សព​ពលករ​ខ្មែរ​​៦​នាក់​ស្លាប់​នៅ​ថៃ​បាន​បញ្ជូន​មក​ដល់​ប៉ោយប៉ែត

0:00 / 0:00

ពលរដ្ឋ​ខ្មែរ​ប្រុស​ស្រី​ចំនួន ៨​នាក់ និង​ជនជាតិ​ថៃ​ម្នាក់ បាន​ស្លាប់​នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ពីរ​ករណី​ផ្សេង​គ្នា​នៅ​ក្នុង​ប្រទេស​ថៃ។ គ្រោះថ្នាក់​នេះ​កើត​មាន​ឡើង​ ខណៈ​ដែល​ពលរដ្ឋ​ខ្មែរ​ទាំង​នោះ​បាន​នាំ​គ្នា​ជិះ​រថយន្ត​វិល​ត្រឡប់​ពី​ប្រទេស​ថៃ មក​កម្ពុជា​វិញ។ មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​ គឺ​ករណី​ទី​១ បណ្ដាល​មក​ពី​រថយន្ត​បែក​កង់ និង​ករណី​ទី​២ ដោយសារ​ទាហាន​ថៃ បាញ់​បំបែក​កង់​រថយន្ត។

អាជ្ញាធរ​ថៃ បាន​បញ្ជូន​សាកសព​ពលករ​ខ្មែរ​ចំនួន ៦​នាក់​ មក​ឲ្យ​អាជ្ញាធរ​កម្ពុជា​ ប៉ុន្តែ​នៅ​សល់​សាកសព​ពលរដ្ឋ​ខ្មែរ​ពីរ​នាក់​ផ្សេង​ទៀត កំពុង​ឋិត​នៅ​ក្នុង​ប្រទេស​ថៃ នៅ​ឡើយ។ សាកសព​ពលរដ្ឋ​ខ្មែរ​ទាំង ៨​នាក់​នោះ បាន​រងគ្រោះ​ថ្នាក់​ស្លាប់​នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ពីរ​ករណី​ផ្សេង​គ្នា​នៅ​ក្នុង​ប្រទេស​ថៃ។

គ្រោះថ្នាក់​ចរាចរណ៍​ទាំង​ពីរ​ករណី​នេះ​ បាន​កើត​មាន​ឡើង​កាល​ពី​ថ្ងៃ​ទី​១៤ ​និង​ថ្ងៃ​ទី​១៥ ខែ​មិថុនា នៅ​លើ​ទីតាំង​ពីរ​កន្លែង​ផ្សេង​គ្នា​ដែល​បណ្ដាល​ឲ្យ​មនុស្ស ៩​នាក់​ស្លាប់។ ក្នុង​នោះ​មាន​ពលរដ្ឋ​ខ្មែរ ៨​នាក់ និង​ជនជាតិ​ថៃ ១​នាក់។ ក្រៅ​ពី​នេះ​ នៅ​មាន​ពលរដ្ឋ​ខ្មែរ​ប្រហែល ២០​នាក់​ទៀត​រង​បួស។ អ្នកខ្លះ​​កំពុង​ដេក​សម្រាក​ព្យាបាល​នៅ​​មន្ទីរពេទ្យ​ប្រទេស​ថៃ និង​អ្នក​ខ្លះ​ទៀត​ត្រូវ​បាន​គេ​បញ្ជូន​​មក​កម្ពុជា។

អភិបាល​ខេត្ត​បន្ទាយមានជ័យ លោក គោ ស៊ុំសារឿត មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ទី​១៦ មិថុនា ថា សាកសព​ពលរដ្ឋ​ខ្មែរ​ចំនួន ៦​នាក់​ ត្រូវ​បាន​ភាគី​ថៃ ដឹក​បញ្ជូន​មក​កាល​ពី​យប់​ថ្ងៃ​ទី​១៥ មិថុនា។ នៅ​មាន​សាកសព​ពលរដ្ឋ​ខ្មែរ​ពីរ​នាក់​ មិន​ទាន់​បាន​បញ្ជូន​មក​ឲ្យ​កម្ពុជា​ទេ៖ «គ្រោះថ្នាក់​ចរាចរណ៍​មាន​ពីរ​កន្លែង មួយ​នៅ​ពាក់​កណ្ដាល​ពី​បាងកក​មក​យើង​ ប៉ុន្តែ​មាន​គ្រោះថ្នាក់​មួយ​ទៀត​នៅ​ក្បែរ​ក្រុង​បាងកក មាន​ស្លាប់​ពីរ​នាក់​ សុទ្ធ​តែ​ជា​អ្នក​រស់​នៅ​ស្រុក​ភ្នំស្រុក ខេត្ត​បន្ទាយមានជ័យ​ ហើយ​នឹង​បញ្ជូន​មក​ថ្ងៃ​នេះ​បន្ថែម​ទៀត»

ក្នុង​ចំណោម​សាកសព​ពលរដ្ឋ​ខ្មែរ​ទាំង ៦​នាក់​នោះ ​មាន ៤​នាក់​នៅ​ខេត្ត​កំពង់ចាម ​ដែល​មាន​ឈ្មោះ សុត ឃៀង ភេទ​ស្រី អាយុ ១៨​ឆ្នាំ​ ឈ្មោះ ​ឱក ស្រី ​ភេទ​ស្រី អាយុ ៣១​ឆ្នាំ​ ឈ្មោះ ចេក ​បញ្ញា ភេទ​ប្រុស អាយុ ១៦​ឆ្នាំ​ និង​ឈ្មោះ រឿន ណារ៉ាក់ ​ភេទ​ស្រី អាយុ ១៨​ឆ្នាំ។ ចំណែក​សាកសព​ឈ្មោះ អេង សុគា ភេទ​ស្រី អាយុ ២២​ឆ្នាំ​ រស់​នៅ​ខេត្ត​ព្រៃវែង ​និង​សាកសព​ឈ្មោះ ​រាប ​ភេទ​ស្រី អាយុ ២៦​ឆ្នាំ​រស់​នៅ​ស្រុក​ភ្នំស្រុក​ ខេត្ត​បន្ទាយមានជ័យ។

អភិបាល​ខេត្ត​បន្ទាយមានជ័យ លោក គោ ស៊ុំសារឿត បញ្ជាក់​ថា ក្រុម​អាជ្ញាធរ​បាន​អន្តរាគមន៍​ទាំង​យប់​ក្រោយ​ភាគី​ថៃ​ ដឹក​បញ្ជូន​សាកសព​មក​ដល់​ភ្លាមៗ៖ «ក្នុង​៦​សាកសព​ហ្នឹង មួយ​នៅ​ខេត្ត​បន្ទាយមានជ័យ យើង​ឡាន​ស្នងការ​ប៉ូលិស​ដឹក​ទាំង​យប់​ ទៅ​ដល់​ផ្ទះ​ហើយ មួយ​ទៀត​នៅ​ខេត្ត​ព្រៃវែង អ៊ីចឹង​ស្នងការ​នគរបាល​ខេត្ត​យើង​ដឹក​ទៅ​ទាំង​យប់​ដែរ។ បួន​សាកសព​ទៀត​ខាង​ខេត្ត​កំពង់ចាម គាត់​ឲ្យ​រថយន្ត​របស់​ខេត្ត​មក​ទទួល ប៉ុន្តែ​ឡាន​ហ្នឹង​មក​ខូច​តាម​ផ្លូវ អត់​បាន​ចេញ​ទាំង​យប់ ព្រឹក​ឡើង​បាន​គេ​ជួសជុល​រថយន្ត​ហ្នឹង​រួច​បាន​ត្រឡប់​ទៅ​វិញ»។

នៅ​មាន​សាកសព​ពលរដ្ឋ​ខ្មែរ​ពីរ​នាក់​ផ្សេង​ទៀត​ កំពុង​ឋិត​ក្នុង​ប្រទេស​ថៃ នៅ​ឡើយ។ អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ បញ្ជាក់​ថា ក្រុម​អាជ្ញាធរ​ខ្មែរ​និង​ថៃ កំពុង​សហការ​គ្នា​ក្នុង​ការ​បញ្ជូន​សាកសព​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​មក​កម្ពុជា​ថែម​ទៀត។ ទន្ទឹម​គ្នា​នេះ ក្រុម​អាជ្ញាធរ​ខ្មែរ​កំពុង​សិក្សា​ពី​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​កើត​មាន​ឡើង​នៅ​ក្នុង​ប្រទេស​ថៃ​នេះ។

ប្រជាពលរដ្ឋ​ឈ្មោះ ​សាយ ស៊ឹង ​ត្រូវ​ជា​សាច​ញាតិ​ជន​រងគ្រោះ​បញ្ជាក់​ថា ​សាកសព​ទាំង​ពីរ​នាក់​ដែល​កំពុង​ឋិត​នៅ​ក្នុង​ប្រទេស​ថៃ​នោះ ត្រូវ​ជា​បង​ថ្លៃ​របស់​ខ្លួន។ លោក​បញ្ជាក់​ថា ​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​គ្រោះថ្នាក់​ គឺ​ដោយសារ​កង​តម្រួត​ថៃ បាញ់​បំបែក​កង​រថយន្ត៖ «ជិះ​ឡាន​ម៉ៅ​មក​ក៏​ប៉ះ​តម្រួត​ តៃកុង​ឡាន​អត់​ឈប់ អ៊ីចឹង​ទៅ​ក្រុម​ការងារ​គេ​បាញ់​កង់​ឡាន​បំបែក​ទៅ ក្រឡាប់​គ្រោះថ្នាក់​ទៅ»។

ប្រភព​មន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ទី​១ កើត​ឡើង​យប់​ថ្ងៃ​ទី​១៤ មិថុនា នៅ​ខេត្ត​ឆាក់ឆឹងសៅ និង​គ្រោះថ្នាក់​ទី​២ កើត​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ មិថុនា នៅ​ខេត្ត​ឈុនបូរី ប្រទេស​ថៃ។

ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រង​គ្រោះ​ស្លាប់​និង​របួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​ពីរ​ករណី​ ក្នុង​ប្រទេស​ថៃ នៅ​ពេល​នេះ​ទំនង​​ពុំ​មាន​ភាគី​ថៃ ​​ចេញ​​មុខ​មក​​ទទួល​ខុស​ត្រូវ​នោះ​ឡើយ។ មូលហេតុ​ដោយសារ​ស្ថានការណ៍​ប្រទេស​ថៃ នៅ​ពេល​នេះ​ គ្រប់គ្រង​ដោយសារ​របប​សឹក​យោធា។ ជាក់​ស្ដែង​កង​យោធា​ថៃ កំពុង​បង្កើត​កម្ដៅ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ​ក្នុង​ការ​បោសសំអាត​ពលរដ្ឋ​ខ្មែរ​ខុស​ច្បាប់​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។