ការ​ឆបោក​នៃ​ការ​បណ្ដាក់​ទុន​រួម​គ្នា​បង្កើត​ក្រុមហ៊ុន​នឹង​ប៉ះពាល់​ដល់​ការ​នាំ​ចេញ​អង្ករ

0:00 / 0:00

គោល​នយោបាយ​នាំ​ចេញ​អង្ករ​កម្ពុជា បាន​លើក​ទឹក​ចិត្ត​ដល់​ការ​វិនិយោគ​បរទេស ចូល​មក​បណ្ដាក់​ទុន​នៅ​ប្រទេស​កម្ពុជា។ តែ​ចាប់​តាំង​ពី​មាន​គោល​នយោបាយ​នេះ បញ្ហា​ជាច្រើន​ក៏​បាន​កើត​ឡើង​ដែរ។

បញ្ហា​ទាំង​នោះ​រួម​មាន ការ​ផ្គត់ផ្គង់​មិន​ស្រប​ទៅ​តាម​កិច្ច​សន្យា ការ​ក្លែង​វត្ថុ​ធាតុ​ដើម​អង្ករ និង​ការ​ឆបោក​នៃ​ការ​បង្កើត​ក្រុមហ៊ុន ជាដើម។ តំណាង​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ បាន​អះអាង​ថា ទោះ​បី​ជា​មាន​បញ្ហា​ទាំងអស់​នោះ​បាន​កើត​ឡើង​ក៏ដោយ តែ​មិន​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​វិស័យ​នាំ​ចេញ​ឡើយ។

បញ្ហា​ថ្មី​មួយ​នៃ​វិស័យ​នាំ​ចេញ​អង្ករ​កម្ពុជា ដែល​ធ្វើ​ឲ្យ​អ្នក​វិនិយោគ​ទុន​បរទេស មាន​ការ​រារែក​មក​កម្ពុជា នោះ គឺ​ការ​ឆបោក។ ការ​ឆបោក​នោះ អាច​កើត​មាន​តាម​រូបភាព​ការ​រួម​ទុន​គ្នា​រវាង​អ្នក​រក​ស៊ី​ក្នុង​ស្រុក និង​បរទេស ជា​ថ្នូរ​នៃ​ការ​បង្កើត​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ ទៅ​កាន់​ទីផ្សារ​មួយ​ជាក់​លាក់។

បច្ចុប្បន្ន ក្រុមហ៊ុន​នាំ​ចេញ​អង្ករ អាក្រា (Akra) ដែល​ដឹក​នាំ​ដោយ​អតីត​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក ប្រចាំ​អង្គការ​សហប្រជាជាតិ លោក ស៊ីវ ស៊ីចាន់ រង​ការ​ចោទ​ប្រកាន់​ពី​បទ​ឆបោក​ប្រាក់​មួយ​លាន​ដុល្លារ​អាមេរិក លើ​ការ​បង្កើត​ក្រុមហ៊ុន​កាល​ពី​ឆ្នាំ​២០១២។ សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​កោះ​ហៅ​រួប​លោក រួម​នឹង​ដៃគូ​ពាណិជ្ជកម្ម​របស់​លោក​ចំនួន ៣​នាក់​ទៀត ឲ្យ​ចូល​បំភ្លឺ និង​ត្រូវ​ស្ថិត​នៅ​ប្រទេស​កម្ពុជា នៅ​កំឡុង​ពេល​ដែល​តុលាការ​កំពុង​ស៊ើប​អង្កេត។

ភាគី​ដើម​បណ្ដឹង អ្នកស្រី អេង លីគង់ ដែល​ជា​ម្ចាស់​គ្លីនិក​ព្យាបាល​ធ្មេញ ម៉ាស្ទ័រ ឃែរ (Master Care) មាន​ប្រសាសន៍​ថា លោក ស៊ីវ ស៊ីចាន់ ព្រម​ទាំង​ដៃគូ​ពាណិជ្ជកម្ម​របស់​គាត់​បី​នាក់ បាន​មក​បញ្ចុះបញ្ចូល​លើ​ការ​វិនិយោគ​កសិកម្ម​ខ្នាត​ធំ ដែល​ចំណាយ​ដើម​ទុន ១​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។ ចាប់​ពី​អ្នកស្រី​បាន​បោះ​ទុន​កន្លង​មក ការ​វិនិយោគ​នេះ​មិន​មាន​សកម្មភាព​ទាល់​តែ​សោះ។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ អ្នកស្រី អេង លីគង់ បាន​បញ្ជាក់​ថា ដោយ​មាន​ការ​ជឿ​ទុក​ចិត្ត​លើ​អ្នក​ទាំង​នោះ ដោយ​មាន​អ្នក​ខ្លះ​ធ្លាប់​ធ្វើ​ការ​ជា​សមាជិក​សភា​ញីវយ៉ក (New York) និង​អ្នក​ខ្លះ​ទៀត​ធ្លាប់​ធ្វើ​នាយក​មូលនិធិ​គាំទ្រ​ប្រព័ន្ធ​អប់រំ​អន្តរជាតិ​ផង​នោះ ទើប​អ្នកស្រី​ហ៊ាន​បណ្ដាក់​ទុន​វិនិយោគ​ទឹក​ប្រាក់​មួយ​លាន​ដុល្លារ​អាមេរិក ដើម្បី​បង្កើត​ក្រុមហ៊ុន​នាំ​ចេញ​កសិផល ជាពិសេស​អង្ករ ទៅ​សហរដ្ឋ​អាមេរិក។

ព្រះរាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ អ្នកស្រី ប៊ុន្នីញ ប៊ុណ្ណរី បាន​កោះ​ហៅ លោក ស៊ីវ ស៊ីចាន់ និង​ដៃគូ​របស់​លោក ឱ្យ​ចូល​បំភ្លឺ​តាម​ពាក្យ​បណ្ដឹង​របស់​ជន​រងគ្រោះ​រួច​ហើយ​កាល​ពី​ខែ​មុន។ បច្ចុប្បន្ន តុលាការ​កំពុង​ស៊ើប​អង្កេត​ករណី​នេះ ដោយ​បាន​ស្នើ​ឲ្យ​ក្រសួង​ពាក់ព័ន្ធ ជាពិសេស​ក្រសួង​យុត្តិធម៌ និង​ក្រសួង​មហាផ្ទៃ ហាម​ឃាត់​មិន​ឲ្យ​ជន​ត្រូវ​ចោទ​ទាំង​នោះ​ចេញ​ពី​ប្រទេស​កម្ពុជា ឡើយ។

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ មាន​ប្រសាសន៍​ថា ក្រសួង​បាន​ចាត់​វិធានការ​តាម​ការ​ស្នើសុំ​របស់​ក្រសួង​យុត្តិធម៌ ដើម្បី​ចូលរួម​ការ​ស៊ើប​អង្កេត​របស់​តុលាការ​ជុំវិញ​ករណី​នេះ ដោយ​ឃ្លាំ​មើល​ជន​ជាប់​ចោទ​ទាំង ៤​រូប​នោះ ក៏ប៉ុន្តែ លោក ស៊ីវ ស៊ីចាន់ និង​ដៃគូ​របស់​លោក​ឈ្មោះ ថូម៉ាស វីលៀម (Thomas Willems) បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា មុន​ពេល​ដីកា​របស់​តុលាការ​កោះ​ហៅ។ ចំណែក​ដៃគូ​របស់​លោក​ពីរ​នាក់​ទៀត​ឈ្មោះ សាន រីច្ឆឺ (San Richer) មិន​ទាន់​ចូល​ខ្លួន​ក្នុង​តុលាការ​ទេ និង​លោក វីលៀម នោជេ (Williams Nojay) បាន​បដិសេធ​ថា លោក​មិន​ពាក់ព័ន្ធ​នឹង​រឿង​នេះ​ទេ៖ «បាទ! ខ្ញុំ​បាន​សុំ​សេចក្ដី​សម្រេច​ពី​ក្រសួង ក្រសួង​លោក​បាន​ណែនាំ​ឲ្យ​អគ្គ​នគរបាល​ជាតិ ដើម្បី​មុខ​ការ បាន​សេចក្ដី​ថា ករណី​នេះ​ទាំង​បី​រូប​នេះ ប្រសិន​ជា​នៅ​កម្ពុជា ហើយ មិន​អាច​ចេញ​ទៅ​ណា​បាន​ទេ ទី​មួយ។ បន្ទាប់​មក មាន​មួយ​រូប​បាន​ប្ដឹង​ទៅ​ឧទ្ធរណ៍ ថា​គាត់​ពុំ​មាន​ពាក់ព័ន្ធ​នឹង​រឿង​នេះ​ទេ»

លោក ខៀវ សុភ័គ បាន​បញ្ជាក់​ទៀត​ថា ចំនួន​នៃ​ការ​ឆបោក​តាម​រូបភាព​បែប​នេះ លោក​មិន​អាច​ប៉ាន់ស្មាន​ថា​មាន​ចំនួន​ប៉ុន្មាន​ករណី និង​បាន​ប៉ះពាល់​ដល់​វិស័យ​នាំ​ចេញ​អង្ករ​ទៅ​សហរដ្ឋ​អាមេរិក ត្រង់​កម្រិត​ណា​នោះ​ទេ ដោយសារ​តែ​បញ្ហា​នេះ​គ្មាន​ការ​ស្រាវជ្រាវ​ច្បាស់​លាស់។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ក្រុមហ៊ុន​ដែល​កំពុង​ចោទ​ប្រកាន់​ពី​បទ​ឆបោក​ឈ្មោះ អាក្រា ធ្លាប់​បាន​ទាក់ទង​អ្នក​វិនិយោគ​អង្ករ​ក្នុង​ស្រុក​មួយ​ចំនួន​ឲ្យ​បណ្ដាក់​ទុន​ជាមួយ​គ្នា តែ​ក្រុមហ៊ុន​ក្នុង​ស្រុក​នោះ​បាន​បដិសេធ ដោយ​គេ​បាន​សង្ស័យ​ថា ក្រុមហ៊ុន អាក្រា នោះ មិន​មាន​នៅ​ក្នុង​បញ្ជី និង​ទទួល​ស្គាល់​ដោយ​សហរដ្ឋ​អាមេរិក ឡើយ។ ម្យ៉ាង​វិញ​ទៀត គេហទំព័រ និង​ការ​បរិយាយ​អំពី​ក្រុមហ៊ុន ក៏​មិន​មាន​ដែរ។

ប្រធាន​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ​ខ្មែរ​ហ្វូត (Khmer Food) និង​ជា​អនុប្រធាន​សហព័ន្ធ​អង្ករ​កម្ពុជា លោក​ឧកញ៉ា គឹម សាវុធ មាន​ប្រសាសន៍​ថា ការ​ធ្វើ​អាជីវកម្ម​តែង​តែ​មាន​បញ្ហា ដូចជា​ការ​ប្រគល់​ទំនិញ​មិន​ស្រប​ទៅ​តាម​កិច្ច​សន្យា ការ​ឆបោក​ក្នុង​ការ​រួម​ទុន និង​ការ​ក្លែង​វត្ថុ​ធាតុ​ដើម​នាំ​ចេញ ជាដើម។ លោក​បញ្ជាក់​ថា កាល​ពី​ឆ្នាំ​២០១២ ក្រុមហ៊ុន​ឈ្មោះ អាក្រា នេះ បាន​ទាក់ទង​លោក​ដែរ ប៉ុន្តែ​ខកខាន​វិញ ដោយសារ​តែ​ខ្វះ​ធនធាន​ហិរញ្ញវត្ថុ។ ទោះ​ជា​យ៉ាង​ណា បញ្ហា​ទាំងអស់​នេះ​មិន​ប៉ះពាល់​ដល់​ការ​នាំ​ចេញ​អង្ករ​កម្ពុជា ទេ ដោយសារ​តែ​ក្រុមហ៊ុន​ដែល​បង្ក​បញ្ហា​នេះ ជា​ក្រុមហ៊ុន​តូច និង​មាន​ចំនួន​តិច​បំផុត បើ​ធៀប​នឹង​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ​ដែល​រកស៊ី​នាំ​ចេញ​អង្ករ​ពិត​ប្រាកដ​នៅ​ប្រទេស​កម្ពុជា៖ «ចំពោះ​រឿង​ក្រុមហ៊ុន អាក្រា ខ្ញុំ​មិន​ហ៊ាន​ថា​គាត់​ឆបោក​ទេ ពីព្រោះ​ខ្ញុំ​អត់​ដឹង​រឿង​ច្បាស់​ដែរ។ គ្រាន់​តែ​ខ្ញុំ​ធ្លាប់​ជួប​ម្ដង គេ​បបួល​ឲ្យ​ខ្ញុំ​ដាក់​ទុន ឲ្យ​ហ៊ុន​ជាមួយ​ទៅ ខ្ញុំ​ក៏​ប្រាប់​ថា ខ្ញុំ​អត់​មាន​សល់​លុយ​ទំនេរ​ទេ ទៅ​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​នៅ​ស្រុក​ក្រៅ​ទេ។ បើ​ក្រុមហ៊ុន​ស្រុក​ក្រៅ ចង់​មក​វិនិយោគ​ជាមួយ​ខ្មែរ​យើង​បាន។ គ្រាន់​តែ​ប្រាប់​ប៉ុណ្ណឹង គាត់​ទៅ​វិញ​ទៅ។ ហើយ​ក្រោយ​មក​ទៀត និយាយ​ត្រង់ ខ្ញុំ​អត់​ដឹង​ដែរ ព្រោះ​បាត់​ដាន​បាត់​ទំនាក់ទំនង»

របាយការណ៍​របស់​លេខាធិការដ្ឋាន​ច្រក​ចេញ​ចូល​តែ​មួយ នៃ​ការ​នាំ​ចេញ​អង្ករ បាន​បង្ហាញ​ថា ប្រទេស​កម្ពុជា មាន​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ​ប្រមាណ ៧០ ក្នុង​នោះ​ភាគ​ច្រើន​បំផុត​ទៅ​កាន់​សហភាព​អឺរ៉ុប ដែល​មាន​ចំនួន​ប្រមាណ ២០​ម៉ឺន​តោន។ តែ​ការ​នាំ​ចេញ​ទៅ​សហរដ្ឋ​អាមេរិក វិញ មាន​ចំនួន​ជាង ១.៦០០​តោន​ប៉ុណ្ណោះ នៅ​រយៈពេល ៨​ខែ​ដើម​ឆ្នាំ​២០១៤។

ទោះ​ជា​យ៉ាង​ណា ករណី​ឆបោក​នៃ​ការ​រួម​ទុន​គ្នា​របៀប​នេះ អាច​ប៉ះពាល់​ដល់​ទំនុក​ចិត្ត​ដល់​អ្នក​វិនិយោគ​បរទេស ដោយសារ​តែ​ខ្វះ​ប្រព័ន្ធ​ដោះស្រាយ​វិវាទ​ពាណិជ្ជកម្ម​សមរម្យ ឬ​មិន​មាន​តុលាការ​ពាណិជ្ជកម្ម ដើម្បី​ធានា​បរិយាកាស​នៃ​ដំណើរ​ការ​ពាណិជ្ជកម្ម​ឲ្យ​បាន​សុក្រឹត និង​បង្កើន​ភាព​កក់ក្ដៅ​សម្រាប់​អ្នក​វិនិយោគ​ជាតិ និង​អន្តរជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។