រដ្ឋាភិបាល​នឹង​ពង្រឹង​ការ​ផលិត​ពូជស្រូវ​ក្រអូប​សុទ្ធ​ដើម្បី​សម្រេច​ទិសដៅ​នាំ​ចេញ

0:00 / 0:00

រដ្ឋាភិបាល​កម្ពុជា នឹង​ពង្រឹង​ការ​ផលិត​ពូជ​ស្រូវ​ក្រអូប​សុទ្ធ ដើម្បី​សម្រេច​ទិស​ដៅ​ការ​នាំ​អង្ករ​ចេញ​ទៅ​ទីផ្សារ​អន្តរជាតិ។ ទិសដៅ​នេះ ស្ថិត​នៅ​ក្នុង​កម្មវិធី​ជំរុញ​ផលិតកម្ម​ស្បៀង ដែល​តម្លៃ​ទឹក​ប្រាក់ ២០​លាន​ដុល្លារ​សហរដ្ឋអាមេរិក រយៈពេល​បី​ឆ្នាំ។

ក្នុង​កិច្ចពិភាក្សា​ពិគ្រោះ​យោបល់​ស្ដីពី​ការ​តាក់តែង​កម្មវិធី​ជំរុញ​ផលិតកម្ម​ស្បៀង នៅ​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ក្នុង​រាជធានី​ភ្នំពេញ​នេះ នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិក្សា​គោលនយោបាយ លោក ច័ន្ទ សុផល ថ្លែង​ថា ទិសដៅ​សំខាន់​នៃ​គម្រោង​រយៈពេល​បី​ឆ្នាំ​នេះ គឺ​បង្កើន​ការ​ផលិត​ពូជស្រូវ​ក្រអូប ហើយ​ការ​ផលិត​ពូជស្រូវ​សុទ្ធ​ល្អ​គ្រប់​ជំនាន់ នឹង​ជួយ​ឲ្យ​កសិករ​មាន​គ្រាប់​ពូជ​ត្រឹមត្រូវ​សម្រាប់​ដាំ​ដុះ ស្រប​តាម​តម្រូវការ​ទីផ្សារ៖ «នេះ​មិន​មែន​តែ​ជា​គោល​នយោបាយ​ថ្មី​ទេ តែ​ជា​កម្ម​វិធី​ថ្មី។ ជា​កម្មវិធី​ដែល​រដ្ឋ​ដាក់​ហិរញ្ញប្បទាន ២០​លាន​ដុល្លារ សម្រាប់​បី​ឆ្នាំ​ខាង​មុខ​ទៀត ជំរុញ​ឲ្យ​មាន​ការ​ផលិត​ពូជ​ស្រូវ​ច្រើន​ជាង​មុន ការ​ប្រើ​ជាង​មុន»

កម្មវិធី​ដែល​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​ពី​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០១៨ ប្ដេជ្ញា​ផលិត​ពូជស្រូវ​ក្រអូប​ចំនួន ១៥.០០០​តោន​ក្នុង​មួយ​ឆ្នាំ។ អង្ករ​ផ្កា​រំដួល​របស់​កម្ពុជា ជាប់​ពានរង្វាន់​អង្ករ​មាន​រសជាតិ​ឆ្ងាញ់​ល្អ​ផ្តាច់​គេ​លើ​សកលលោក រយៈពេល​ចំនួន ៣​ឆ្នាំ​ជាប់ៗ​គ្នា។

ទោះ​យ៉ាង​ណា​ក៏ដោយ លោក សុខ ហាច ប្រធាន​ក្រុមហ៊ុន​ហ្គោលដិន រ៉ាយ (Golden Rice) ដែល​ជា​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ​ក្រអូប​របស់​កម្ពុជា ទៅ​បរទេស​បញ្ជាក់​ថា អង្ករ​ក្រអូប​របស់​កម្ពុជា ពិសេស​អង្ករ​ផ្កា​រំដួល​ជំនាន់​ក្រោយ មិន​មាន​គុណភាព​សុទ្ធ​ដូច​មុន​នោះ​ទេ ដោយ​គ្រាប់​ពូជស្រូវ​បច្ចុប្បន្ន វា​ក្លាយ​ឥត​សុទ្ធ​ទៀត​ហើយ។ លោក​លើក​ឡើង​ថា ការ​ផលិត​គ្រាប់​ពូជស្រូវ​សុទ្ធ​មាន​សារសំខាន់​ដើម្បី​ធានា​ការ​នាំ​ចេញ​អង្ករ​កម្ពុជា ទៅ​លក់​នៅ​លើ​ទីផ្សារ​អន្តរជាតិ។

នៅ​ឆ្នាំ​២០១៥ រដ្ឋាភិបាល​កំណត់​ផែនការ​នាំ​អង្ករ​ចេញទៅ​ក្រៅ​ប្រទេស យ៉ាង​តិច​ចំនួន ១​លាន​តោន ក៏ប៉ុន្តែ​មិន​អាច​សម្រេច​បាន​ដូច​ការ​គ្រោង​ទុក។

បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​ឧត្ដម​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ជាតិ គូស​បញ្ជាក់​ថា កសិករ​កម្ពុជា ខ្វះ​ទំនុក​ចិត្ត​លើ​គ្រាប់​ពូជ​ស្រូវ ជា​ហេតុ​ធ្វើ​ឲ្យ​កសិករ​បន្ត​ប្រើប្រាស់​គ្រាប់​ពូជ​បុរាណ​ដែល​មិន​ទាន់​បាន​សិក្សា​ពិនិត្យ​ត្រឹមត្រូវ។ លោក​ថា ការ​ផលិត​គ្រាប់​ពូជស្រូវ​ដែល​មាន​គុណភាព​ស្តង់ដារ ដោយមាន​ការ​ទទួល​ស្គាល់ និង​ត្រួត​ពិនិត្យ​ម៉ត់ចត់​ពី​ស្ថាប័ន​ជំនាញ នឹង​ជួយ​បង្កើន​ផលិតកម្ម​ស្រូវ៖ «យើង​ថា​ឲ្យ​កសិករ​ទៅ​ធ្វើ​អីៗ តែ​គាត់​ថា គាត់​លក់​អត់​ដាច់។ លក់​នៅ​ណា រក​ទីផ្សារ​ឲ្យ​ខ្ញុំ។ នេះ​ជា​បញ្ហា ធ្វើ​បាន​ហើយ​ លក់​មិន​ដាច់។ យើង​គិត​បញ្ច្រាស យើង​គិត​ពី​ទីផ្សារ ដឹង​កន្លែង​លក់​ណា​ហើយ គិត​ពី​ម៉ាស៊ីន​កិន​ស្រូវ​ណា ត្រូវ​ការ (ស្រូវ) ប៉ុន្មាន ស្រូវ​ប្រភេទ​អី។ បន្ទាប់​មក​យើង​ធ្វើ​ការ​ជាមួយ​សហគមន៍​កសិករ​ណា​ដែល​ធ្វើ​ការ​បាន»

​បើ​តាម​លោក សុខ ហាច បច្ចុប្បន្ន​ក្រុម​អ្នក​នាំ​អង្ករ​ចេញ​ទៅ​បរទេស ដែល​មាន​រោង​ម៉ាស៊ីន​កិនស្រូវ​ស្តង់ដារ​កំពុង​ខ្វះ​ស្រូវ​សម្រាប់​កិន​បញ្ចេញ​លក់។ លោក​ឲ្យ​ដឹង​ថា រោង​ម៉ាស៊ីន​កិនស្រូវ​នៅ​កម្ពុជា មាន​សមត្ថភាព​កិនស្រូវ​បាន ៥.០០០​តោន​ក្នុង​មួយ​ថ្ងៃ ក៏ប៉ុន្តែ​នៅ​កម្ពុជា មាន​ស្រូវ​ឲ្យ​កិន​តែ ៥០០​តោន​ក្នុង​មួយ​ថ្ងៃ​ប៉ុណ្ណោះ។

កិច្ច​ពិភាក្សា​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល ផ្តល់​ជំនួយ​ហិរញ្ញប្បទាន​ខ្លះ (subsidy) ដល់​វិស័យ​ឯកជន និង​កសិករ​ដើម្បី​សម្រេច​បាន​នូវ​នាំ​ចេញ​អង្ករ​ដែល​មាន​គុណភាព​តាម​តម្រូវ​ការ​ទីផ្សារ។ ក៏ប៉ុន្តែ​លោក ប៉ែន ភារុណ សេដ្ឋ​វិទូ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លើក​ឡើង​ថា គម្រោង​នេះ គួរ​ផ្ដោត​ទៅ​លើ​ការ​ជួយ​កសិករ​ជា​មុន​សិន ហើយ​គួរ​ផ្ដល់​ជំនួយ​ថវិកា​ដល់​សហគមន៍​កសិករ​ដែល​មាន​ឆន្ទៈ និង​សក្ដានុពល​ដើម្បី​សម្រេច​គោលដៅ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។