លោក ហ៊ុន សែន អះអាង​ថា ប្រាក់​ខែ​គោល​កម្មករ​ខ្ពស់​ជាង​ប្រទេស​ជិត​ខាង

0:00 / 0:00

បញ្ហា​កំណត់​ប្រាក់​ខែ​គោល​របស់​កម្មករ​នៅ​តែ​ជា​បញ្ហា​ចម្រូងចម្រាស​រវាង​កម្មករ សង្គម​ស៊ីវិល បក្ស​ប្រឆាំង ជាមួយ​ថៅកែ​រោងចក្រ និង​រដ្ឋាភិបាល។ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្មីៗ​នេះ​បាន​ចោទ​ជា​សំណួរ​ថា តើ​ចង់​បាន​អ្វី​ទៀត​បើ​ប្រាក់​ខែ​គោល​របស់​កម្មករ​កាត់​ដេរ​កម្ពុជា ខ្ពស់​ជាង​ប្រទេស​ជិត​ខាង ហើយ​ថា ការ​តវ៉ា​ដំឡើង​ប្រាក់​ខែ គឺ​ជា​លេស​របស់​អ្នក​នយោបាយ​បក្ស​ប្រឆាំង។ ចំណែក​គណបក្ស​ប្រឆាំង​វិញ បាន​ឆ្លើយ​តប​យ៉ាង​ខ្លី​ថា គ្មាន​ការ​តវ៉ា​ណា​មួយ​កើត​ឡើង​ទេ ប្រសិន​បើ​កម្មករ​មាន​ជីវភាព​រស់​នៅ​សមរម្យ​នោះ។

គ្រប់​មជ្ឈដ្ឋាន​ទាំងអស់​រួម​ទាំង​អ្នក​នយោបាយ​ផង ទទួល​ស្គាល់​ថា វិស័យ​កាត់​ដេរ​បាន​ចូល​រួម​ចំណែក​ជាង​ពាក់​កណ្ដាល​ដល់​ទំហំ​សេដ្ឋកិច្ច​កម្ពុជា នៅ​ក្នុង​ឆ្នាំ​២០១៣។ វិស័យ​នេះ បាន​បង្កើត​ការងារ​ដោយ​ផ្ទាល់ និង​ដោយ​ប្រយោល​ដល់​ពលរដ្ឋ​ប្រមាណ​ជិត ៣​លាន​នាក់ ភាគ​ច្រើន​ទ្រទ្រង់​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​ជនបទ។

បច្ចុប្បន្ន វិស័យ​កាត់​ដេរ​នេះ​បាន​ក្លាយ​ជា​ប្រធាន​បទ​របស់​អ្នក​នយោបាយ​ខាង​គណបក្ស​ប្រឆាំង និង​គណបក្ស​កាន់​អំណាច​ចោទ​ប្រកាន់​រៀង​ខ្លួន។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាង​ថា គណបក្ស​ប្រឆាំង និង​សហជីព​របស់​គេ បាន​ប្រើប្រាស់​នយោបាយ​បោក​ប្រាស់​ដោយ​យក​កម្មករ​ធ្វើ​ជា​ឈ្នាន់​នយោបាយ ញុះញង់​ឲ្យ​ធ្វើ​កូដកម្ម​បាតុកម្ម​ខុស​ច្បាប់ ជាពិសេស​ទាមទារ​ប្រាក់​ឈ្នួល​ហួស​ហេតុ​ពេក ដើម្បី​បំផ្លាញ​ការ​វិនិយោគ បំផ្លាញ​ផល​ប្រយោជន៍​កម្មករ និង​បំផ្លាញ​ការងារ​របស់​យុវជន។ រាជ​រដ្ឋាភិបាល​មាន​វិធាន​ការ​ដើម្បី​ដំឡើង​ប្រាក់​ឈ្នួល​ដល់​កម្មករ ដើម្បី​ជំរុញ​ផលិតភាព និង​លើក​កម្ពស់​សុខុមាលភាព។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​ដល់​អ្នក​ធ្វើ​បាតុកម្ម​កូដកម្ម​ថា បើ​រោងចក្រ​ណា​មួយ​ត្រូវ​បិទ​ទ្វារ គឺ​អ្នក​ដែល​ញុះញង់​ជា​អ្នក​ទទួល​ខុស​ត្រូវ៖ «យើង​នឹង​រង់ចាំ​មើល រោងចក្រ​ណា​បិទ​ទ្វារ​ដោយសារ​បាតុកម្ម ឬ​កូដកម្ម​ដំឡើង​ប្រាក់​ខែ​ដល់​ទៅ​គេ​បិទ​រោងចក្រ សូម​អញ្ជើញ​កម្មករ​កម្មការិនី មេត្តា​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​អ្នក​ដែល​ញុះញង់​ហ្នឹង​រក​ការងារ​ឲ្យ​ធ្វើ​ទៅ។ រឿង​វា​អ៊ីចឹង តិច​ទៀត​តម្រិះ​ជិះ​ក​ឯង។ អា​ពេល​ហ្នឹង​ត្រូវ​លេង​គ្នា​ម្ដង»

ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជាក់​ថា ការ​អភិវឌ្ឍ​មិន​ត្រូវ​មើល​ត្រឹម​តែ​តួលេខ​នោះ​ទេ តែ​ត្រូវ​ធានា​អំពី​សុខុមាលភាព​សង្គម។ ជាក់ស្ដែង ការ​ធ្វើ​បាតុកម្ម​ទាមទារ​ដំឡើង​ប្រាក់​ខែ​កន្លង​មក ដោយសារ​តែ​ជីវភាព​រស់​នៅ​មិន​គ្រប់គ្រាន់។

អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ថា ការ​រីក​ចម្រើន​មិន​មែន​មើល​អំពី​បរិមាណ​តួលេខ​នៃ​ការ​នាំ​ចេញ​ទេ។ បើ​សិន​ជា​កម្មករ​រស់​នៅ​មាន​ប្រាក់​ខែ​មិន​គ្រប់គ្រាន់ ពួក​គេ​ត្រូវ​ចេញ​មុខ​តវ៉ា គឺ​គ្មាន​អ្នក​ណា​ទៅ​ញុះញង់​នោះ​ទេ។

របាយការណ៍​របស់​សមាគម​រោងចក្រ​កាត់​ដេរ​កម្ពុជា បាន​បង្ហាញ​ថា វិស័យ​កាត់​សម្លៀកបំពាក់​បាន​បង្កើត​ចំណូល​ជាង ៥​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ឆ្នាំ​២០១៣ ពី​ការ​នាំ​ចេញ។ ក្នុង​នោះ ទឹក​ប្រាក់​ប្រមាណ ១​ពាន់​លាន​ដុល្លារ បាន​បើក​ប្រាក់​ដល់​កម្មករ​ចំនួន ៦២​ម៉ឺន​នាក់​រៀង​រាល់​ឆ្នាំ។ អ្នក​ដែល​រស់​ពឹង​ដោយ​ប្រយោល​លើ​វិស័យ​កាត់​ដេរ មាន​ប្រមាណ ២​លាន​នាក់​ផ្សេង​ទៀត ភាគ​ច្រើន​រស់​នៅ​ជនបទ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចោទ​ជា​សំណួរ​ថា តើ​ចង់​បាន​អ្វី​ទៀត បើ​ប្រាក់​ខែ​គោល​របស់​កម្មករ​មាន​តម្លៃ​ខ្ពស់​ជាង​ប្រទេស​ជិត​ខាង​នោះ។

ទាក់ទង​បញ្ហា​នេះ របាយការណ៍​សមាគម​អាស៊ាន​បាន​បង្ហាញ​ថា ប្រទេស​ម៉ាឡេស៊ី កំណត់​ប្រាក់​ខែ​គោល​ចំនួន ២៩៦​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០១៣។ ប្រទេស​ថៃ មាន​ចំនួន ៣០០​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ។

ប្រទេស​វៀតណាម មាន​ប្រាក់​គោល​អប្បបរមា​ចំនួន ១១២​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ ដែល​អនុវត្ត​នៅ​ទីក្រុង​ហូជីមិញ (Ho Chi Minh) និង​ទីក្រុង​ហាណូយ (Hanoi) និង​ចំនួន ៧៩​ដុល្លារ​អាមេរិក នៅ​ទី​ជនបទ។ ប្រទេស​ហ្វីលីពីន បាន​កំណត់​ប្រាក់​ខែ​គោល​លើ​ការងារ​ក្រៅ​ពី​កសិកម្ម​មាន​ចន្លោះ​ពី ៣០០​ដុល្លារ ទៅ ៣៣០​ដុល្លារ​អាមេរិក ដែល​អនុវត្ត​នៅ​ទីក្រុង​ម៉ានីល។ ប្រាក់​ខែ​គោល​អប្បបរមា​នៅ​ទី​ជនបទ​វិញ មាន​ចន្លោះ​ពី ១៥០​ដុល្លារ​ទៅ ១៨០​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ។

ដោយ​ឡែក ប្រទេស​ភូមា ឬ​មីយ៉ាន់ម៉ា ជា​ប្រទេស​សមាជិក​អាស៊ាន​ដែល​ទើប​បើក​ចំហ​សេដ្ឋកិច្ច​របស់​ខ្លួន មិន​មាន​ច្បាប់​កំណត់​ប្រាក់​ខែ​គោល​អប្បបរមា​ឡើយ។ ប៉ុន្តែ ម្ចាស់​ក្រុមហ៊ុន ឬ​សហគ្រាស​នៅ​ប្រទេស​នោះ​បាន​ផ្ដល់​ប្រាក់​ខែ​ដល់​កម្មករ​យ៉ាង​តិច​បំផុត ៥៦​ដុល្លារ​ក្នុង​មួយ​ខែ។

អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បាន​អះអាង​ថា ទោះ​បី​ប្រាក់​ខែ​គោល​របស់​កម្ពុជា មាន​កម្រិត​ខ្ពស់​ជាង​ប្រទេស​មីយ៉ាន់ម៉ា ក្ដី​ប៉ុន្តែ ទំនិញ​គ្រប់​បែប​យ៉ាង និង​កត្តា​ដែល​ទ្រទ្រង់​ដល់​ផលិតកម្ម​រោងចក្រ​កាត់​ដេរ​មាន​តម្លៃ​ខ្ពស់​ជាង​គេ៖ «បើ​យើង​ក្រឡេក​មើល​ប្រទេស​ថៃ ជិត​ខាង​យើង ប្រទេស​វៀតណាម ការ​ផលិត គឺ​ថោក ដោយសារ​តែ​តម្លៃ​សេវា​សាធារណៈ ដូច​ជា​អគ្គិសនី ដូច​ជា​សាំង ហើយ​នឹង​គេ​អត់​មាន​អំពើ​ពុក​រលួយ អត់​មាន​ការ​គាប​សង្កត់ ចាយ​លុយ​ក្រោម​តុ។ អ៊ីចឹង​ហើយ គេ​មាន​ការ​ងាយ​ស្រួល បរិស្ថាន​វិនិយោគ​ហ្នឹង គឺ​ល្អ។ អ៊ីចឹង​ហើយ បាន​ជា​គេ​ផលិត​ទៅ​គេ​អាច​រក​ផល​ចំណេញ​បាន»

រដ្ឋាភិបាល​បាន​ប្រកាស​ថា អត្រា​ភាព​ក្រីក្រ​កម្ពុជា មាន​អត្រា ៣% នៅ​ឆ្នាំ​២០១៣ បើ​ធៀប​នឹង​ប្រទេស​វៀតណាម ៧.៥% និង​បង់ក្លាដេស ៧% និង​ប្រទេស​ឡាវ ៦%។ ផ្ទុយ​ទៅ​វិញ ការ​អង្កេត​ថ្លៃ​ទំនិញ​ប្រចាំ​ខែ​កំឡុង​ឆ្នាំ​២០១៣ របស់​វិទ្យាស្ថាន​បណ្ដុះ​បណ្ដាល និង​ស្រាវជ្រាវ ដើម្បី​អភិវឌ្ឍន៍​កម្ពុជា រក​ឃើញ​ថា ថ្លៃ​ទំនិញ​ប្រចាំ​ខែ​បាន​កើន​ឡើង​ជាង ១% លើ​ថ្លៃ​ស្បៀង​អាហារ និង​ភេសជ្ជៈ​គ្មាន​ជាតិ​ស្រា។

ចំណែក​របាយការណ៍​ថ្លៃ​ប្រេង​សាំង​សកល​បាន​បង្ហាញ​ថា ប្រេង​សាំង​នៅ​កម្ពុជា មាន​តម្លៃ ៥.០០០​រៀល​ក្នុង​មួយ​លីត្រ បង់ក្លាដេស ៣.៥០០​រៀល ថៃ ៣.៦០០​រៀល ប្រទេស​វៀតណាម និង​ហ្វីលីពីន មាន​តម្លៃ ៤​ពាន់​រៀល​ក្នុង​មួយ​លីត្រ។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ អ្នក​នយោបាយ​តែង​អះអាង​ដោយ​យក​ត្រូវ​រៀងៗ​ខ្លួន។ ប៉ុន្តែ អ្នក​សេដ្ឋកិច្ច​បាន​សង្កេត​ឃើញ​ថា ផល​លំបាក​ពីរ​ដែល​ម្ចាស់​រោងចក្រ​មិន​អាច​ដំឡើង​ប្រាក់​ខែ​ឲ្យ​កម្មករ​បាន គឺ​ទី​មួយ ការ​ចំណាយ​ក្រៅ​ផ្លូវ​ការ ឬ​អំពើ​សូកប៉ាន់​ខ្ពស់ និង​ទី​ពីរ ការ​ទទួល​ផល​ចំណេញ​ខ្ពស់​របស់​ម្ចាស់​រោងចក្រ។ កត្តា​ទាំង​ពីរ​នេះ អាច​ប៉ះពាល់​ដល់​ភាព​ប្រកួត​ប្រជែង​ផលិតភាព​របស់​រោងចក្រ (country comparative advantage) និង​ផលិតភាព​របស់​កម្មករ។

អ្នក​វិភាគ​សេដ្ឋកិច្ច លោក ស្រី ចន្ធី មាន​ប្រសាសន៍​ថា ប្រសិន​បើ​ម្ចាស់​រោងចក្រ​ប្រឈម​លើ​ការ​ចំណាយ​ក្រៅ​ផ្លូវ​ការ​ពិត​ប្រាកដ​មែន លទ្ធភាព​ដំឡើង​ប្រាក់​គោល​ដល់​កម្មករ គឺ​ជា​រឿង​មួយ​លំបាក។ ប៉ុន្តែ តំណាង​ខាង​សមាគម​រោងចក្រ​កាត់​ដេរ បាន​អះអាង​ថា ការ​ដំឡើង​ប្រាក់​ខែ​គោល​ដល់​កម្មករ ត្រូវ​ឡើង​ទៅ​តាម​ផលិតភាព​ការងារ។

របាយការណ៍​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ បាន​វាយ​តម្លៃ​អំពី​លក្ខខណ្ឌ​ការងារ​សមរម្យ​នៅ​កម្ពុជា រយៈពេល​ប្រាំ​ឆ្នាំ ចាប់​ពី​ឆ្នាំ​២០១១ ដល់​ឆ្នាំ​២០១៥ បង្ហាញ​ថា ផលិតភាព​ពលកម្ម​កម្ពុជា មាន​កម្រិត​ទាប​ជាង​ប្រទេស​សមាជិក​ដទៃ​នៅ​អាស៊ាន។ ទោះ​បី​ជា​កម្មករ​កាត់​ដេរ​កម្ពុជា មាន​ផលិតភាព​ទាប​ជាង​គេ ប៉ុន្តែ​ស្ថាប័ន​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា កម្មករ​ម្នាក់​ជួយ​ឲ្យ​ថៅកែ​រោងចក្រ​ទទួល​បាន​ផល​ចំណេញ​យ៉ាង​ហោច​ណាស់​ចំនួន ២៨០​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ ហើយ​កម្ពុជា មាន​កម្មករ​សរុប​ចំនួន ៦២​ម៉ឺន​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។