កូរ៉េ​បង្កើន​ការ​ទទួល​យក​​ពលករ​កម្ពុជា​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ខ្លួន

ក្រសួង​ការ​បរទេស​កម្ពុជា អោយ​ដឹង​ថា ភាគី​រដ្ឋាភិបាល​កូរ៉េ បាន​សម្រេច​បង្កើន​ការ​ទទួល​យក​ពលករ​កម្ពុជា ទៅ​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ ដោយ​បង្កើន​ចំនួន​កូតា​ទទួល​យក​ពលករ​ក្នុង​វិស័យ​ឧស្សាហកម្ម រហូត​ដល់ ៦.៤០០​នាក់ ក្នុង​ឆ្នាំ​២០១៦។ ចំនួន​កើន​ឡើង​ជាង ១​ពាន់​នាក់ បើ​ប្រៀប​ធៀប​ទៅ​នឹង​ឆ្នាំ​២០១៥ ដែល​ចំនួន​ ៥.១០០​នាក់។

សេចក្ដី​ជូន​ព័ត៌មាន​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​១១ មីនា បន្ទាប់​ពី​កិច្ច​ប្រជុំ​គណៈកម្មការ​ចម្រុះ​រវាង​ភាគី​កម្ពុជា និង​កូរ៉េ លើក​ទី​៣ ឲ្យ​ដឹង​ទៀត​ថា រដ្ឋាភិបាល​កូរ៉េ នឹង​ផ្ដល់​ជំនួយ​អភិវឌ្ឍ​ឥត​សំណង ចំនួន ៥១​លាន​ដុល្លារ នៅ​ឆ្នាំ​២០១៦ ហើយ​ក៏​នឹង​ផ្ដល់​ប្រាក់​កម្ចី​សម្បទាន​ចំនួន ៣០០​លាន​ដុល្លារ សម្រាប់​ឆ្នាំ​២០១៥ ដល់​ឆ្នាំ​២០១៨។ ចំនួន​នេះ​នឹង​ធ្វើ​ឲ្យ​កម្ពុជា ក្លាយ​ប្រទេស​ដែល​ទទួល​បាន​ជំនួយ​អភិវឌ្ឍន៍​​ពី​ប្រទេស​កូរ៉េ ច្រើន​ជាង​គេ​លំដាប់​ទី​៤។

កម្ចី​សម្បទាន​ដែល​កូរ៉េ​ ព្រម​ឲ្យ​កម្ពុជា ខ្ចី នឹង​ផ្ដោត​លើ​វិស័យ​ចំនួន​៤ ដូច​ជា​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម វិស័យ​ធនធាន​មនុស្ស វិស័យ​ហេដ្ឋារចនាសម្ពន្ធ​ដឹក​ជញ្ជូន និង​វិស័យ​សុខភាព​សាធារណៈ។

ក្រៅ​ពី​នេះ រដ្ឋាភិបាល​កូរ៉េ ក៏​យល់​ព្រម​បង្កើន​ទុន​វិនិយោគ​នៅ​កម្ពុជា និង​សម្រួល​ការ​នាំ​ចូល​ផលិតផល​​កសិកម្ម​ទៅ​លក់​នៅ​លើ​ទីផ្សារ​ក្នុង​ប្រទេស​កូរ៉េ។ ភាគី​ទាំង​ពីរ​រំពឹង​ថា នឹង​បង្កើន​ទំហំ​ពាណិជ្ជកម្ម​រួម​ ដល់ ២​ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០២០៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។