លីកាដូ​ផ្ដល់​អាហារូបត្ថម្ភ​បន្ថែម​ដល់​ស្ត្រី​និង​កុមារ​នៅ​ពន្ធនាគារ

នៅ​ថ្ងៃ​ទី៣១ ឧសភា អង្គការ​លីកាដូ (Licadho) បាន​ចុះ​ចែក​អាហារូបត្ថម្ភ​បន្ថែម និង​សម្ភារៈ​ប្រើប្រាស់ ដូច​ជា ភេសជ្ជៈ ផ្លែឈើ ថ្នាំ​ដុស​ធ្មេញ និង​សាប៊ូ​ដុស​ខ្លួន​ជាដើម នៅ​តាម​ពន្ធនាគារ​ចំនួន​១៤ នៅ​ទូទាំង​ប្រទេស​កម្ពុជា។ ការ​ចែក​នេះ ដើម្បី​អបអរ​ទិវា​កុមារ​អន្តរជាតិ ១ មិថុនា។

0:00 / 0:00

មន្ត្រី​ពន្ធនាគារ​នៃ​មណ្ឌល​អប់រំ​កែប្រែ​ទី២ នៃ​ពន្ធនាគារ​ព្រៃស ចាត់​ទុក​ថា នេះ​ជា​ការ​រួម​ចំណែក​សម្រាប់​កម្មវិធី​មនុស្ស​ធម៌​មួយ​ដ៏​សំខាន់ និង​ចាំបាច់​សម្រាប់​ទណ្ឌិត។

ជា​រៀង​រាល់​ឆ្នាំ នៅ​ថ្ងៃ​ទី១ មិថុនា អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ និង​អង្គការ​ដែល​ជា​ដៃគូ​ពាក់ព័ន្ធ​ផ្សេង​ទៀត តែង​យក​អំណោយ និង​សម្ភារៈ​ប្រើប្រាស់​នានា ចែក​ចាយ​ដល់​ទណ្ឌិត​ជា​កុមារ និង​ស្ត្រី​មាន​ផ្ទៃពោះ​នៅ​តាម​ពន្ធនាគារ​ក្នុង​ប្រទេស​កម្ពុជា។

លោក អំ សំអាត អ្នក​គ្រប់គ្រង​បច្ចេកទេស​ស៊ើប​អង្កេត​របស់​អង្គការ​លីកាដូ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី៣១ ឧសភា ថា អ្វី​ដែល​អង្គការ​របស់​លោក​ជ្រើស​រើស​យក​ថ្ងៃ​ទី១ មិថុនា ដើម្បី​ជួបជុំ​ជាមួយ​កុមារ និង​ស្ត្រី​មាន​ផ្ទៃពោះ​ក្នុង​ពន្ធនាគារ ធ្វើ​ឡើង​ក្នុង​ន័យ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សេចក្ដី​ប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិ​កុមារ​របស់​អង្គការ​សហប្រជាជាតិ។ លោក​បន្ត​ថា តាម​ពិត​បេសកកម្ម​ស្ដីពី​មនុស្ស​ធម៌​នេះ គេ​អាច​ធ្វើ​បាន​គ្រប់​ពេល និង​គ្រប់​ទី​កន្លែង។ ប៉ុន្តែ ថា​អ្វី​ដែល​អង្គការ​លីកាដូ ជ្រើស​រើស​ពន្ធនាគារ​ជា​តំបន់​គោលដៅ​ឲ្យ​ចំ​នឹង​ថ្ងៃ​ទី១ មិថុនា នេះ គឺ​ជា​ផ្នែក​មួយ​ដើម្បី​ផ្ដល់​ឱកាស​ដល់​កុមារ និង​ស្ត្រី​ដែល​ត្រូវ​បាត់​បង់​សិទ្ធិ ព្រោះ​តែ​ការ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ។

លោក អំ សំអាត៖ «កុមារ​ដែល​តាម​ម្ដាយ​នៅ​ក្នុង​ពន្ធនាគារ ក៏​ដូច​ជា​កុមារ​នៅ​ក្នុង​ផ្ទៃ​ម្ដាយ​នោះ ត្រូវ​ការ​ចាំបាច់​នៅ​សម្ភារៈ​ក្នុង​ការ​ប្រើប្រាស់ ឬ​ក៏​ម្ហូប ឬក៏​អាហារ​បំប៉ន​បន្ថែម​ទៀត។ ប៉ុន្តែ ដោយសារ​តែ​ការ​ផ្ដល់​នៅ​អាហារ​បំប៉ន ឬ​ក៏​សម្ភារៈ​ផ្សេងៗ​នេះ មិន​មែន​ចាំ​ថ្ងៃ ១​មិថុនា​ទេ។ វា​ទៅ​តាម​តម្រូវ​ការ​ចាំបាច់​ផង​ដែរ ប៉ុន្តែ​ថ្ងៃ​នេះ គឺ​ជា​ថ្ងៃ​ដែល​យើង​ចាត់​ទុក​ថា​ជា​ថ្ងៃ​ពិសេស​សម្រាប់​ពួក​គេ»

អគ្គនាយក​រង​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ក្រសួង​មហាផ្ទៃ អ្នកស្រី សុខ សម្បត្តិ មាន​ប្រសាសន៍​ថា អ្វី​ដែល​អង្គការ​លីកាដូ អនុវត្ត​គម្រោង​របស់​ខ្លួន​លើ​បេសកកម្ម​នេះ ចាត់​ទុក​ថា​ជា​ការ​រួម​ចំណែក​កម្មវិធី​មនុស្ស​ធម៌​ដ៏​សំខាន់​ដល់​ទណ្ឌិត​នៅ​តាម​ពន្ធនាគារ។ អ្នកស្រី​បន្ត​ថា អង្គការ​លីកាដូ មិន​ត្រឹម​តែ​រួច​ចំណែក ស្មារតី ផ្នែក​សម្ភារៈ ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថា អង្គការ​មួយ​នេះ និង​អង្គការ​ដៃគូ​ពាក់ព័ន្ធ​ផ្សេង​ទៀត ក៏​ជា​ផ្នែក​មួយ​កំពុង​ជួយ​កសាង​សមត្ថភាព​ផ្នែក​ចំណេះ​ដឹង​ថែម​ទៀត ដែល​មិន​អាច​ខ្វះ​បាន​ជាមួយ​រដ្ឋាភិបាល៖ «ខ្ញុំ​ក៏​មាន​មោទនភាព​ដែរ ដោយសារ​ថា​កម្មវិធី​នេះ​បង្ក​នូវ​លក្ខណៈ​សប្បាយ​រីករាយ​ឲ្យ​ជន​ជាប់​ឃុំ​ទាំងអស់។ ហើយ​ក៏​ឆ្លុះ​បញ្ចាំង​ពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ក្រសួង​មហាផ្ទៃ ក៏​ដូច​ជា​ថ្នាក់​ដឹកនាំ ហើយ​និង​អគ្គនាយកដ្ឋាន​ពន្ធនាគារ គឺ​ឲ្យ​តែ​មាន​សំណូមពរ​ពី​បណ្ដា​អង្គការ​ផ្សេងៗ យើង​តែង​តែ​ស្វាគមន៍»

របាយការណ៍​របស់​អង្គការ​លីកាដូ ចុះ​ថ្ងៃ​ទី៣១ ឧសភា ឲ្យ​ដឹង​ថា អ្នក​ទោស​ជា​អនីតិជន​សរុប​ប្រមាណ​ជិត ៥០០​នាក់ ដែល​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ទាំង ១៤​ពន្ធនាគារ នៅ​ទូទាំង​ប្រទេស​កម្ពុជា។ ក៏ប៉ុន្តែ របាយការណ៍​សង្កត់​ធ្ងន់​ថា ចំនួន​នេះ​បាន​ធ្លាក់​ចុះ បើ​ប្រៀបធៀប​ដូច​គ្នា​ទៅ​នឹង​ឆ្នាំ​២០១២។ មូលហេតុ​នៃ​ការ​ថយ​ចុះ​នេះ ព្រោះ​មួយ​ផ្នែក​ធំ ដោយសារ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ថ្មីៗ​នេះ​បាន​ផ្លាស់​ប្ដូរ​របៀប​កំណត់​អ្នក​ទោស​ជា​អនីតិជន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។