
លទ្ធផលនៃកិច្ចប្រជុំគណៈកម្មការប្រឹក្សាការងារបានសម្រេចដំឡើងប្រាក់ខែកម្មករកាត់ដេរ និងផលិតស្បែកជើងសម្រាប់ឆ្នាំ២០១៦ ចំនួន ១៣៥ដុល្លារ ហើយរដ្ឋាភិបាលផ្ដល់ឲ្យ ៥ដុល្លារថែមទៀតសរុបចំនួន ១៤០ដុល្លារ។ ការដំឡើងប្រាក់ខែថ្មីនេះ គឺក្រុមសហជីព និងកម្មករមួយចំនួនយល់ថា នៅមានចំនួនតិច មិនអាចធានាឲ្យកម្មកររស់នៅដោយសេចក្ដីថ្លៃថ្នូរឡើយ។
ចាប់ពីខែមករា ដើមឆ្នាំ២០១៦ តទៅ កម្មករផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើង នឹងទទួលបានប្រាក់ឈ្នួលបន្ថែមចំនួន ១២ដុល្លារ ពីលើប្រាក់ឈ្នួលបច្ចុប្បន្នចំនួន ១២៨ដុល្លារ។
ក្រុមសហជីព និងកម្មករក្នុងវិស័យកាត់ដេរមួយចំនួន នៅមិនទាន់ពេញចិត្តចំពោះការដំឡើងប្រាក់ខែថ្មីសរុបចំនួន ១៤០ដុល្លារនេះទេ ហើយគ្រោងជួបជុំពិភាក្សាគ្នាថា តើនឹងតវ៉ាប្រឆាំងសេចក្ដីសម្រេចនេះនៅក្រោយពិធីបុណ្យភ្ជុំបិណ្ឌហើយ ឬយ៉ាងណា?
ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (CCAWDU) និងជាសមាជិកគណៈកម្មការប្រឹក្សាការងារ លោក អាត់ ធន់ មានប្រសាសន៍ថា សហជីពកម្មកររបស់លោកចង់បាន ១៦០ដុល្លារ។ លោកបានបញ្ជាក់ថា តួលេខប្រាក់ឈ្នួល ១៤០ដុល្លារ នៅមិនទាន់ឆ្លើយតបចំពោះតម្រូវការរបស់កម្មករនៅឡើយ បើប្រៀបធៀបនឹងតម្លៃទំនិញនៅលើទីផ្សារសព្វថ្ងៃ៖ «កម្មករខំប្រឹងធ្វើការថែមម៉ោងចាប់ពី ២ ទៅ ៤ម៉ោងទៀត ហើយគាត់ទៅធ្វើការក្រៅម៉ោង ឬក៏គាត់ដេរស៊ីប៉ុង ដែលគាត់មិនគិតពីបញ្ហាសុខភាពរបស់គាត់ទេ អ៊ីចឹងការឡើងបាន ១០ដុល្លារទៀត វាគ្រាន់តែថែមបានបន្តិច តែវាមិនមែនមានន័យថា ដល់កម្រិតឲ្យពួកគាត់រស់នៅសមរម្យបានទេ»។
នីតិវិធីនៃការដំឡើងប្រាក់ឈ្នួលនោះ គឺធ្វើឡើងតាមរយៈការបោះឆ្នោតសម្ងាត់លើតួលេខចំនួន៣ គឺតួលេខ ១៣៥ដុល្លាររបស់ភាគីរដ្ឋាភិបាល តួលេខ ១៦០ដុល្លាររបស់ភាគីសហជីព និងតួលេខ ១៣៣ដុល្លាររបស់ថៅកែរោងចក្រ។ លទ្ធផលបង្ហាញថា តួលេខ ១៣៥ដុល្លារដែលកំណត់ដោយភាគីរដ្ឋាភិបាល ទទួលបានសំឡេងគាំទ្រ ២៤ លើ ២៨សំឡេង។ ចំណែកតួលេខ ១៦០ដុល្លារកំណត់ដោយភាគីសហជីព មានសំឡេងគាំទ្រ ២ លើ ២៨សំឡេង និងតួលេខ ១៣៣ដុល្លាររបស់ថៅកែរោងចក្រ គឺគ្មានសំឡេងគាំទ្រនោះទេ។
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អ៊ិត សំហេង ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយដឹកនាំកិច្ចប្រជុំគណៈកម្មការប្រឹក្សាការងារ នៅព្រឹកថ្ងៃទី៨ ខែតុលា ថា តួលេខប្រាក់ខែថ្មី ១៤០ដុល្លារនេះ គឺជាលទ្ធផលមួយដែលមានការសិក្សាខាងផ្នែកវិទ្យាសាស្ត្រ និងបច្ចេកទេសយ៉ាងល្អិតល្អន់ ដូច្នេះគ្រប់ភាគីនឹងអាចទទួលយកបានតាមរយៈលទ្ធផលបោះឆ្នោត៖ «ខ្ញុំជឿថា វាមិនប៉ះពាល់សម្រាប់ការវិនិយោគទេ ជាពិសេសតំណាងរបស់គេនៅទីនេះ គឺគេគាំទ្រ ហើយដោយឡែកបងប្អូនសហជីព មានការទាមទារចំនួនច្រើនជាងនេះ ប៉ុន្តែចំនួននោះ វាគង់តែទៅដល់ទេ យើងបានប៉ុណ្ណឹង យើងយកសិនទៅ នៅឆ្នាំក្រោយ យើងបន្តជជែកគ្នាទៀត។ អ៊ីចឹងវាអត់មានចាំបាច់អីទៅធ្វើការតវ៉ាទេ បាតុកម្មអីទេ គឺវេទិកាសម្រាប់ជជែកចរចាគ្នានេះ គឺជាជម្រើសដ៏ល្អបំផុត ដើម្បីសុខដុមនីយកម្មនៅក្នុងសង្គម»។
ក្នុងកិច្ចពិភាក្សាត្រីភាគី និងដំណើរការការបោះឆ្នោតជ្រើសរើសតួលេខប្រាក់ឈ្នួលអប្បបរមារបស់គណៈកម្មការប្រឹក្សាការងារ ដែលមានភាគីរដ្ឋាភិបាលមានចំនួន ១៤រូប ភាគីនិយោជក ៧រូប និងភាគីសហជីពចំនួន ៧រូបនោះ គឺលោក អាត់ ធន់ រិះគន់ថា មានភាពមិនប្រក្រតីនោះទេ។ មិនប្រក្រតី ដោយសារសហជីពខ្លះមាននិន្នាការទៅរករដ្ឋាភិបាល៖ «នៅក្នុងសហជីពចំនួន ៧ ហ្នឹង គឺវាមានសហជីពបួនទៅប្រាំហើយ ដែលមិនឯករាជ្យ ដែលមិនរក្សានូវគោលជំហររបស់របស់កម្មករខ្លួនឯង ហើយបែរជាទៅគាំទ្រតួលេខគេផ្សេង»។
ទាក់ទិននឹងប្រាក់ខែ ១៤០ដុល្លារនេះ កញ្ញា មីមី ដែលជាកម្មការិនីរោងចក្រ ខូថប វ័ន (COTOP1) ក្នុងរាជធានីភ្នំពេញ ប្រាប់ថា គាត់មិនសុខចិត្តនោះទេ ព្រោះនៅមានចំនួនតិចដែលមិនអាចដោះស្រាយជីវភាពបានសមរម្យនៅឡើយ៖ «អត់គ្រាន់ទេ ដឹងថាអត់គ្រាន់ហ្មងនៅតិចណាស់! ដូចគេនិយាយអ៊ីចឹងថា ១៥០ ទៅ ១៦០ គឺវាសមរម្យ»។
ការតវ៉ាទាមទារប្រាក់ឈ្នួលរបស់កម្មករបានថមថយកម្ដៅទៅវិញខ្លះ បន្ទាប់ពីមានការប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លារវាងកម្មករ និងសមត្ថកិច្ច នៅលើផ្លូវ វ៉េង ស្រេង កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤ កន្លងទៅ ហើយក្នុងនោះ បានបណ្ដាលឱ្យបាតុករចំនួន ៤នាក់ស្លាប់ ម្នាក់បាត់ខ្លួន និង ២៣នាក់ត្រូវបានចាប់ខ្លួន។ ក្រុមសហជីពយល់ថា ប្រាក់ឈ្នួលនេះមិនទាន់ប្រាកដថា ធ្វើអោយកម្មករស្ងប់ចិត្តនោះទេ ពោលគឺពួកគេអាចនឹងផ្ទុះការតវ៉ាជាទ្រង់ទ្រាយធំម្ដងទៀត។
លោក អាត់ ធត់ សង្កត់ធ្ងន់ថា ប្រសិនបើរដ្ឋាភិបាលដំឡើងប្រាក់ឈ្នួលគោល ១៦០ដុល្លារនោះ គឺមិនអាចធ្វើឲ្យអ្នកវិនិយោគដកខ្លួនចេញពីកម្ពុជា នោះទេ ព្រោះកម្ពុជា នៅមានកត្តាអនុគ្រោះច្រើនដល់អ្នកវិនិយោគ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។