បទល្មើសនេសាទ ត្រូវបានគេប្រដូចទៅនឹងដំបៅនៃជំងឺមហារីកដែលមិនអាចព្យាបាលជា។ បទល្មើសនេសាទ អាចកើតចេញពីអំពើពុករលួយ និងការអនុវត្តច្បាប់នៅមានភាពធូររលុង។ មន្ត្រីជាន់ខ្ពស់នៃអង្គការសម្ព័ន្ធភាព ដើម្បីអភិរក្សធនធានជលផល ហ្វែក (Fact) អះអាងថា បទល្មើសនេសាទនៅតាមបណ្ដាខេត្តជាប់បឹងទន្លេសាប បានកើតមានកាន់តែច្រើនឡើងនៅក្នុងឆ្នាំ២០១៥ នេះ។
ទន្ទឹមនឹងការចោទប្រកាន់របស់ពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាននៅឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ដែលថាអ្នកអនុវត្តច្បាប់ ជាពិសេសជំនាញជលផលបំពេញការងាររបស់ខ្លួនមិនបានត្រឹមត្រូវ នៅពេលចុះបង្ក្រាបបទល្មើសនេសាទនោះ មន្ត្រីអង្គការក្រៅរដ្ឋាភិបាលធ្វើការងារលើវិស័យជលផល បានរិះគន់លើការអនុវត្តច្បាប់របស់អាជ្ញាធរមានសមត្ថកិច្ចដែរ។
មន្ត្រីទទួលបន្ទុកអភិបាលកិច្ចល្អ និងស្វែងរកការគាំទ្រមតិជុំវិញបឹងទន្លេសាប នៃអង្គការហ្វែក អ្នកស្រី នូ សារឹម មានប្រសាសន៍ថា ភស្តុតាង ឬសាក្សីបង្ហាញពីអំពើពុករលួយរបស់មន្ត្រីជលផល មិនត្រូវបានគេលាតត្រដាងជាសាធារណៈឡើយ ដោយសារពលរដ្ឋដែលដឹងឮនៅមានការភ័យខ្លាច។ អ្នកស្រីថា បញ្ហាសមត្ថកិច្ចអនុវត្តច្បាប់ជលផលមិនបានត្រឹមត្រូវ ឬផ្សព្វផ្សាយច្បាប់ឲ្យបានទូលំទូលាយ គឺជាដើមចមនៃការកើតមានបទល្មើសនេសាទ៖ «ប៉ុន្តែបើជំនាញជលផលអនុវត្តទៅតាមនីតិវិធីច្បាប់ស្ដីពីជលផល បទល្មើសនឹងថយចុះ។ បើតាមប្រជាសហគមន៍នេសាទ និងប្រជានេសាទរាយការណ៍នៅក្នុងសិក្ខាសាលាកន្លង ឬតាមរយៈការចុះសិក្សាស្រាវជ្រាវ យើងឃើញថា នៅតំបន់ជុំវិញបឹងទន្លេសាបហ្នឹង បទល្មើសកើនឡើងមែនទែន»។
នៅខេត្តកំពង់ឆ្នាំង សមាជិកក្រុមប្រឹក្សាឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ដែលថ្លែងក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះឲ្យដឹងថា កាលពីរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៥ កម្លាំងសមត្ថកិច្ចចម្រុះចំនួន ៨នាក់ ក្នុងនោះក៏មាននាយរងអធិការដ្ឋានរដ្ឋបាលជលផលម្នាក់ដែរ គឺលោក មាស សឿង បានចុះកាប់បំផ្លាញរបាំងសាច់អួនក្រឡា ៤ហ៊ុន ប្រវែង ៣០ម៉ែត្ររបស់លោក ខណៈសាច់អួនក្រឡាល្អិត និងមានប្រវែងវែងខុសច្បាប់ជាច្រើនរបាំងផ្សេងទៀតនៅក្បែរនោះ មិនត្រូវបានគេកាប់បំផ្លាញឡើយ៖ «ខ្ញុំរក (នេសាទ) តាមលក្ខណៈគ្រួសារ និយាយឲ្យខ្ញុំស្ដាប់សម្ដេចដែលបានស្រែកថា រដូវបិទនេសាទដាក់របាំង ១ភាគ២ និងរដូវបើក ២ភាគ៣ នៃមុខទឹក ហើយទន្លេទទឹងប្រហែល ៥០០ម៉ែត្រ ខ្ញុំរកតែ ៣០ម៉ែត្រពីច្រាំង ឬ ៤០ម៉ែត្រ ហើយគេថាខុសទៀត គួរឲ្យអយុត្តិធម៌ចំពោះខ្ញុំណាស់។ គាត់ (លោក មាស សឿង) ប្រើពាក្យអសុរោះមកលើខ្ញុំថា បើលោកឯងចង់ដឹងចង់ខ្លាំង ទៅសួរ ហ៊ុន សែន ទៅ»។
លោកអះអាងថា បទល្មើសដាក់របាំងសាច់អួនស្ទើរពេញផ្ទៃទន្លេក្នុងទឹកដីរដ្ឋបាលភូមិឆ្នុកទ្រូ ប៉ុន្តែមន្ត្រីជលផលមិនបង្ក្រាបទេ ដែលបញ្ហានេះធ្វើឲ្យលោកងឿងឆ្ងល់ និងសង្ស័យថា មន្ត្រីទាំងនោះទទួលសំណូកពុករលួយពីជនល្មើស ជាថ្នូរនឹងការមិនបំផ្លាញឧបករណ៍នេសាទខុសច្បាប់របស់ពួកគេ។ លោកស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់រូប ត្រូវអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ និងមានភាពយុត្តិធម៌។
វិទ្យុអាស៊ីសេរី មិនអាចរកប្រភពទាក់ទង លោក មាស សឿង ជានាយរងអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប ដែលមើលការខុសត្រូវលើខេត្តចំនួន៥ ជាប់បឹងទន្លេសាប ដើម្បីឆ្លើយតបនឹងការចោទប្រកាន់នេះបានទេ នៅថ្ងៃទី៨ ខែមិថុនា។
ប៉ុន្តែ នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង លោក សោម ភិរុណ បញ្ជាក់ថា ការបង្ក្រាបរបាំងខ្លះក្នុងតំបន់ឆ្នុកទ្រូនេះ គឺបណ្ដាលមកពីរបាំងទាំងនោះបានដាក់ស្ទះផ្លូវត្រីចូលពងកូន និងជលយានឆ្លងកាត់ ហើយលោកបដិសេធចំពោះរឿងមន្ត្រីរដ្ឋបាលជលផលទទួលសំណូកពុករលួយពីបុគ្គលណាម្នាក់ ជាថ្នូរនឹងការបើកដៃឲ្យមានបទល្មើសនោះទេ។
លោក សោម ភិរុណ បន្ថែមថា សម្រាប់ខេត្តកំពង់ឆ្នាំង បទល្មើសនេសាទបានថយចុះក្នុងឆ្នាំ២០១៥ ជាពិសេសនៅក្នុងរដូវបិទនេសាទចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៥។ លោកថា គេមិនអាចចោទប្រកាន់ថា មានបទល្មើសច្រើនដោយគ្រាន់តែឃើញមានមនុស្សច្រើនធ្វើសកម្មភាពនេសាទនោះទេ តែការប្រើឧបករណ៍នេសាទខ្លះ គឺត្រឹមត្រូវតាមបច្ចេកទេស ឬការប្រកាសរបស់រដ្ឋាភិបាល៖ «ការនេសាទនៅរដូវបិទនេះ យើងអត់មានឧបករណ៍អាចទៅធ្វើឲ្យមានលក្ខណៈលើសលប់ទេ ប៉ុន្តែប្រជាពលរដ្ឋមានទម្លាប់ធ្វើនេសាទតូចៗ តែគ្នាគាត់ច្រើនអ៊ីចឹងមើលទៅច្រើន។ ខ្ញុំធ្លាប់ធ្វើការយូរមកហើយ បទល្មើសបច្ចុប្បន្ននេះខ្ញុំជឿថា បើប្រៀបធៀបពីដំណាក់មុន គឺខុសគ្នាឆ្ងាយណាស់ គឺថាមានការថយចុះច្រើនមែនទែន»។
យ៉ាងណា ឈ្មួញរកស៊ីកាងបទល្មើសនេសាទធំៗដែលមានលុយ និងអំណាច គេកម្រឃើញជំនាញជលផលបង្ក្រាបបាន ឬចាប់បញ្ជូនក្រុមឈ្មួញទាំងនោះទៅតុលាការ ដើម្បីកាត់ទោសតាមផ្លូវច្បាប់ណាស់។ ប៉ុន្តែពលរដ្ឋស្ពាយអាគុយឆក់ត្រី ឬដាក់របាំងចាប់ត្រីគ្រាន់ចិញ្ចឹមក្រពះ ត្រូវមន្ត្រីជលផល ឬអាជ្ញាធរមូលដ្ឋានរករឿងចោទប្រកាន់ ហើយចាប់បញ្ជូនទៅតុលាការកាត់ទោសមិនបង្អង់យូរឡើយ។
មាត្រា១០៣ នៃច្បាប់ជលផលឆ្នាំ២០០៦ បានចែងផ្ដន្ទាទោសចំពោះមន្ត្រីរដ្ឋបាលជលផលដាក់ពន្ធនាគារពី ១ឆ្នាំទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ៥លានរៀល ទៅ ៥០លានរៀល ក្នុងករណីដែលមន្ត្រីជលផលផ្ដល់ការអនុញ្ញាតណាមួយផ្ទុយបទបញ្ញត្តិនៃច្បាប់នេះ និងករណីចូលរួមទាំងស្រុង ឬដោយប្រយោលក្នុងសកម្មភាពណាមួយនៃការធ្វើអាជីវកម្មជលផលផ្ទុយពីច្បាប់នេះជាដើម។
កន្លងទៅមានពលរដ្ឋ និងប្រជានេសាទខ្លះចោទប្រកាន់អភិបាលខេត្ត និងស្រុកមួយចំនួន ដែលមានតួនាទីជាប្រធានគណៈកម្មការចុះបង្ក្រាបបទល្មើសនេសាទ ក្នុងដែនដីរដ្ឋបាលរបស់ខ្លួនគ្រប់គ្រងនោះថា បានប្រព្រឹត្តអំពើពុករលួយ ឬបើកដៃឲ្យឈ្មួញមានលុយ និងមានអំណាចរកស៊ីផលនេសាទដោយខុសច្បាប់។
នៅក្នុងមាត្រា១០២ នៃច្បាប់ជលផលដដែល ក៏ចែងដាក់ទោសទណ្ឌចំពោះសកម្មភាពទាំងឡាយណាដែលធ្វើឡើងដោយអាជ្ញាធរដែនដី មន្ត្រីនគរបាល មន្ត្រីនៃកងយោធពលខេមរភូមិន្ទ ឬមន្ត្រីអាជ្ញាធរផ្សេងទៀត ដើម្បីអន្តរាគមន៍ផ្ដល់ការអនុញ្ញាតដោយផ្ទាល់ ឬដោយប្រយោលដល់អាជីវកម្មជលផល និងធ្វើសកម្មភាពគ្រប់បែបយ៉ាងផ្ទុយនឹងបទបញ្ញត្តិនៃច្បាប់នេះ ឬគំរាមកំហែង រាំងស្ទះការបំពេញភារកិច្ចរបស់មន្ត្រីជលផល ត្រូវចាត់ទុកជាបទល្មើសដែលត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ៥លានរៀល ទៅ ៥០លានរៀល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។