ពលរដ្ឋ​នៅ​កំពង់ឆ្នាំង​អះអាង​ថា​បទល្មើស​នេសាទ​ប្រើ​របាំង​សាច់​អួន​ប្រវែង​វែង​កើន​ឡើង

0:00 / 0:00

បទល្មើស​នេសាទ​របាំង​សាច់​អួន ឬ​រ៉ាវ មាន​ប្រវែង ៥០០​ម៉ែត្រ ទៅ​ដល់ ១​គីឡូ​ម៉ែត្រ កំពុង​កើត​មាន​ច្រើន​នៅ​ក្នុង​ទឹក​ដី​ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង។ ក្រុម​ពលរដ្ឋ​រិះគន់​អាជ្ញាធរ និង​មន្ត្រី​ជំនាញ ថា​មិន​បាន​ទប់ស្កាត់​បទល្មើស​នេះ​ទេ ផ្ទុយ​ទៅ​វិញ បែរ​ឃុបឃិត​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ជាមួយ​ក្រុម​ឈ្មួញ។

ប្រជាពលរដ្ឋ និង​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល ធ្វើ​ការ​លើ​វិស័យ​ជលផល ព្រួយ​បារម្ភ​អំពី​ស្ថានភាព​កើន​ឡើង​នៃ​ការ​ប្រព្រឹត្ត​បទល្មើស បន្ទាប់​ពី​ចុះ​ពិនិត្យ​ឃើញ​ជាក់ស្ដែង​នៅ​ថ្ងៃ​ទី​១៦ ខែ​តុលា។ ក្រុម​ឈ្មួញ និង​ពលរដ្ឋ​ដែល​មាន​ធនធាន​ខ្លះ កំពុង​បង្កើន​សកម្មភាព​ដាក់​របាំង​សាច់​អួន​ក្រឡា​ញឹក នៅ​ចំណុច​ពាម​ទន្លា ថ្លុក​តាគង់ និង​ចំណុច​កោះ​គ្រប​បាយ ស្ថិត​នៅ​ក្នុង​ទឹក​ដី​ឃុំ​កំពង់ហាវ និង​ឃុំ​ពោធិ៍ ស្រុក​កំពង់លែង។

ក្រុម​ពលរដ្ឋ​រស់នៅ​ឃុំ​ពោធិ៍ ថ្លែង​បញ្ជាក់​ស្រដៀង​គ្នា​ថា បទល្មើស​កើត​មាន​ស្ទើរ​គ្រប់​ប្រភេទ ដោយ​នៅ​ក្នុង​រដូវ​ទឹក​សម្រក សម្បូរ​ទៅ​ដោយ​បទល្មើស​ដាក់​សម្រាស់ ឬ​ឆក់ និង​នៅ​ក្នុង​រដូវ​ទឹក​ឡើង សម្បូរ​បទល្មើស​ដាក់​របាំង​សាច់​អួន។ សកម្មភាព​ល្មើស​ទាំង​នេះ កើត​មាន​ប្រហែល ២​ឆ្នាំ​មក​ហើយ ប៉ុន្តែ​ក្រុម​ឈ្មួញ និង​អ្នក​មាន​លុយ​ខ្លះ នៅ​តែ​បន្ត​សកម្មភាព។ ចំណែក​អាជ្ញាធរ​មាន​សមត្ថកិច្ច បាន​ដើរ​យក​លុយ​ពី​ក្រុម​ជនល្មើស រួច​ត្រឡប់​ទៅ​វិញ​ដោយ​គ្មាន​ការ​បង្ក្រាប​អ្វី​ឡើយ៖ «អ្នក​ដែល​ចុះ​មក​ហ្នឹង​ណា វា​មាន​ប៉េអិម ប៉ូលិស វា​មាន​ពួក​កាសែត ហើយ​មាន​សហគមន៍​ទៀត ចុះ​មក​បង្ក្រាប​តាំង​ពី​កាសែត​ក៏​ចុះ​មក​ដែរ ប៉ុន្តែ​មិន​ដែល​បាន​ឃើញ​ក្រាប ឃើញ​តែ​ងើប។ អត់​ទេ លោកគ្រូ​អើយ​ឆ្នាំ​នេះ​រឹត​តែ​ខ្សត់​ត្រី​ឡើង ហេតុ​មក​ពី​គេ​សាច់​ឈឹប​ច្រើន​ពេក គេ​ដាក់​ពេញ​តែ​ទន្លេ។ ខ្ញុំ​សូម​ឲ្យ​រាជ​រដ្ឋាភិបាល និង​ច្បាប់ ដែល​បង្កើត​មក​ហើយ មេត្តា​សូម​កុំ​គ្រាន់​តែ​បង្កើត​ក្នុង​សៀវភៅ សូម​ឲ្យ​អស់​លោក​ទាំងអស់​ហ្នឹង ចុះ​មក​ពិនិត្យ ហើយ​ត្រូវ​ផ្ដន្ទាទោស​បុគ្គល​ដែល​បំផ្លាញ​ជាតិ​ឲ្យ​បាន​ជា​ស្ថាពរ»

ក្រុម​ពលរដ្ឋ​អះអាង​ថា ម្ចាស់​របាំង​សាច់​អួន ភាគ​ច្រើន​គឺ​ជា​អ្នក​មាន​លុយ និង​មាន​អំណាច​នៅ​ក្នុង​ខេត្ត។ ចំណែក​ម្ចាស់​របាំង​ម្នាក់​ក្នុង​ចំណោម​នោះ គឺ​ឈ្មោះ ប៉េង អាន អតីត​ថៅកែ​ឡូ​នេសាទ​លេខ​៧។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង លោក ប៉េង អាន ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១៦ ខែ​តុលា។

ចំណែក​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​កំពង់ឆ្នាំង លោក សេង ប៊ុនឈឿន ថ្លែង​បញ្ជាក់​ថា លោក ប៉េង អាន មិន​មែន​ជា​អតីត​ម្ចាស់​ឡូ​នេសាទ​អ្វី​ឡើយ។ តែ​ត្រង់​ថា បច្ចុប្បន្ន​លោក​មាន​របាំង​សាច់​អួន​នៅ​តំបន់​ឡូ​នេសាទ​នៃ​ឃុំ​ពោធិ៍​នោះ លោក​មិន​ដឹង​ច្បាស់​ឡើយ។ លោក​ថា របាំង​សាច់​អួន​ប្រវែង​រាប់​គីឡូម៉ែត្រ​ពុំ​មាន​ឡើយ គឺ​មាន​ភាគ​ច្រើន​ខ្លីៗ ប៉ុន្តែ​កន្លែង​ខ្លះ​ក៏​មាន​រហូត​ដល់ ១០០​ម៉ែត្រ ប៉ុន្តែ​ខាង​ជំនាញ​ចេះ​តែ​អនុគ្រោះ៖ «ច្បាប់​យើង​ឲ្យ ៥០​ម៉ែត្រ ប៉ុន្តែ​លើស​ហ្នឹង​តិចតួច យើង​ក៏​គួរ​តែ​មើល​ដែរ​វា​ខុស​ដៃ យក​ដៃ​ខុស​ជើង យក​ជើង​មិន​កើត ប៉ុន្តែ​គីឡូ​ដី (ម៉ែត្រ) អា​ហ្នឹង​អត់​អធ្យាស្រ័យ​ទេ។ សមត្ថកិច្ច​ដទៃៗ​ខ្ញុំ​អត់​ដឹង​ទេ ប៉ុន្តែ​ចំពោះ​ជំនាញ​របស់​ខ្ញុំ បើ​មាន​នេះ (យក​លុយ) សូម​ឲ្យ​គាត់​ផ្ដល់​ព័ត៌មាន​ឲ្យ​ច្បាស់​មក ខ្ញុំ​នឹង​អប់រំ​ណែនាំ​គាត់ បើ​គាត់​មិន​ស្ដាប់ នឹង​ចាត់​វិធានការ»

មន្ត្រី​សម្រប​សម្រួល​សហគមន៍​នៃ​អង្គការ​សម្ព័ន្ធភាព ដើម្បី​អភិរក្ស​ធនធាន​ជលផល (FACT) ប្រចាំ​ខេត្ត​កំពង់ឆ្នាំង លោក អ៊ុក សុផាត ថ្លែង​ថា ប្រសិន​បើ​អាជ្ញាធរ ឬ​មន្ត្រី​ជំនាញ​គ្រប់​ផ្នែក​ធ្វើ​ការ​បង្ក្រាប​បទល្មើស​របាំង​សាច់​អួន​ជា​ទ្រង់ទ្រាយ​ធំ​នេះ​មិន​បែក​ទេ នឹង​ធ្វើ​ឲ្យ​ធនធាន​ជលផល​ត្រូវ​បំផ្លាញ​អស់។ លោក​បាន​រាប់​ត្រួស​ទៅ​លើ​របាំង​សាច់​អួន​ដែល​មាន​ប្រវែង​ចន្លោះ​ពី ២០០​ម៉ែត្រ ទៅ​ដល់ ៣​គីឡូ​ម៉ែត្រ គឺ​មាន​រហូត​ដល់ ២៩​របាំង គ្រាន់​តែ​នៅ​តំបន់​មួយ​ចំនួន​នៃ​ឃុំ​ពោធិ៍ និង​ឃុំ​កំពង់ហាវ៖ «យើង​ឃើញ​ថា​បទល្មើស​នេះ​មាន​ច្រើន​ទៀត ដូចជា​នៅ​ឃុំ​ផ្លូវទូក និង​ប្រឡាយ​មាស ជាពិសេស​នៅ​ឃុំ​កោះ​ឈើទាល ជា​ចំណុច​ណាស់ បើ​យើង​ទៅ​ដល់ គឺ​ថា​ច្រើន​សន្ធឹកសន្ធាប់​បើ​តាម​ការ​រាយការណ៍​របស់​សហគមន៍»

ប្រជា​នេសាទ​ភាគ​ច្រើន ខឹង​សម្បា​ចំពោះ​មន្ត្រី​ជំនាញ​អភិរក្ស​ធនធាន​ជលផល ដែល​ពួក​គាត់​អះអាង​ថា តែង​តែ​ទៅ​រក​រឿង​គាត់​ដែល​រក​នេសាទ​ជា​លក្ខណៈ​គ្រួសារ ចំណែក​ក្រុម​ឈ្មួញ​ដាក់​របាំង​ប្រវែង​រាប់​សិប​គីឡូ​ម៉ែត្រ មិន​ទៅ​បង្ក្រាប​ឡើយ។ បញ្ហា​នេះ​បាន​បណ្ដាល​ឲ្យ​ផល​ត្រី​ថយ​ចុះ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ហើយ​ពួក​គាត់​ធ្លាប់​រាយ​សន្ទូច ឬ​ដាក់​មិន​បាន​ត្រី​លក់​ទិញ​អង្ករ​ហូប​នោះ មិន​បាន​ដូច​មុន​ឡើយ ទើប​នាំ​គ្នា​ងាក​ទៅ​ដាក់​របាំង​សាច់​អួន​ដែរ ប៉ុន្តែ​ពុំ​មាន​ប្រវែង​វែង​ដូច​ក្រុម​ឈ្មួញ ឬ​អ្នក​មាន​ធនធាន​ឡើយ។

ច្បាប់​ស្ដីពី​ជលផល​មាត្រា​៤១ ត្រង់​ប្រការ​៣ ត្រូវ​បាន​ហាម​ឃាត់​ចំពោះ​ការ​ធ្វើ​នេសាទ​ក្នុង​កន្លែង​បម្រុង​ដោយ​ប្រើ​ឧបករណ៍​គ្រប់​ប្រភេទ រួម​ផ្សំ​ដោយ​របាំង​ព្រួល​ដែល​មាន​បណ្ដោយ​លើស​ពី ៥០​ម៉ែត្រ ឬ​លាត​សន្ធឹង​លើស​ពី​ពីរ​ភាគ​បី​នៃ​ទទឹង​មុខ​ទឹក ឬ​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​ជលយាន​គ្រប់​ប្រភេទ។ ចំណែក​ត្រង់​ប្រការ​៤ នៅ​ក្នុង​មាត្រា​ដដែល​នេះ ក៏​ត្រូវ​បាន​ហាម​ឃាត់​ដែរ​ចំពោះ​ការ​ប្រើ​មង អួន ឬ​លួស​សំណាញ់ ដែល​មាន​ក្រឡា​តូច​ជាង ៤​សង់ទីម៉ែត្រ ឬ ៤​ហ៊ុន ធ្វើ​ជា​របាំង​រួម​ផ្សំ ឬ​ជំនួស​របាំង​ព្រួល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។