Opens in new windowល្បែងស៊ីសងគ្រប់ប្រភេទ គឺជាចំណុចមួយដែលក្រសួងមហាផ្ទៃ បានហាមឃាត់ ក្នុងចំណោមគោលការណ៍ជាច្រើនទៀត ដើម្បីធានាឲ្យភូមិ-ឃុំនៅទូទាំងប្រទេសមានសុវត្ថិភាព។ ក៏ប៉ុន្តែជាច្រើនសប្ដាហ៍មកហើយ នៅឯស្រុកគូលែន ខេត្តព្រះវិហារ ដែលជាស្រុកមួយជាប់ព្រំប្រទល់គ្នានឹងស្រុកស្វាយលើ ខេត្តសៀមរាប គឺកើតមានល្បែងស៊ីសងខុសច្បាប់ ដោយមិនទាន់មានសមត្ថកិច្ចណាបង្ក្រាបនៅឡើយ។
ប្រជាពលរដ្ឋមួយចំនួននៅភូមិស្រយង់ខាងត្បូង ឃុំស្រយង់ ស្រុកគូលែន កំពុងព្រួយបារម្ភអំពីអសន្តិសុខ ដែលអាចនឹងកើតមាននៅកន្លែងពួកគេរស់នៅ ពីព្រោះតែល្បែងស៊ីសងខុសច្បាប់ កំពុងកើតមានជាហូរហែ។
ក្រុមអ្នកភូមិស្រយង់ខាងត្បូង បានត្អូញត្អែរកាលពីរសៀលថ្ងៃពុធ ទី១៤ ខែតុលា ថា ស្ទើរតែរៀងរាល់យប់ មានអ្នកលេងអាប៉ោងមួយក្រុម តែងនាំគ្នាធ្វើមេបង្វិលឲ្យប្រជាពលរដ្ឋចាក់នៅតាមភូមិ។ អ្នកភូមិជាច្រើននាក់ បានចាញ់ល្បែងអាប៉ោងនេះ ដោយម្នាក់ៗអស់ប្រាក់រាប់ម៉ឺនរៀល និងខ្លះទៀតរហូតដល់ទៅលានរៀលក៏មាន។
មេឃុំស្រយង់ លោក ប៉ែន ឡាម ទទួលស្គាល់ថា ពិតជាមានល្បែងស៊ីសងខុសច្បាប់ កំពុងកើតនៅក្នុងឃុំរបស់លោកមែន ក៏ប៉ុន្តែអាជ្ញាធរឃុំ និងប៉ូលិសប៉ុស្តិ៍ មិនដែលតាមទាន់ក្រុមអ្នកលេងទាំងនោះទេ។ លោក ប៉ែន ឡាម បញ្ជាក់ថា បច្ចុប្បន្ន ក្រុមអ្នកលេងអាប៉ោងទាំងនោះ តែងចល័តលេងម្ដងនៅភូមិស្រយង់ខាងត្បូង និងម្ដងទៅភូមិស្រយង់ខាងជើង ធ្វើឲ្យសមត្ថកិច្ចតាមរកទីតាំងមិនទាន់ពេល៖ «វាលេងលួចលាក់ ម្ដងទៅធ្វើខាងណេះ ម្ដងទៅធ្វើខាងណោះ ជួនកាលលេងតាមផ្ទះ ជួនកាលលេងតាមរោងចម្ការ»។
លោកមេឃុំស្រយង់ អំពាវនាវឲ្យអធិការនគរបាលស្រុកគូលែន គួរតែជួយទប់ស្កាត់នូវក្រុមល្បែងស៊ីសងនេះ។
ចំណែកអ្នកសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តព្រះវិហារ លោក ឡោ ចាន់ មានប្រសាសន៍ថា បច្ចុប្បន្នមិនមែនមានតែស្រុកគូលែនមួយទេ ដែលកើតមានល្បែងស៊ីសង គឺនៅតាមបណ្ដាស្រុកខ្លះទៀត រួមទាំងក្រុងព្រះវិហារ ផង ក៏កំពុងកើតមានល្បែងស៊ីសងជាច្រើនប្រភេទ ដោយមិនមានសមត្ថកិច្ចណាបង្ក្រាបដែរ៖ «ជាពិសេសល្បែងចាក់កន្ទុយលេខ ល្បែងជល់មាន់នៅតាមតំបន់ខ្លះ ប៉ុន្តែឥឡូវរាងស្បើយបន្តិច បន្ទាប់មកចាក់ប្រដាល់»។
កាលពីជាង ៤ខែមុន ប្រជាពលរដ្ឋនៅក្រុងព្រះវិហារ ធ្លាប់រិះគន់ចំពោះការកើតឡើងនូវល្បែងស៊ីសងជាច្រើនប្រភេទ ដូចជាល្បែងចាក់កន្ទុយលេខ និងប្រជល់មាន់ម្ដងមកហើយ។
សមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្តព្រះវិហារ សម្ដែងការព្រួយបារម្ភចំពោះការកើតមានល្បែងស៊ីសងនេះ ពីព្រោះថា នៅពេលដែលប្រជាពលរដ្ឋចាញ់ល្បែង គឺវាអាចបង្កើតឲ្យមានអំពើចោរកម្ម លួច ប្លន់ ឬក៏ជំពាក់បំណុលកាន់តែច្រើនឡើងៗ។ មិនតែប៉ុណ្ណោះ ការចាញ់ល្បែងក៏អាចធ្វើឲ្យប្ដីប្រពន្ធឈ្លោះគ្នា និងកើតមានអំពើហិង្សាដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
