កម្មករ​រោងចក្រ​នៅ​ខេត្ត​កោះកុង​ជាង​១០០​នាក់​ដួល​សន្លប់

0:00 / 0:00

កម្មករ​រោងចក្រ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​កោះកុង​ជាង ១០០​នាក់ ដួល​សន្លប់​ជា​បន្តបន្ទាប់ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​មករា។ ទោះ​យ៉ាង​ណា ពួកគេ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កោះកុង​ទាន់​ពេល​វេលា។

កម្មករ​ជាង ១០០​នាក់ ដែល​ដួល​សន្លប់​នោះ មក​ដល់​ល្ងាច​ថ្ងៃ​ទី​២៣ ខែ​មករា គឺ​មួយ​ចំនួន​បាន​វិលត្រឡប់​ទៅ​សម្រាក​នៅផ្ទះ​របស់​ខ្លួន​វិញ​ហើយ ចំណែក​មួយ​ចំនួន​ទៀត បន្ត​ដេក​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កោះកុង​នៅឡើយ។

សាច់ញាតិ​កម្មករ​ម្នាក់ រៀបរាប់​ថា មូលហេតុ​ដែល​កម្មករ​ដួល​សន្លប់​នោះ គឺ​ដោយសារ​ចំហាយ​ក្លិន​ប្រេង​របស់​ត្រាក់ទ័រ អ៊ិចស្កាវេទ័រ (excavator) ដែល​បែក​ធ្លាយ ខណៈ​កំពុង​បុក​គ្រឹះ​សាងសង់​រោងចក្រ៖ «ទៅ​ដល់​ទីនោះ ខ្ញុំ​ឃើញ​មាន​អ្នកខ្លះ​ក្អួត អ្នកខ្លះ​សន្លប់​ច្រើន​ដែរ តែ​ឡាន​ដឹក​បញ្ជូន មក​ទាន់​ហេតុការណ៍»។

រោងចក្រ​ដែល​កម្មករ​ដួល​សន្លប់​នោះ មាន​ឈ្មោះថា ខេខេអិន (KKN) ស្ថិត​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​កោះកុង នៅ​ក្នុង​ឃុំ​បាក់ខ្លង ស្រុក​មណ្ឌលសីមា។

ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កោះកុង លោក ឡៃ ហៃសុន មាន​ប្រសាសន៍​បញ្ជាក់​ថា កម្មករ​ដែល​ដួល​សន្លប់​នោះ គឺ​មាន​ចំនួន ១២៧​នាក់។ លោក​បញ្ជាក់​ថា មូលហេតុ​ដែល​កម្មករ​ដួល​សន្លប់​នោះ គឺ​ដោយសារ​ក្លិន​ប្រេង​រថយន្ត​បុក​គ្រឹះ ដែល​បែក​ធ្លាយ ហើយ​សាយភាយ​ចូល​ទៅ​ក្នុង​រោងចក្រ។ ម្យ៉ាងទៀត ការដែល​មាន​អ្នក​ដួល​សន្លប់​ច្រើន​នោះ គឺ​ដោយសារ​ពួកគាត់ មាន​អារម្មណ៍​ភ័យខ្លាច​ត​គ្នា៖ «ធំ​ក្លិន​ឈួល​ប្រេង​ឧស្ម័ន​ផ្សេង ដែល​បាន​បឺត​តាម​កង្ហារ​រោងចក្រ ធ្វើ​ឲ្យ​ពួកគេ​ចាប់ផ្ដើម​វិលមុខ ហើយ​ដួល។ ដំបូង​ដួល​ពីរ​បី​នាក់ តែ​ក្រោយមក​ដួល​តៗ​គ្នា​អ៊ីចឹង​ទៅ។ នេះ​គឺ​ខ្ញុំ​ដឹង​ព័ត៌មាន​ពី​កម្មករ​រោងចក្រ។ ក្រៅ​ពី​នេះ យើង​បាន​គ្រប់គ្រង​ស្ថានការណ៍​ព្យាបាល ទាន់​ពេល​វេលា ហើយ​ឥឡូវនេះ គឺ​គាត់​បាន​ធូរ​ស្បើយ​អស់ហើយ»។

អាស៊ីសេរី​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​តំណាង​រោងចក្រ​បានទេ នៅ​ថ្ងៃ​ទី​២៣ ខែ​មករា។ ចំណែក​ប្រធាន​មន្ទីរ​ការងារ​ខេត្ត​កោះកុង លោក យក់ សង្វាត មិន​ទទួល​ទូរស័ព្ទ។

រីឯ​អ្នក​សម្របសម្រួល​អង្គការ​លីកាដូ (Licadho) ប្រចាំ​ខេត្ត​កោះកុង អ៊ិន គង់ជិត ឲ្យ​ដឹង​ថា ក្នុង​ពេល​កើតហេតុ​នោះ គឺ​កម្មករ​ដែល​ដួល​សន្លប់​ត្រូវ​បាន​គេ​ជួយ​ដឹក​បញ្ជូន​មក​សង្គ្រោះ​បន្ទាន់ នៅ​ក្នុង​មន្ទីរពេទ្យ ខណៈ​ដែល​អ្នក​មិន​ដួល​សន្លប់​វិញ ត្រូវ​បាន​ក្រុមហ៊ុន​រោងចក្រ តម្រូវ​ឲ្យ​បំពេញការងារ​ធម្មតា។ លោក​ថា ក្រុមហ៊ុន​គួរ​តែ​អនុញ្ញាត​ឲ្យ​កម្មករ​ផ្អាក​ការងារ​មួយ​រយៈ​សិន ដើម្បី​ស្រាវជ្រាវ​រកហេតុ​ផល​ឲ្យ​បាន​ច្បាស់ និង​ជៀសវាង​ការ​ដួល​សន្លប់​ជា​បន្ត​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។