ក្រុមហ៊ុននាំចេញអង្ករ និងកសិករស្នើឲ្យអាជ្ញាធររដ្ឋាភិបាលអនុវត្តច្បាប់តឹងរ៉ឹង ដើម្បីប្រយុទ្ធប្រឆាំងនឹងលំហូរអង្ករខុសច្បាប់នៅលើទីផ្សារក្នុងប្រទេសកម្ពុជា ឲ្យមានប្រសិទ្ធភាព។ ការជំរុញនេះ ក្រោយពេលរដ្ឋាភិបាលប្រកាសកាលពីពេលថ្មីៗនេះ ថានឹងកំណត់ច្បាប់នៃការនាំចូលអង្ករឲ្យបានច្បាស់លាស់។
ក្រុមហ៊ុននាំចេញអង្ករ និងកសិករលើកឡើងថា ការអនុវត្តច្បាប់ធូររលុង គឺជាមូលហេតុសំខាន់មួយដែលនាំឲ្យមានការចរាចរ ឬនាំចូលអង្ករមិនស្របច្បាប់នៅលើទីផ្សារក្នុងប្រទេសកម្ពុជា។
ការលើកឡើងនេះ ស្របពេលលទ្ធផលនៃកិច្ចប្រជុំនៃវេទិការាជរដ្ឋាភិបាល និងវិស័យឯកជន ក្រុមការងារស្រូវអង្ករ កាលពីពេលថ្មីៗនេះឲ្យដឹងថា រដ្ឋាភិបាលបានប្ដេជ្ញាថា នឹងពង្រឹងអភិបាលកិច្ចក្នុងការយកពន្ធគយនៅតាមព្រំដែន និងកំណត់ច្បាប់នៃការនាំចូលអង្ករឲ្យបានច្បាស់លាស់ដោយកំណត់ឲ្យក្រុមហ៊ុននាំចូលអង្ករមកកម្ពុជា ត្រូវមានអាជ្ញាប័ណ្ណត្រឹមត្រូវ ហើយបង់ពន្ធគ្រប់ចំនួនមិនមានការបន្លំ និងឃុបឃិតជាមួយមន្ត្រីនោះឡើយ។
ការប្រកាសនេះ ក្រោយពេលរោងម៉ាស៊ីនកិនស្រូវរបស់កម្ពុជា អះអាងថា អង្ករវៀតណាម ត្រូវបានគេនាំចូលយ៉ាងគំហុក ដែលធ្វើឲ្យរោងម៉ាស៊ីនមួយចំនួននៅកម្ពុជា មិនអាចប្រកួតប្រជែងបាន ហើយសម្រេចចិត្តបិទទ្វារអាជីវកម្មរបស់ខ្លួន។
ជាម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងជាអគ្គនាយកក្រុមហ៊ុន អេមរុ រ៉ាយ [AMRU RICE (CAMBODIA) Co., LTD.) លោក សុង សារ៉ន បានប្រាប់វិទ្យុអាស៊ីសេរី ថា លោកគាំទ្រការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលដែលនឹងពង្រឹងអភិបាលកិច្ចក្នុងការយកពន្ធគយនៅតាមព្រំដែន មិនឲ្យនាំចូលអង្ករខុស ច្បាប់។
លោកថា កន្លងមកអង្កររបស់កម្ពុជា ពិបាកប្រកួតប្រជែងអង្ករដែលនាំចូលបានទេ ពិសេសជាមួយអង្ករវៀតណាម ពីព្រោះតែថ្លៃដើមនៃការផលិតរបស់ប្រទេសនោះ វាទាបជាងនៅប្រទេសកម្ពុជា ដែលខុសគ្នាប្រមាណជាង ១០០ដុល្លារ ក្នុង១តោន ដែលបញ្ហានេះធ្វើឲ្យរោងម៉ាស៊ីនកិនស្រូវខ្នាតតូច និងមធ្យមរបស់កម្ពុជា បិទអាជីវកម្មកាន់តែច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ប៉ុន្តែលោករំពឹងថា វិធានការនេះ មានប្រសិទ្ធភាពដើម្បីកុំឲ្យរោងម៉ាស៊ីនកិនស្រូវនៅកម្ពុជា បន្តក្ស័យធន៖ «បើសិនជារដ្ឋាភិបាលគាត់បានពង្រឹង គ្រប់ច្រកព្រំដែនដែលធ្វើឡើងតាមច្រកព្រំដែនតូចៗ ពិសេសពីវៀតណាម ថៃ គឺជាចំណែកមួយជួយសង្គ្រោះរោងម៉ាស៊ីនកិនស្រូវក្នុងស្រុក អាចធ្វើឲ្យពួកគាត់មានដង្ហើមដកឡើងវិញ»។
ទន្ទឹមគ្នានេះ តំណាងសហគមន៍កសិករមកពីខេត្តកំពង់ស្ពឺ លោក ស៊ឹម រ៉ុម លោកក៏ស្នើឲ្យរដ្ឋាភិបាលអនុវត្តច្បាប់ និងវិធានការទប់ស្កាត់ការនាំចូលអង្ករឲ្យមានប្រសិទ្ធភាព ដើម្បីកុំឲ្យប៉ះពាល់ដល់ទីផ្សារកសិករនៅកម្ពុជា៖ «កសិករសព្វថ្ងៃគាត់ពិបាកចិត្តដោយសារតែកសិផល មិនថា អង្ករទេ នាំចូលពីក្រៅប្រទេសធ្វើឲ្យគាត់ដាំបាន ហើយតែគ្មានទីផ្សារ ដូចផលិតផលពីប្រទេសជិតខាង»។
ចំណែកឯអគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា លោក មូល សារិទ្ធី ទទួលស្គាល់ថា វិធានការនេះនឹងជំរុញឲ្យរោងម៉ាស៊ីនក្នុងស្រុកអាចប្រកួតប្រជែងជាមួយប្រទេសជិតខាង ពិសេសពាក់ព័ន្ធនឹងតម្លៃ៖ «នាំចូលអង្ករ ហ្នឹងរដ្ឋាភិបាលពង្រឹងបានមែន ហើយបើសិនមានការបង់ពន្ធបានត្រឹមត្រូវ អត់មានគេចពន្ធខុសច្បាប់អីទេ ធ្វើឲ្យគាត់ប្រកួតប្រជែងបាន»។
កិច្ចប្រជុំនៃវេទិការាជរដ្ឋាភិបាលនិងវិស័យឯកជនក្រុមការងារស្រូវអង្ករ កាលពីចុងខែមីនា រដ្ឋាភិបាលក៏បានអំពាវនាវឲ្យពលរដ្ឋ ពិសេសកសិករអ្នករកស៊ីក្នុងវិស័យស្រូវអង្ករ សហការផ្ដល់ព័ត៌មានពីទីតាំង ឬជនដែលនាំចូលអង្ករខុសច្បាប់ដល់សមត្ថកិច្ចដើម្បីចុះពិនិត្យតាមដាន ស៊ើបអង្កេត និងឈានដល់ការបង្ក្រាបទៅតាមនីតិវិធី។
របាយការណ៍របស់ក្រុមផ្ដួចផ្ដើមមួយដែលជាម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញអង្ករ (RISKS) កាលពីថ្ងៃទី៧ ខែមីនា បានប៉ាន់ប្រមាណថា អង្ករប្រមាណពី ៧០ម៉ឺនតោន ទៅ ៨០ម៉ឺនតោន ត្រូវបាននាំចូលពីប្រទេសវៀតណាម ក្នុងឆ្នាំ២០១៥។ របាយការណ៍នេះ ក៏អះអាងថា ផលិតករអង្ករក្នុងស្រុកកំពុងប្រឈមនឹងការក្ស័យធន ដោយទាមទារឲ្យមានវិធានការបន្ទាន់។
សហព័ន្ធស្រូវអង្ករកម្ពុជា ឲ្យដឹងដែរថា រោងម៉ាស៊ីនកិនស្រូវមិនតិចជាង ១០ទេ ដែលបានបិទអាជីវកម្មរបស់ពួកគេ ក្រោយពីមិនអាចប្រកួតប្រជែងជាមួយនឹងអង្កររបស់ប្រទេសវៀតណាម ដែលនាំចូលមកកម្ពុជាបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។