អភិបាលខេត្តព្រះសីហនុ និងប្រធានមន្ទីរទេសចរណ៍ រំពឹងថានឹងទទួលបានភ្ញៀវទេសចរមកពីសាធារណរដ្ឋកូរ៉េ ចូលមកទស្សនាខេត្តជាប់ឆ្នេរសមុទ្រមួយនេះមានចំនួនច្រើននៅឆ្នាំខាងមុខ បន្ទាប់ពីខេត្តព្រះសីហនុ និងទីក្រុងឆាងវ៉ុន នៃសាធារណរដ្ឋកូរ៉េ បានចងសម្ព័ន្ធមេត្រីភាពជាបងប្អូន និងផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍រួមគ្នារួចមក។
អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន មានប្រសាសន៍ថា បន្ទាប់ពីខេត្តព្រះសីហនុ បានចងសម្ព័ន្ធមេត្រីភាពជាបងប្អូនគ្នាជាមួយទីក្រុងឆាងវ៉ុន នៃសាធារណរដ្ឋកូរ៉េ ឬប្រទេសកូរ៉េខាងត្បូង កាលពីខែមេសា ឆ្នាំ២០១៧ និងបានរួមគ្នាផ្សព្វផ្សាយអំពីសក្ដានុពលវិស័យទេសចរណ៍រួមគ្នារួចមក។ លោករំពឹងថា នៅបណ្តាឆ្នាំខាងមុខ ភ្ញៀវទេសចរពីសាធារណរដ្ឋកូរ៉េ នឹងអាចចាប់អារម្មណ៍ខេត្តជាប់ឆ្នេរសមុទ្រមួយនេះជាក់ជាមិនខាន។
លោក យន្ត មីន បន្តថា ទីតាំងភូមិសាស្ត្រខេត្តព្រះសីហនុ និងទីក្រុងឆាងវ៉ុន នៃសាធារណរដ្ឋកូរ៉េ មានសណ្ឋានប្រហាក់ប្រហែលគ្នា ហើយក៏ជាទីក្រុងស្រស់ស្អាតសម្បូរទៅដោយធនធានធម្មជាតិ ធនធានមនុស្ស និងវប្បធម៌ដ៏សម្បូរបែប ដែលធ្វើឲ្យទីក្រុងឆាងវ៉ុន មានការអភិវឌ្ឍរីកចម្រើនល្អប្រណិត និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលទៅកម្សាន្តច្រើនកុះករ។
លោក យន្ត មីន ឲ្យដឹងថា កាលពីខែមេសា លោកបានដឹកនាំប្រតិភូមួយក្រុមទៅទស្សនកិច្ចការងារនៅទីក្រុងឆាងវ៉ុន ដោយបានចងសម្ព័ន្ធមេត្រីភាពជាមួយគ្នាជាបងប្អូន ហើយបានយកឱកាសនោះផ្សព្វផ្សាយអំពីសក្ដានុពលទេសចរណ៍ឲ្យភ្ញៀវទេសចរកូរ៉េ និងភ្ញៀវអន្តរជាតិដទៃទៀតបានស្គាល់ទីតាំងកម្សាន្ត ពិសេសឆ្នេរសមុទ្រដ៏ស្រស់ស្អាតរបស់កម្ពុជា៖ « យើងបានទៅផ្សព្វផ្សាយអំពីសក្ដានុពលវិស័យទេសចរណ៍តំបន់ឆ្នេរសមុទ្រខេត្តព្រះសីហនុយើងដល់ប្រទេសកូរ៉េ ឲ្យគេដឹងអំពីទីតាំងទេសចរណ៍ អំពីវប្បធម ៌ និង ប្រពៃណីរបស់ យើង ដើម្បីឲ្យទេសចរកូរ៉េ បានស្វែងយល់។ ជាងនេះក៏ស្នើឲ្យប្រតិបត្តិករទេសចរ ស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋខ្មែរយើងត្រូវចូលរួមគាំទ្រការងារថែរក្សាសម្អាតបរិស្ថានឆ្នេរសមុទ្រយើងឲ្យមានបរិស្ថានល្អ នឹងអាចទាក់ទាញកំណើនភ្ញៀវទេសចរមកពីគ្រប់ទិសទីនាថ្ងៃអនាគត »។
ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ លោក តាំង សុចិត្រគ្រឹស្នា មានប្រសាសន៍ថា កន្លងទៅភ្ញៀវមកពីប្រទេសកូរ៉េ មិនទាន់មានច្រើនទេ។ លោកស្នើដល់ស្ថាប័នពាក់ព័ន្ធ ទាំងស្ថាប័នរដ្ឋ វិស័យឯកជន ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងប្រតិបត្តិករទេសចរ ត្រូវរួមសហការគ្នាសម្អាតអនាម័យបរិស្ថានឲ្យបានទាំងអស់គ្នា ដើម្បីរួមចំណែកទាក់ទាញកំណើនភ្ញៀវទេសចរ ពិសេសភ្ញៀវអន្តរជាតិឲ្យចូលមកទស្សនាខេត្តព្រះសីហនុ បានច្រើនថែមទៀតនាបណ្តាឆ្នាំខាងមុខទៀត៖« រដ្ឋបាលខេត្ត និង ក្រសួងទេសចរណ៍ គឺយើងចង់រៀបចំស្តង់ដាររមណីយដ្ឋានឆ្នេរឲ្យមានបរិស្ថានអនាម័យល្អនាមូលដ្ឋាន ខេត្តព្រះសីហនុ គឺ ទាល់តែ មានការ ចូលរួមពីប្រជាពលរដ្ឋ ប្រតិបត្តិករទេសចរ និងអាជ្ញាធរស្ថាប័នពាក់ព័ន្ធ ជួយរៀបចំសណ្ដាប់ធ្នាប់ក្នុងក្រុង ធ្វើយ៉ាងណា ឲ្យ ការលក់ដូរ ការ ទុកដាក់ សំរាម និងការ ដាក់លក់ គ្រឿងសំណង់ ផ្សេងៗនៅតាម ទីសាធារណៈ ឬចិញ្ចើមផ្លូវសាធារណៈឲ្យមានរបៀបរៀបរយ ។ ជាងនេះ បញ្ហា សណ្ដាប់ធ្នាប់ក៏ត្រូវ ពង្រឹងថែរក្សាឲ្យ បានល្អ និងមានសុវត្ថិភាព ហើយបញ្ហានេះទាល់តែ ប្រជាពលរដ្ឋ និង គ្រប់ភាគី ពាក់ព័ន្ធចូលរួម ទាំងអស់គ្នា ទើបអាចឲ្យ រដ្ឋបាលខេត្តសម្រេចបាន ជោគជ័យតាមគោលដៅយើង ចង់បាន »។
ស្ថិតិចំនួនភ្ញៀវទេសចរនៅឆមាសទី១ ឆ្នាំ២០១៧ បង្ហាញថា ខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចរសរុបជាង ១លាន ១សែន ៨ម៉ឺន ៥ពាន់នាក់ (១.១៨៤.៩៥៥នាក់) គឺកើនជិត ១៥ភាគរយ (១៤,៧២%) បើប្រៀបធៀប ៦ខែដើមឆ្នាំ២០១៦។ ក្នុងនោះភ្ញៀវជាតិមានជិត ៩សែន ៤ម៉ឺននាក់ (៩៣៨.០៨១នាក់) កើនជិត ១៦ភាគរយ (១៥,៨៤%) និងភ្ញៀវអន្តរជាតិមានជិត ២សែន ៥ម៉ឺននាក់ (២៤៦.៨៧៤នាក់) កើនជិត ១១ភាគរយ (១០,៦៥%) បើប្រៀបធៀបឆមាសទី១ ឆ្នាំ២០១៦។
លោក គ្រឹស្នា ឲ្យដឹងថា ក្នុងចំណោមចំនួនភ្ញៀវទេសចរនាំមុខ ១០ប្រទេស ដែលចូលមកទស្សនាខេត្តព្រះសីហនុ មានចំនួនច្រើនជាងគេនៅឆមាសទី១ ឆ្នាំ២០១៧ រួមមានចិន អង់គ្លេស វៀតណាម អាមេរិក អូស្ត្រាលី អាល្លឺម៉ង់ បារាំង រុស្ស៊ី ថៃ និងកាណាដា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។