
ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ឆ្នាំង ចេញដីកាកោះហៅកម្មករជិត ២០នាក់ ដើម្បីឆ្លើយបំភ្លឺរឿងញុះញង់កម្មកររោងចក្រ ប៊្លូម ហ្វៀល (Blooms Field) ធ្វើកូដកម្ម។ ក្រុមតំណាងកម្មករ បដិសេធចំពោះការចោទប្រកាន់របស់តុលាការ ខណៈកម្មករប្រមាណ ៤០០នាក់ នៅតែបន្តការតវ៉ានៅខាងមុខរោងចក្រ ដើម្បីទាមទារលក្ខខណ្ឌពីភាគីក្រុមហ៊ុនចំនួន ៥ចំណុច។
តំណាងកម្មករកម្មការិនី ៣នាក់ ដែលចេញមុខតវ៉ានៅក្នុងហ្វូងកូដកររយៈពេលជាងមួយសប្ដាហ៍មក ត្រូវតុលាការចេញដីកាបង្គាប់ឲ្យចូលខ្លួនទៅបំភ្លឺបន្តបន្ទាប់ នៅដើមខែតុលា ឆ្នាំ២០១៥ ខាងមុខ។ តំណាងកម្មករអះអាងថា ពួកគេមិនភ័យខ្លាច ឬរាថយក្នុងការទាមទារលក្ខខណ្ឌការងារល្អប្រសើរជាមួយកម្មករឡើយ ហើយពួកគេនឹងចូលខ្លួនទៅបំភ្លឺតាមដីកា ដែលចេញដោយចៅក្រម លោក ញូង ចន្ធី។
តំណាងកម្មករ និងជាកម្មការិនីម្នាក់ ដែលបដិសេធមិនទទួលយកដីកាពីសមត្ថកិច្ចកាលពីថ្ងៃទី២៤ ខែកញ្ញា ដោយមានហេតុផលថា នៅក្នុងដីកាបានដាក់អាយុគាត់ខុស គឺអ្នកស្រី កែវ ចំណាន មានប្រសាសន៍ថា នៅមុនពេលចៅក្រមចេញដីកាទាំងនេះ ផ្នែករដ្ឋបាលរោងចក្រផ្ដិតរូបថតកម្មករកម្មការិនីចំនួន ១៩នាក់ ហើយកម្មករកំពុងធ្វើការនៅផ្នែកខាងក្នុងរោងចក្រមិនដល់ ១០០នាក់ផងនោះ បានបង្ហើបប្រាប់គាត់ថា អ្នកទាំងនេះអាចនឹងមានបញ្ហា។ ប៉ុន្តែអ្នកស្រីថា មិនបារម្ភខ្លាចមានបញ្ហាអ្វីនោះទេ បើទោះបីចៅក្រមចេញដីកាជាថ្មីទៀត ក៏គាត់នៅតែចូលរួមទាមទារជាមួយកម្មករដដែល៖ «ពួកកម្មករខ្ញុំមានទឹកចិត្ដចេះឈឺចាប់ ដោយសារយើងជាខ្មែរដូចគ្នា ហើយធ្វើការទៅគេគាបសង្កត់ពេក ដល់ពេលហើយ ពួកខ្ញុំស្ម័គ្រចិត្ដធ្វើទាំងអស់គ្នា អត់មាននរណាបង្ខំនរណាទេ។ នៅចំពោះមុខច្បាប់ បើគេ (ក្រុមហ៊ុន) ខ្ញុំមិនហ៊ានថាដែរ ប៉ុន្តែបើសិនប្រកាន់ខ្ជាប់នូវច្បាប់ ខ្ញុំអត់មានខុសអីផង ខ្ញុំខ្លាចទេ»។
ចំណែកតំណាងកម្មករ លោក វ៉ែន ជឿន និងលោក ហ៊ុន ហេន ដែលទទួលបានដីកាកោះដូចគ្នានេះ បញ្ជាក់ស្រដៀងគ្នាថា ពួកគាត់ពុំបានញុះញង់កម្មករឲ្យធ្វើកូដកម្ម ដូចដែលភាគីរោងចក្រចោទប្រកាន់ និងប្ដឹងទៅតុលាការឡើយ។ គាត់ថា តំណាងសហជីពប្រចាំរោងចក្រចំនួនពីរ មិនបានគាំទ្រលើការទាមទាររបស់កម្មករដែលតវ៉ាប្រមាណ ៤០០នាក់ ក្នុងចំណោមកម្មករក្នុងរោងចក្រសរុបជាង ៩០០នាក់។
ទាក់ទងបញ្ហានេះ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ឆ្នាំង លោក ញូង ចន្ធី បដិសេធមិនអត្ថាធិប្បាយអ្វីទេ ដោយលោកប្រាប់ថា សំណុំរឿងកំពុងឋិតនៅក្នុងដំណាក់កាលស៊ើបសួរ ហើយលោកជំរុញឲ្យសួរតំណាងអយ្យការដែលគ្រប់គ្រងការបញ្ជូនដីកា ទើបអាចបរិយាយលើអង្គហេតុ និងការចោទប្រកាន់បាន។ លោកថា តុលាការកំពុងរៀបចំចេញដីការក្សាការពារក្នុងសំណុំរឿងនេះ។
កម្មករកម្មការិនីនៅរោងចក្រ ប៊្លូម ហ្វៀល នាំគ្នាធ្វើកូដកម្មនៅខាងមុខរោងចក្រតាំងពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥ ដើម្បីទាមទារលក្ខខណ្ឌការងារ ៤ចំណុច គឺទី១ កម្មករសុំឲ្យរោងចក្រទទួលយកកម្មករចំនួន ២០នាក់ ដែលបានបញ្ឈប់ ឲ្យចូលធ្វើការវិញ។ ទី២ ត្រូវបញ្ឈប់មន្ត្រីរដ្ឋបាលរោងចក្រពីរនាក់ គឺកញ្ញា ឡុង សាវី និងលោក មាស តារា។ ទី៣ ផ្ដល់កុងត្រាការងាររយៈពេលវែង គឺចាប់ពី ៦ខែទៅ ១ឆ្នាំ និងទី៤ ភាគីរោងចក្រមិនត្រូវបញ្ឈប់កម្មករដោយគ្មានមូលហេតុបន្តទៀត។ បច្ចុប្បន្ន ក្រុមកម្មករបានបន្ថែមលក្ខខណ្ឌមួយទៀត គឺសុំឲ្យក្រុមហ៊ុនដកពាក្យបណ្ដឹងដែលប្ដឹងតំណាងកម្មករ។
វិទ្យុអាស៊ីសេរី មិនអាចរកប្រភពទាក់ទងមន្ត្រីរដ្ឋបាលរោងចក្រ ប៊្លូម ហ្វៀល គឺកញ្ញា ឡុង សាវី និងលោក មាស តារា ដើម្បីឆ្លើយតបនឹងការចោទប្រកាន់របស់កម្មករនេះបានទេ នៅថ្ងៃទី២៥ ខែកញ្ញា។
យ៉ាងណា តាមរយៈការសម្របសម្រួលរបស់ប្រធានមន្ទីរការងារខេត្តកំពង់ឆ្នាំង លោក ពៅ ស៊ីថា កន្លងទៅ តំណាងភាគីក្រុមហ៊ុនបានផ្ដល់នូវហេតុផលមួយចំនួន ដែលមិនអាចធ្វើតាមការទាមទាររបស់ក្រុមកម្មករបាន គឺការបញ្ឈប់កម្មករ ឬមិនបន្តកុងត្រារយៈពេលវែងដល់កម្មករកម្មការិនីបាននោះ គឺដោយសារក្រុមហ៊ុនពុំសូវមានការបញ្ជាទិញពីក្រៅប្រទេស។ ចំណែកលក្ខខណ្ឌសុំបញ្ឈប់បុគ្គលិករដ្ឋបាលពីរនាក់នោះ គឺធ្វើឡើងភ្លាមៗ ដោយអ្នកទាំងពីរគ្មានកំហុស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។