លោក ហ៊ុន សែន មិន​បារម្ភ​ពី​អាមេរិក​កាត់​ផ្ដាច់​ជំនួយ

លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា​កសិករ​នៅ​ខេត្ត​កណ្ដាល កាល​ពី​ព្រឹក​ថ្ងៃ​ទី២ សីហា ពាក់ព័ន្ធ​នឹង​បញ្ហា​នៃ​ការ​បោះ​ឆ្នោត។ ហើយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​លើក​ឡើង​ដែរ​ពាក់ព័ន្ធ​នឹង​បញ្ហា​នៃ​ការ​គំរាម​របស់​សមាជិក​សភា​សហរដ្ឋ​អាមេរិក ក្នុង​ការ​កាត់​ផ្តាច់​ជំនួយ​កម្ពុជា នា​ពេល​កន្លង​ទៅ​នោះ។

0:00 / 0:00

នៅ​ថ្ងៃ​ទី២ សីហា បន្ទាប់​ការ​បោះ​ឆ្នោត​ទើប​បាន​បញ្ចប់​រយៈពេល​ប៉ុន្មាន​ថ្ងៃ​នោះ លោក ហ៊ុន សែន បាន​ថ្លែង​ទៅ​កាន់​ប្រជា​កសិករ​នៅ​ខេត្ត​កណ្ដាល រយៈពេល​ជិត​ពីរ​ម៉ោង ពាក់ព័ន្ធ​នឹង​បញ្ហា​នៃ​ការ​បោះ​ឆ្នោត។ នៅ​ក្នុង​ពេល​នោះ លោក ហ៊ុន សែន ក៏​បាន​លើក​ឡើង​ផង​ដែរ ទាក់ទង​នឹង​ការ​គំរាម​កាត់​ផ្តាច់​ជំនួយ​របស់​សមាជិក​សភា​សហរដ្ឋ​អាមេរិក កាល​ពី​ពេល​កន្លង​ទៅ។

នៅ​មុន​ពេល​ការ​បោះ​ឆ្នោត​សភា​ជាតិ​នៅ​កម្ពុជា សមាជិក​សភា​តំណាង​រាស្ត្រ​សហរដ្ឋ​អាមេរិក ពី​ខាង​គណបក្ស​សាធារណរដ្ឋ​ប្រចាំ​រដ្ឋ​កាលីហ្វ័រញ៉ា (California) លោក ដាណា រ៉ូរ៉ាបាឃើ (Dana Rohrabacher) ធ្លាប់​បាន​គំរាម លោក ហ៊ុន សែន ថា បើ​សិន​ជា លោក ហ៊ុន សែន នៅ​តែ​មិន​ព្រម​អនុញ្ញាត​ឲ្យ លោក សម រង្ស៊ី ដែល​ជា​មេ​បក្ស​ប្រឆាំង​ចូលរួម​ការ​បោះ​ឆ្នោត​អាណត្តិ​ទី​៥ ទេ​នោះ សហរដ្ឋ​អាមេរិក នឹង​កត់ត្រា​ឈ្មោះ​របស់ លោក ហ៊ុន សែន ចូល​ក្នុង​បញ្ជី​ឈ្មោះ​ក្រុម​មេ​ដឹក​នាំ​ដែល​អាក្រក់​បំផុត​នៅ​លើ​ពិភពលោក ហើយ​ជាង​នេះ​ទៅ​ទៀត អាមេរិក នឹង​អាច​កាត់​ផ្តាច់​ជំនួយ​ដល់​កម្ពុជា ទៀត​ផង។

លោក ដាណា រ៉ូរ៉ាបាឃើ៖ «កម្ពុជា បាន​ខិតខំ​កសាង​ទំនាក់​ទំនង​ល្អ​ជាមួយ​សហរដ្ឋ​អាមេរិក រយៈពេល​ជាង ១០​ឆ្នាំ​មក​ហើយ ហើយ​ប្រសិន​បើ លោក ហ៊ុន សែន ធ្វើ​ដូច្នេះ​មែន​នោះ រូប​ខ្ញុំ​ផ្ទាល់​ក៏​ដូច​ជា​តំណាង​រាស្ត្រ​សហរដ្ឋ​អាមេរិក ទាំងអស់ នឹង​ចុះ​ឈ្មោះ លោក ហ៊ុន សែន ក្នុង​បញ្ជី​នៃ​ក្រុម​មេ​ដឹក​នាំ​អាក្រក់​ក្នុង​ពិភពលោក។ ហើយ​សហរដ្ឋ​អាមេរិក មិន​ត្រឹម​តែ​កាត់​ជំនួយ​បរទេស​របស់​ខ្លួន​ដល់​កម្ពុជា នោះ​ទេ តែ​វិនិយោគទុន​ទាំងអស់​នឹង​ត្រូវ​កាត់»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ លោក ហ៊ុន សែន ដែល​ជា​បុរស​ខ្លាំង​នៅ​កម្ពុជា បាន​ធ្វើ​ការ​ឆ្លើយ​តប​ទៅ​កាន់​សមាជិក​សភា​សហរដ្ឋ​អាមេរិក នៅ​ថ្ងៃ​សុក្រ ទី២ សីហា ថា កម្ពុជា មិន​មាន​ការ​ព្រួយ​បារម្ភ​បន្តិច​ណា​ឡើយ​អំពី​ការ​គំរាម​ផ្តាច់​ជំនួយ​ពី​សមាជិក​សភា​អាមេរិក នោះ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ លោក​ថែម​ទាំង​ជំរុញ​ឲ្យ​សហរដ្ឋ​អាមេរិក ផ្តាច់​ជំនួយ​ដែល​ផ្តល់​មក​កម្ពុជា ទៀត​ផង។ លោក​បន្ត​ថា ការ​កាត់​ផ្តាច់​ជំនួយ​របស់​អាមេរិក មិន​អាច​ជះ​ឥទ្ធិពល​ណា​មួយ​ដល់​រូប​លោក និង​រដ្ឋាភិបាល​កម្ពុជា នោះ​ទេ។ ប៉ុន្តែ លោក​អះអាង​ថា ការ​កាត់​ផ្តាច់​ជំនួយ​នេះ អាច​ធ្វើ​ឲ្យ​មាន​ការ​ប៉ះពាល់​ដល់​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន ដែល​បម្រើ​ការ​ឲ្យ​រដ្ឋាភិបាល​អាមេរិក ខ្លួន​ឯង​ប៉ុណ្ណោះ។

លោក ហ៊ុន សែន៖ «ហើយ​កុំ​អ្នក​ណា​មក​កាត់​ជំនួយ​ប៉ុណ្ណេះ កាត់​ជំនួយ​ទៅ​ពិបាក​ពេក​កាត់​ទៅ​ហ្មង​ទៅ​វា​ស្រួល កុំ​និយាយ​ច្រើន​ពេក អា​លុយ​ហ្នឹង​មិន​ដែល​បាន​មក​យើង​ទេ អ្នក​ខ្លះ​បំប៉ោង​តាំង​ពី​ទីក្រុង​វ៉ាស៊ីនតោន មក ថា​នឹង​កាត់​ជំនួយ​ប៉ុណ្ណេះៗ តែ​ខ្ញុំ​សូម​ប្រាប់​ថា អ្នក​ណា​ទទួល​ខាត​បង់​ក្នុង​ពេល​ដែល​កាត់​ជំនួយ​ហ្នឹង កាត់​មិន​មែន​ងាប់​ខ្ញុំ​ឯណា»

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ អ្នក​វិភាគ​សង្គម​ឯករាជ្យ លោក កែម ឡី បាន​អះអាង​ថា បើ​សិន​ជា​អាមេរិក សម្រេច​ចិត្ត​ផ្តាច់​ជំនួយ​មក​កម្ពុជា មែន​នោះ មិន​មែន លោក ហ៊ុន សែន និង​ក្រុម​មន្ត្រី​រដ្ឋាភិបាល​នោះ​ទេ​ដែល​ទទួល​រង​ផល​ប៉ះពាល់​នោះ៖ «ការ​ប៉ះពាល់​គ្រាន់​តែ​ប៉ះពាល់​រូបភាព​ប្រទេស​យើង នៅ​ក្នុង​ឆាក​អន្តរជាតិ ថា​ហេតុ​អី​បាន​ជា​អាមេរិក ផ្តាច់​ជំនួយ ហើយ​លាន់​ឮ​ពេញ​ពិភពលោក​តែ​ម្តង។ ប៉ុន្តែ បើ​សិន​ជា​គេ​ពិនិត្យ​បន្ថែម​ទៅ​ទៀត ហើយ​មាន​ការ​ចាប់​ដៃ​គ្នា​ជាមួយ​សហគមន៍​អឺរ៉ុប ជាមួយ​នឹង​សហគមន៍​ផ្តល់​ជំនួយ​ផ្សេងៗ​ទៀត ប៉ះពាល់​ដំបូង​គេ​បង្អស់ គឺ​ប្រជាជន​ក្រីក្រ»

កាល​ពី​ពេល​កន្លង​ទៅ គេ​ក៏​ធ្លាប់​ឃើញ លោក ហោ ណាំហុង ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​របស់​កម្ពុជា ក៏​ធ្លាប់​បាន​អះអាង​ស្រដៀង​គ្នា​ទៅ​នឹង​ការ​អះអាង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្ដីពី​ការ​គំរាម​ផ្តាច់​ជំនួយ​របស់​សហរដ្ឋ​អាមេរិក នោះ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។