តំណាងពលរដ្ឋមានបញ្ហាដីធ្លីឲ្យដឹងថា អាជ្ញាធរខណ្ឌជ្រោយចង្វារ យល់ព្រមផ្អាកការឈូសឆាយដីមានបញ្ហាជាមួយអាជ្ញាធរ ប្រសិនបើពលរដ្ឋមិនយល់ព្រមទទួលយកសំណង។ ការលើកឡើងបែបនេះ បន្ទាប់ពីមានជំនួបមួយរវាងពលរដ្ឋមានបញ្ហាដីធ្លីនៅតាមបណ្ដោយផ្លូវជាតិលេខ៦អា ជាមួយអាជ្ញាធរខណ្ឌជ្រោយចង្វារ នៅថ្ងៃទី២៧ ខែមករា។ ទោះយ៉ាងណាក្ដី មិនទាន់មានការបញ្ជាក់បន្ថែមណាមួយពីអាជ្ញាធរខណ្ឌ ឬអ្នកនាំពាក្យសាលារាជធានីភ្នំពេញ ពីរឿងនេះនៅឡើយទេ។
តំណាងពលរដ្ឋដែលចូលប្រជុំ លោក ប៉ុស ចំរើន ឲ្យវិទ្យុអាស៊ីសេរី ដឹងក្រោយកិច្ចប្រជុំថា អាជ្ញាធរយល់ព្រមផ្ដល់សំណង ១៥ដុល្លារ សម្រាប់ដីប៉ះពាល់មួយម៉ែត្រការ៉េ ហើយមិនឈូសឆាយលើដីណាដែលពលរដ្ឋមិនទាន់ព្រមព្រៀងទទួលសំណង។ ប៉ុន្តែលោកថា សំណើរបស់ពលរដ្ឋដែលស្នើឲ្យការសាងសង់ផ្លូវនេះចម្ងាយ ១៥០ម៉ែត្រ ពីអ័ក្សផ្លូវជាតិលេខ៦អា អាជ្ញាធរមិនយល់ព្រមទេដោយនៅតែបន្តធ្វើចម្ងាយ ១០០ម៉ែត្រ ពីអ័ក្សផ្លូវជាតិលេខ៦អា ដដែល៖ «ប្រជាជនអត់ព្រមទេ សុំឲ្យថយ ១៥០ម៉ែត្រ ដើម្បីរំដោះកុំឲ្យពលរដ្ឋប៉ះពាល់ខ្លាំងពេក»។
ជំនួបរវាងអាជ្ញាធរខណ្ឌ និងតំណាងពលរដ្ឋនៅពេលនេះ បន្ទាប់ពីគ្រឿងចក្ររបស់កងកម្លាំងរបស់សាលាខណ្ឌជ្រោយចង្វារ ចូលឈូសឆាយលើដីរបស់ពលរដ្ឋ នៅតាមបណ្ដោយផ្លូវជាតិលេខ៦អា ក្នុងភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ដែលប៉ះពាល់ដីធ្លីរបស់ពលរដ្ឋជាង ២០គ្រួសារទៅហើយ។ តំណាលគ្នានៃការឈូសឆាយនេះ ក្រុមពលរដ្ឋដុតកង់ឡាន និងយករូបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងអ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន ទៅដោតលើកន្លែងឈូសឆាយដីនោះដើម្បីសុំអន្តរាគមន៍។
តំណាងពលរដ្ឋ លោក ប៉ុស ចំរើន ឲ្យដឹងថា សកម្មភាពឈូសឆាយមុនការចរចារបស់អាជ្ញាធរនៅប៉ុន្មានថ្ងៃនេះ ត្រូវមន្ត្រីសាលាខណ្ឌពន្យល់ថា ដើម្បីឲ្យពលរដ្ឋដែលប៉ះពាល់រត់រកអាជ្ញាធររកដំណោះស្រាយ៖ «គេថា គេត្រូវឈូសដើម្បីឲ្យពលរដ្ឋមកដោះស្រាយ ហើយអាជ្ញាធរដោះស្រាយម្ដងមួយៗ»។
វិទ្យុអាស៊ីសេរី មិនអាចសុំការបំភ្លឺពីអភិបាលខណ្ឌជ្រោយចង្វារ លោក ឃ្លាំង ហួត និងអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ បានទេ នៅថ្ងៃទី២៧ ខែមករា។
នាយកលេខាធិការដ្ឋាននៃក្រុមការងារពិសេសសិទ្ធិលំនៅឋាន លោក សៀ ភារម្យ ដែលអង្កេតដល់ទីតាំងឈូសឆាយឲ្យដឹងថា ដើម្បីកុំឲ្យពលរដ្ឋរងទុក្ខព្រោះការអភិវឌ្ឍន៍នោះ រដ្ឋាភិបាលត្រូវផ្ដល់ដំណោះស្រាយសមរម្យ។
លោកបន្តថា ប្រសិនបើបញ្ហានេះមិនមានដោះស្រាយត្រឹមត្រូវ រដ្ឋាភិបាលនៅតែមានឈ្មោះមិនល្អ នឹងបន្តបាត់បង់កៅអីសភាបន្ថែមទៀតក្នុងការបោះឆ្នោតខាងមុខ៖ «ធ្វើរូបភាពបែបនេះ អត់មានចរចា អត់មានផ្ដល់សំណង គេហៅថា ផ្លូវទឹកភ្នែក។ បើទោះផ្លូវនេះបម្រើប្រយោជន៍ច្រើនមែន ប៉ុន្តែរដ្ឋាភិបាលត្រូវគិតគូរអ្នកដែលប៉ះពាល់ជាមុនសិន»។
ទោះមានការសន្យាពីអាជ្ញាធរមិនឈូសឆាយដីដែលពលរដ្ឋមិនយល់ព្រមទទួលយកសំណងក្តី ប៉ុន្តែពួកគេមិនទាន់ជឿលើការសន្យានេះនៅឡើយទេ។
លិខិតជូនដំណឹងរបស់សាលាខណ្ឌជ្រោយចង្វារ នៅថ្ងៃទី២៧ ខែមករា បញ្ជាក់ថា ផ្លូវដែលធ្វើនៅប៉ែកខាងលិចនៃផ្លូវជាតិលេខ៦អា មានចម្ងាយ ១០០ម៉ែត្រពីអ័ក្សផ្លូវនេះ ដើម្បីបម្រើប្រយោជន៍សាធារណៈទូទៅ និងអាចបញ្ចៀសការកកស្ទះចរាចរណ៍បានមួយផ្នែកនៅពេលអនាគត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។