អាជីវករ​និង​ភ្ញៀវ​ទេសចរ​នៅ​ខេត្ត​ព្រះសីហនុ​បារម្ភ​ខ្លាច​ចោរ​លួច​និង​ចរាចរ​គ្រឿងញៀន

0:00 / 0:00

ក្រុម​អ្នក​ប្រកប​របរ​ចិញ្ចឹម​ជីវិត និង​ភ្ញៀវ​ទេសចរ​ចូល​ទៅ​កម្សាន្ត​ខេត្ត​ព្រះសីហនុ បង្ហាញ​ក្តី​ព្រួយ​បារម្ភ​ចំពោះ​សកម្មភាព​ចរាចរ​គ្រឿងញៀន បន​ពេស្យាចារ សកម្មភាព​ចោរ​លួច និង​ឆក់ កើត​មាន​អនាធិបតេយ្យ​នៅ​មូលដ្ឋាន​ខេត្ត​ទេសចរណ៍​មួយ​នេះ ប៉ុន្តែ​សមត្ថកិច្ច​ពាក់ព័ន្ធ​ហាក់​មិន​មាន​ឆន្ទៈ​បង្ក្រាប ឬ​ទប់ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព​ទេ។

បញ្ហា​នេះ មន្ត្រី​សង្គម​ស៊ីវិល និង​ក្រុម​អាជីវករ​មួយ​ចំនួន​ចោទ​ថា បទល្មើស​ទាំង​នេះ​អាច​ធ្វើ​សកម្មភាព​ទៅ​បាន ដោយសារ​តែ​ភាព​ធូររលុង ឬ​ខ្វះ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​សមត្ថកិច្ច​ជំនាញ កង​រាជ​អាវុធហត្ថ និង​កម្លាំង​នគរបាល ជាដើម។

ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ និង​ក្រុម​អាជីវករ​ប្រកប​របរ​បម្រើ​សេវា​ទេសចរណ៍​ខេត្ត​ព្រះសីហនុ បាន​រអ៊ូរទាំ​ថា បទល្មើស​ចោរ​លួច​ម៉ូតូ ឬ​ចោរ​ឆក់​កាបូប​ដៃ​ជាដើម បាន​កើត​មាន​ស្ទើរ​ជា​រៀង​រាល់​យប់​នា​មូលដ្ឋាន​ខេត្ត​ទេសចរណ៍​មួយ​នេះ ពិសេស​នៅ​តាម​តំបន់​ឆ្នេរ​អូរត្រេះ និង​ឆ្នេរ​អូរឈើទាល ជាដើម។ ប៉ុន្តែ បទល្មើស​ទាំង​នេះ​កម្រ​ឃើញ​កម្លាំង​សមត្ថកិច្ច​ជំនាញ ចាប់​បាន​ជនល្មើស​ម្តង​ណា​ទេ ហើយ​បទល្មើស​បាន​បន្ត​កើត​មាន​គួរ​ឲ្យ​ព្រួយ​បារម្ភ។

អាជីវករ​មាន​មុខ​របរ​ដូរ​លុយ​មួយ​ចំនួន​នា​ខេត្ត​ព្រះសីហនុ ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា កាល​ពី​ចុង​ឆ្នាំ​២០១៤ មាន​ជនល្មើស​បាន​ធ្វើ​សកម្មភាព​ប្លន់​អាជីវករ​មាន​របរ​ដូរ​លុយ​ទាំង​ថ្ងៃ អស់​លុយ​រាប់​ម៉ឺន​ដុល្លារ និង​គេច​ខ្លួន​ដោយ​សុវត្ថិភាព។

ប្រជាពលរដ្ឋ​ចោទ​ថា បទល្មើស​ទាំង​នេះ​អាច​បណ្ដាល​មក​ពី​ភាព​អនាធិបតេយ្យ​នៃ​បន​ពេស្យាចារ ជ្រក​ក្រោម​ស្លាក​កោស​ជប់ ល្បែង​ភ្នាល់​បាល់ ឬ​ជល់​មាន់ ជាដើម កំពុង​រីក​រាល​ដាល​ដូច​ផ្សិត ហើយ​គ្មាន​ការ​បង្ក្រាប​ពី​សមត្ថកិច្ច។

ទាក់ទិន​បញ្ហា​នេះ លោក ស៊ាង កុសល ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​បដិសេធ​ថា មូលដ្ឋាន​នេះ​មិន​មាន​បទល្មើស​ចោរ​លួច ឬ​ឆក់​កើន​ច្រើន​ដូច​ពលរដ្ឋ ឬ​ក្រុម​អាជីវករ​មួយ​ចំនួន​នា​ខេត្ត​ព្រះសីហនុ ចោទ​ទេ ព្រោះ​កម្លាំង​នគរបាល និង​កម្លាំង​ជំនាញ​ស្ថាប័ន​ផ្សេង​ទៀត បាន​ប្រចាំ​នៅ​តាម​គោលដៅ​នានា​ដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់៖ «ដូច​មិន​មាន​បទល្មើស​កើន​ទេ។ ការ​បាត់​កាបូប​ដៃ ឬ​សម្ភារៈ​របស់​ភ្ញៀវ​ទេសចរ​បរទេស​កន្លង​មក គឺ​ដោយសារ​តែ​ជួន​កាល​ភ្ញៀវ​បរទេស​ទាំង​នោះ​ចុះ​ងូត​ទឹក ហើយ​ទុក​សម្ភារៈ ឬ​កាបូប​ដៃ​របស់​ខ្លួន​នៅ​លើ​គោក ហើយ​ជួន​កាល​ក្មេង​ដើរ​មក​ឃើញ​ក៏​យក​បាត់​ទៅ នៅ​ពេល​ជន​បរទេស​ទាំង​នោះ​ងូត​ទឹក​ភ្លេច​ខ្លួន។ បទល្មើស​នេះ ក្នុង​រយៈពេល ២​សប្ដាហ៍​ទើប​កើត​មាន​ម្តង​ទេ គឺ​មិន​មាន​កើន​ច្រើន​ដូច​ពលរដ្ឋ ឬ​ក្រុម​អាជីវករ​មួយ​ចំនួន​លើក​ឡើង​នោះ​ទេ»

ចំណែក លោក ហេង ប៊ុនទី មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ ក៏​បាន​បញ្ជាក់​ថា កម្លាំង​ជំនាញ​ស្ថាប័ន​នេះ បាន​ពង្រាយ​នៅ​តាម​គោលដៅ​នានា​ទាំង​យប់​ថ្ងៃ ហើយ​គ្មាន​បទល្មើស​កើត​ឡើង​ធំ​ដុំ​នោះ​ទេ។ លោក​បន្ត​ថា ការ​បាត់​បង់​សម្ភារៈ​មាន​កាបូប​ដៃ និង​ម៉ូតូ​របស់​ភ្ញៀវ​ទេសចរ ពិសេស​ភ្ញៀវ​បរទេស គឺ​ដោយសារ​តែ​ភ្ញៀវ​ទេសចរ​ទាំង​នោះ​ធ្វេសប្រហែស​ដោយ​ខ្លួន​ឯង។ លោក ហេង ប៊ុនទី បាន​ស្នើ​ដល់​ក្រុម​អាជីវករ ឬ​ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ ត្រូវ​ជួយ​សហការ​ជាមួយ​កម្លាំង​កង​រាជ​អាវុធហត្ថ ឈាន​ដល់​បង្ក្រាប​បទល្មើស​ផ្សេងៗ​ឲ្យ​មាន​ប្រសិទ្ធភាព តាម​រយៈ​ផ្តល់​ព័ត៌មាន​ឲ្យ​បាន​ទាន់​ពេល​មក​កម្លាំង​ជំនាញ៖ «ខ្ញុំ​បាន​ចាត់ចែង​នៅ​តាម​គោលដៅ​នានា​ទាំង​កម្លាំង​បង្កប់ និង​កម្លាំង​ឯកសណ្ឋាន​ទាំង​យប់​ថ្ងៃ ដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់ និង​មាន​សកម្មភាព​ជា​ប្រចាំ។ ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​របស់​យើង ក្នុង​ការ​ឈាន​ដល់​បង្ក្រាប​បទល្មើស​នានា​ឲ្យ​មាន​ប្រសិទ្ធភាព​នា​ថ្ងៃ​អនាគត»

ទោះ​ជា​បែប​នេះ​ក្តី ក្រុម​អាជីវករ និង​ភ្ញៀវ​ទេសចរ​ភាគ​ច្រើន ចូល​មក​កម្សាន្ត​ខេត្ត​ព្រះសីហនុ បាន​រិះគន់​ថា កម្លាំង​សមត្ថកិច្ច​ខេត្ត​នេះ​មិន​ទាន់​អនុវត្ត​គោល​នយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ទាំង ៩​ចំណុច ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ដាក់​ឲ្យ​អនុវត្ត គឺ​មិន​ទាន់​មាន​ប្រសិទ្ធភាព​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។