Opens in new windowប្រជាពលរដ្ឋនៅស្រុកឯកភ្នំ ខេត្តបាត់ដំបង កំពុងព្រួយបារម្ភបញ្ហានេសាទដោយប្រើឧបករណ៍ណរ៉ាវទ្រង់ទ្រាយធំ ធ្វើសកម្មភាពសេរីនៅតំបន់ឡូនេសាទឃុំព្រៃចាស់ ហើយពុំមានសមត្ថកិច្ចណាចុះបង្ក្រាបនៅឡើយទេ។ អ្នកភូមិអះអាងថា កន្លងមក សមត្ថកិច្ចជលផលចុះធ្វើការទប់ស្កាត់ម្ដងម្កាលដែរ ប៉ុន្តែការបង្ក្រាបនោះពុំទទួលបានលទ្ធផលទេ។
ប្រជាពលរដ្ឋនៅស្រុកឯកភ្នំ អំពាវនាវឲ្យប្រធានរដ្ឋបាលជលផលខេត្តបាត់ដំបង និងមន្ត្រីពាក់ព័ន្ធ ចាត់វិធានការទប់ស្កាត់ការធ្វើនេសាទត្រីដោយខុសច្បាប់ជាបន្ទាន់ ដើម្បីរក្សាសម្បត្តិធនធានមច្ឆជាតិរបស់រដ្ឋ ទុកឲ្យប្រជាពលរដ្ឋធ្វើនេសាទជាលក្ខណៈគ្រួសារដោយស្របច្បាប់ ដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃនៅពេលខាងមុខ។
ប្រជាពលរដ្ឋមួយចំនួនរស់នៅភូមិបាក់ព្រា ឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ថ្លែងនៅថ្ងៃទី៣០ កញ្ញា ថា ការធ្វើនេសាទត្រីដោយប្រើឧបករណ៍ណរ៉ាវទ្រង់ទ្រាយធំប្រមាណពី ៥០០ ទៅជាង ១ពាន់ម៉ែត្រជាច្រើនកន្លែង រួមមាននៅក្រោយសាលាឃុំព្រៃចាស់ នៅតំបន់ឡូនេសាទលេខ៦ និងនៅភូមិបាក់ព្រា ជាដើម ធ្វើសកម្មភាពខ្លាំងប្រមាណ ២ខែមកហើយ ពុំមានសមត្ថកិច្ចណាចុះទប់ស្កាត់ឲ្យមានប្រសិទ្ធភាពនោះទេ។ អ្នកភូមិអះអាងថា សកម្មភាពនេសាទនេះធ្វើឡើងដោយក្រុមអ្នកមានលុយមានកាក់ ឃុបឃិតគ្នាជាមួយអាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋាន៖ «សព្វថ្ងៃត្រីថយចុះជាងឆ្នាំមុនៗច្រើនណាស់ ព្រោះឥឡូវពួកខ្ញុំរកត្រីក្នុងមួយថ្ងៃមិនបាន ៣គីឡូក្រាមផង ពីព្រោះថាអាជ្ញាធរមិនទប់ស្កាត់ការធ្វើនេសាទខុសច្បាប់»។
ឆ្លើយតបនឹងបញ្ហានេះ ប្រធានរដ្ឋបាលជលផលខេត្តបាត់ដំបង លោក ជួង សុភា មានប្រសាសន៍ថា ពុំមានការធ្វើនេសាទត្រីខុសច្បាប់ទ្រង់ទ្រាយធំ កើតឡើងនៅក្នុងឃុំព្រៃចាស់ នោះទេ។ លោកអះអាងថា កាលពីថ្ងៃទី២៥ កញ្ញា កន្លងទៅ លោកបាននាំកម្លាំងចុះទៅបង្ក្រាបនៅតំបន់ឡូនេសាទលេខ៦ នៅភូមិបាក់ព្រា ហើយទប់ស្កាត់បានជាច្រើនកន្លែង។ លោកបញ្ជាក់ថា សមត្ថកិច្ចជលផលពុំមានពាក់ព័ន្ធនឹងការធ្វើនេសាទខុសច្បាប់ជាមួយប្រជាពលរដ្ឋនោះទេ៖ «គ្មានការធ្វើនេសាទខុសច្បាប់នៅក្រោយសាលាឃុំព្រៃចាស់ ទេ ព្រោះអីនៅក្រោមសាលាឃុំនោះ កម្ពស់ទឹកមិនដល់កន្លះម៉ែត្រផង»។
ទោះជាយ៉ាងនេះក្ដី ប្រជាពលរដ្ឋអះអាងថា កន្លងមក សមត្ថកិច្ចចុះទៅបង្ក្រាបបទល្មើសនេសាទខ្លះមែន ប៉ុន្តែការទប់ស្កាត់នោះធ្វើឡើងជាលក្ខណៈគោះទឹកបង្អើលត្រី និងពុំមានប្រសិទ្ធភាពឡើយ។
ទាក់ទងនឹងបញ្ហានេះដែរ មន្ត្រីសម្របសម្រួលនៃសហគមន៍សម្ពន្ធភាព ដើម្បីអភិរក្សធនធានជលផលតំបន់បឹងទន្លេសាប អ្នកស្រី នូ សារឹម មានប្រសាសន៍ថា ការប្រើឧបករណ៍នេសាទទ្រង់ទ្រាយធំដោយខុសច្បាប់នៅតំបន់នេសាទស្រុកឯកភ្នំ ខេត្តបាត់ដំបង កើតមានជាច្រើនកន្លែង។ អ្នកស្រីអះអាងថា អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជលផលខេត្ត ហាក់ខ្វះការយកចិត្តដាក់ក្នុងការទប់ស្កាត់ឲ្យមានប្រសិទ្ធភាព ពីព្រោះការបង្ក្រាបកន្លងមក សមត្ថកិច្ចច្រើនទប់ស្កាត់ទៅលើប្រជាពលរដ្ឋធ្វើនេសាទតូចតាច។ ចំណែកឯអ្នកដែលប្រព្រឹត្តបទល្មើសនេសាទទ្រង់ទ្រាយធំ នៅតែបន្តសកម្មភាពដដែល៖ «ខ្ញុំគិតថា បើសិនជាសមត្ថកិច្ចពាក់ព័ន្ធអនុវត្តទៅតាមច្បាប់ជលផល ការធ្វើនេសាទដោយខុសច្បាប់នឹងថយចុះ ពីព្រោះកាលពីរដ្ឋាភិបាលបិទឡូនេសាទពុំមានប្រជាពលរដ្ឋធ្វើសកម្មភាពអនាធិបតេយ្យដូចពេលបច្ចុប្បន្ននោះទេ»។
អ្នកស្រីពន្យល់ថា បញ្ហានេះប្រសិនបើអាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធនៅតែបណ្ដែតបណ្ដោយឲ្យមានការធ្វើនេសាទខុសច្បាប់បន្តទៅមុខទៀត នោះមច្ឆជាតិនៅតំបន់បឹងទន្លេសាបនឹងហិនហោចក្នុងពេលឆាប់ៗខាងមុខនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
