ពលករខ្មែរធ្វើការងារនៅប្រទេសថៃ រាប់ពាន់នាក់ នៅព្រឹកថ្ងៃទី១០ មេសា នាំគ្នាសម្រុកធ្វើដំណើរមកលេងបុណ្យចូលឆ្នាំប្រពៃណីជាតិតាមច្រកព្រំដែនអន្តរជាតិខេត្តបន្ទាយមានជ័យ យ៉ាងកកកុញ។ មន្ត្រីក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ អះអាងថា មូលហេតុដែលពលករចេញតាមច្រកប៉ោយប៉ែត ច្រើន ដោយសារខាងភាគីថៃ បន្ធូរបន្ថយការអនុវត្តច្បាប់ឲ្យពួកគេបានទៅជួបជុំបងប្អូនក្នុងឱកាសបុណ្យចូលឆ្នាំ។
មន្ត្រីព្រំដែនកម្ពុជា-ថៃ ប្រចាំច្រកប៉ោយប៉ែត លើកឡើងថា ពលករដែលត្រឡប់មកពីប្រទេសថៃ តាមច្រកមួយនេះ មានទាំងអ្នកមកត្រូវច្បាប់ និងខុសច្បាប់។
មន្ត្រីក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត លោក តុល សំរិទ្ធ មានប្រសាសន៍នៅថ្ងៃទី១០ មេសា ថា ពលករសម្រុកមកលេងបុណ្យចូលឆ្នាំច្រើនតាមច្រកព្រំដែនប៉ោយប៉ែត ចាប់ពីថ្ងៃទី៧ មេសា មក។ លោកអះអាងថា នៅថ្ងៃទី១០ មេសា ពលករសម្រុកមកច្រកមួយនេះកាន់តែច្រើនឡើង គឺពលករដែលមកស្របច្បាប់ប្រមាណពី ១.៧០០នាក់ទៅ ១.៨០០នាក់ក្នុងមួយថ្ងៃ៖ « បាទ ! មកណែនស្ទះពេញតែផ្លូវ ដោយសារឡាន ដឹកទំនិញ របស់ថៃ សម្រុកដឹកឆ្លងកាត់ព្រំដែនមកកម្ពុជា ជាច្រើនគ្រឿង ធ្វើឲ្យកកស្ទះចាល់ពលករដែល ចេញមក ពីថៃ »។
លោក តុល សំរិទ្ធ បន្ថែមថា ពលករសម្រុកមកច្រើនដោយសារសមត្ថកិច្ចថៃ បន្ធូរបន្ថយការអនុវត្តច្បាប់ ដើម្បីឲ្យពលករបានធ្វើដំណើរងាយស្រួលជាងឆ្នាំមុនៗ។
ទោះជាយ៉ាងនេះក្ដី អ្នករត់ម៉ូតូឌុបនៅច្រកព្រំដែនប៉ោយប៉ែត លោក សេង អឿន អះអាងថា សមត្ថកិច្ចថៃ ចាប់បញ្ជូនពលករខុសច្បាប់តាមច្រកប៉ោយប៉ែត ច្រើនជាងអ្នកចូលដោយស្របច្បាប់ គឺប្រមាណពី ២ពាន់នាក់ទៅ ៣ពាន់នាក់ក្នុងមួយថ្ងៃ៖ « ខ្ញុំសួរគាត់ខ្លះៗដែរ គាត់ថា ជិះរទេះ ភ្លើងមក ហើយសមត្ថកិច្ចថៃ ចាប់ ពួកគាត់ នៅលើ រទេះភ្លើងយកប្រាក់ ម្នាក់ ៣០០បាត ស្មើនឹងជាង ៣ម៉ឺន ៥ពាន់រៀល ។ មកដល់ ស្រុកអារញ្ញ ទាហានថៃ ចាប់មួយសាទៀតបង់ ប្រាក់អស់ម្នាក់ ៣០០ បាតដូចគ្នា ។ គាត់ថា ចេញពី ថៃ មកដល់ដីខ្មែរអស់លុយពី ២ពាន់ទៅ ២ . ៥០០បាត ( ប្រមាណ ៣០ម៉ឺនរៀល ) ក្នុងម្នាក់ »។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ប្រចាំខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មានប្រសាសន៍ថា បើទោះជាពលករសម្រុកមកលេងបុណ្យចូលឆ្នាំតាមច្រកប៉ោយប៉ែត កកកុញយ៉ាងនេះក៏ដោយ ក៏ប៉ុន្តែលោកអះអាងថា ឡានឈ្នួលបានឡើងថ្លៃខ្ពស់ទ្វេដង បើធៀបនឹងថ្ងៃធម្មតា៖ « ក្រៅពីនេះថែមទាំងមានក្រុមអ្នករត់តាក់ស៊ីបោកប្រាស់ប្លន់យកលុយពីពួកគាត់ទៀត ។ អ៊ីចឹងសុំឲ្យសមត្ថកិច្ចពិនិត្យមើលក្រុមអ្នករត់តាក់ស៊ីទាំងអស់នោះ កុំឲ្យ ប៉ះពាល់ការធ្វើដំណើរ របស់ពលករខ្មែរ »។
សមត្ថកិច្ចថៃ ចាប់បញ្ជូនពលករតាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ពីថ្ងៃទី១ ដល់ថ្ងៃទី៨ មេសា ចំនួនជាង ១ម៉ឺននាក់។ មន្ត្រីព្រំដែនប៉ាន់ប្រមាណថា ពលករបន្តសម្រុកមកកម្ពុជា តាមច្រកមួយនេះក្នុងមួយថ្ងៃរាប់ពាន់នាក់រហូតដល់ថ្ងៃទី១២ មេសា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។