អ្នកភូមិជិត ១០០នាក់ បានលើកគ្នាតវ៉ាជំទាស់នឹងសហគមន៍នេសាទនៅសង្កាត់ភ្នៀត ដែលបានយកតំបន់នេសាទនៅផ្នែកខាងក្រៅឡូត៍អភិរក្ស ទៅលក់ឲ្យទៅបុគ្គលម្នាក់កាន់កាប់ផ្ដាច់មុខ។ បញ្ហានេះបានធ្វើឲ្យប៉ះពាល់ដល់ការប្រកបរបរនេសាទជាលក្ខណៈគ្រួសាររបស់អ្នកភូមិ។ ទន្ទឹមគ្នានេះក្រុមអ្នកភូមិបានទាមទារឲ្យអាជ្ញាធរមូលដ្ឋាន ជួយដោះស្រាយយកតំបន់នេសាទនៅផ្នែកខាងក្រៅឡូត៍អភិរក្សនោះមកដាក់ជាសម្បត្តិរួមឡើងវិញ។
ប្រជាពលរដ្ឋរស់នៅភូមិកំព្រីង សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បាននាំគ្នាលើកបដាស្រែទាមទារឲ្យអាជ្ញាធរពាក់ព័ន្ធ ជួយអន្តរាគមន៍ជាបន្ទាន់លើករណីសហគមន៍នេសាទ ដែលបានយកតំបន់នេសាទនៅជាប់ឡូត៍អភិរក្សលក់ទៅបុគ្គលម្នាក់ ឈ្មោះ ហេង គក់ ធ្វើរបរនេសាទផ្ដាច់មុខ។
អ្នកភូមិឈ្មោះ អ៊ា យ៉ុង បញ្ជាក់ថា កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៤ សហគមន៍នេសាទនៅសង្កាត់ភ្នៀត សម្រេចចិត្តយកតំបន់នេសាទសាធារណៈនៅផ្នែកខាងក្រៅឡូត៍អភិរក្ស ឋិតក្នុងភូមិកំព្រីង សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ លក់ក្នុងតម្លៃជាង ២លានរៀល (២លាន ៥ម៉ឺនរៀល) ទៅឈ្មោះ ហេង គក់។ ឈ្មោះ ហេង គក់ ក្រោយពីបានដេញថ្លៃបានហើយ ក៏ហាមឃាត់អ្នកភូមិមិនឲ្យចូលទៅនេសាទដូចសព្វដងបាននោះឡើយ។
អ្នកភូមិ អ៊ា យ៉ុង៖ «ទាមទារឲ្យរំលាយកន្លែងឡូត៍នេសាទព្រំប្រទល់ដែលគេដេញថ្លៃជាង ២លានទុកឲ្យប្រជាពលរដ្ឋរកបានហូបចុកផង ព្រោះខាងនេះអត់មានការងារអីធ្វើក្រៅពីធ្វើសំណងអីទេ ហើយក្រៅពីទំនេរពីការងារសំណង់ ក៏រកត្រីគ្រាន់ចិញ្ចឹមកូនអីខ្លះដល់ពេលគេដេញព្រំប្រទល់ខ្លះទៅ គេមិនទុកកន្លែងឲ្យប្រជាពលរដ្ឋរកផង»។
ផ្ទៃទឹក ឬព្រំប្រទល់នៅជាប់នឹងឡូត៍អភិរក្សនោះមានទទឹង ៥០ម៉ែត្រ និងបណ្ដោយជាង ១០០ម៉ែត្រ។ ផ្ទៃទឹកបឹងខាងក្រៅឡូត៍អភិរក្សនេះ ត្រូវបានគេកំណត់ទុកឲ្យប្រជាពលរដ្ឋ និងអ្នកភូមិអាចចូលទៅប្រកបរបរនេសាទជាលក្ខណៈគ្រួសារបាន។ ប៉ុន្តែចាប់តាំងពីឈ្មោះ ហេង គក់ ដេញថ្លៃបានក្នុងតម្លៃជាង ២លានរៀលរួចមក ក្រុមអ្នកភូមិមិនអាចចូលនេសាទត្រីបាននោះឡើយ៖ «គេមិននិយាយថា ដេញថ្លៃឡូត៍ទេ គេថា ដេញថ្លៃព្រំប្រទល់ ប៉ុន្តែជនដែលដេញ ព្រំប្រទល់មើលទៅគេអាចចូលក្នុងឡូត៍នោះបានផង គេអាចរកត្រីបានច្រើនលក់ហើយប្រជាពលរដ្ឋទៅក្បែរអត់បានដែរ។ ចោទប្រកាន់គ្នាថា ចោរ ពេលខ្លះគ្នាបង់ត្រីខាងក្រៅសោះ ចោទថាបង់ត្រីក្នុងឡូត៍ ដេញចាប់គ្នាឲ្យបង់លុយរាប់លានប្រជាពលរដ្ឋ គ្រាន់តែទៅក្បែរក៏មិនបាន អុំទូកកាត់ក៏គាត់ចោទប្រកាន់គ្នា ប៉ុន្តែអ្នកផ្សេងអាចធ្វើបាន»។
ក្រុមអ្នកភូមិថ្លែងថា ការដែលសហគមន៍នេសាទសម្រេចយកតំបន់នៅផ្នែកខាងក្រៅឡូត៍អភិរក្ស លក់ផ្ដាច់មុខទៅបុគ្គលជាលក្ខណៈឯកជនដូច្នេះ ជារឿងខុសច្បាប់ ដោយសារផ្ទៃទឹកនៅផ្នែកខាងក្រៅឡូត៍អភិរក្សនោះ ត្រូវបានគេកំណត់ទុកជាតំបន់នេសាទសាធារណៈ អាចឲ្យប្រជាពលរដ្ឋចេញចូលប្រកបរបរនេសាទជាលក្ខណៈគ្រួសារបាន។
ឆ្លើយតបចំពោះការចោទប្រកាន់នេះ លោកស្រី តាំង គួយ ជាប្រធានសហគមន៍នេសាទភ្នៀត បដិសេធថា ខាងសហគមន៍នេសាទពុំបានលក់ដូរដូចការចោទប្រកាន់របស់អ្នកភូមិនោះឡើយ។ លោកស្រីថា ផ្ទៃទឹកដែលជាព្រំប្រទល់នៅជាប់ឡូត៍អភិរក្សនោះ កន្លងមកខាងសហគមន៍បានដាក់ដេញថ្លៃដើម្បីរកវិភាគទានជួយដល់សហគមន៍ក្នុងការជួយអភិរក្សពូជត្រី។ លោកស្រីបន្តថា សហគមន៍នេសាទធ្វើការពុំមានប្រាក់ខែនោះទេ ហើយមន្ត្រីសហគមន៍ទាំងអស់ធ្វើការដោយស្ម័គ្រចិត្ត។
ចំណែកកន្លែងអភិរក្សនោះ លោកស្រីថា បើមិនមានការដាក់សម្រាស់ ដាក់លូថែទាំពីសហគមន៍នោះទេ ក៏ត្រីមិនបានរស់នៅបានទេ ហើយបញ្ហានេះវានាំឲ្យបាត់បង់ពូជត្រីដែលខាងសហគមន៍ខិតខំប្រឹងថែរក្សាតាំងពីឆ្នាំ២០០១ មក។ ដូច្នេះហើយទើបសហគមន៍ មានគំនិតយកផ្ទៃទឹកនៅផ្នែកខាង ក្រៅឡូត៍អភិរក្សដាក់ដេញថ្លៃរកវិភាគទាន ដើម្បីបន្តការអភិរក្សពូជត្រី។
លោកស្រី តាំង គួយ៖ «គេដូចមានមតិមកខាងសហគមន៍គេថា ឲ្យដេញឲ្យគាត់ ប៉ុន្តែពួកខ្ញុំដេញឲ្យគាត់មិនបាន ម៉្លោះហើយក៏នាំគ្នាពិភាក្សាគ្នាទាំងភូមិទាំងឃុំហ្នឹងឯង ដាក់ដេញជាវិភាគទាន ជួយសហគមន៍នេសាទដើម្បីយកលុយនោះមកដាក់សម្រាស់ស្នើអភិរក្សពូជត្រីតម្លៃដែលពួកខ្ញុំអ្នកដាក់ គឺ ១៥ម៉ឺនរៀល សម្រាប់ឲ្យប្រជាជននោះដាក់ ហើយពួកខ្ញុំក៏នាំគ្នាឲ្យក្រដាសម្នាក់មួយសន្លឹកទៅប្រជាជនដេញថ្លៃម្ល៉េះ ហើយអ្នកមីងនោះគាត់ដេញថ្លៃមិនបានក៏ប្ដឹងទៅដល់អ្នកកាសែតនេះទៅ»។
លោកស្រី តាំង គួយ បានបដិសេធថា ការពិតខាងសហគមន៍នេសាទរបស់លោកស្រីពុំបានលក់ដូរនោះឡើយ។ បើសិនជាមានការលក់ដូរវិញ លោកស្រីថា គឺលក់ក្នុងតម្លៃរាប់លានដុល្លារ ប៉ុន្តែនៅពេលលក់រួចគឺលោកស្រី និងមន្ត្រីសហគមន៍ទាំងអស់សុខចិត្តដើរចូលគុកទាំងអស់គ្នា៖ «ព្រោះខ្ញុំកាន់ច្បាប់ អង្គុយលើច្បាប់ ដេកលើច្បាប់ មិនមែនយកច្បាប់មកជាន់ឈ្លីចោលទេ ពួកខ្ញុំធ្វើការរាល់ថ្ងៃនេះធ្វើការដោយឆន្ទៈទៀត អត់មានប្រាក់ខែគាត់ប្ដឹងហ្នឹងឯង គាត់ចូលរួមធ្វើវិភាគទានគាត់ដាក់មិនឈ្នះគេ គាត់ប្ដឹងហើយគាត់តាមទៅ ហេង គក់ ទៀត»។
វិទ្យុអាស៊ីសេរី ពុំអាចទាក់ទងមន្ត្រីខណ្ឌរដ្ឋបាលជលផល ខេត្តបន្ទាយមានជ័យ ដើម្បីបញ្ជាក់បន្ថែមជុំវិញបញ្ហានេះបានទេ ប៉ុន្តែលោក ហ៊ួត សាវឺ ជាចៅសង្កាត់រងនៃសង្កាត់ភ្នៀត ថ្លែងថា ជម្លោះក្នុងតំបន់នេសាទនៅភូមិកំព្រីង សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ នោះ បានកើតមានឡើងរវាងអ្នកភូមិនិងសហគមន៍នេសាទ។
លោកបន្តថា ការពិតនៅជាយតំបន់អភិរក្សនោះពុំមានការលក់ដូរទេ ប៉ុន្តែខាងសហគមន៍កន្លងមកនេះ បានយកជាយតំបន់អភិរក្សនោះ ដាក់ដេញថ្លៃដើម្បីរកវិភាគទាន។ ពីដំបូងឡើយខាងសហគមន៍បានយកផ្ទៃទឹកនៅជាយតំបន់អភិរក្សនោះ ចំនួនពីរកន្លែង ដាក់ដេញថ្លៃក្នុងតម្លៃ ១៥ម៉ឺនរៀល និងមួយកន្លែងទៀតថ្លៃ ៥ម៉ឺនរៀល។
លោក ហ៊ួត សាវឺ៖ «ដល់ពេលដល់ថ្ងៃចូលគ្នាដេញថ្លៃ ជាយតំបន់អភិរក្សនោះទៅម្ខាង គេហ៊ានដល់ ២លាន ៥ម៉ឺន ម្ខាងទៀតហ៊ាន ៥០ម៉ឺន ៥០ម៉ឺនរៀលវានៅក្នុងចំណោមសហគមន៍។ តាមស្ដាប់សំឡេងប្រជាពលរដ្ឋវាមានពុករលួយ ដូចថា ការធ្វើអ្វីៗវាត្រូវការតែលុយ ពេលរួចទៅចាប់ផ្ដើមដេញថ្លៃទៅបានទៅលើ ហេង គក់ ២លាន ៥ម៉ឺនរៀល»។
ទោះយ៉ាងនេះក្តី លោក ហ៊ួត សាវឺ បញ្ជាក់ថា ក្រោយពីមានការតវ៉ារបស់ប្រជាពលរដ្ឋនៅក្នុងភូមិរួចមក បញ្ហាទំនាស់ជាយតំបន់អភិរក្សត្រូវបានដោះស្រាយបញ្ចប់។ លោកថា ឥឡូវនេះប្រជាពលរដ្ឋនៅក្នុងភូមិអាចចូលទៅប្រកបរបរនេសាទនៅលើផ្ទៃទឹកនៅជាប់ជាយតំបន់អភិរក្សនោះបានដូចដើម ដោយពុំមានការហាមឃាត់នោះឡើយ។ ចំណែកថវិកាចំនួន ២លាន ៥ម៉ឺនរៀល នោះត្រូវបានខាងសហគមន៍បង្វិលទៅបុគ្គលឈ្មោះ ហេង គក់ នោះវិញហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។