របាយការណ៍សិក្សាស្រាវជ្រាវរបស់ អាយឡូ បង្ហាញថា កម្មករប្រហែល ១៧% ដែលភាគច្រើនជាកម្មករចំណាកស្រុកខុសច្បាប់ពីប្រទេសកម្ពុជា និងភូមា បាននិយាយថា ពួកគេត្រូវបានបង្ខំឲ្យធ្វើការប្រឆាំងនឹងឆន្ទៈរបស់ខ្លួន ហើយមិនអាចសុំលាឈប់បាន ដោយសារតែមេការ ឬថៅកែ គំរាមកំហែង និងដាក់ទណ្ឌកម្ម។
របាយការណ៍សិក្សាស្រាវជ្រាវលើគេហទំព័រ អាយឡូ ចេញផ្សាយថ្ងៃទី២ កញ្ញា សរសេរថា ក្នុងចម្លើយកម្មករចំនួន ៣២នាក់ ដែលនិយាយថា ពួកគេមកធ្វើជាកម្មករទូកនេសាទដោយស្ម័គ្រចិត្ត មានកម្មករចំនួន ១៧% ឆ្លើយថា ពួកគេមិនចង់ទៅធ្វើការជាកម្មករនេសាទដែលចំណាយពេលភាគច្រើននៅតែលើទូកកណ្ដាលសមុទ្រនោះទេ តែដោយសារចាញ់បោកគេ ឬត្រូវចាញ់បោកមេខ្យល់នៅក្នុងប្រទេសកំណើតរបស់ខ្លួន។ ការសិក្សាស្រាវជ្រាវនេះ ក៏បានរកឃើញថា មានកម្មករជាកុមារមិនទាន់គ្រប់អាយុ ១៨ឆ្នាំ ចំនួន ៣៣នាក់ ធ្វើការលើទូកនេសាទថៃ ដែរ។
ហើយបញ្ហាដែលកម្មករទាំងនោះ ប្រឈមគ្រោះថ្នាក់ខ្លាំង គឺពួកគេមិនត្រូវបានថៅកែ ឬមេការបើកប្រាក់ឈ្នួលឲ្យទៀងទាត់ ឬមិនត្រូវគេបើកប្រាក់ថ្លៃឈ្នួលឲ្យពេញតម្លៃ ពួកគេមិនមានឯកសារធ្វើការងារស្របច្បាប់ ហើយបើមេការ ឬថៅកែថៃ ចង់ធ្វើបាបដោយប្រការណាមួយ គឺថៅកែ មេការ អាចប្ដឹងប៉ូលិសថៃ ឲ្យចាប់ខ្លួនដាក់គុកពេលណាក៏បាន។
របាយការណ៍នេះបានធ្វើឡើងដោយមានការសហការគ្នារវាងអង្គការអន្តរជាតិខាងការងារ និងមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ាន (Asian Research Center) ខាងអន្តោប្រវេសន៍នៅសកលវិទ្យាល័យ ជូឡាឡុងកន (Chulalongkorn) ហើយគេរំពឹងថានឹងដាក់របាយការណ៍ថ្មីនេះ ជូនរដ្ឋាភិបាលថៃ ឲ្យជួយចាត់វិធានការ ដើម្បីឲ្យស្ថានភាពអាក្រក់ដូច្នេះ បានប្រសើរឡើងវិញនៅពេលខាងមុខ ដើម្បីការពារសុខភាព និងសុវត្ថិភាពការងារកម្មករនេសាទទាំងនោះ ទាំងកម្មករជនជាតិថៃ និងកម្មករមកពីប្រទេសជិតខាងថៃ ផង។
របាយការណ៍ស្រាវជ្រាវនេះ បានស្រង់សម្ដីលោកសាស្ត្រាចារ្យ សុផាង ចាន់ថាវ៉ានិជ នាយកមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ានខាងអន្តោប្រវេសន៍នៅសាកលវិទ្យាល័យ ជូឡាឡុងកន ហើយត្រូវបានបកប្រែជាភាសាខ្មែរ ដោយវិទ្យុអាស៊ីសេរី ថា៖ «ការយល់ដឹងអំពីស្ថានភាពនេះបានប្រសើរ នឹងអាចជួយបង្កើតបានជាភស្តុតាងដោយផ្អែកលើមូលដ្ឋានគោលការណ៍ក្នុងការឆ្លើយតបក្នុងការកែសម្រួលនៃការជ្រើសរើស និងបម្រើការងារនេសាទ ដើម្បីបង្ការ និងលប់បំបាត់រាល់ទម្រង់ការងារដែលមិនអាចទទួលយកបាន»។
ទាក់ទងការស្រាវជ្រាវនេះ លោក យ៉ា ណាវុធ នាយកប្រតិបត្តិអង្គការ ខារ៉ាមកម្ពុជា ដែលធ្វើការផ្នែកជនចំណាកស្រុក និងជំងឺអេដស៍ មានប្រសាសន៍ថា តាមពិតទៅ អង្គការលោកបានដឹងរឿងនេះប្រហាក់ប្រហែលគ្នា ដោយសារទទួលដំណឹងពីកម្មករខ្មែរដែលចាញ់បោកគេកន្លងមក ដែលអង្គការលោកធ្លាប់បានជួយ៖ «ប៉ុន្តែ ជាការល្អដែរ ដែលអង្គការ អាយឡូ ធ្វើរីស៊ើច (Research) បញ្ហាហ្នឹងក៏ជាសក្ខីកម្មមួយដែរ ដើម្បីជម្រាបទៅរដ្ឋាភិបាល ដើម្បីឲ្យរដ្ឋាភិបាលមានវិធានការយ៉ាងម៉េច ដើម្បីជួយប្រជាពលរដ្ឋយើង ជាពិសេសអ្នកដែលត្រូវបានគេជួញដូរធ្វើនេសាទលើទូកនេសាទនៅក្នុងប្រទេសថៃ ហ្នឹងដែរ»។
ទាក់ទងបញ្ហានេសាទនៅប្រទេសថៃ នេះដែរ កន្លងមកមានកម្មករខ្មែរជាច្រើនត្រូវបានចាញ់បោកមេខ្យល់ ធ្លាក់ខ្លួនជាអ្នកនេសាទខុសច្បាប់នៅទីនោះ ហើយត្រូវគេធ្វើបាបដូចដែលរបាយការណ៍ស្រាវជ្រាវរបស់អង្គការអន្តរជាតិខាងការងារនេះរកឃើញស្រាប់។ ក៏ប៉ុន្តែ ទន្ទឹមពេលនេះ ក៏នៅតែមានកម្មករខ្មែរច្រើនទៀត ត្រូវបានគេជួញដូរ ហើយនៅតែចាញ់បោកគេដដែល។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងលោកឧត្តមសេនីយ៍ ជីវ ផល្លី ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានទេ នៅថ្ងៃទី៤ កញ្ញា ដើម្បីសុំការអធិប្បាយបន្ថែមលើរឿងការជួញដូរមនុស្សទៅធ្វើការនៅប្រទេសថៃ នេះ។
ប្រទេសថៃ គឺជាប្រទេសនាំចេញគ្រឿងសមុទ្រដ៏ធំមួយលើសកលលោក ហើយត្រូវការកម្លាំងពលកម្មយ៉ាងខ្លាំង។ របាយការណ៍របស់ អាយឡូ ដដែលបង្ហាញថា ប្រទេសថៃ ធ្វើពាណិជ្ជកម្មជលផលសមុទ្រមានទំហំទឹកប្រាក់សរុបប្រហែល ៧ពាន់លានដុល្លារក្នុងមួយឆ្នាំៗ ក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយវិស័យនេះត្រូវការកម្លាំងពលកម្ម និងអ្នកនេសាទជិត ១សែន ៥ម៉ឺននាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
