ក្រសួង​ពាណិជ្ជកម្ម​គ្រោង​រៀបចំ​ពិធី​ហែ​ក្បួន​ផ្សព្វផ្សាយ​ផលិតផល​ខ្មែរ​២០​មុខ

ក្រសួង​ពាណិជ្ជកម្ម គ្រោង​រៀបចំ​ពិធី​ហែ​ក្បួន​ផ្សព្វផ្សាយ​ផលិតផល​ខ្មែរ​ចំនួន ២០​មុខ នៅ​ខេត្ត​ទេសចរណ៍​ចំនួន​៣ នៅ​កម្ពុជា ដើម្បី​ជំរុញ​ឲ្យ​ពលរដ្ឋ​ប្រើប្រាស់​ផលិតផល​ក្នុង​ស្រុក។

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល មាន​ប្រសាសន៍​ថា ខេត្ត​ទាំង​៣​នោះ​មាន​ខេត្ត​កំពង់ចាម សៀមរាប និង​ខេត្ត​ព្រះសីហនុ ដែល​ក្រសួង​នឹង​បន្ត​រៀបចំ​តាំង​បង្ហាញ​ផ្សព្វផ្សាយ​នៅ​រាជធានី​ភ្នំពេញ​ទៀត ដើម្បី​ផ្សព្វផ្សាយ​និង​លើក​កម្ពស់​ផលិតផល​ខ្មែរ នៅ​ឆ្នាំ​២០១៦​នេះ។

លោក​ថា ធ្វើ​ដូច្នេះ​ដើម្បី​ជំរុញ​ការ​នាំ​ចេញ​ផលិតផល​ទៅ​ក្នុង​ទីផ្សារ​ក្នុង​ស្រុក​ឲ្យ​ប្រើប្រាស់​និង​លើក​កម្ពស់​ផលិតផល​របស់​ខ្លួន​ជា​មុន​សិន៖ «ដូច្នេះ​ឆ្នាំ​នេះ​ក្រសួង​ពាណិជ្ជកម្ម​នឹង​រៀបចំ​កម្មវិធី​មួយ​ទៀត គឺ​ដើម្បី​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទិញ​ផលិតផល​ខ្មែរ​យើង។ យើង​ណែនាំ​ដែរ ធ្វើ​ឲ្យ​មាន​គុណភាព​ឲ្យ​ឆ្ងាញ់​ហើយ​តម្លៃ​សមរម្យ។ ឧទាហរណ៍​បើ​យើង​មាន​មី​យើង រឿង​អី​ទៅ​ទិញ​មី​ម៉ាម៉ា​គេ​ហូប ដោយសារ​ម៉ាម៉ា​គេ​វា​ឆ្ងាញ់ មី​យើង​មិន​សូវ​ឆ្ងាញ់​មិន​ដឹង​ទេ​ណា? អ៊ីចឹង​យើង​រៀបចំ ២០​មុខ ដើម្បី​ដើរ​ផ្សព្វផ្សាយ ហែ​ក្បួន​ទាំង​អស់​ខ្មែរ​មាន​របស់​របរ​លក់​ដែរ សូម​មេត្តា​ជួយ​ទិញ​ផលិតផល​ខ្មែរ»

ផលិតផល​ខ្មែរ​ទាំង ២០​មុខ​នោះ​មាន​ដូចជា អង្ករ​រំដួល ផលិតផល​សូត្រ ម្រេច និង​អំបិល ជា​ដើម។ ប៉ុន្តែ​លោក ស៊ុន ចាន់ថុល មិន​បាន​បញ្ជាក់​ទេ​ថា នឹង​រៀបចំ​ពិធី​ហែ​ក្បួន​ផ្សព្វផ្សាយ​នេះ​នៅ​ពេល​ណា​នៅ​ឡើយ។

ការ​ថ្លែង​នេះ នៅ​ក្នុង​សិក្ខាសាលា​ជា​ស៊េរី ស្ដីពី​វេទិកា​ពិភាក្សា​អំពី​វិស័យ​ពាណិជ្ជកម្ម​និង​អប់រំ​នៅ​កម្ពុជា បច្ចុប្បន្ន រៀបចំ​ដោយ​ក្រសួង​ពាណិជ្ជកម្ម នៅ​ឯ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា នៅ​ថ្ងៃ​ទី​១៩ ខែ​មីនា ដែល​មាន​យុវជន​ពី​សាកលវិទ្យាល័យ​នានា ប្រមាណ ២​ពាន់​នាក់​ចូល​រួម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។