ប្រជានេសាទ និងសង្គមស៊ីវិល ខេត្តព្រះសីហនុ អះអាងថា ទូកនេសាទប្រើឧបករណ៍ខុសច្បាប់ របស់ជនជាតិវៀតណាម រាប់សិបគ្រឿង បានចូលមកចាប់មច្ឆា(ត្រី)សមុទ្រគ្រប់ប្រភេទយ៉ាងអនាធិបតេយ្យ ក្នុងដែនសមុទ្រខេត្តព្រះសីហនុ ហើយគ្មានសមត្ថកិច្ចបង្ក្រាបឬទប់ស្កាត់ទេ។
ករណីនេះសមត្ថកិច្ចជំនាញដែនសមុទ្រ ថ្លែងថានឹងពិនិត្យ ចំពោះបទល្មើសនេសាទទាំងនេះ ដើម្បីចាត់វិធានការបង្ក្រាបឲ្យមានប្រសិទ្ធភាព។
ប្រជានេសាទឈ្មោះ អ៊ឹង ដាន់ រស់នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ស្ថិតក្នុងចំណោមអ្នកនេសាទសមុទ្រច្រើនទៀត បានអះអាងថា ទូកអូសគូ និងទូកភ្លើងរបស់អ្នកនេសាទជនជាតិវៀតណាម មិនតិចជាង ១រយគ្រឿងទេ ក្នុង១យប់ៗ បានចូលមកនេសាទខុសច្បាប់ក្នុងដែនសមុទ្រខេត្តព្រះសីហនុ ។
លោកបន្តថាបទល្មើសទាំងនេះ បានធ្វើសកម្មភាពចន្លោះពីកោះរ៉ុង ទៅកោះតាង ប៉ុន្តែនៅពេលថ្ងៃ ទូកនេសាទល្មើសទាំងនោះ បានចូលមកចតនៅជុំវិញបរិវេណកោះតាង។ ហើយថាមន្ត្រីជំនាញមិនពិបាករកទេ បើមានឆន្ទៈពិតប្រាកដក្នុងការបង្ក្រាប។
អ្នកនេសាទរូបនេះបន្ថែមថាពេលរូបលោកនិងអ្នកនេសាទ ដទៃទៀត ចេញទៅនេសាទសមុទ្រនៅពេលយប់ គឺឃើញទូកនេសាទគូ និងទូកភ្លើងដែលប្រើឧបករណ៍ល្មើសទាំងនោះ ធ្វើសកម្មភាពរាល់យប់ ដោយមិនឃើញសមត្ថកិច្ចចុះបង្ក្រាបទេ។
ប្រជានេសាទស្រុកស្ទឹងហាវ ឲ្យដឹងទៀតថា មច្ឆាសមុទ្រគ្រប់ប្រភេទ ទំនងជានឹងត្រូវផុតពូជ បើមន្ត្រីជំនាញ គ្មានវិធានការបង្ក្រាបទូកភ្លើង និងទូកគូធំៗ របស់ជនជាតិវៀតណាម ចូលនេសាទ ក្នុងដែនសមុទ្រខេត្តព្រះសីហនុឲ្យមានប្រសិទ្ធភាព៖ «ទូកអូសគូខាងវៀតណាមមកច្រើនណាស់ គឺមុខមងវាជាប់ប្រហែល ៣រយម៉ែត្រឯណោះ។ នៅបន្ទាប់ពីកោះតាងហ្នឹងមានច្រើន គឺមានជាប់ប្រហែល ៣០ ទៅ ៤០គូរឯណោះ។ បើទូកភ្លើងវិញរាប់មិនអស់ទេ នៅពេលយប់ទូកនេះចេញមកហើយ មានភ្លើងភ្លឺពេញសមុទ្រ គឺពេលបើកភ្លើងបែកភ្នែកអស់ហើយត្រី វាព័ទ្ធយកអស់ហើយៗយើងរកស៊ីទៅខាងតំបន់ហ្នឹងមិនបានទេ។ ច្រើនណាស់ទូកភ្លើងហ្នឹងរាប់មិនអស់ទេ គឺរាប់រយគ្រឿង ចាប់ពីកោះប្ញស្សីជាដើមមកឃើញហើយ»។
ប្រជានេសាទផ្សេងទៀត នៅឃុំអូត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ថ្លែងក្នុងលក្ខខណ្ឌមិន បញ្ចេញឈ្មោះបានឲ្យដឹងថា ការដែលជនជាតិវៀតណាម អាចចូលនេសាទប្រើឧបករណ៍ខុសច្បាប់ ក្នុងដែនសមុទ្រខេត្តព្រះសីហនុ ដោយគ្មានការបង្ក្រាបពីសមត្ថកិច្ច ទំនងជាមានការឃុបឃិតពីសមត្ថកិច្ចជំនាញស្ថាប័នមួយចំនួន នៅពីក្រោយបទល្មើសនេះ។ មិនខុសអ្វីពីពាក្យដែលថា «បើខ្មោចស្រុកមិនឲ្យដៃខ្មោចព្រៃមិនហ៊ានទេ»។
បញ្ហានេះដែរ លោក អ៊ុំ ដេង ប្រធានសហគមន៍នេសាទឃុំអូត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានទទួលស្គាល់ថា ពិតជាមានបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់ មានដូចជាទូកគូ និងទូកភ្លើងធំៗ របស់អ្នកនេសាទជនជាតិវៀតណាម ចូលធ្វើសកម្មភាពពេលយប់ នៅក្នុងដែនសមុទ្រ ខេត្តព្រះសីហនុ គ្មានការបង្ក្រាបពិតមែន។ ប៉ុន្តែលោកក៏មិនដឹងពីមូលហេតុអ្វី ដែលមន្ត្រីជំនាញខេត្តព្រះសីហនុ គ្មានវិធានការបង្ក្រាបទៅលើបទល្មើសនេសាទសមុទ្រនេះទេ។ គ្រាន់តែដឹងថា បទល្មើសដោយប្រើទូកគូ និងទូកភ្លើងធំៗ របស់អ្នកនេសាទវៀតណាម មានចំនួនរាប់រយគ្រឿង បានធ្វើសកម្មភាពនេសាទអនាធិបតេយ្យ៖ «បើតាមខ្ញុំឃើញទូកគូហ្នឹងប្រហែលជា ៣០គ្រឿង ហើយទូកភ្លើងហ្នឹងព្រោងព្រាតទាំងអស់។ ហើយបើតាមខ្ញុំធ្លាប់ទៅឃើញទូកភ្លើងខ្ញុំមិនហ៊ានវ៉ៃឲ្យច្រើនពេកទេ គឺមានចំនួនពី ៨០ ទៅ ៩០គ្រឿង គឺភ្លឺពេញផ្ទៃសមុទ្រទាំងអស់។ ហើយអាបញ្ហាភ្លើងហ្នឹង គឺត្រីទាំងអស់ទាំងតូចធំ បានទៅរោមភ្លើងដើម្បីវាមកស៊ីសត្វល្អិត ហើយត្រីតូចវាស៊ីត្រីតូច អាធំវាស៊ីអាធំបន្តគ្នាអញ្ចឹងទៅ រហូតដល់គេព័ទ្ធម៉ាអួនៗវាហ្នឹងមានត្រីរាប់សិបតោន»។
លោក អ៊ុំ ដេង អះអាងថាបទល្មើសទូកនេសាទវៀតណាម ចូលនេសាទក្នុងដែនសមុទ្រនាខេត្តព្រះសីហនុ មន្ត្រីរាជការថ្នាក់ក្រោម និងពលរដ្ឋរស់នៅក្នុងខេត្តនេះ បានដឹងឮគ្រប់ៗគ្នា ប៉ុន្តែមិនដឹងថា មានអ្វីនៅពីក្រោយបទល្មើសនេះទេ ទើបសមត្ថកិច្ចមិនបង្ក្រាបបទល្មើសនេះទៅវិញ។
ទាក់ទិនបទល្មើសនេះ លោក ពុំ ស៊ីថា ប្រធានអធិការដ្ឋានបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ នៃប្រទេសកម្ពុជា ដែលមានស្នាក់ការ ឬការិយាល័យ នាខេត្តព្រះសីហនុ បានគេចវេះមិនធ្វើអត្ថាធិប្បាយ ជុំវិញបទល្មើសនេះទេ តាមទូរស័ព្ទ ដោយនិយាយខ្លីថាច្រឡំលេខ។ ទោះយ៉ាងណា លោក ស៊ិន ផល្គុន អនុប្រធានអធិការដ្ឋានបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ ខេត្តព្រះសីហនុ បញ្ជាក់ថាមន្ត្រីជំនាញកំពុងចុះបង្ក្រាបបទល្មើសនេះ បន្ទាប់ពីបានទទួលព័ត៌មានពីសហគមន៍ មន្ត្រីសង្គមស៊ីវិល និងអ្នកសារព័ត៌មាន។
លោករអ៊ូរទាំថាដោយសារតែមន្ត្រីជំនាញលោកមិនមានមធ្យោបាយ ឬនាវាល្បាតសមុទ្រឲ្យទំនើបៗ ទើបបទល្មើសកើតមានអនាធិបតេយ្យ ហើយមិនមានវិធានការបង្ក្រាបឲ្យបានទាន់ពេល។ ប៉ុន្តែលោកថា នឹងពិនិត្យជុំវិញបទល្មើស ដែលអ្នកនេសាទជនជាតិវៀតណាម ចូលមកនេសាទខុសច្បាប់ ក្នុងដែនសមុទ្រខេត្តព្រះសីហនុ នាថ្ងៃអនាគត៖ «បើសិនជាលោកជ្រាបថានាវារបស់អធិការកិច្ចជលផលខ្ញុំហ្នឹង អាល្បឿនក៏វាយឺត ហើយក៏ចាស់ទ្រុឌទ្រោម។ និយាយរួមមធ្យោបាយក៏លំបាកព្រោះនានានេះ ត្រូវគេប្រើនៅមុនឆ្នាំ១៩៧៩ទៅទៀត។ ពីមុននាវានេះគេធ្វើសម្រាប់នេសាទ។ ទោះបីយ៉ាងណាក៏ដោយ យើងប្រឹងប្រែងឲ្យអស់លទ្ធភាពដើម្បីការពារ ។ បទបញ្ជាពីថ្ងៃម្សិលមិញ ហ្នឹងគឺអនុញ្ញាតឲ្យនាវាហ្នឹងចេញប្រតិបត្តិការ។ យើងដឹងព័ត៌មានពីសង្គមស៊ីវិល និងអ្នកសារព័ត៌មានមួយចំនួន បំពេញការងារបទល្មើសហ្នឹង»។
បញ្ហានេះដែរ លោក សុខ សុខុម ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា ឬហៅកាត់ស៊ីអិនរ៉ូ (CNRO) ប្រចាំខេត្តព្រះសីហនុ បានឲ្យវិទ្យុអាស៊ីសេរីដឹងថា អ្នកនេសាទជនជាតិវៀតណាម បានប្រើទូកភ្លើង និងទូកគូរាប់សិបគ្រឿង ចូលធ្វើសកម្មភាពក្នុងដែនសមុទ្រខេត្តព្រះសីហនុ នៅពេលយប់ពិតមែន។

លោកអះអាងថាបទល្មើសនេសាទនេះ លោកមានឯកសារ និងភស្តុតាងគ្រប់គ្រាន់ សម្រាប់ផ្តល់ជូនមន្ត្រីជំនាញ បើសិនមន្ត្រីជំនាញណាមួយហ៊ាន ចេញមុខបដិសេធន៍ ឬមិនទទួលស្គាល់ បទល្មើសទូកនេសាទវៀតណាម ចូលធ្វើសកម្មភាពក្នុងដែនសមុទ្រខេត្តព្រះសីហនុ៖ «លើផ្ទៃសមុទ្រហ្នឹងនៅពេលយប់ហាក់បីដូចជាទីក្រុង នៅលើផ្ទៃសមុទ្រអ៊ីចឹង។ ពេលនោះមច្ឆាជាតិទាំងឡាយត្រូវខូចភ្នែកទាំងអស់។ និយាយរួមត្រីដែលគេបាញ់ភ្លើងហ្វារដាក់ហ្នឹងត្រូវខូចភ្នែក ឬបែកភ្នែក ហើយត្រូវគេព័ទ្ធមងយកទាំងត្រីតូច ត្រីធំ គឺគ្មានត្រាប្រណីទេ។ ហើយគ្មានសមត្ថកិច្ចណាទៅបង្ក្រាបបទល្មើសនេសាទ ដែលកំពុងតែ បង្កភាពអនាធិបតេយ្យ នៅក្នុងសមុទ្រកម្ពុជាទេ» ។
លោក សុខ សុខុម ប្រធានអង្គការស៊ីអិនរ៉ូ ខេត្តព្រះសីហនុ មានការភ្ញាក់ផ្អើល និងរន្ធត់ កាលបើចុះអង្កេតផ្ទាល់ ហើយឃើញទូកភ្លើងធំៗ របស់អ្នកនេសាទវៀតណាមរាប់សិបគ្រឿង ចូលនេសាទខុសច្បាប់ ក្នុងដែនសមុទ្រ ខេត្តព្រះសីហនុ នៅពេលយប់ ហើយគ្មានការបង្ក្រាបពីសមត្ថកិច្ច។
លោកថាបទល្មើសនេសាទដោយប្រើទូកភ្លើង និងទូកអូសគូ ដើម្បីនេសាទមច្ឆាសមុទ្រ របស់អ្នកនេសាទវៀតណាម ស្ទើរក្លាយទៅជាទីក្រុងបណ្ដែតទឹកដ៏ប្រណិតមួយ នៅលើផ្ទៃសមុទ្រ ខេត្តព្រះសីហនុ ព្រោះមានភ្លើងចម្រុះពណ៌ ភ្លឺចែងចាំងលើលំហសមុទ្រ៖ «នេះគឺជាភាពអនាធិបតេយ្យមួយខាងបរទេសមកលើ ដែនដីសមុទ្រកម្ពុជា របស់យើងនេះ។ តើសមត្ថកិច្ចដែលមានតួនាទី នៅលើដែនសមុទ្រហ្នឹង នៅឯណា ? ហេតុអីមិនទៅបង្ក្រាប បទល្មើសភាពអនាធិបតេយ្យនេសាទនៅក្នុងដែនសមុទ្រកម្ពុជាពេលនេះ។ ក្នុងនាមពលរដ្ឋខ្មែរឈឺចាប់ណាស់ ដែលគេមកបំពានរៀបនេះ។ សមត្ថកិច្ចជំនាញមានតាំងថ្នាក់ជាតិ ថ្នាក់កណ្ដាល និងថ្នាក់ក្រោមជាតិ។ តើសមត្ថកិច្ចហ្នឹងនៅឯណាម្ដេចមិនមកបង្ក្រាបបទល្មើសនៅលើផ្ទៃសមុទ្រនេះ ឬមួយករណី ដែលគេមកប្រព្រឹត្តបទល្មើសនៅលើដែនសមុទ្រប្រទេសកម្ពុជានេះ បានលាបសក្ការសម្រាប់អស់លោក បានជាអស់លោកមិនមកបង្ក្រាប ?»។
ទាក់ទិនបញ្ហានេះ លោក ឈិត សុខុន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា នឹងសហការណ៍រាល់ការផ្ដល់ព័ត៌មានជុំវិញបទល្មើសផ្សេងៗ ដើម្បីឈានដល់លុបបំបាត់ ឬបង្ក្រាបឲ្យមានប្រសិទ្ធភាព។ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋ ឬផ្នែកពាក់ព័ន្ធជួយផ្ដល់ព័ត៌មានពិត នៃប្រភេទបទល្មើសផ្សេងៗ ឬទីតាំងបង្កល្មើស ឲ្យបានត្រឹមត្រូវ ដើម្បីងាយបញ្ជូនកម្លាំងបង្ក្រាបឲ្យចំគោលដៅ។
យ៉ាងណាក៏ដោយប្រជានេសាទ និងសហគមន៍នេសាទខេត្តព្រះសីហនុ មានរំពឹងតិចតួច ចំពោះចំណាត់ការ ឬវិធានការណ៍បង្ក្រាប របស់សមត្ថកិច្ចជំនាញខេត្តព្រះសីហនុ ព្រោះយល់ថា បទល្មើសនេសាទសមុទ្រ ដែលអាចធ្វើសកម្មភាពនៅក្នុងដែនសមុទ្រ ខេត្តព្រះសីហនុ គឺសមត្ថកិច្ចជំនាញមួយចំនួន ក្នុងខេត្តនេះជាអ្នកបើកដៃ ឬនៅពីក្រោយបទល្មើសទាំងនេះ ទើបកន្លងមកគ្មានការបង្ក្រាបឬទប់ស្កាត់ឲ្យមានប្រសិទ្ធភាព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។