តុលាការ​ខេត្ត​កំពត​ហាម​ប្រជា​សហគមន៍​ខេត្ត​កំពត​មិន​ឲ្យ​ឃាត់​ខ្លួន​អ្នក​នេសាទ​ខុសច្បាប់

0:00 / 0:00

តុលាការ​ខេត្ត​កំពត​បាន​ព្រមាន​ប្រជា​សហគមន៍​ត្រើយកោះ​ក្នុង​ក្រុង​កំពត ខេត្ត​កំពត កុំ​ឲ្យ​ឃាត់​ខ្លួន​អ្នក​នេសាទ​ខុសច្បាប់​ដូច​លើក​មុន​ៗ​ទៀត។ ក៏ប៉ុន្តែ​ប្រជា​សហគមន៍​បាន​ជំទាស់​នឹង​ការ​តវ៉ា​នេះ ដោយ​អះអាង​ថា បើ​ពួក​គាត់​មិន​ចេញ​ឃាត់​បទ​ល្មើស​នេសាទ​ដោយ​ខ្លួន​ឯង​ទេ ល្មើស​នេសាទ​ខុស​ច្បាប់​នឹង​នៅ​តែ​កើត​មាន។

ប្រជា​សហគមន៍​នេសាទ​ត្រើយកោះ នៅ​ថ្ងៃ​ទី​២៣ វិច្ឆិកា អះអាង​ស្ទើរ​គ្រប់​គ្នា​ថា ការ​សម្រេច​របស់​តុលាការ​ដែល​ហាម​មិន​ឲ្យ​ពួកគាត់​ចេញ​ឃាត់​ខ្លួន​អ្នក​នេសាទ​ខុស​ច្បាប់​នោះ មិន​យុត្តិធម៌​សម្រាប់​ពួក​គាត់ ហើយ​រឹតតែ​ធ្វើ​ឲ្យ​ការ​នេសាទ​ខុស​ច្បាប់​កាន់​តែ​កើន​ឡើង​ខ្លាំង​ថែមទៀត។

ប្រជា​នេសាទ​ទាំង​នោះ សម្ដែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​សេចក្ដី សម្រេច​របស់​តុលាការ​នេះ ព្រោះ​យល់​ថា ផល​នេសាទ​នឹង​ត្រូវ​បាត់​បង់​ផុត​ពូជ ​ដោយសារ​ការ​បង្ក្រាប​បទ​ល្មើស​របស់​អាជ្ញាធរ​មិន​មាន​ប្រសិទ្ធភាព៖ « ពួក​ខ្ញុំ​ពួក​សហគមន៍​របស់​ដូន​តោក​នឹង​អត់​យល់ព្រម។ ហាម​ពួក​ខ្ញុំ​មិន​ឲ្យ​ទៅ​ចាប់​ពួក​ឆក់​នឹង អត់​យល់​ព្រម​ទេ ដោយសារ​អី បើ​ទុក​ឲ្យ​គេ​ឆក់​ទៀត ពួក​ខ្ញុំ​អត់​មាន​អី​រក​ទេ មាន​តែ​ស្រែ​នៅ​កន្លែង​នឹង​ហើយ​ ដល់​ឆក់​ទៅ​វា​អស់​បាត់​ហើយ​មាន​ស្អី​មាន​បង្ការ​ណា​ឲ្យ​ពួក​ខ្ញុំ​អូស។ ដល់​តុលាការ​កោះ​ហៅ​ពួក​ខ្ញុំ​ទៅ​អ៊ីចឹង តុលាការ​នឹង​គាត់​ហាមឃាត់​ពួក​ខ្ញុំ​ថា មិន​ឲ្យ​ប្រជាពលរដ្ឋ​ចាប់​ពួក​បទ​ល្មើស​នឹង​ទេ​ តែ​បើ​អាជ្ញាធរ​ខាង​ជំនាញ​ណា​ក៏ដោយ​បើ​មិន​ចេញ​ធ្វើ​ការ​អ៊ីចឹង ហើយ​ពួក​ខ្ញុំ​មក​រក​អ៊ីចឹង ពើ​ពួក​ខ្ញុំ​មិន​ហាមឃាត់ ពូក​ខ្ញុំ​ធ្វើ​ម៉េច​ពួក​ខ្ញុំ​មិន​អត់​បាយ​ហូប​ទេ​អ៊ីចឹង កន្លែង​នឹង​មួយ​ពួក​ខ្ញុំ​អត់​ព្រម​តែ​ម្ដង​។ មិន​ឲ្យ​ប្រជាជន​ចាប់​ឆក់ ហើយ​ប្រជាជន​អត់​សុខចិត្ត បើ​ឆក់​ពេញ​សមុទ្រ​អ៊ីចឹង ប្រជាជន​នេសាទ​អ្នក​ស្មោះ​ត្រង់​រកស៊ី​ស្មោះ​ត្រង់​មាន​អី​រក​ទៀត ឆក់​ពេញ​សមុទ្រ​អ៊ីចឹង ហើយ​គាត់​ហៅ ខ្ញុំ​ឡើង​ទៅ​ខេត្ត​ថា​កុំ​ឲ្យ​ប្រជាជន​ចេញ​ទៅ​ចាប់​ឲ្យ​សោះ បើ​អ៊ីចឹង​មិន​អត់​បាន​ប្រជាជន​ហើយ »

ការ​តវ៉ា​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី តុលាការ​ខេត្ត​កំពត​បាន​កោះហៅ​ប្រជា​នេសាទ​ត្រើយកោះ ​ចំនួន​៦​នាក់ ឲ្យ​ចូល​ខ្លួន​សាកសួរ អំពី​ការ​ចាប់​ឃាត់​ទូក​នេសាទ​ខុស​ច្បាប់​៣​គ្រឿង និង​ឃាត់ខ្លួន​អ្នក​នេសាទ​៩​នាក់ កាល​ពី​ខែ​តុលា​កន្លង​ទៅ។

ការ​កោះហៅ​ប្រជា​នេសាទ​ទាំង​៦​នាក់​នោះ សាកសួរ​នោះ​ធ្វើ​ឡើង​រយៈពេល​៣​ថ្ងៃ ចាប់​តាំង​ពី​ថ្ងៃ​ទី​១៨ វិច្ឆិកា ដល់​ថ្ងៃ​ទី​២០ វិច្ឆិកា។ ប្រជា​នេសាទ​ត្អូញត្អែរ​ថា ពេល​សាកសួរ​នោះ​មន្ត្រី​តុលាការ​មិន​ផ្ដល់​សិទ្ធិ​ឲ្យ​ពួកគាត់​ពន្យល់​ហេតុ​ផល អំពី​ការ​ចាប់​ទូក​នេសាទ​ខុស​ច្បាប់​ទេ។

ឆ្លើយតប​ទៅ​នឹង​ការ​តវ៉ា​របស់​ប្រជា​នេសាទ​ត្រើយ​កោះ​នេះ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​កំពត លោក ខាន់ សុផល ឲ្យ​ដឹង​ថា ប្រជា​នេសាទ​ត្រើយកោះ អាច​យល់​ច្រឡំ​ចំពោះ​ការ​សម្រេច​របស់​តុលាការ៖ «​ អត់ទេ​មិន​អញ្ចឹង​ទេ។ យើង​ថា បង​ចាប់​ចុះ​ ពលរដ្ឋ​មាន​សិទ្ធិ​ចាប់​ទាំង​អស់ ប៉ុន្តែ​ចាប់​បទល្មើស​ហើយ​យើង​ប្រគល់​ឲ្យ​សមត្ថកិច្ច​ទៅ​យើង​កុំ​ចាប់​ទុក​ខ្លួន​ឯង​អ៊ីចឹង​ណា »

ក៏ប៉ុន្តែ​ប្រជា​នេសាទ​ត្រើយកោះ​បន្ត​ថា កន្លង​មក​ពួក​គាត់​ចាប់​ជន​ល្មើស​នេសាទ​ហើយ​មិន​ដែល​ទុក​ក្នុង​សហគមន៍​គេ គឺ​តែង​ប្រគល់​ឲ្យ​សមត្ថកិច្ច​ជានិច្ច។

ក្រៅ​ពី​នេះ​ពួកគាត់​បន្ថែម​ថា ការ​នេសាទ​ខុសច្បាប់​នៅ​ខេត្ត​កំពត និង​ខេត្ត​កែប កំពុង​កើត​ឡើង​ពេញ​បន្ទុក មាន​ទាំង​ទូក​ខ្មែរ ទាំង​ទូក​វៀតណាម ប្រើ​ឧបករណ៍​ឆក់ និង​ប្រើ​ភ្លើង​ហ្វា​ ឬ​អូស​ទូក​គូ ជា​ដើម​ដែល ឧបករណ៍​ទាំង​នោះ សម្លាប់​ត្រី​ទាំង​តូច​ទាំង​ធំ គ្មាន​សល់។ ពួកគាត់​បាន​ទទូច​ដល់ ប្រមុខ​រដ្ឋាភិបាល​ឲ្យ​ជួយ​ចាត់​វិធានការ​ទប់​ស្កាត់​បទល្មើស​នេសាទ​នេះ​ជាបន្ទាន់ បើ​មិន​ដូច្នោះ​ទេ ជលផល​នេសាទ​នឹង​ត្រូវ​ផុតពូជ​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​ជាក់​ជា​មិន​ខាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។