ទិវាបុណ្យឯករាជ្យជាតិ បានប្រព្រឹត្តទៅនៅម៉ោង ៨ព្រឹក ថ្ងៃទី៩ ខែវិច្ឆិកា នៅវិមានឯករាជ្យកណ្ដាលរាជធានីភ្នំពេញ ដោយមានអ្នកចូលរួមប្រមាណ ២ម៉ឺននាក់។ ថ្នាក់ដឹកនាំគណបក្សនយោបាយ យល់ឃើញផ្សេងៗគ្នាពីពិធីបុណ្យនេះ ខណៈពលរដ្ឋចង់ឃើញគណបក្សមានសំឡេងទាំងពីរជជែករកដំណោះស្រាយឡើងវិញ ដោយពួកគេយល់ថា ពេលប្រទេសជាតិមានឯករាជ្យ អ្នកនយោបាយគួរមានឯកភាពជាតិ។
ខួបលើកទី៦៣ ដែលកម្ពុជា ទាមទារបានឯករាជ្យពីបារាំង ត្រូវបានរៀបចំយ៉ាងអធិកអធមក្រោមព្រះរាជអធិបតីភាពពីព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះនរោត្ដម សីហមុនី ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និងប្រមុខរដ្ឋាភិបាល មន្ត្រីគ្រប់ស្ថាប័ន និងពលរដ្ឋ។
ក្រុមភ្លេងត្រែក៏បានបន្លឺសំឡេងឡើងឮខ្ទរពេញបរិវេណវិមានឯករាជ្យនៅពេល ព្រះមហាក្សត្រ និងគណៈប្រតិភូយាង និងអញ្ជើញដល់វិមានឯករាជ្យ។
អ្នកចូលរួមកាន់ផ្កាបដាពាក្យស្លោក ព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រ និងព្រះសកម្មភាពរបស់សម្ដេចព្រះនរោត្តម សីហនុ ដែលទ្រង់ទាមទារឯករាជ្យពីបារាំង។
ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប លោក ស៊ិក ប៊ុនហុក ឲ្យដឹងថា លោកបានរៀបចំឲ្យថ្នាក់ដឹកនាំ គ.ជ.ប ឲ្យមកចូលរួម ដោយលោកបញ្ជាក់ថា បើខ្មែរភ្លេចបុណ្យឯករាជ្យ ឬភ្លេចសម្ដេចព្រះនរោត្តម សីហនុ គឺមិនមែនជាខ្មែរទេ៖ « ចឹងហើយបានអ៊ំរៀបចំឲ្យថ្នាក់ដឹកនាំ គ . ជ . ប ទាំងអស់ ត្រូវតែមកចូលរួម គឺជាបុណ្យរបស់ជាតិយើង គឺអត់ត្រូវភ្លេចទេ ហើយជាពិសេស គឺគុណូបការៈរបស់សម្ដេចនរោត្តម សីហនុ »។
ជាការកត់សម្គាល់ក្នុងពេលប្រារព្ធពិធី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឈរជជែកគ្នាជាមួយតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដូចជាលោក យ៉ែម បុញ្ញឫទ្ធិ និងលោក អេង ឆៃអ៊ាង ដោយទឹកមុខញញឹមធម្មតា។ នៅក្នុងពេលប្រារព្ធពិធី លោក ហ៊ុន សែន មិនបានថ្លែងអ្វីទេ ប៉ុន្តែលោកបានសរសេរនៅលើទំព័រហ្វេសប៊ុក (Facebook) របស់លោកថា បើគ្មានការតស៊ូទាមទារឯករាជ្យពីព្រះបិតាអតីតព្រះមហាក្សត្រខ្មែរ សម្ដេចព្រះនរោត្តម សីហនុ ពីអាណានិគមបារាំង បានទេ កម្ពុជា នឹងគ្មានឯករាជ្យឡើយ។ ចំណែកប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា សរសេរនៅលើហ្វេសប៊ុករបស់លោកដែរថា ឯករាជ្យជាតិ គឺជាគុណតម្លៃដ៏ឧត្តុង្គឧត្តមសម្រាប់ជាតិសាសន៍នីមួយៗ។ ប៉ុន្តែលោកថា ជាអកុសល តាមប្រវត្តិសាស្ត្រដោយសារតែមហិច្ឆតារបស់អ្នកនយោបាយ អ្នកដឹកនាំខ្មែរជំនាន់ខ្លះ ដើម្បីយកឈ្នះខ្មែរគ្នាឯង ដើម្បីអំណាចផ្ទាល់ខ្លួន ឬក្រុម ឬបក្សខ្លួន សុខចិត្តទទួលយក ឬជ្រកក្រោមអំណាចត្រួតត្រា ឬអាណានិគមរបស់បរទេស ទោះបីជាមានគ្រោះថ្នាក់ដល់ប្រទេសជាតិ និងប្រជាពលរដ្ឋខ្លួនក៏ដោយ។
ជុំវិញការជជែកគ្នារវាងលោក ហ៊ុន សែន ជាមួយតំណាងរាស្ត្របក្សប្រឆាំង លោក អេង ឆៃអ៊ាង ប្រាប់ថា លោក ហ៊ុន សែន និយាយជាមួយលោកគ្រាន់តែជជែករឿងសុខភាពទេ៖ « អត់មានជជែករឿងនយោបាយអីទេ គ្រាន់តែជជែកពីនេះពីនោះរឿងសុខភាពរឿងហាត់ប្រាណ »។
ទាក់ទងពិធីបុណ្យឯករាជ្យវិញម្តង តំណាងរាស្ត្របក្សប្រឆាំងរូបនេះយល់ថា បុណ្យឯករាជ្យជាថ្ងៃសំខាន់របស់ពលរដ្ឋ ហើយលោកតែងតែចូលរួមពិធីនេះជារៀងរាល់ឆ្នាំ។ ប៉ុន្តែលោកថា សម្រាប់ការចូលរួមនៅពេលនេះ លោកមិនសូវសប្បាយចិត្តទេ ដ្បិតអីប្រធាន និងអនុប្រធានគណបក្សប្រឆាំង គឺលោក សម រង្ស៊ី និងលោក កឹម សុខា មិនបានមកចូលរួម ដែលលោកយល់ថា អ្នកនយោបាយខ្មែរសព្វថ្ងៃមិនទាន់មានឯកភាពគ្នានៅឡើយទេ៖ « បង្ហាញថានយោបាយខ្មែរយើងអត់មានឯកភាពជាតិ ប៉ុន្តែខ្ញុំជឿជាក់ថា នឹងមានការឯកភាពគ្នាក្នុងពេលខាងមុខ »។
កម្ពុជា បានទាមទារឯករាជ្យពេញលេញពីអាណានិគមបារាំង នៅឆ្នាំ១៩៥៣ ក្រោយបារាំង គ្រប់គ្រងអស់រយៈពេល ៩០ឆ្នាំ។ ព្រះរាជពិធីបុណ្យឯករាជ្យជាតិលើកទី៦៣ នៅឆ្នាំនេះ ក្រៅពីមន្ត្រីជាន់ខ្ពស់ស្ថាប័ននានាចូលរួម និងតំណាងរាស្ត្រគណបក្សប្រឆាំងចូលរួម ក៏មានការចូលរួមពីអង្គទូតនានាប្រចាំនៅកម្ពុជា ដែរ។ តាមរយៈការសម្ភាសពលរដ្ឋមួយចំនួន ពលរដ្ឋចង់ឃើញអ្នកនយោបាយចរចាគ្នាឡើងវិញ ដើម្បីបញ្ចប់វិបត្តិ។ ប៉ុន្តែគណបក្សកាន់អំណាចនៅតែរក្សាជំហរមិនចរចា ខណៈសំណុំរឿងបក្សប្រឆាំងនៅតុលាការមិនទាន់បញ្ចប់។
សិស្សរៀននៅវិទ្យាល័យអនុវត្ត នៅរាជធានីភ្នំពេញ កញ្ញា នី ផល្លីស បង្ហាញការសប្បាយចិត្តនៅពេលឃើញប្រទេសកម្ពុជា មានឯករាជ្យដូចនេះ។ ជាងនេះទៅទៀត យុវតីដដែលចង់ឃើញអ្នកនយោបាយខ្មែរឈប់ឈ្លោះគ្នា ព្រោះកញ្ញាយល់ថា អ្នកនយោបាយទាស់គ្នា នឹងធ្វើឲ្យប្រទេសគ្មានសន្តិភាព៖ « ចង់ឃើញអ្នកនយោបាយត្រូវរ៉ូវគ្នាឡើងវិញ អត់ឈ្លោះគ្នា ព្រោះខ្មែរដូចគ្នា »។
ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្ដម សីហមុនី យាងចូលរួមទិវាបុណ្យខួបឯករាជ្យជាតិលើកទី៦៣ ព្រះអង្គយាងសំណេះសំណាលជាមួយនាម៉ឺនសព្វមុខមន្ត្រី និងក្រុមពលរដ្ឋ។ ក្នុងឱកាសនោះ ព្រះមហាក្សត្រក៏ប្រទានភ្លើងជ័យនៅចំកណ្ដាលវិមានឯករាជ្យ អមដោយប្រធានព្រឹទ្ធសភា រដ្ឋសភា ប្រមុខរដ្ឋាភិបាល និងសម្ដេចសង្ឃទាំងពីរគណៈ។ ជាទម្លាប់ ភ្លើងជ័យត្រូវរក្សាទុករយៈពេល ៣ថ្ងៃ ដល់ល្ងាចថ្ងៃទី១១ វិច្ឆិកា ព្រះមហាក្សត្រនឹងយាងទៅពន្លត់ភ្លើងជ័យនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។