សម្ភារៈបច្ចេកទេសដែលរាជរដ្ឋាភិបាលជប៉ុន ផ្តល់ជូនវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មាន ២ផ្នែក គឺមានគម្រោងកែលំអសម្ភារៈសិក្សារបស់ដេប៉ាតឺម៉ង់ទេពកោសល្យធនធានរ៉ែ និងភូគព្ភសាស្ត្រ និងគម្រោងអភិវឌ្ឍន៍សមត្ថភាពអប់រំ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
លោក ហង្ស ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក គូម៉ាម៉ារ៉ុ យូជិ (Kumamaru Yuji) ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បានចូលរួមជាអធិបតីក្នុងពិធីផ្តល់ជំនួយ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលា។
លោក គូម៉ាម៉ារ៉ុ យូជិ ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា មានប្រសាសន៍ថា សម្ភារៈផ្តល់ជូនវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ពេលនេះ គឺជាសម្ភារៈបច្ចេកទេសសម្រាប់ផ្នែកកិច្ចការស្រាវជ្រាវវិទ្យាសាស្ត្រ និងមន្ទីរពិសោធន៍ ដែលត្រូវដំណើរដោយដេប៉ាតឺម៉ង់ចំនួន៣ នៅវិទ្យាស្ថាននេះ។ ក្នុងនោះ មានដេប៉ាតឺម៉ង់ទេពកោសល្យធនធានរ៉ែ និងភូគព្ភសាស្ត្រ ដេប៉ាតឺម៉ង់ទេពកោសល្យឧស្សាហកម្ម និងមេកានិច និងដេប៉ាតឺម៉ង់ទេពកោសល្យអគ្គិសនី និងថាមពល។ លោកថា សម្ភារៈទាំងអស់នេះ គិតជាទឹកប្រាក់សរុបជិត ២លានដុល្លារសហរដ្ឋអាមេរិក។
ឯកអគ្គរាជទូតជប៉ុន សង្កត់ធ្ងន់ថា គោលបំណងសំខាន់នៃការផ្តល់សម្ភារៈបច្ចេកទេសសិក្សាអប់រំរបស់ជប៉ុន ដល់កម្ពុជា ពេលនេះ គឺចង់បណ្ដុះបណ្ដាលធនធានមនុស្ស ដែលចង់មានចំណេះដឹង និងសេចក្តីប្រាថ្នាផ្នែកវិទ្យាសាស្ត្រ។
លោក ហង្ស ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ និងនិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានសាទរ និងចាត់ទុកសម្ភារៈបច្ចេកទេសរបស់ជប៉ុន ពេលនេះ ថាជាការឆ្លើយតបបានទាន់ពេលវេលា នៅគ្រាសក្ដានុពលរបស់កម្ពុជា ក្នុងវិស័យឧស្សាហកម្មប្រេង និងរ៉ែ កាន់តែមានឈ្មោះល្បីរន្ទឺ និងកំពុងខ្វះខាតនូវសម្ភារៈបច្ចេកទេសទាំងនេះ។

លោក អ៊ុម រម្យណី នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងក្រុមនិស្សិតរៀននៅវិទ្យាស្ថាននេះ បានលើកឡើងថា ក្រៅពីរៀនទ្រឹស្ដីលើជំនាញបច្ចេកទេសអ្វីមួយ គឺចាំបាច់ត្រូវមានសម្ភារៈដើម្បីយកមកអនុវត្តផ្ទាល់ ទើបឆាប់យល់នូវជំនាញទាំងនោះ។
ក្រុមនិស្សិតថ្លែងថា ការផ្តល់សម្ភារៈបច្ចេកទេសរបស់ជប៉ុន ពេលនេះ ជាការឆ្លើយតបបានទាន់ពេលដល់ការលើកកម្ពស់ជំនាញវិជ្ជាជីវៈ និងការធ្វើពិសោធន៍នៅតាមជំនាញរបស់ពួកគេ៖ «ជួយឲ្យវិទ្យាស្ថានយើងទទួលបានការសិក្សាល្អ ដោយសារតែវិទ្យាស្ថានយើងមានបច្ចេកវិទ្យាទំនើបៗ។ សម័យឥឡូវ បើយើងគិតពីការសិក្សា គឺត្រូវពឹងពាក់ទៅលើបច្ចេកវិទ្យា។ បើបច្ចេកវិទ្យាកាន់តែទំនើប ក៏ការសិក្សារិះរក និងគំនិតរបស់យើង ក៏កាន់តែខ្ពស់ដែរ។ ឧទាហរណ៍ បើយើងរៀនមានកុំព្យូទ័រ យើងអាចស្រាវជ្រាវរកព័ត៌មានក្នុងអ៊ីនធឺណិតបានឯកសារលឿន។ ប៉ុន្តែ បើយើងអត់ គឺនៅសរសេរដៃ គំនិតយើងក៏មិនបានទូលំទូលាយ ហើយគំនិតយើងក៏មិនបានជឿនលឿន»។
រដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង្ស ជួនណារ៉ុន ដែលទើបទទួលតំណែងថ្មី បានចាត់ទុកជំនួយ ឬសម្ភារៈបច្ចេកទេសរបស់រដ្ឋាភិបាលជប៉ុន ពេលនេះថា នឹងរួមចំណែកពង្រឹងឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរ កាន់តែជិតស្និទ្ធថែមទៀតនាថ្ងៃអនាគត។ លោកមានជំនឿថា សម្ភារៈបច្ចេកទេសដែលជប៉ុន ផ្តល់ជូនពេលនេះ នឹងជួយឲ្យវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ពិសេសនិស្សិតមានជំនាញ និងចំណេះពិតប្រាកដនាថ្ងៃអនាគត ទាក់ទងនឹងវិស័យឧស្សាហកម្មនៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
