ទំនាស់រវាងកម្មករនិងភាគីរោងចក្រមួយដែលអូសបន្លាយអស់រយៈពេល ៤-៥ខែទៅហើយនោះ បានឈានដល់ចំណុចដែលកម្មករអះអាងថា ពួកគេអស់ការអត់ធ្មត់ហើយពួកគេនឹងមិនបណ្ដោយឲ្យភាគីក្រុមហ៊ុនបន្តរំលោភសិទ្ធិកម្មករនិងច្បាប់ការងារនៃប្រទេសកម្ពុជាតទៅទៀតនោះទេ។
កម្មកររោងចក្រហារតា (Harta Packaging Factory) ស្ថិតក្នុងភូមិអង្គសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ប្រមាណជិត ១០០នាក់ បានធ្វើបាតុកម្មដុតសំបកកង់ម៉ូតូ និងបិទច្រកចេញចូលរោងចក្រផង នៅថ្ងៃទី១៩ មិថុនា ដើម្បីទាមទារឲ្យថៅកែរោងចក្របើកប្រាក់អតីតភាពឲ្យកម្មករចំនួន ២០៦នាក់ដែលថៅកែបានបណ្ដេញចេញពីការងារ ។
សម្រែកកម្មករតាមមេក្រូសំដៅក្រុមហ៊ុន៖ «គ្នាធ្វើហ្នឹងមិនមែនចេះតែធ្វើទេ ធ្វើយូរយារហើយ បងឯងគួរតែយល់ ។ គ្នាអត់ចង់បានអី ទេបង់ តែលុយមកចប់ហើយ ។ អត់មានអីទៀតទេ»។
តំណាងកម្មករ លោក ស៊ិន មករា ថ្លែងថា ពួកគាត់បានធ្វើបាតុកម្មជាញឹកញាប់ តាំងពីថ្ងៃទី១៤ មករា ឆ្នាំ២០១៤ រហូតមក តែថៅកែនៅតែមិនព្រមចេញមុខដោះស្រាយផ្ដល់សំណងតាមការទាមទារ របស់កម្មករ និងតាមសេចក្ដីបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាលឡើយ៖ «ក្រុមប្រឹក្សាអាជ្ញាកណ្ដាលគឺបង្គាប់ឲ្យក្រុមហ៊ុនបង់ប្រាក់អតីតភាពនិងប្រាក់បំណាច់ផ្សេងៗជូនកម្មករ ហើយណាមួយទៀតឲ្យប្រធាន ... មេខ្ញុំហ្នឹងឈ្មោះ ស៊ន បូរ៉ា ឲ្យចូលធ្វើការវិញ ហើយនិង ឈុន វង់ ហើយនិង យុន សុធា ឲ្យចូលធ្វើការ ប៉ុន្តែក្រុមហ៊ុនមិនព្រមទទួលយកទេ គឺបដិសេធរហូត» ។
ពាក់ព័ន្ធនឹងការតវ៉ានេះ អ្នកទទួលបន្ទុកផ្នែករដ្ឋបាលនៃរោងចក្រហារតា លោក សូរ ភក្ដី មានប្រសាសន៍ថា ភាគីក្រុមហ៊ុនកំពុងតែគិតគូររិះរកដំណោះស្រាយ «សាច់រឿងទាំងអស់នេះយើងកំពុងតែពិចារណាទៅលើសាច់រឿងពីរករណី ។ ទី១ បើសិនជាយើងទូទាត់ទៅតាមក្រុមប្រឹក្សាអាជ្ញាកណ្ដាល ថាតើត្រូវចំណាយប្រាក់អស់ប៉ុន្មាន ? ទី២ បើសិនជាករណីដែលទី១ ដែលទៅមិនរួច យើងនឹងបង្វែរទៅផ្លូវតុលាការវិញម្ដង» ។
រោងចក្រហារតាជារោងចក្រផលិតគ្រឿងវេចខ្ចប់ដូចជាកេសស្រាបៀរជាដើម ដែលបច្ចុប្បន្នមានកម្មករសរុបប្រមាណ ៥០០នាក់ ។
នៅប្រហែលម៉ោង ១១ ព្រឹក ភាគីរោងចក្រដោយមានប៉ូលីសមួយចំនួនផង បានទម្លាយទ្វាររោងចក្រផ្នែកខាងក្រោយដែលកម្មករកំពុងតែខ្ទប់ ទំនងជាក្រុមហ៊ុនប៉ុនបងដឹកទំនិញចេញពីរោងចក្រ ។
កម្មការិនី ហៀង ចាន់ណា អះអាងថា ពួកគាត់នឹងបន្តបិទច្រកចេញចូលរោងចក្រទាំងថ្ងៃទាំងយប់ ៖ «ដើម្បីធ្វើឲ្យក្រុមហ៊ុនហ្នឹងមានដំណោះស្រាយឲ្យពួកខ្ញុំ ។ បើសិនជាអត់ធ្វើអ៊ីចឹងទេ ពួកក្រុមហ៊ុនអត់មានដំណោះស្រាយឲ្យពួកខ្ញុំ ទេពន្យា ពេលរហូត» ។
កម្មករដែលតវ៉ាបានឲ្យដឹងបន្ថែមថា រោងចក្រហារតាបានផ្លាស់ប្ដូរថៅកែជាជនជាតិម៉ាឡេស៊ីមកថៅកែជនជាតិជប៉ុនហើយក៏មានបញ្ហារហូតមក។ ក្នុងការតវ៉ាកន្លងទៅពួកគេបានទៅដល់ក្រសួងការងារជាច្រើនលើក និងបានទៅដល់ស្ថានទូតជប៉ុនផង។ ពួកគេថានឹងទៅតវ៉ាដល់ស្ថាប័នទាំងពីរនេះទៀត ហើយបើនៅតែគ្មានដំណោះស្រាយ ពួកគេនឹងទៅឲ្យដល់គេហដ្ឋាន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។