បន្ទាប់ពីពិធីបញ្ចុះសពលោកបណ្ឌិត កែម ឡី ត្រូវបានបញ្ចប់ ពេលនេះបុគ្គលមួយចំនួនដែលជាសមាជិកនៃគណៈកម្មការរៀបចំបុណ្យសពលោក កែម ឡី បានភៀសខ្លួនចេញពីប្រទេសកម្ពុជា ជាបន្តបន្ទាប់ ហើយអ្នកខ្លះក៏សម្ងំលាក់ខ្លួនដែរ។
សមាជិកគណៈកម្មការរៀបចំបុណ្យសពលោកបណ្ឌិត កែម ឡី ដែលជាមន្ត្រីសង្គមស៊ីវិល យល់ថា សមត្ថកិច្ចត្រូវមានវិធានការជួយការពារសុវត្ថិភាពរបស់ពួកគេ ខណៈបុគ្គលមួយចំនួនកំពុងរងការគំរាមកំហែង។
នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ (CENTRAL) លោក មឿន តុលា ឲ្យដឹងថា គណៈកម្មការរៀបចំបុណ្យសពលោក កែម ឡី រងការគំរាមកំហែងតាំងពីសពលោក កែម ឡី មិនទាន់បញ្ចុះឯណោះ គឺចាប់តាំងពីការពន្យារពេលបញ្ចុះ។ លោកយល់ថា សមត្ថកិច្ចត្រូវមានកាតព្វកិច្ចការពារពលរដ្ឋ ឬសមាជិកគណៈកម្មការរៀបចំបុណ្យសពលោក កែម ឡី ដែលរងការគំរាម ទោះបីជាពួកគេបានស្នើសុំ៖ « និយាយទៅការគំរាមកំហែងនេះមានតាំងពីអំឡុងពេលបុណ្យសព។ អាជ្ញាធរមិនសូវសប្បាយចិត្តនឹងការពន្យារនេះទេ ហើយនៅពេលមានការគំរាមកំហែងដល់គណៈកម្មការទៀត គឺរឹតតែធ្វើឲ្យសង្ស័យដល់រដ្ឋាភិបាល »។
នៅពេលនេះ សមាជិកមួយចំនួននៃគណៈកម្មការរៀបចំបុណ្យសពលោក កែម ឡី បានចាកចេញពីប្រទេសកម្ពុជា។ ក្នុងនោះដែរ ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ដែលកំពុងរងការគំរាមកំហែង បាននិមន្តទៅក្រៅប្រទេស។
ចំណែកនាយកប្រតិបត្តិអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP) លោក ជាង សុខា ឲ្យដឹងដែរថា លោកទទួលព័ត៌មានខ្លះដែរទាក់ទងនឹងអ្នកជួយរៀបចំបុណ្យសពលោក កែម ឡី កំពុងរងការគំរាម។ លោកងឿងឆ្ងល់ថា តើការរៀបចំពិធីបុណ្យសពលោក កែម ឡី ប៉ះពាល់សង្គមយ៉ាងណា ទើបមានការគំរាមបែបនេះ?៖ « នៅពេលរៀបចំបុណ្យសព មានការប៉ះពាល់ដល់សង្គមយ៉ាងម៉េច ? គួរមានការជជែកគ្នាទៅ សម្រាប់សង្គមមានអីក្រៅពីអង្គុយជុំគ្នារកដំណោះស្រាយទេ បើសិនមានការគំរាមកំហែងមែន មិនចំណេញដល់សង្គមទេ »។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងមហាផ្ទៃ ឬអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានទេនៅថ្ងៃទី២៧ ខែកក្កដា។
លោក កែម ឡី ត្រូវបានឃាតកបាញ់សម្លាប់នៅកណ្ដាលក្រុងភ្នំពេញ កាលពីថ្ងៃទី១០ ខែកក្កដា។ សពរបស់លោក ត្រូវបានបញ្ចុះនៅស្រុកកំណើតក្នុងស្រុកត្រាំកក់ ខេត្តតាកែវ កាលពីថ្ងៃទី២៥ ខែកក្កដា។
សង្គមស៊ីវិលនៅតែទទូចឲ្យរដ្ឋាភិបាល រកអ្នកនៅពីក្រោយនៃការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី។
ទាក់ទងរឿងនេះដែរ អតីតកងទ័ពនៃកងពលធំអន្តរាគមន៍លេខ៣ ប្រចាំការក្នុងតំបន់ព្រះវិហារ លោក សោម សុវណ្ណារ៉ា ដែលមានឈ្មោះលើបណ្ដាញសង្គមថា សម វិជ្ជា ដែលកំពុងត្រូវបានរដ្ឋាភិបាលស្វែងរកចាប់ខ្លួននោះ លោកបានបង្ហោះវីដេអូដោយនិយាយចោទប្រកាន់ថា ឃាតកសម្លាប់លោកបណ្ឌិត កែម ឡី គឺលោក ហ៊ុន តូ ក្មួយប្រុសរបស់លោក ហ៊ុន សែន។
វិទ្យុអាស៊ីសេរី នៅមិនទាន់អាចទាក់ទងលោក ហ៊ុន តូ ដើម្បីឆ្លើយតបចំពោះការចោទប្រកាន់នេះបាននៅឡើយទេ នៅថ្ងៃទី២៧ ខែកក្កដា។
ភ្លាមៗក្រោយមានការបាញ់សម្លាប់លោក កែម ឡី ស្នងការនគរបាលរាជធានីភ្នំពេញ លោក ជួន សុវណ្ណ អះអាងថា សមត្ថកិច្ចចាប់បានឃាតកដែលបានសារភាពថា រូបគេមានឈ្មោះ ជួប សម្លាប់។ មកទល់ពេលនេះ សមត្ថកិច្ចមិនទាន់បង្ហាញឈ្មោះពិតរបស់ជនសង្ស័យនៅឡើយទេ ខណៈសំណុំរឿងនេះស្ថិតក្នុងដៃតុលាការ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។