រដ្ឋបាលក្រុង-ខេត្តព្រះសីហនុ ព្រមានចាត់វិធានការតាមផ្លូវច្បាប់ ទៅលើម្ចាស់សំណង់ដែលសង់គ្មានច្បាប់អនុញ្ញាត ប៉ះពាល់ដល់ដីចំណីផ្លូវសាធារណៈ និងតំបន់ឆ្នេរសមុទ្រខេត្តនេះ។ ប៉ុន្តែ មន្ត្រីឃ្លាំមើលសង្គម គ្មានជំនឿថា អាជ្ញាធរ នឹងចុះអនុវត្តការងារនេះ មានប្រសិទ្ធភាពទេ។
រដ្ឋបាលក្រុងខេត្តព្រះសីហនុ ព្រមានប្រជាពលរដ្ឋ និងអាជីវករលក់ដូរ មិនឲ្យសង់សំណង់ថ្មី ដែលគ្មានច្បាប់ បន្តកើតមាននៅតាមតំបន់ឆ្នេរទៀតទេ ហើយក្នុងករណីមិនគោរពតាមទេ អាជ្ញាធរនឹងបញ្ជូនសំណុំរឿងនេះទៅកាន់តុលាការផ្ដន្ទាទោស។
អភិបាលរងក្រុងព្រះសីហនុ លោក សន កុសល ដែលបានដឹកនាំមន្ត្រីចុះទៅណែនាំដល់អាជីវករអ្នកលក់ដូរ នៅតាមតំបន់ឆ្នេរ កាលពីព្រឹកថ្ងៃទី២១ ខែវិច្ឆិកា មានប្រសាសន៍ថា ចាប់ពីពេលនេះតទៅ អាជីវករលក់ដូរនៅតាមដងផ្លូវសាធារណៈនានា ជាពិសេសតាមតំបន់ឆ្នេរសមុទ្រ ដែលមានសង់រោង ឬស្តង់លក់ដូរវត្ថុអនុស្សាវរីយជូនភ្ញៀវទេសចរ ត្រូវរៀបចំឲ្យមានរបៀបរៀបរយ។
មន្ត្រីរូបនេះ ស្នើដល់ប្រជាពលរដ្ឋ ឬអាជីវករលក់ដូរត្រូវចូលរួមអនុវត្តតាមការណែនាំ របស់រដ្ឋបាលក្រុង-ខេត្តឲ្យបានទាំងអស់គ្នា ដើម្បីជៀសផុតពីការពិន័យ ឬផ្ដន្ទាទោស។
លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានអំពាវនាវដល់ប្រជាពលរដ្ឋ និងវិស័យឯកជននាមូលដ្ឋាននេះ មិនត្រូវបើកការដ្ឋានសាងសង់សំណង់អ្វីមួយ ដោយគ្មានច្បាប់អនុញ្ញាតពីអាជ្ញាធរស្ថាប័នពាក់ព័ន្ធជាមុននោះទេ៖ «ចំពោះមុខហ្នឹងដូចបងប្អូនដឹងស្រាប់ហើយ គឺថ្មីៗហ្នឹងអាជ្ញាធររដ្ឋបាលក្រុង និងរដ្ឋបាលខេត្តព្រះសីហនុព្រមទាំងសមត្ថកិច្ចជំនាញពាក់ព័ន្ធមួយចំនួន បានរួមគ្នា ចុះវាយកម្ទេចសំណង់សង់អត់ច្បាប់មួយចំនួនចោល។ ហើយករណីនេះ តទៅថ្ងៃខាងមុខទៀត រដ្ឋបាលក្រុងខេត្ត នឹងចុះអនុវត្តជាបន្តទៅលើរាល់សំណង់រំលោភទៅលើដីចំណីឆ្នេរ និងសង់រំលោភដីចំណីផ្លូវសាធារណៈជាដើម តម្រូវឲ្យម្ចាស់សំណង់ទាំងនោះវាយសំណង់ទាំងនោះចោលវិញ។ ករណីនេះ រដ្ឋបាលខេត្តព្រះសីហនុ បានស៊ីញ៉េលិខិតរំលឹកដល់អភិបាលក្រុង និងស្រុកទាំងអស់ នាមូលដ្ឋានខេត្តព្រះសីហនុ ឲ្យត្រួតពិនិត្យឡើងវិញ ការពារទប់ស្កាត់ ដីចិញ្ចើមផ្លូវសាធារណៈដែលកន្លងមក ត្រូវប្រជាពលរដ្ឋភាគច្រើនបានសង់សំណង់ផ្សេងៗរំលោភ»។
បន្ថែមលើនេះ រដ្ឋបាលខេត្តព្រះសីហនុ ក៏តម្រូវឲ្យរដ្ឋបាលសង្កាត់នីមួយៗ ត្រូវរៀបចំសណ្ដាប់ធ្នាប់តាមផ្លូវសាធារណៈ ទីប្រជុំជនក្នុងក្រុង តាមទីផ្សារ ឲ្យមានសោភ័ណភាព ជាពិសេសនៅតាមឆ្នេរសមុទ្រ ត្រូវសម្អាតអនាម័យបរិស្ថានជាប្រចាំ ដោយត្រូវអនុវត្តចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៧តទៅ។
ទាក់ទិនបញ្ហានេះ មន្ត្រីរាជការថ្នាក់ទាប និងអាជីវករមានមុខរបរតូចតាច បានរិះគន់ រដ្ឋបាលក្រុង-ខេត្តព្រះសីហនុ ថា កន្លងមកនេះ បានអនុវត្តច្បាប់សំណង់ មិនបានស្មើភាពគ្នាចំពោះមុខច្បាប់ រវាងមន្ត្រីមានអំណាច ឈ្មួញមានទ្រព្យ និងពលរដ្ឋក្រីក្រអត់បុណ្យស័ក្ដិ ឬគ្មានខ្នងបង្អែកនោះទេ។
អ្នកស្រី ជៀប សុធារី អ្នកសម្របសម្រួលសមាគមអាដហុក (Adhoc) ប្រចាំខេត្តព្រះសីហនុ បានកត់សម្គាល់ថា អាជ្ញាធរខេត្តនេះ អនុវត្តច្បាប់សំណង់ មិនទាន់ត្រឹមត្រូវទេ ដោយភាគច្រើនលម្អៀង ទៅលើភាគីមន្ត្រីមានអំណាច និងឈ្មួញមានទ្រព្យខ្លះ ដែលជាម្ចាស់សំណង់សង់អត់ច្បាប់ទាំងនោះ៖ «នៅខេត្តព្រះសីហនុពេលបច្ចុប្បន្ននេះសំណង់អាគារធំៗ កំពុងតែរីកដុះដាល ហើយអ្នកសាងសង់សំណង់ធំៗទាំងអស់ហ្នឹង គឺអ្នកខ្លះសង់អត់ទាន់មានច្បាប់ទេ ហើយរហូតមកដល់ពេលនេះយើងឃើញថា ការសាងសង់ នៅតែបន្តដំណើរការរហូត ដោយមិនឃើញមានអាជ្ញាធរហាមឃាត់នោះទេ។ ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋសាមញ្ញ គ្រាន់តែពួកគាត់សង់សំណង់រោង ឬតូបលក់ដូរ តិចតួច ត្រូវបានអាជ្ញាធរដឹកនាំកម្លាំងចុះរុះរើ កម្ទេចចោល។ ករណីនេះយើងខ្ញុំគ្រាន់តែសំណូមពរថា ច្បាប់តែមួយដូចគ្នា ទីកន្លែងតែមួយដូចគ្នា ហេតុអ្វីបានជាមានស្តង់ដារពីរ។ យើងគិតថា ប្រសិទ្ធភាពនៃ ការគោរពច្បាប់ហ្នឹង សូមឲ្យបានស្មើភាពគ្នា និងស្នើឲ្យមានវិធានការអនុវត្តដាក់ពិន័យដាក់ទោសជាដើមហ្នឹង ឲ្យបានដូចៗគ្នាផង»។ )
អ្នកឃ្លាំមើលផែនការអភិវឌ្ឍសង្គម ស្នើដល់លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាពិសេសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យជួយពិនិត្យទៅលើប្រសិទ្ធភាព នៃការចុះអនុវត្តច្បាប់សំណង់ របស់អាជ្ញាធរខេត្តព្រះសីហនុ ដើម្បីឈានទៅពង្រឹងច្បាប់សំណង់ ឲ្យបានជោគជ័យ និងស្មើភាព រវាងប្រជាពលរដ្ឋសាមញ្ញ អ្នកមានទ្រព្យ និងមន្ត្រីមានអំណាច ដើម្បីជៀសឲ្យផុតពីមតិរិះគន់ផ្សេងៗពីសាធារណជន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។