រដ្ឋមន្ត្រី​ក្រសួង​ការងារ​ព្រមាន​​​តំណាង​សហជីព​ឲ្យ​ឈប់​ញុះញង់​កម្មករ

រដ្ឋមន្ត្រី​ក្រសួង​ការងារ​និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង និង​សមាគម​កាត់​ដេរ​កម្ពុជា នៅ​ថ្ងៃ​ទី​៣០ ធ្នូ បាន​ចោទ​ថា តំណាង​សហជីព​កម្មករ ៥ បាន​ញុះញង់​និង​បំភិតបំភ័យ​ឲ្យ​កម្មករ​រាប់​ពាន់​នាក់​ឈប់​ធ្វើការ ហើយ​បះបោរ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការសម្រេច​របស់​រដ្ឋាភិបាល​ដែល​សម្រេច​ដំឡើង​ប្រាក់​ខែ​គោល​ឲ្យ​កម្មករ។

នៅ​ចុង​ក្នុង​ខែ​ធ្នូ​នេះ ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ប្រកាស​ដំឡើង​ប្រាក់​ខែ​គោល​ឲ្យ​កម្មករ​ចំនួន ១៥​ដុល្លារ លើ​ប្រាក់​ខែ​គោល​ចាស់ ៨០​ដុល្លារ គឺ​កម្មករ​ទទួល​បាន​ប្រាក់​ខែ​គោល​ថ្មី​សរុប ៩៥​ដុល្លារ។ ចំនួន​នេះ​តិច​ជាង​ការ​ទាមទារ​របស់​កម្មករ​ដែល​សុំ​ដំឡើង ១៦០​ដុល្លារ ធ្វើ​ឲ្យ​តំណាង​សហជីព​ចំនួន ៦ ជំទាស់​ឲ្យ​មាន​កម្មករ​ភាគ​ច្រើន​មិន​សុខ​ចិត្ត ហើយ​បាន​បាតុកម្ម​តាំង​ពី​ថ្ងៃ​នោះ​មក។

ក្នុង​លិខិត​របស់​លោក អ៊ិត សំហេង ចុះ​ថ្ងៃ​ទី​៣០ ធ្នូ ផ្ញើ​ទៅ​ប្រធាន​សហជីព​ចំនួន ៥ បាន​ចោទ​ថា ក្នុង​ពេល​សហជីព​ញុះញង់​ឲ្យ​កម្មករ​ធ្វើ​បាតុកម្ម​នោះ បាន​ធ្វើ​ឲ្យ​មាន​ហិង្សា​កើត​ឡើង ធ្វើ​ខូច​ខាត​ទ្រព្យ​សម្បត្តិ​រោងចក្រ​ជា​ច្រើន​ដែល​ប្រធាន​សហជីព​ទទួល​ខុសត្រូវ។

លិខិត​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក អ៊ិត សំហេង បាន​ព្រមាន​ថា៖ «ក្រសួង​ការងារ​និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ សូម​ព្រមាន​លោក លោកស្រី ត្រូវ​បញ្ឈប់​ជា​បន្ទាន់​នូវ​សកម្មភាព​ទាំង​នេះ ក្នុង​ករណី​មិន​បញ្ឈប់​នោះ​ទេ ក្រសួង​នឹង​ចាត់​វិធានការ​ជា​ធរមាន»

ស្រប​ពេល​នេះ​ដែរ ក្រសួង​ការងារ​និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​បាន​ចេញ​លិខិត​មួយ​ផ្សេង​ទៀត​ឲ្យ​កម្មករ​ចូល​ធ្វើការ​វិញ​នៅ​ថ្ងៃ​ទី​២ ខែ​មករា ឆ្នាំ​១០១៤ ហើយ​ជំរុញ​ឲ្យ​ប្រធាន​សហជីព​ទាំង​អស់​ជួយ​សហការ​ល្អ​ដើម្បី​ឲ្យ​រោងចក្រ​បាន​ដំណើរការ​ឡើង​វិញ។

ទាក់ទង​នឹង​ការ​ព្រមាន​នេះ តំណាង​សហជីព​មួយ​ចំនួន​បាន​បញ្ជាក់​ថា ជា​ការ​ព្រមាន​មិន​មាន​ប្រសិទ្ធភាព ព្រោះ​ថា​ដល់​ពេល​នេះ កម្មករ​គិត​តែ​ពី​ការ​ទាមទារ​ឲ្យ​បាន​ប្រាក់​ខែ​គោល​ចំនួន ១៦០​ដុល្លារ ដើម្បី​ទ្រទ្រង់​ជីវភាព។ ក្រុម​កម្មករ​ដែល​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​ទី​៣០ ធ្នូ នេះ អះអាង​ថា ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ពួកគេ​ពិបាក​នឹង​រស់ ព្រោះ​ថា ការ​ដំឡើង​ប្រាក់​ខែ​គោល​របស់​រដ្ឋាភិបាល​ដល់​កម្មករ​ចំនួន ៩៥​ដុល្លារ​ក្នុង​មួយ​ខែ កម្មករ​មិន​អាច​រស់​បាន ព្រោះ​ថា ថ្លៃ​ភ្លើង ថ្លៃ​ទឹក ថ្លៃ​ជួល​ផ្ទះ និង​ទំនិញ​លើ​ទីផ្សារ​ឡើង​ថ្លៃ​កប់​ពពក។

លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​បញ្ជាក់​ថា៖ «ខ្ញុំ​យល់​ថា បើ​រដ្ឋាភិបាល​មិន​ទាន់​ដោះស្រាយ​ចប់​អ៊ីចឹង ហើយ​បង្ខំ​ឲ្យ​កម្មករ​ចូល​ធ្វើ​ការ​អ៊ីចឹង ខ្ញុំ​ខ្លាច​តែ​កម្មករ​មិន​ចូល​ធ្វើ​ការ​ទេ»

ជាង​នេះ​ទៅ​ទៀត លោក អាត់ ធន់ បាន​ព្រមាន​ថា ចាប់​តាំង​ពី​ថ្ងៃ​ទី​១ ឆ្នាំ​ថ្មី ឆ្នាំ​២០១៤ ត​ទៅ បើ​រដ្ឋាភិបាល​មិន​ដោះស្រាយ​ដំឡើង​ប្រាក់​ខែ​គោល ១៦០​ដុល្លារ តាម​សំណើ​របស់​កម្មករ​ទេ កម្មករ​នឹង​នៅ​តែ​បន្ត​ធ្វើ​បាតុកម្ម​រៀង​រហូត​លុះ​ត្រា​ការ​ទាមទារ​បាន​សម្រេច។

ប្រធាន​សហជីព​ទាំង​៥ ដែល​ទទួល​ការ​ព្រមាន​នោះ គឺ​មាន​លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ។ លោក ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ។ លោកស្រី ម៉ម ញឹម ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ​នៃ​ឧស្សាហកម្ម​វាយនភណ្ឌ​កាត់​ដេរ​កម្ពុជា និង​លោកស្រី យ៉ាង សោភ័ណ្ឌ ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។