ និងពីគ្រប់ភាគីពាក់ព័ន្ធ បង្ហាញថា ទិន្នផលត្រីឆ្នាំនេះថយចុះ។ អ្នកស្រីថា ប្រជានេសាទកំពុងត្អូញត្អែរពីបញ្ហាខ្សត់ត្រី ខណៈការកាប់បំផ្លាញព្រៃលិចទឹក និងបទល្មើសគ្រប់ប្រភេទនៅតែបន្តកើតមាន៖ «ឧបករណ៍នេសាទខុសច្បាប់កាន់តែច្រើនទៅៗ វាអត់ឃើញថាថយចុះត្រង់កន្លែងណាសោះ នៅតែមានពេញទឹកពេញដីចឹង។ ខ្ញុំមានរបាយការណ៍នៅក្នុងរដូវនេះ ដោយយកចម្លើយគាត់ឆ្លើយមកទៅប្រៀបធៀបនឹងឆ្នាំ២០១៤ ឃើញថា កាលឆ្នាំ២០១៤ គាត់រកបានច្រើនជាងឆ្នាំ២០១៥ នេះ»។
ស្រដៀងគ្នានឹងការលើកឡើងរបស់មន្ត្រីអង្គការក្រៅរដ្ឋាភិបាលនេះ អាជីវករម្នាក់ដែលទទួលទិញត្រីចម្រុះផ្ទាល់ពីអ្នកនេសាទនៅឃុំប្រឡាយមាស ស្រុកកំពង់លែង មកលក់នៅកំពង់ផែផ្សារក្រោមជាង ២តោនក្នុងមួយថ្ងៃៗនោះ គឺលោក សាន សុខន ឲ្យដឹងថា ត្រីបានត្រូវកាលពីថ្ងៃ ១កើត ខែមិគសិរ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ តែនៅថ្ងៃទី១២ និងថ្ងៃទី១៣ ខែធ្នូ មិនត្រូវទៅវិញ ដែលធ្វើឲ្យអ្នកនេសាទ និងអាជីវករខ្លះព្រួយបារម្ភ។
លោក សាន សុខន បញ្ជាក់ថា ត្រីឆ្នាំនេះសម្បូរត្រីប្រភេទលេខ១ ដូចជា ត្រីរ៉ស់ ច្រកែង និងត្រីឆ្កោក ជាដើម។ ចំណែកត្រីតូចៗសម្រាប់ធ្វើប្រហុក ឬផ្អក មិនសូវសម្បូរដែលបញ្ហាអាចមកពីកម្រិតទឹកទន្លេទាបមិនឡើងលិចព្រៃ ហើយត្រីមិនអាចឡើងទៅពងកូនបាន។ យ៉ាងណា លោកថា ត្រីអាចត្រូវច្រើននៅក្នុងរយៈពេល ៤ ទៅ ១០ថ្ងៃខាងមុខទៀត៖ «កាលឆ្នាំមុនដឹកមួយថ្ងៃបីតោនឯណោះ តាំងត្រីហ្នឹង និងត្រីនុយ។ ទើបឃើញប៉ុន្មានថ្ងៃមុននេះត្រីត្រូវ ឥឡូវវាអន់វិញ វាត្រូវត្រីល្អិតដូចជាត្រីរៀល ត្រីឈ្វាត ឡូកឡំអ៊ីចឹង វាអត់ដូចកាលពីថ្ងៃខ្នើតមុន»។
ទាក់ទងបញ្ហានេះ នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង លោក សោម ភិរុណ បញ្ជាក់ថា គេមិនទាន់អាចសន្និដ្ឋានបានថា ទិន្នផលត្រីឆ្នាំនេះកើនឡើង ឬថយចុះកម្រិតណានោះទេ ប៉ុន្តែឆ្នាំនេះ ត្រីឆាប់ត្រូវនៅដើមរដូវជាងរាល់ឆ្នាំ ដោយសារកត្តាទឹកទន្លេតូច។ លោកថា នៅពេលត្រីត្រូវខាងមុខនេះ ខាងរដ្ឋបាលជលផលនឹងចេញសេចក្ដីជូនដំណឹងដល់ពលរដ្ឋ ហើយពលរដ្ឋត្រូវឆ្លៀតពេល ឬរួសរាន់មកធ្វើត្រីប្រហុក ឬផ្អក៖ «ខ្ញុំមើលជាក់ស្ដែង គឺថាត្រីឆ្នាំនេះមិនសូវធំទេ ដោយសារត្រីខ្វះចំណី ខ្វះជម្រក ព្រោះទឹក អត់លិចព្រៃលិចទឹក អ៊ីចឹងវានៅតែក្នុងទន្លេវាអត់មានចំណីទេ។ ដល់អ៊ីចឹងវាធំទៅតាមយថាកម្មរបស់វា ដោយសារកត្តាទឹក»។
ក្រៅពីអាជីវករ ឬឈ្មួញកណ្ដាលទិញត្រីពីកំពង់ផែទៅលក់តាមភូមិឋានរបស់ប្រជាពលរដ្ឋនោះ នៅខេត្តកំពង់ឆ្នាំង ប្រជាពលរដ្ឋដែលមានបំណងធ្វើត្រីប្រហុក ឬផ្អក អាចមករកទិញនៅតាមកំពង់ផែផ្ទាល់។ ទីតាំងទាំងនោះមាននៅកំពង់ផែកំពង់ប្រាសាទ និងនៅកំពង់ផែកំពង់ត្រឡាចក្រោម នៃស្រុកកំពង់ត្រឡាច ឬអាចទៅកំពង់ផែផ្សារក្រោមក្រុងកំពង់ឆ្នាំង និងនៅកំពង់ផែឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។