រយៈពេលជិត ១ខែពេញ នៃខែមិថុនា ឆ្នាំ២០១៤ កម្លាំងអាជ្ញាធរយោធាថៃ បានចាប់បញ្ជូនពលករខ្មែរខុសច្បាប់ជាង ២សែននាក់ ឲ្យវិលត្រឡប់មកប្រទេសកម្ពុជាវិញជាបន្តបន្ទាប់។ បញ្ហានេះបានក្លាយជាបន្ទុកកាន់តែធ្ងន់ធ្ងរសម្រាប់រដ្ឋាភិបាលកម្ពុជា បន្ថែមលើភាពខ្សត់ការងារធ្វើ និងប្រាក់ឈ្នួលទាបនៅក្នុងស្រុកដែលកំពុងកើតមានជាបញ្ហាស្រាប់។ ប៉ុន្តែនៅខេត្តកំពង់ឆ្នាំង បែរជាខ្វះកម្មករធ្វើការទៅវិញ។
មន្ត្រីនៃមន្ទីរការងារអះអាងថា នៅអំឡុងពេលដែលមានសកម្មភាពបញ្ជូនពលករពីប្រទេសថៃ មកកម្ពុជាវិញនេះ គឺខាងរោងចក្រនិងសហគ្រាសក្នុងខេត្តបានផ្ដល់ការងារជូនពលករទាំងនៅក្នុងស្រុក និងទើបចេញពីប្រទេសថៃ ជាង ១ពាន់នាក់ (១.០៣០) ហើយក្រុមហ៊ុនទាំងនោះត្រូវការកម្លាំងពលករបន្ថែមជាច្រើនពាន់នាក់ទៀត។
រោងចក្រកាត់ដេរធំៗចំនួន ៦ ស្ថិតនៅស្រុកសាមគ្គីមានជ័យ និងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ត្រូវបានមន្ទីរការងារស្រង់ស្ថិតិនិងរកឃើញថា ក្រុមហ៊ុនទាំងនេះត្រូវការកម្លាំងកម្មករចំនួន ៤ពាន់នាក់បន្ថែមទៀត នៅគ្រាដែលចំនួនពលករខ្មែរត្រូវបានអាជ្ញាធរថៃ ចាប់បញ្ជូនមកដល់ស្រុកកំណើតក្នុងខេត្តកំពង់ឆ្នាំង វិញ មានចំនួនជាង ២ពាន់នាក់។
ប្រធានមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកំពង់ឆ្នាំង លោក ពៅ ស៊ីថា មានប្រសាសន៍នៅថ្ងៃទី២៩ ខែមិថុនា ថា បន្ទាប់ពីពលករខ្មែរត្រូវបានចាប់បញ្ជូនមកស្រុកកំណើតវិញ មានពលករមួយចំនួនមកសាកសួរព័ត៌មានអំពីការធ្វើលិខិតស្នាមផ្សេងៗដើម្បីទៅធ្វើការស្របច្បាប់នៅក្រៅប្រទេស និងមានមួយចំនួនទៀតសួររកការងារធ្វើនៅក្នុងស្រុក។
តាមរយៈការសាកសួរនេះ មានពលករប្រហែល ៣០ភាគរយប៉ុណ្ណោះចង់ត្រឡប់ទៅធ្វើការនៅប្រទេសថៃ វិញ និងប្រហែលជា ៧០ភាគរយទៀតមានបំណងរកការងារនៅក្នុងស្រុកវិញម្ដង៖ «បើយើងគិតតែរោងចក្រវា ២៨.៧០០ជាង ប៉ុន្ដែបើសិនជាយើងគិតកម្មករសរុបតាំងភោជនីយដ្ឋាន សិប្បកម្ម សេវាកម្ម កសិដ្ឋានផ្សេងៗ កម្មករវាឡើងជាង ៣ម៉ឺនហើយ ហើយក្នុងកម្មករជាង ៣ម៉ឺននាក់នេះ កម្មករមកពីក្រៅតែ ១៥ ទៅ ២០ភាគយកទេ។ ដោយសារនៅទីនេះទាំងរដ្ឋអំណាច ទាំងមន្ទីរការងារ បានពន្យល់ចលនាឲ្យគាត់រកការងារធ្វើនៅក្នុងខេត្ត ក្នុងស្រុករបស់យើង ជាពិសេសក្នុងខេត្តយើងមានរោងចក្រច្រើនដល់ ១៦ សព្វថ្ងៃរោងចក្រធំៗ»។
នាយកប្រតិបត្តិនៃអង្គការខារ៉ាមកម្ពុជា លោក យ៉ា ណាវុធ យល់ថា ការចាប់បញ្ជូនពលករខ្មែរយ៉ាងគំហុកពីប្រទេសថៃ ហើយក្នុងកាលៈទេសៈភ្លាមៗបែបនេះ គឺទំហំការងារនៅក្នុងស្រុកមិនអាចឆ្លើយតបទៅនឹងចំនួនពលករនេះបានទេ។ ដើម្បីដោះស្រាយបញ្ហានេះលោកថា លើកលែងតែរដ្ឋាភិបាលមានពេលវេលាគ្រប់គ្រាន់ក្នុងការជួបជជែកចរចាជាមួយផ្នែកសេវាកម្មសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងវិស័យសិប្បកម្មខ្នាតតូច និងខ្នាតមធ្យមដែលហៅថា អេស.អឹម.អ៊ី (SME) ជាដើម។
លោក យ៉ា ណាវុធ៖ «ការងារដែលបង្កើត ហើយនិងកម្លាំងពលកម្មដែលចេញមកហ្នឹង វាអត់តុល្យភាពគ្នា ហើយបូកផ្សំទៅនឹងចំនួនពលករច្រើនសន្ធឹកសន្ធាប់ត្រូវបានចាប់បញ្ជូនពីប្រទេសថៃ មកហ្នឹង យើងយល់ថា ក្នុងរយៈពេលដ៏ខ្លីនេះ គឺយើងមិនអាចបង្កើតការងារឲ្យបានគ្រប់គ្រាន់សម្រាប់ប្រជាពលរដ្ឋយើងទេ»។
ពលករម្នាក់រស់នៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលអាជ្ញាធរយោធាថៃ ទើបចាប់បញ្ជូនមកស្រុកវិញ លោក ទឹម សាមឿន មានប្រសាសន៍ថា លោកមិនចង់ឃ្លាតឆ្ងាយពីគ្រួសារ និងចង់រកការងារធ្វើនៅក្នុងស្រុកដែរ ប៉ុន្តែប្រាក់ខែថោកមិនផ្គត់ផ្គង់ជីវភាពបាន។ លោកនឹងបង្ខំចិត្តចេញទៅធ្វើការងារនៅស្រុកថៃវិញ ប៉ុន្តែរយៈពេលជិត ២សប្ដាហ៍ដែលលោកមកដល់ស្រុកវិញនេះមិនទាន់ដឹងថា ទៅសួរព័ត៌មាន ឬធ្វើធ្វើលិខិតឆ្លងដែននៅទីណានោះទេ៖ «សំណូមពរឲ្យរាជរដ្ឋាភិបាលយើងរកការងារឲ្យពលករខ្មែរយើងដែលមកពីថៃ ឲ្យមានការងារធ្វើនៅស្រុកខ្មែរ ហើយបានប្រាក់ខែថ្លៃ»។
កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៤ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងនៅក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថា សហគ្រាសផលិតកម្មនៅកម្ពុជា កំពុងតែស្វែងរកបុគ្គលិកដោយប្រកាសរកពលករដែលទើបត្រឡប់មកពីប្រទេសថៃ ឲ្យចូលទៅបម្រើការនៅក្នុងសហគ្រាសរបស់គេ។ ជាក់ស្ដែងខេត្តដែលសហគ្រាសបានផ្ដល់ការងារច្រើនជាងគេដល់ពលករខ្មែរ គឺនៅខេត្តកំពង់ឆ្នាំង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។