គណៈកម្មការ​ទី​១០​រដ្ឋ​សភា​កំពុង​តាមដាន​ករណី​នាំ​ទំនិញ​គេច​ពន្ធ​តាម​ច្រក​ចាំយាម

0:00 / 0:00

ប្រតិភូ​គណៈកម្មការ​អង្កេត បោស​សម្អាត និង​ប្រឆាំង​អំពើ​ពុករលួយ​នៃ​រដ្ឋសភា ឬ​ហៅ​ថា គណៈកម្មការ​ទី​១០ កំពុង​អង្កេត​តាមដាន​បទល្មើស​នាំ​ទំនិញ​គេច​ពន្ធ​តាម​ច្រក​ទ្វារ​ព្រំដែន​ចាំយាម និង​តាម​លំហ​សមុទ្រ នា​ខេត្ត​កោះកុង ដែល​នាំ​ឲ្យ​បាត់បង់​ចំណូល​ពន្ធ​រដ្ឋ។

បញ្ហា​នេះ មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​ខេត្ត​កោះកុង បាន​អះអាង​ថា ពិត​ជា​មាន​ទំនិញ​គេច​ពន្ធ​នាំ​ចូល​តាម​ច្រក​ព្រំដែន​ខេត្ត​នេះ​ពិត​មែន ហើយ​អ្នក​ជាប់​ពាក់ព័ន្ធ គឺ​ជា​មន្ត្រី​ជំនាញ​នៅ​តាម​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​នា​ខេត្ត​កោះកុង។

ប្រធាន​គណៈកម្មការ​អង្កេត បោស​សម្អាត និង​ប្រឆាំង​អំពើ​ពុករលួយ​នៃ​រដ្ឋសភា ឬ​ហៅ​ថា ប្រធាន​គណៈកម្មការ​ទី​១០ លោក ហូរ វ៉ាន់ បាន​និយាយ​ប្រាប់​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី​ថា លោក​កំពុង​តាម​ដាន​អ្នក​នៅ​ពីក្រោយ​បទល្មើស​នាំ​ទំនិញ​គេច​ពន្ធ​ចូល​តាម​ច្រក​ព្រំដែន​ចាំយាម ឬ​លំហ​សមុទ្រ​នៃ​ខេត្ត​កោះកុង ដែល​នាំ​ឲ្យ​បាត់​ចំណូល​បង់ពន្ធ​ចូល​រដ្ឋ​ជា​រៀង​រាល់​ឆ្នាំ៖ «មាន​បញ្ហា​មួយ​ចំនួន​នៅ​ខេត្ត​កោះកុង ត្រូវ​ប្រជាពលរដ្ឋ​មូលដ្ឋាន​នេះ បាន​លើក​ជា​កង្វល់​ថា មាន​ករណី​រត់ពន្ធ​ទំនិញ​ផ្សេងៗ​តាម​ច្រក​ព្រំដែន​ចាំយាម និង​តាម​ច្រក​លំហ​សមុទ្រ​ជាដើម»

​លោក ហូរ វ៉ាន់ បញ្ជាក់​បន្ថែម​ថា នៅ​ក្នុង​អំឡុង​ពេល​លោក​ដឹកនាំ​ប្រតិភូ​គណៈកម្មការ​ទី​១០ រដ្ឋសភា ចុះ​ទៅ​បំពេញ​ការងារ​នៅ​ខេត្ត​កោះកុង កាលពី​សប្ដាហ៍​មុន បាន​ទទួល​ឯកសារ និង​ព័ត៌មាន​មួយ​ចំនួន​ពី​មន្ត្រី​រាជការ​ប្រជាពលរដ្ឋ​ដែល​កំពុង​បម្រើ​ការងារ​ក្នុង​ស្ថាប័នរដ្ឋ​នា​ខេត្ត​កោះកុង លើ​ករណី​បទល្មើស​នាំ​ទំនិញ​គេច​ពន្ធ និង​ឈ្មោះ​អ្នក​នៅ​ពីក្រោយ​បទល្មើស​នេះ។

​ទាក់ទិន​បញ្ហា​នេះ មន្ត្រី​រាជការ ប្រជាពលរដ្ឋ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​នា​ខេត្ត​កោះកុង បាន​អះអាង​ថា ពិត​ជា​មាន​ទំនិញ​គេច​ពន្ធ​ត្រូវ​បាន​គេ​នាំចូល​តាម​ច្រក​ចាំយាម និង​តាម​ច្រក​លំហ​សមុទ្រ​ដូច​ប្រតិភូ​គណៈកម្មការ​ទី​១០​រដ្ឋ​សភា​លើក​ឡើង​ពិត​មែន។ ជាង​នេះ​អ្នក​ជាប់​ពាក់ព័ន្ធ ឬ​នៅ​ពី​ក្រោយ​បទល្មើស​នាំ​ទំនិញ​គេច​ពន្ធ​ទាំង​នេះ គឺ​ជា​មន្ត្រី​កំពុង​បម្រើ​ការងារ​នៅ​ក្នុង​ស្ថាប័ន​ជំនាញ​នីមួយៗ​នា​ខេត្ត​កោះកុង ឬ​នៅ​តាម​ច្រក​ព្រំដែន​ចាំយាម​តែម្ដង។

​ប្រជាពលរដ្ឋ​ខេត្ត​កោះកុង បាន​អះអាង​ថា ទំនិញ​គេច​ពន្ធ​ផ្សេងៗ ឬ​ទំនិញ​សំខាន់ៗ ដែល​នាំ​ចូល​តាម​ច្រក​ព្រំដែន​ខេត្ត​កោះកុង ឬ​ច្រក​ចាំយាម គឺ​ភាគច្រើន​ត្រូវ​គេ​នាំ​ចូល​នៅ​ថ្ងៃ​ចុង​សប្ដាហ៍។ ត្រង់​ចំណុច​នេះ លោក អ៊ិន គង់ជិត មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ខេត្ត​កោះកុង បាន​ស្នើ​ដល់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឬ​ថ្នាក់ដឹកនាំ​គណៈកម្មការ​ទី​១០​រដ្ឋ​សភា​ជាដើម ត្រូវ​បញ្ជូន​មន្ត្រី​ឯករាជ្យ​ចុះ​ស៊ើប​អង្កេត ឬ​ឈាន​ដល់​ទប់ស្កាត់​សកម្មភាព​នាំ​ទំនិញ​គេច​ពន្ធ​តាម​ច្រក​ចាំយាម ឬ​តាម​លំហ​សមុទ្រ​ខេត្ត​កោះកុង ឲ្យ​បាន​ជា​ប្រចាំ ព្រោះ​បទល្មើស​នេះ​នាំ​ឲ្យ​បាត់​ចំណូល​ពន្ធ​រដ្ឋ​ជា​រៀង​រាល់​ឆ្នាំ។

​លោក អ៊ិន គង់ជិត បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ទំនិញ​គេច​ពន្ធ​ដែល​នាំចូល​តាម​ព្រំដែន​ខេត្ត​កោះកុង គឺ​អ្នក​នៅ​ពី​ក្រោយ​បទល្មើស​នេះ មាន​មន្ត្រី​កំពុង​បម្រើ​ការងារ​នៅ​ក្នុង​ស្ថាប័ន​ជំនាញ ខេត្ត​កោះកុង​ខ្លះ ជា​អ្នក​កាង​ការពារ ឬ​អនុញ្ញាត​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញ​គេច​ពន្ធ​ជា​ថ្នូរ​ទទួល​បាន​សំណូក​ពុករលួយ។ ជាង​នេះ ក៏​មាន​សមត្ថកិច្ច​ស្ថាប័ន​ជំនាញ​ខ្លះ​ទៀត មាន​សាច់ញាតិ​ប្រពន្ធ​កូន​ជា​អ្នក​ប្រព្រឹត្ត​បទល្មើស​ផ្ទាល់​តែម្ដង៖ «ទំនិញ​ដែល​រត់ពន្ធ​នោះ​មាន​ដូចជា ហ្គាស ម៉ូតូ រថយន្ត ប្រេងឥន្ធនៈ និង​គ្រឿង​បរិភោគ​ជាដើម ហើយ​គ្រឿង​បរិភោគ​ទាំង​នោះ​ក៏​មាន​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​ថែម​ទៀត។ បទល្មើស​ទាំង​នេះ យើង​ស្នើ​ដល់​អាជ្ញាធរ​ថ្នាក់​ជាតិ​ត្រូវ​តែ​មាន​វិធានការ​ទប់ស្កាត់ ឬ​ដាក់​ពិន័យ​ឲ្យ​បាន​ធ្ងន់ធ្ងរ​ទៅ​លើ​មន្ត្រី​ប្រចាំការ​នៅ​ច្រក​ចាំយាម និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃ​ទៀត ដែល​ប្រចាំការ​នៅ​ព្រំប្រទល់​ឆ្នេរ​សមុទ្រ​ជាដើម»

​យ៉ាងណា​ក៏ដោយ​ចុះ លោក ហូរ វ៉ាន់ ប្រធាន​គណៈកម្មការ​ទី​១០​រដ្ឋសភា បាន​ព្រមាន​ថា គណៈកម្មការ​នេះ នឹង​អញ្ជើញ​អ្នក​ទទួល​ខុសត្រូវ​នៅ​តាម​ក្រសួង ឬ​ថ្នាក់ដឹកនាំ​ខេត្ត​កោះកុង ឲ្យ​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​រដ្ឋសភា ជុំវិញ​បទល្មើស​នាំ​ចូល​ទំនិញ​គេច​ពន្ធ​នា​មូលដ្ឋាន​ខេត្ត​កោះកុង នៅ​ពេល​ខាង​មុខ។

ឆ្លើយ​តប​ការ​លើក​ឡើង​ខាង​លើ លោក ប៊ុន លឺត អភិបាល​ខេត្ត​កោះកុង បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា មិន​បាន​ដឹង​ករណី​នាំ​ចូល​ទំនិញ​គេច​ពន្ធ ឬ​ទំនិញ​ខូច​គុណភាព​ជាដើម​តាម​ច្រក​ព្រំដែន​ចាំយាម ឬ​តាម​សមុទ្រ​នា​មូលដ្ឋាន​នេះ​ទេ។ លោក​បន្ត​ថា ករណី​ទំនិញ​គេច​ពន្ធ​ទាំង​នេះ មន្ត្រី​ជំនាញ​ប្រចាំការ​តាម​ច្រក​ព្រំដែន​នីមួយៗ ជា​អ្នក​ទទួល​ខុស​ត្រូវ។ ប៉ុន្តែ​លោក​ថា បើ​មាន​បទល្មើស​នាំ​ទំនិញ​គេច​ពន្ធ​ពី​ប្រទេស​ជិត​ខាង​កម្ពុជា ចូល​តាម​ព្រំដែន​ខេត្ត​កោះកុង ដូច​ការ​ចោទ​មែន លោក​នឹង​អញ្ជើញ​មន្ត្រី​តាម​ស្ថាប័ន​ជំនាញ​តាម​ព្រំដែន​នីមួយៗ មក​សួរនាំ ឬ​ពិភាក្សា​ជុំវិញ​បទល្មើស​ទាំង​នេះ​ឈាន​ដល់​ទប់ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព។

ទោះ​យ៉ាង​ណា ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​ថ្នាក់​ទាប​នា​ខេត្ត​កោះកុង បាន​អះអាង​ថា ការ​នាំ​ចូល​ទំនិញ​គេច​ពន្ធ​តាម​ច្រក​ព្រំដែន​ខេត្ត​កោះកុង ឬ​ច្រក​ចាំយាម ជាដើម មិនមែន​ទើប​កើត​មាន​ថ្មីៗ​នេះ​ទេ គឺ​បាន​កើត​មាន​ជា​យូរលង់​ណាស់​មក​ហើយ ហើយ​អ្នក​នៅ​ពីក្រោយ​បទល្មើស​ទាំង​នេះ គឺ​ជា​មន្ត្រី​កំពុង​បម្រើ​ការងារ​នៅ​ក្នុង​ស្ថាប័ន​ជំនាញ​នីមួយៗ ជា​អ្នក​ឃុបឃិត​ជាមួយ​ឈ្មួញ ឬ​មាន​មន្ត្រី​ខ្លះ បាន​ប្រព្រឹត្ត​បទល្មើស​នាំ​ទំនិញ​គេច​ពន្ធ​ដោយ​ខ្លួន​ឯង។ បទល្មើស​នាំ​ចូល​ទំនិញ​គេច​ពន្ធ​ផ្សេងៗ ចូល​តាម​ព្រំដែន​ខេត្ត​កោះកុង គឺ​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​តែម្ដង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។