សមាគម​រោងចក្រ​កាត់​ដេរ​ណែនាំ​ប្រធាន​រោងចក្រ​ត្រួត​ពិនិត្យ​គុណភាព​អគារ

សមាគម​រោងចក្រ​កាត់​ដេរ (GMAC) និង​គម្រោង​រោងចក្រ​កាន់​តែ​ប្រសើរ​នៅ​កម្ពុជា (BFC) បាន​ផ្ញើ​សារ​រំលឹក​ដល់​ប្រធាន​រោងចក្រ​កាត់​ដេរ​ទាំងអស់ ឲ្យ​ប្រុង​ប្រយ័ត្ន និង​ត្រួត​ពិនិត្យ​ដោយ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គុណភាព​សំណង់​អគារ​រោងចក្រ​របស់​ខ្លួន និង​ត្រូវ​មាន​ការ​ទទួល​ខុស​ត្រូវ។

0:00 / 0:00

ការ​ក្រើន​រំលឹក​បែប​នេះ នៅ​ក្រោយ​ពី​រោងចក្រ​មួយ​ឈ្មោះ វីងស្តារស៊ូ (Wing Star shoe) នៅ​ខេត្ត​កំពង់ស្ពឺ បាន​បាក់​ពិតាន​ថ្ម​សង្កត់​កម្មករ​ស្លាប់ និង​របួស​ជាច្រើន​នាក់ កាល​ពី​ពាក់​កណ្ដាល​ខែ​ឧសភា នេះ។

ស្ថាប័ន​ចំនួន​ពីរ គឺ​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា និង​គម្រោង​រោងចក្រ​កាន់​តែ​ប្រសើរ​នៅ​កម្ពុជា បាន​ផ្តល់​អនុសាសន៍​ទៅ​ដល់​អ្នក​គ្រប់គ្រង​រោងចក្រ​ទាំងអស់ ឲ្យ​ផ្ដោត​លើ​ការ​យក​ចិត្ត​ទុក​ដាក់​អំពី​គុណភាព​សំណង់​មុន​នឹង​ដំណើរ​ការ​រោងចក្រ​នោះ។

អនុសាសន៍​របស់​ស្ថាប័ន​ទាំង​ពីរ​នោះ បន្ត​ថា រាល់​សំណង់​អគារ​រោងចក្រ​ទាំងអស់ ចាំបាច់​ត្រូវ​តែ​ចាប់​ផ្ដើម​ឲ្យ​មាន​ការ​ធានា​នូវ​ភាព​រឹងមាំ ដើម្បី​ការពារ​សុវត្ថិភាព​ដល់​កម្មករ និង​ការពារ​សេចក្តី​សុចរិត​របស់​រោងចក្រ​នីមួយៗ។

អ្នក​សម្រប​សម្រួល​នៃ​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា លោក ជាតិ ខេមរា មាន​ប្រសាសន៍​បញ្ជាក់​នៅ​ថ្ងៃ​ទី២៨ ឧសភា ថា ការ​ផ្ញើ​សារ​នេះ​ជា​ការ​ពញ្ញាក់​អារម្មណ៍​សមាជិក​របស់​ខ្លួន ឲ្យ​ងាក​ទៅ​ត្រួត​ពិនិត្យ​មើល​សំណង់​អគារ​រោងចក្រ ដែល​កំពុង​ដំណើរ​ការ​នោះ​ឡើង​វិញ ឬ​មុន​នឹង​ជួល​ឃ្លាំង​ធ្វើ​រោងចក្រ ឬ​ធ្វើ​សំណង់​ថ្មី​ក៏ដោយ ក៏​ត្រូវ​ជ្រើស​រើស​ក្រុមហ៊ុន​ណា​ដែល​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ មាន​វិស្វករ​សំណង់​ដែល​មាន​ឯកទេស​ច្បាស់​លាស់ អាច​ធានា​នូវ​គុណភាព​សំណង់​នោះ​បាន និង​មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​សុវត្ថិភាព​ការងារ​របស់​កម្មករ។

លោក ជាតិ ខេមរា៖ «អ៊ីចឹង យើង​រំលឹក​ទៅ​សមាជិក​របស់​យើង ឲ្យ​ពិនិត្យ​មើល​សំណង់​ដែល​កំពុង​ជួល​នោះ រក​ភាព​សង្ស័យ​ត្រង់​ចំណុច​ណា​រក​អ្នក​បច្ចេកទេស​មក​ត្រួត​ពិនិត្យ​មើល ដើម្បី​ឲ្យ​ដឹង​ច្បាស់​ពី​សំណង់​អស់​ហ្នឹង ហើយ​បើ​មាន​ចំណុច​សង្ស័យ យើង​ត្រូវ​ធ្វើ​យ៉ាង​ណា​ដើម្បី​បញ្ចៀស កុំ​ឲ្យ​មាន​បញ្ហា​នេះ​កើត​ឡើង ដើម្បី​ទំនុក​ចិត្ត​របស់​យើង ព្រោះ​អី​យើង​មិន​ចង់​ឲ្យ​មាន​ហេតុការណ៍​ណា​មួយ​ដែល​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ការងារ»

ប្រធាន​សហភាព​សហជីព​ការងារ​កម្ពុជា លោក រ៉ុង ឈុន បាន​សាទរ​ចំពោះ​ការ​រំលឹក​ដាស់​តឿន​ដល់​ថៅកែ​រោងចក្រ​បែប​នេះ ប៉ុន្តែ​លោក​ជំរុញ​ឲ្យ​មាន​ការ​ចូលរួម​ក្នុង​ការ​តាម​ដាន​នូវ​ការ​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព៖ «ជៀសវាង​ថ្លែងការណ៍​ឲ្យ​បាន​តែ​ល្អ​មើល ហើយ​ប្រសិទ្ធភាព​នៃ​ការ​អនុវត្ត​គ្មាន ក៏​វា​អត់​ប្រយោជន៍​ដែរ​បាទ»

លោក​សង្កេត​ឃើញ​ថា សព្វថ្ងៃ​នេះ​ការ​ត្រួត​ពិនិត្យ​លើ​គុណភាព​សំណង់​ស៊ីវិល​នានា ជា​ពិសេស​រោងចក្រ​ភាគ​ច្រើន ធ្វើ​ឡើង​ពុំ​បាន​ម៉ត់ចត់ ស៊ី​ជម្រៅ ស្រប​ទៅ​តាម​បទដ្ឋាន​បច្ចេកទេស ឬ​តាម​ស្តង់ដារ​អន្តរជាតិ​នោះ​ទេ។

ទាក់ទិន​បញ្ហា​នេះ វិទ្យុ​អាស៊ីសេរី ពុំ​ទាន់​អាច​ទាក់ទង​មន្ត្រី​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ ដើម្បី​សុំ​ការ​បំភ្លឺ​អំពី​នីតិវិធី​ចំពោះ​ការ​ត្រួត​ពិនិត្យ​គុណភាព​សំណង់​នេះ​ទេ។

ប៉ុន្តែ ថ្មីៗ​នេះ រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវ​នីតិសម្បទា លោក អិត សំហេង មាន​ប្រសាសន៍​ថា ហេតុការណ៍​បាក់​អគារ​រោងចក្រ​កន្លង​មក កើត​ឡើង​ដោយសារ​បញ្ហា​គុណភាព​នៃ​សំណង់​អគារ ដែល​សង់​មិន​ស្រប​តាម​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ។

លោក​បន្ត​ថា ដោយ​ឆ្លង​កាត់​បទ​ពិសោធន៍​កន្លង​មក​នោះ រដ្ឋាភិបាល​នឹង​ចុះ​ធ្វើ​អធិការកិច្ច​លើ​គុណភាព​សំណង់​រោងចក្រ​ទាំងអស់ ដើម្បី​បញ្ចៀស​កុំ​ឲ្យ​មាន​ហេតុការណ៍​បាក់​អគារ​បែប​នេះ​កើត​ឡើង​ជា​ថ្មី​ទៀត៖ «ផ្ដើម​ពី​ចំណុច​នេះ​បន្ត​ទៅ​មុខ​ទៀត គឺ​ថា...! ជា​ការ​ពិត ច្បាប់​គោល​នយោបាយ លិខិត​បទដ្ឋាន​អី​វា​មាន​រួច​ហើយ មាន​ន័យ​ថា លិខិត​បទដ្ឋាន និង​គោល​នយោបាយ​នានា​ដែល​មាន​ស្រាប់ យើង​ត្រូវ​ពង្រឹង​បង្កើន​ប្រសិទ្ធភាព​ថែម​ទៀត​ក្នុង​ការ​ត្រួត​ពិនិត្យ និង​ការ​អនុវត្ត​ឲ្យ​ម៉ត់ចត់​ថែម​ទៀត»

ប៉ុន្តែ លោក​មិន​បាន​បញ្ជាក់​ទេ​ថា នឹង​ចុះ​អនុវត្ត​ពេញ​លេញ​នា​ពេល​ណា​នោះ​ទេ។

កាល​ពី​ពាក់​កណ្ដាល​ខែ​ឧសភា នេះ រោងចក្រ​ផលិត​ស្បែក​ជើង វីងស្តារស៊ូ នៅ​ខេត្ត​កំពង់ស្ពឺ បាន​បាក់​ស្រុត​ពិតាន​ថ្ម ឬ​ហៅ​ថា​ប្លង់សេ​ឡាវតឿ​នៃ​អគារ​នោះ បណ្ដាល​ឲ្យ​ស្លាប់ និង​របួស​កម្មករ​ជាច្រើន​នាក់ នៅ​ពេល​កំពុង​បំពេញ​ការងារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។