សមាគម​គ្រូ​បង្រៀន​អះអាង​ថា​មាន​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​ក្នុង​ថ្ងៃ​ប្រឡង​បាក់​ឌុប

សិស្សានុសិស្ស​ជិត ១១​ម៉ឺន​នាក់ នៅ​ទូទាំង​ប្រទេស​កម្ពុជា បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ (បាក់​ឌុប) នៅ​ថ្ងៃ​ច័ន្ទ ទី៥ សីហា នេះ។ ហើយ​ការ​ប្រឡង​នៅ​ថ្ងៃ​ដំបូង​នោះ ត្រូវ​បាន​សមាគម​គ្រូ​បង្រៀន​ឯករាជ្យ​រក​ឃើញ​ពី​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​បាន​កើត​ឡើង បើ​ទោះ​បី​ជា​មាន​ការ​រឹត​បន្តឹង​ផ្នែក​សន្តិសុខ​ខាង​ក្រៅ​ថ្នាក់​ប្រឡង​យ៉ាង​ណា​ក៏ដោយ។

0:00 / 0:00

ការ​ប្រឡង​សញ្ញាបត្រ​ទុតិយភូមិ​ចំណេះ​ទូទៅ និង​បំពេញ​វិជ្ជា​នៅ​សម័យ​ប្រឡង​ថ្ងៃ​ទី៥ សីហា ឆ្នាំ​២០១៣ នេះ មាន​បេក្ខជន​សរុប​ប្រឡង​ចំនួន​ជិត ១១​ម៉ឺន​នាក់ ដែល​ចែក​ចេញ​ជា ២៣៤​មណ្ឌល​នៅ ២៤​ខេត្ត​ក្រុង​ទូទាំង​ប្រទេស។

យុវតី​ម្នាក់​ដែល​ទើប​តែ​ចេញ​ពី​បន្ទប់​ប្រឡង​នៅ​មណ្ឌល​ប្រឡង​ក្នុង​វិទ្យាល័យ​បាក់ទូក នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី៥ សីហា កញ្ញា មុទិតា មក​ពី​វិទ្យាល័យ​ស៊ីសុវត្ថិ បាន​ឲ្យ​ដឹង​ថា ការ​ប្រឡង​លើក​នេះ មិន​មាន​ការ​ស៊ី​សំណូក​ពី​ក្រុម​គ្រូ​បង្រៀន​ដែល​ធ្វើ​អនុរក្ស​នៅ​ក្នុង​បន្ទប់​ប្រឡង និង​ភាព​រញ៉េរញ៉ៃ​ដែល​បណ្ដាល​មក​ពី​ការ​លួច​ចម្លង​គ្នា​ដូច​ការ​ប្រឡង​លើក​មុនៗ​នោះ​ទេ។

កញ្ញា មុទិតា៖ «ខ្ញុំ​មាន​អារម្មណ៍​ថា សម្រាប់​ការ​ប្រឡង​ហ្នឹង គេ​ដាក់​មក​មាន​កម្រិត​ពិបាក​គួរ​សម។ ហើយ​សម្រាប់​ក្នុង​ថ្នាក់​វិញ ខ្ញុំ​គិត​ថា មាន​សណ្ដាប់ធ្នាប់​ល្អ អត់​មាន​លក្ខណៈ​រញ៉េរញ៉ៃ​អី​ទេ ត្រង់​ថា សិស្ស​លួច​មើល​ប្រសេចប្រសាច​អត់​មាន​ទេ។ សម្រាប់​អនុរក្ស​ក៏​បាន​ដាក់​វិន័យ​តឹងរ៉ឹង ដើម្បី​ឲ្យ​សិស្ស​គោរព​ខ្ជាប់ខ្ជួន ហើយ​ក៏​គ្មាន​ការ​ប្រមូល​លុយ​អី​ដែរ អត់​មាន​ទេ»

ទោះ​បី​ជា​ជា​រូបភាព​ទូទៅ​ខាង​ក្រៅ​បន្ទប់​ប្រឡង មាន​ភាព​ស្ងប់ស្ងាត់​ជាង​ការ​ប្រឡង​លើក​មុនៗ​ក៏​ពិត​មែន ប៉ុន្តែ​ក្នុង​មណ្ឌល​ប្រឡង​មួយ​ចំនួន​នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត នៅ​តែ​មាន​ភាព​មិន​ប្រក្រតី​ច្រើន ដូច​ជា មាន​អំពើ​ពុក​រលួយ​មួយ​ចំនួន​បាន​កើត​ឡើង ពី​ក្រុម​អនុរក្ស ការ​បែក​ធ្លាយ​វិញ្ញាសា និង​ការ​ប្រកាស​លក់​វិញ្ញាសា​ជា​ចំហ​មុន​ការ​ប្រឡង​ពី​នាយក​សាលា ដែល​មាន​សម្ព័ន្ធភាព​ជិតស្និទ្ធ​ជាមួយ​ប្រធាន​មន្ទីរ​អប់រំ​ជាដើម។

ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន បាន​ឲ្យ​ដឹង​ថា សមាគម​របស់​លោក​បាន​រក​ឃើញ​ថា ការ​ប្រឡង​លើក​នេះ​នៅ​តែ​មាន​ការ​បែក​វិញ្ញាសា និង​អំពើ​ពុក​រលួយ​ដដែល ជា​ពិសេស​នៅ​ថ្ងៃ​ដំបូង ហើយ​លោក​បាន​ជំរុញ​ឲ្យ​ក្រសួង​អប់រំ គួរ​ចាត់​វិធាន​ការ​បន្ទាន់ ដើម្បី​ទប់ស្កាត់​ការ​បែក​ធ្លាយ​វិញ្ញាសា​ទាំង​ស្រុង​នូវ​មុខ​វិជ្ជា​មួយ​ចំនួន កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី៥ សីហា។

លោក​បាន​បន្ត​ទៀត​ថា បញ្ហា​នៃ​ការ​បែក​វិញ្ញាសា​នេះ បាន​កើត​ឡើង​ដដែលៗ តាំង​ពី​មុន​មក រហូត​មក​ទល់​ពេល​នេះ ក្រសួង​អប់រំ​នៅ​តែ​មិន​អាច​លុប​បំបាត់​អំពើ​ពុក​រលួយ​ក្នុង​បណ្ដាញ​ប្រព័ន្ធ​អប់រំ​នោះ​បាន​ទៀត៖ «ការ​ប្រឡង​បាក់ឌុប ហ្នឹង ក្រសួង​អប់រំ ត្រូវ​តែ​មាន​វិធាន​ការ​បន្ទាន់ ជុំវិញ​ស្ថានភាព​មិន​ប្រក្រតី​នៅ​តាម​មណ្ឌល​ប្រឡង​នីមួយៗ ដែល​យើង​ឃើញ​ព្រឹក​មិញ មាន​វិញ្ញាសា​គីមី និង​ជីវវិទ្យា ត្រូវ​បាន​បែក​ធ្លាយ​ទាំង​ស្រុង​តែ​ម្តង។ បញ្ហា​នេះ វា​មិន​មែន​ជា​រឿង​ចាស់​ទេ ជា​រឿង​ដដែលៗ ហើយ​បញ្ហា​ដែល​ក្រសួង​មិន​បាន​យក​ចិត្ត​ទុក​ដាក់ ឬ​ក៏​អាច​និយាយ​បាន​ថា ការ​ដែល​ពុក​រលួយ ការ​ប្រឡិច​វិញ្ញាសា​ឲ្យ​បែក​ចេញ គឺ​ជា​ប្រព័ន្ធ​តាំង​ពី​ថ្នាក់​លើ​រហូត​មក​ដល់​ក្រោម។ ហើយ​កំហុស​មិន​មែន​គ្រូ​អនុរក្ស និង​បេក្ខជន​ប្រឡង​ទេ ការ​ដែល​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត គឺ​ក្រសួង​អប់រំ»

ឆ្លើយ​តប​ទៅ​នឹង​ការ​ចោទ​ប្រកាន់​អំពី​ការ​បែក​ធ្លាយ​វិញ្ញាសា​នៅ​ថ្ងៃ​ដំបូង​នោះ មន្ត្រី​ក្រសួង​អប់រំ ធ្វើ​ការ​បដិសេធ​ទាំង​ស្រុង​អំពី​បញ្ហា​នេះ។ ប្រធាន​នាយកដ្ឋាន​មធ្យម​សិក្សា​នៃ​ក្រសួង​អប់រំ លោក អ៊ឹង ង៉ោហុក បាន​បញ្ជាក់​ថា ក្រសួង​អប់រំ​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​គ្រប់គ្រង​វិញ្ញាសា​មិន​ឲ្យ​បែក​ធ្លាយ​នោះ​ទេ៖ «អ្វី​ដែល​ជា​ការ​ពិត គឺ​មិន​មាន​ទេ មិន​មាន​ការ​បែក​វិញ្ញាសា​អ្វី​ទាំងអស់។ មិន​មែន​យើង​ឆ្លើយ​ដោយ​មិន​មាន​មូលដ្ឋាន​ទេ យើង​បាន​ឃើញ ហើយ​គណៈកម្មការ​យើង​ចុះ​គ្រប់​លំដាប់​ថ្នាក់​ទូទាំង​ប្រទេស។ យើង​មាន​គណៈកម្មការ មាន​យន្តការ​ត្រួត​ពិនិត្យ ផ្តល់​ព័ត៌មាន​បន្តបន្ទាប់​គ្នា ដូច្នេះ​ហើយ​ខាង​ក្រសួង​មិន​មាន​ព័ត៌មាន​ពី​រឿង​បែក​ធ្លាយ​អី​គេ​នោះ​ទេ ក្រៅ​តែ​ពី​សំឡេង​ដែល​គេ​អ្នក​ថា បោកប្រាស់​ភូត​កុហក​បំពង​សំឡេង​បំពុល​បរិយាកាស​អី​នោះ​ទេ»

ទោះ​យ៉ាង​ណា ប្រភព​នៅ​តែ​អះអាង​ថា វិញ្ញាសា​មួយ​ចំនួន​នៅ​តែ​មាន​ការ​បែក​ធ្លាយ​មុន​ការ​ប្រឡង​ដដែល។ ហើយ​ការ​សូកប៉ាន់​គ្រូ​អនុរក្ស​ដែល​ជា​ថ្នូរ​ក្នុង​ការ​លួច​មើល ក៏​បាន​ក្លាយ​ជា​ទម្លាប់​សម្រាប់​សិស្ស​មួយ​ចំនួន​ធំ​នៅ​កម្ពុជា ហើយ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។